ចិន​លេច​ឡើង​ជា​ប្រទេស​វិនិយោគ​​ចម្បង​មួយ​លើ​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី

រូបឯកសារ៖ ទាហាន​ឥណ្ឌូណេស៊ី​ថត​រូប​​ចំណុច​កណ្តាល​នៃ​ទីតាំង​នៃ​រដ្ឋធានី​ថ្មី Nusantara ក្នុង​ក្រុង Penajam Paser Utara តំបន់ East Kalimantan ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

រដ្ឋធានី​ហ្សាការតា​របស់​ប្រទេស​ឥណ្ឌូណេស៊ី​មាន​សភាព​ណែនណាន់​តាន់តាប់ ខ្យល់​អាកាស​មិន​ល្អ ងាយ​រងគ្រោះ​ដោយសារ​ការ​រញ្ជួយដី និង​ជា​រឿយៗ​ត្រូវបាន​គេ​ហៅ​ថា​ជា​ទីក្រុង​ដែល​លិចលង់​លឿន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ដោយសារ​ការ​ទាញ​យក​ទឹក​ពី​ក្រោម​ដី​និង​ការ​ប្រែប្រួល​អាកាសធាតុ។

បញ្ហា​អស់​ទាំងនេះ​បូករួម​នឹង​ចំណាប់​អារម្មណ៍​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុង​ការ​បែងចែក​ឱកាស​និង​ទ្រព្យសម្បត្តិ​ដោយ​សមធម៌​ក្នុង​ចំណោម​កោះ​ទាំង ១៧.០០០ របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​ធ្វើ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ប្រកាស​កាលពី​ខែ​សីហា ឆ្នាំ ២០១៩ អំពី​ផែនការ​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​រដ្ឋធានី​ពី​កោះ​ជ្វា​ទៅ​កាន់​កោះ Borneo និង​បង្កើត​នូវ «ទីក្រុង​ដែល​មាន​ព្រៃឈើ​ប្រកប​ដោយចីរភាព» Nusantara បែប​បច្ចេកវិទ្យា​ជឿនលឿន។

តាំងពី​ពេល​នោះ​មក អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចង់​ឃើញ​វិនិយោគិន​បរទេស​វិនិយោគ​លើ​គម្រោង​សាងសង់​ទីក្រុង Nusantara នេះ​ដែល​មាន​ទឹក​ប្រាក់ ៣២ ពាន់​លាន​ដុល្លារ។

ឥឡូវ​នេះ ក្នុង​រយៈពេល​ជា​ច្រើន​ខែ​មុន​ពេល​ដំណាក់កាល​ទីមួយ​នៃ​គម្រោង​សាងសង់​ទីក្រុង​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ខែ​សីហា​ខាង​មុខ ក្រុមហ៊ុន​ចិន​នានា​កំពុង​លេច​ឡើង​ជា​ក្រុម​វិនិយោគិន​ដ៏​ធំ​មួយ​នៅ​ក្នុង​គម្រោង​នេះ។

គម្រោង​ដែល​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​កេរដំណែល​របស់​លោក Widodo នេះ​បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ដំបូង​កាលពី​ខែ​សីហា ឆ្នាំ ២០២២។ ប្រទេស​សិង្ហបុរី​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​បំផុត ហើយ​បន្ទាប់មក​គឺ​ប្រទេស​ជប៉ុន។ រី​ឯ​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​ចិន​វិញ​គឺ​ស្ថិត​នៅ​លំដាប់​ទី ៣។

ប៉ុន្តែ ការ​ដាក់​ពាក្យ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​គម្រោង​នេះ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៅ​ក្នុង​ដំណើរការ​មួយ​ដែល​ចំណាយ​ពេល​យូរ​តែ​ប៉ុណ្ណោះ។ ការ​សាងសង់​ទីក្រុង​ដែល​មាន​ទំហំ ២៦០.០០០ ហិកតា​នេះ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ខែ​សីហា ឆ្នាំ ២០៤៥ ខាង​មុខ ដែល​ជា​ខួប ១០០ ឆ្នាំ​នៃ​ការ​ទទួល​បាន​ឯករាជ្យ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ពី​អាណានិគម​ហូឡង់។

អាជ្ញាធរ​រដ្ឋធានី Nusantara (NCA) បាន​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគិន​នានា​នៅ​ក្នុង​វេទិកា​និង​ការ​ប្រជុំ​ផ្សេងៗ​អំពី​ការ​វិនិយោគ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ទីក្រុង​សៀងហៃ និង​ទីក្រុង Shenzhen នៃ​ប្រទេស​ចិន។ កាលពី​ខែ​តុលា​ឆ្នាំ​មុន លោក Widodo បាន​និយាយ​ថា ចិន​គ្រោង​នឹង​ក្លាយជា​អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ក្នុង​រយៈពេល ២ ឆ្នាំ​ខាង​មុខ ដោយ​វ៉ា​ដាច់​ប្រទេស​សិង្ហបុរី។

ចិន​បាន​វិនិយោគ​រួច​ហើយ​លើ​ទីក្រុង​បច្ចេកវិទ្យា​ជឿនលឿន​នានា​ដូច​ទីក្រុង Nusantara នេះ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដូចជា​ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​មីយ៉ាន់ម៉ា​ជាដើម។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ ២០២១ របស់​សាកលវិទ្យាល័យ Kentucky។

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី វិនិយោគ​របស់​ចិន​ជា​ទូទៅ​បាន​ហូរ​ចូល​ទៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ឬ​គម្រោង​ឧស្សាហកម្ម​ធំៗ ដូចជា​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​រវាង​ទីក្រុង​ហ្សាការតា​និង​ទីក្រុង​បានឌុង (Bandung) ក្នុង​ទឹកប្រាក់ ៧,៣ ពាន់​លាន​ដុល្លារ គម្រោង​ថាមពល​វារី​អគ្គិសនី Mentarang Induk (MIHEP) ដែល​ភ្ជាប់​សម្ព័ន្ធភាព​ជាមួយ​នឹង​សហគ្រាស PowerChina របស់​រដ្ឋាភិបាល​ចិន​ហើយ​នឹង​ផ្គត់ផ្គង់​ថាមពល​ដល់​រដ្ឋធានី​ថ្មី​នេះ និង​គម្រោង​ទឹក​ប្រាក់ ១១,៦ ពាន់​លាន​ដុល្លារ​ដ៏​ប្រទាំងប្រទើស​ដើម្បី​សាងសង់​រោងចក្រ Xinyi Glass ដែល​ជា​រោងចក្រ​ផលិត​ផ្ទាំង​កញ្ចក់​និង​បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ​របស់​ចិន នៅ​លើ​កោះ Rempang ជាដើម។

ជម្លោះ​ទាក់ទិន​នឹង​កម្មសិទ្ធិ​ដីធ្លី​នៅ​លើ​កោះ Rempang នេះ​នៅ​មិន​ទាន់​ដោះស្រាយ​នៅឡើយ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ជាមួយ VOA ផ្នែក​ភាសា​ឥណ្ឌូណេស៊ី លោក Andry Satrio Nugroho សេដ្ឋវិទូ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (Institute for Development of Economics and Finance) របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​រំឭក​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​គួរតែ​អាច​ធានា​ចំពោះ​វិនិយោគិន​ថា​មិន​មាន​ជម្លោះ​ដីធ្លី​ស្រដៀង​គ្នា​នេះ​កើតឡើង​ពាក់ព័ន្ធ​នឹង​ទីក្រុង Nusantara នេះ។

អាជ្ញាធរ​រដ្ឋធានី Nusantara បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​ធ្វើការ​ដើម្បី​បញ្ចូល​ជនជាតិ​ភាគ​តិច​និង​ពលរដ្ឋ​មូលដ្ឋាន​ទៅ​ក្នុង​ដំណើការ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​និង​អភិវឌ្ឍន៍​នេះ។

លោក Agung Wicaksono អនុ​ប្រធាន​អាជ្ញាធរ​រដ្ឋធានី Nusantara ទទួល​បន្ទុក​កិច្ចការ​ហិរញ្ញវត្ថុ​និង​វិនិយោគ បាន​និយាយ​ថា ពួកគេ​បាន​ទទួល​លិខិត​បង្ហាញ​ចំណាប់​អារម្មណ៍​ចំនួន ៣៤៥ ច្បាប់​ដែល​វិនិយោគិន​នានា​បាន​ដាក់​ជូន។

នៅ​ក្នុង​សន្និសីទ​មួយ​ស្ដីពី​ចីរភាព​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Temasek Holdings របស់​ប្រទេស​សិង្ហបុរី​កាលពី​ខែ​មិថុនា ឆ្នាំ ២០២៣ លោក Widodo បាន​បង្ហាញ​ឡើង​នូវ​កញ្ចប់​អភិវឌ្ឍន៍​ចំនួន ៣០០ ដែល​មាន​ទឹក​ប្រាក់ ២,៦ ពាន់​លាន​ដុល្លារ​ដល់​វិនិយោគិន​នានា​ដែល​ចាប់​អារម្មណ៍​លើ​ការ​សាងសង់​ទីក្រុង Nusantara នេះ។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ផ្ដល់​នូវ​គ្រឿង​លើកទឹកចិត្ត​ផ្សេងៗ​ដូចជា​ការ​មិន​យក​ពន្ធ​បណ្ដោះអាសន្ន​ជាដើម​សម្រាប់​ក្រុមហ៊ុន​ណា​ដែល​វិនិយោគ​យ៉ាងតិច ៦៤៧.០០០ ដុល្លារ​លើ​គម្រោង​នានា​ដូចជា​អាកាសយានដ្ឋាន ផ្លូវ​បង់​លុយ មន្ទីរពេទ្យ ផ្សារ​ទំនើប និង​សណ្ឋាគារ​ជាដើម។

លោក Wicaksono បាន​និយាយ​ថា៖ «នៅ​ក្រោម​គម្រោង​ភាព​ជា​ដៃគូ​រវាង​ឯកជន​និង​សាធារណៈ (PPP) នេះ អាជ្ញាធរ​រដ្ឋធានី Nusantara កំពុង​ជំរុញ​ទៅមុខ​ជាមួយ​នឹង​សហគ្រាស​ចិន​មួយ​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន CITIC Ltd. ដើម្បី​សាងសង់​អគារ​ស្នាក់នៅ​ចំនួន ៦០ អគារ​នៅ​ក្នុង​រដ្ឋធានី​នេះ»។

ភាគហ៊ុន​ចំនួន ៥៨% របស់​ក្រុមហ៊ុន CITIC Ltd. ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​របស់​ចិន គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន CITIC Group។ សមាជិក​រដ្ឋសភា​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​លោក Mike Gallagher ដែល​ជា​ប្រធាន​គណៈកម្មធិការ​ពិសេស​រដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​គណបក្ស​កុម្មុយនីស្ត​ចិន បាន​និយាយ​ថា ក្រុមហ៊ុន CITIC Group គឺជា «សម្ព័ន្ធ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​និង​សំខាន់​បំផុត​មួយ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន»។

ក្រុមហ៊ុន Maxim និង​ក្រុមហ៊ុន IJM របស់​ម៉ាឡេស៊ី​ក៏​នឹង​សាងសង់​អគារ​ស្នាក់នៅ​នៅ​ក្នុង​ទីក្រុង Nusantara នេះ​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Indonesia Business Post។

ចំណាប់​អារម្មណ៍​ពី​ប្រទេស​ចិន​ក៏​រួម​មាន​ផងដែរ​នូវ​សំណើ​របស់​ក្រុមហ៊ុន China Railways Construction Corporation ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​ទីក្រុង Nusantara នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត China Daily ដែល​ជា​កាសែត​ផ្លូវការ​របស់​ចិន។ កាសែត​នេះ​បាន​រាយការណ៍​ថា «សហគ្រាស​ចិន​កំពុង​ជួយ​រួច​ហើយ​ក្នុង​ការ​ធ្វើ​ឱ្យ​ផែនការ​របស់​លោក Widodo បាន​សម្រេច»។

ក្រុមហ៊ុន China Road and Bridge Corporation ក្រុមហ៊ុន China Communications Construction Indonesia និង​ក្រុមហ៊ុន China Construction Eighth Engineering Division Corporation កំពុង​ដេញថ្លៃ​សាងសង់​ផ្នែក​នៃ​ផ្លូវ​ល្បឿនលឿន​បង់​លុយ​ភ្ជាប់​កំពង់ផែ​ស្ដុក​ប្រេង​ឥន្ធនៈ Balikpapan ជាមួយ​នឹង​ដែន​សមត្ថកិច្ច Penajam Paser Utara ដែល​ជា​ទីតាំង​សាងសង់​រដ្ឋធានី​ថ្មី​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ថ្ងៃ​ទី ៤ ខែ​កញ្ញា ឆ្នាំ ២០២៣ របស់​កាសែត China Daily។

បើ​តាម​ច្បាប់ លោក Widodo មិន​អាច​ធ្វើ​ជា​ប្រធានាធិបតី​ច្រើន​ជាង​ពីរ​អាណត្តិ ដែល​មួយ​អាណត្តិ​មាន​រយៈពេល ៥ ឆ្នាំ​បាន​ទេ។ លោក Prabowo Subianto ដែល​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ខែ​កុម្ភៈ ត្រូវ​គេ​រំពឹង​ថា​នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បន្ទាប់ពី​លោក Widodo។ លោក Subianto គឺ​ជា​អ្នក​ដែល​គាំទ្រ​ផែនការ​សាងសង់​រដ្ឋធានី​ថ្មី​នេះ។

លោក Widodo បាន​ប្រាប់​វិនិយោគិន​នានា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ឆ្នាំ​មុន​ថា៖ «អ្វីៗ​នឹង​គ្មាន​បញ្ហា​ឡើយ។ មិន​បាច់​បារម្ភ​ទេ។ ការ​វិនិយោគ​របស់​អ្នក​នៅ​ឥណ្ឌូណេស៊ី​នឹង​បន្ត​មាន​សុវត្ថិភាព ហើយ​នឹង​មាន​និរន្តរភាព​នៅ​ក្នុង​ការ​អភិវឌ្ឍរដ្ឋធានី Nusantara នេះ»៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា