ខណៈដែលប្រជាជននៅក្នុងប្រទេសចិនមានវ័យកាន់តែចំណាស់និងកម្លាំងការងារនៅក្នុងប្រទេសធ្លាក់ចុះ ប្រទេសនេះកំពុងជួបបញ្ហាប្រឈមដ៏ធំមួយចំនួនផ្នែកប្រជាសាស្ត្រដូចជាការលើកទឹកចិត្តឱ្យគូស្រករយកកូនបន្ថែម និងការលើកទឹកចិត្តឱ្យពលរដ្ឋវ័យក្មេងរៀបការជាដើម។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងខែធ្នូឆ្នាំមុន ប្រជាជនចិនជាងពាក់កណ្ដាលដែលមានអាយុពី ២៥ ដល់ ២៩ ឆ្នាំ នៅតែមិនទាន់រៀបការនៅឡើយនៅឆ្នាំ ២០២៣។ តួលេខនេះស្របទៅនឹងអត្រារៀបការសម្រាប់មនុស្សនៅក្នុងក្រុមអាយុនេះនៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែវាបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិនបើប្រៀបធៀបទៅនឹងតួលេខកាលពីមួយទសវត្សរ៍មុន។
សម្រាប់ពលរដ្ឋចិនវ័យក្មេងជាច្រើន មានហេតុផលជាច្រើនដែលជំរុញឱ្យពួកគេមិនរៀបការ។
នៅពេលសួរថាហេតុអ្វីបានជាមិនរៀបការ លោក Zhang Yu អាយុ ៣២ ឆ្នាំ បាននិយាយថា៖ «ពេលរៀបការនឹងមានកូននិងមានកម្ចីទិញផ្ទះនិងឡាន។ ទាំងនេះគឺសុទ្ធតែជាបំណុលដែលត្រូវសង ហើយជាការចំណាយលើសពីអ្វីដែលយើងមាននាពេលអនាគត។ នៅពេលដែលសេដ្ឋកិច្ចដាំក្បាលចុះក្រោម ប្រសិនបើគ្មានប្រភពចំណូលទេ យើងមានតែបន្ថយការចំណាយតែប៉ុណ្ណោះ»។
លោក Zhang រស់នៅភាគឦសាននៃប្រទេសចិន ហើយលោកធ្វើការនៅក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធមួយដែលបានកាត់ប្រាក់ខែបុគ្គលិកសម្រាប់ឆ្នាំ ២០២៣។ លោកបាននិយាយថា ប្រាក់ខែបុគ្គលិកបានធ្លាក់ចុះប្រហែល ៣០%។
Zhang គឺជាឈ្មោះហៅក្រៅដែលលោកប្រើដើម្បីថ្លែងប្រាប់ VOA អំពីបញ្ហានេះ។ លោកបាននិយាយថា៖ «តាមពិត ខ្ញុំសប្បាយចិត្តដែលខ្ញុំមិនទាន់រៀបការនិងមិនទាន់មានកូន។ បើមិនអ៊ីចឹងទេ ខ្ញុំច្បាស់ជាកំពុងមានបញ្ហាធំមិនខាន»។
កំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចចិននិងអត្រាអត់ការងារធ្វើខ្ពស់ក្នុងចំណោមយុវជននៅឆ្នាំ ២០២៣ គឺជាក្ដីបារម្ភបន្ថែមទៀតសម្រាប់យុវជនចិន។ អ្នកវិភាគនានាបានបញ្ជាក់ថា ពួកគេមិនមានសុទិដ្ឋិនិយមថាសេដ្ឋកិច្ចចិននឹងមានភាពប្រសើរឡើងនៅឆ្នាំ ២០២៤ នេះទេ។
នាង Jacey Zhang អាយុ ២៧ ឆ្នាំនិងនៅលីវ គឺជាពលរដ្ឋនៅទីក្រុងប៉េកាំងដែលបច្ចុប្បន្ននេះកំពុងរស់នៅជាមួយឪពុកម្ដាយរបស់នាង។ នាងនិយាយចំអកលេងឱ្យខ្លួនឯងនិងអំពីស្ថានភាពលំបាករបស់នាងថា នាងជា «មនុស្សបរាជ័យដែលខកចិត្តនៅក្នុងសង្គម»។
នាងបានប្រាប់ VOA ថា៖ «បើគ្មានការងារធ្វើទេ យើងមិនអាចរកគូស្រករឃើញទេ»។ ប៉ុន្តែ នាងបានបន្ថែមថា ដោយសារស្ថានភាពបច្ចុប្បន្នរបស់នាង ការនៅម្នាក់ឯងគឺប្រសើរជាងរៀបការ។
នាងបានប្រាប់អ្នកយកព័ត៌មានថា ទោះបីជាឪពុកម្ដាយរបស់នាងអាចរ៉ាប់រងឱ្យនាងរស់នៅជាមួយបានក៏ដោយ ក៏ពួកគាត់មិនមានជីវភាពធូរធារផ្នែកហិរញ្ញវត្ថុនោះទេ ហើយការរៀបការត្រូវចំណាយប្រាក់បន្ថែមទៀត។
អ្នកស្រី Fang Xu ដែលជាគ្រូឯកទេសនៅសាកលវិទ្យាល័យ California ក្រុង Berkeley បានសង្កេតឃើញថា អត្រារៀបការទាបនិងអត្រាអត់ការងារធ្វើខ្ពស់នេះមានទំនាក់ទំនងជាមួយគ្នា។
អ្នកស្រីជឿថា និន្នាការកើនឡើងនៃទស្សនៈ «ដេកនៅស្ងៀម» ឬការមិនខ្វល់នឹងការប្រកួតប្រជែងខ្លាំងក្លាឬក្ដីរំពឹងរបស់សង្គម មិនត្រឹមតែប៉ះពាល់ដល់អាជីពការងាររបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ផែនការរៀបការរបស់ពួកគេទៀតផង។
អ្នកស្រីនិយាយថា៖ «អ្នកត្រូវតែបដិសេធសម្ពាធពីសង្គម ហើយអ្នកក៏ត្រូវតែកុំខ្វល់នឹងការរៀបការ និងការមានកូនផងដែរ ព្រោះថា អ្នកគ្មានប្រាក់សម្រាប់ការចំណាយពេលមានកូននិងរៀបការនោះទេ»។
យោងតាមការិយាល័យជាតិស្ថិតិចិន អត្រាអត់ការងារធ្វើនៅតំបន់ទីក្រុងក្នុងចំណោមមនុស្សអាយុពី ១៦ ទៅ ២៤ ឆ្នាំ បានកើនដល់ ២១.៣% ដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងខែមិថុនា ឆ្នាំ ២០២៣។ បន្ទាប់ពីមានការបញ្ចេញតួលេខនេះមក អាជ្ញាធរចិនបានសម្រេចឈប់បញ្ចេញអត្រាអត់ការងារធ្វើតទៅទៀត។ អ្នកខ្លះបានប៉ាន់ប្រមាណថា អត្រាអត់ការងារធ្វើក្នុងចំណោមមនុស្សក្រុមនេះ មានរហូតដល់ទៅ ៤០%។
លោក Zhang បាននិយាយថា ដោយសារតែមូលហេតុផ្នែកហិរញ្ញវត្ថុនេះ មិត្ដភក្ដិរបស់លោកមិនចង់បានកូនទេ ទោះបីជាមិត្តភក្តិរបស់លោកបានរៀបការរួចហើយក្ដី។ លោកក៏បានជួបស្ត្រីជាច្រើនតាមរយៈការណាត់ជួបដែលមិនស្គាល់គ្នាពីមុនផងដែរ ដែលស្ត្រីទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេចង់មានគូស្រករដែលអាចរកប្រាក់ចំណូលបានផងដែរដោយមានប្រាក់ចំណូលទាំងពីរនាក់ ប៉ុន្តែមិនចង់មានកូនទេ។
«សៀវភៅស្ថិតិប្រជាជននិងការងារនៅចិនឆ្នាំ ២០២៣ (China Population and Employment Statistics Yearbook 2023)» ដែលបានបោះពុម្ពផ្សាយកាលពីខែធ្នូឆ្នាំមុនបានបង្ហាញថា ក្នុងចំណោមប្រជាជនចិនទាំងអស់ អត្រាអ្នកមិនទាន់រៀបការមានចំនួន ៥១.៣% នៅក្នុងក្រុមមនុស្សអាយុពី ២៥ ទៅ ២៩ ឆ្នាំ ចំនួន ១៨,៤% នៅក្នុងក្រុមមនុស្សអាយុពី ៣០ ទៅ ៣៤ ឆ្នាំ និងចំនួន ៨% នៅក្នុងក្រុមមនុស្សអាយុពី ៣៥ ទៅ ៣៩ ឆ្នាំ។
គោលនយោបាយអាពាហ៍ពិពាហ៍
រដ្ឋបាលមូលដ្ឋានខ្លះបានដាក់ចេញគោលនយោបាយលើកតម្កើងអាពាហ៍ពិពាហ៍។ រដ្ឋបាលស្រុក Changshan នៅខេត្ត Zhejiang នឹងផ្ដល់រង្វាន់ដល់កូនក្រមុំដែលមានអាយុ ២៥ ឆ្នាំ និងតិចជាងនេះដែលទើបរៀបការថ្មីថ្មោងជាទឹកប្រាក់ចំនួន ១៥០ ដុល្លារ ដែលជាចំនួនមួយតិចតួចនាំឱ្យមានការរិះគន់នៅលើបណ្ដាញសង្គមអនឡាញ។
«ឯកសារគោលនយោបាយស្ដីពីឧស្សាហកម្មអាពាហ៍ពិពាហ៍នៅឆ្នាំ ២០២១ (White Paper on Marriage Industry Insights in 2021)» ដែលចេញផ្សាយដោយក្រុមហ៊ុនបណ្ដាញសង្គមអនឡាញធំមួយដែលមានឈ្មោះថា Tencent បានបង្ហាញថា ការចំណាយជាមធ្យមសម្រាប់ពិធីមង្គលការរបស់គូស្រករមួយគូមានចំនួន ២៥.០០០ ដុល្លារនៅក្នុងឆ្នាំ ២០២០។
ឯកសារដដែលនេះបានបញ្ជាក់ថា ទោះបីជាវិបត្តិជំងឺកូវីដ១៩ ហាក់ដូចជាគ្មានឥទ្ធិពលអ្វីទៅលើការចំណាយនេះក៏ដោយ ក៏វិបត្តិនេះបានជំរុញឱ្យឪពុកម្ដាយខ្លះផ្ដោតការយកចិត្តទុកដាក់លើសុខភាព ជាជាងការជំរុញកូនតែមួយគត់របស់ពួកគេឱ្យរៀបការ។
វិធានការដ៏តឹងរ៉ឹងរបស់ចិនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក៏បានធ្វើឱ្យមនុស្សជាច្រើនមានការលំបាកក្នុងការចេញក្រៅទៅរកតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ពលរដ្ឋក្មេងៗជាច្រើនត្រូវសម្រេចចិត្តបោះបង់ចោលផែនការរៀបការនិងការយកកូន។
យោងតាម «សៀវភៅស្ថិតិចិនឆ្នាំ ២០២៣» ពលរដ្ឋចិនដែលបានរៀបការលើកដំបូងក្នុងឆ្នាំ ២០២២ មានចំនួន ១០ លាន ៥ សែននាក់ ដែលមានការធ្លាក់ចុះជាងមួយលាននាក់បើធៀបទៅនឹងតួលេខកាលពីឆ្នាំ ២០២១។
របាយការណ៍ស្ថិតិប្រចាំត្រីមាសចុងក្រោយបំផុតដែលចេញផ្សាយដោយក្រសួងកិច្ចការស៊ីវិលចិនបានបង្ហាញថា ចំនួនគូស្រករសរុបទាំងអស់ដែលបានរៀបការនៅឆ្នាំ ២០២២ មានចំនួន ៦ លាន ៨ សែនគូ ដែលមានការធ្លាក់ចុះចំនួន ១០.៥% បើធៀបទៅនឹងឆ្នាំ ២០២១ ដែលតួលេខនេះជាតួលេខទាបថ្មីមួយចាប់ពីឆ្នាំ ១៩៨៦ មក។
ពលរដ្ឋចិនក៏រង់ចាំយូរជាងមុនផងដែរមុននឹងឈានទៅដល់ការរៀបការ។ អាយុជាមធ្យមរបស់គូស្រករដែលចុះឈ្មោះរៀបការបានប្រែប្រួលពីក្រោម ២៤ ឆ្នាំនៅឆ្នាំ ២០១៣ ទៅជាង ៣០ ឆ្នាំនៅក្នុងតួលេខចុងក្រោយ។
កាលពីខែតុលាឆ្នាំមុន ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងថា វាជារឿងចាំបាច់ដែលស្ត្រីត្រូវតែ «សកម្មក្នុងការបណ្ដុះវប្បធម៌ថ្មីនៃអាពាហ៍ពិពាហ៍ ការផ្ដល់កំណើតដល់កូន និងការពង្រឹងការបង្ហាញផ្លូវដល់ពលរដ្ឋវ័យក្មេងនូវរឿងអាពាហ៍ពិពាហ៍ ការផ្ដល់កំណើតដល់កូន និងគ្រួសារ»។
អ្នកស្រី Xu ដែលជាគ្រូឯកទេសនៅសាកលវិទ្យាល័យ California ក្រុង Berkeley បាននិយាយថា ការថ្លែងបែបនេះបានធ្វើឱ្យមនុស្សជាច្រើនចោទជាសំណួរថាហេតុអ្វីបានជាពួកគេត្រូវធ្វើតាមដំបូន្មានបែបនេះ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ក្នុងនាមជាមនុស្សស្រី ខ្ញុំមានសញ្ញាប័ត្រពីមហាវិទ្យាល័យ។ តើអ្នកចង់ឱ្យខ្ញុំបោះបង់អាជីពរបស់ខ្ញុំទៅធ្វើជាប្រពន្ធនិងម្ដាយល្អហើយបម្រើអ្នកឬ? ហេតុអ្វីបានជាខ្ញុំត្រូវរស់នៅក្នុងជីវិតបែបនេះនោះ?»៕
ប្រែសម្រួលដោយលោក នៀម ឆេង