ការ​ទាញ​យក​ទឹក​ពី​ទន្លេ​មេគង្គ​ខាង​លើ​របស់​ចិន​ត្រូវ​បាន​គេ​យល់​ថា ធ្វើ​ឱ្យ​តំបន់​អាស៊ីអាគ្នេយ៍​ជួប​គ្រោះ​រាំងស្ងួត

រូបឯកសារ៖ បុរសម្នាក់អង្គុយលើទូកនេសាទដែលជាប់ក្នុងបឹងដែលស្ងួតហួតហែង ដោយសារគ្រោះរាំងស្ងួត នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០១៦។

ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ — ក្រុម​អ្នក​វិភាគ​និយាយ​ថា ក្រុម​មន្ត្រី​ចិន​កំពុង​ទាញ​យក​ទឹក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​ទំនប់​ទឹក​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ខាង​លើ ​ដែលនឹង​ធ្វើ​ឲ្យ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ជាច្រើន​ ជួប​គ្រោះរាំងស្ងួត​នៅ​ក្នុង​រដូវ​ធ្វើ​កសិកម្ម​ដ៏​សំខាន់ ហើយ​នឹង​ត្រូវ​ពឹងពាក់​លើ​ប្រទេស​មហា​អំណាច​ផ្សេងៗ​ឲ្យ​ជួយ។

ទំនប់​ទឹក​ទាំង ​១១ ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​តំបន់​មេគង្គ​ខាង​ក្រោម​ជាច្រើន ​ដែល​មាន​ប្រជាជន​ ៦០ លាន​នាក់​ ជួប​គ្រោះរាំងស្ងួត​ ចាប់​តាំង​ពី​ឆ្នាំ ២០១៩ ​មក។ នេះ​បើ​យោង​តាម​ទិន្នន័យ​មក​ពី​មជ្ឈមណ្ឌល Stimson នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ប្រទេស​ដែល​ទទួល​រង​ផលប៉ះពាល់ ដូចជា​កម្ពុជា ឡាវ ថៃ និង​វៀតណាម កម្រ​នឹង​ត្អូញត្អែរ​ណាស់ ដោយសារ​តែ​ពួកគេ​ជា​ប្រទេស​តូច​ជាង​ចិន និង​ដោយសារ​តែ​ទំនាក់ទំនង​រវាង​មេដឹកនាំ​របស់​ពួកគេ​មួយ​ចំនួន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Thitinan Pongsudhirak សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Chulalongkorn ក្នុង​ទីក្រុង​បាងកក​ បាន​និយាយ​ថា អាជ្ញាធរ​គ្រប់គ្រង​ទំនប់ទឹក​របស់​ចិន​ជា​ធម្មតា​ទាញ​យក​ទឹក ប៉ុន្តែ​បាន​បង្កើន​លំហូរ​ទឹក​ នៅ​មុន​ពេល​មាន​កិច្ចប្រជុំ​ជាមួយ​នឹង​ក្រុម​មន្ត្រី​នៅ​អាស៊ីអាគ្នេយ៍​ ដើម្បី​បង្ហាញ​ពី​រូបភាព​ល្អ​របស់​ខ្លួន។ ពួកគេ​ទាញ​យក​ទឹក​ដើម្បី​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​មូលដ្ឋាន និង​ដើម្បី​ទាញ​យក​ថាមពល។

លោក​ Thitinan Pongsudhirak បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «វា​ច្បាស់​ណាស់​ថា អាជ្ញាធរ​ចិន​កំពុង​ប្រើប្រាស់​ទំនប់​ទឹក​ទាំង​នេះ​ ដើម្បី​ទាញ​យក​ប្រយោជន៍​នយោបាយ»។

នេះ​មាន​ន័យ​ថា ពួកគេ​បង្កើន​ចំនួន​ទឹក​ដែល​ត្រូវ​បញ្ចេញ នៅ​ពេល​ពួកគេ​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា៖ «នៅរដូវ​ទឹក​ស្រក រដូវ​ប្រាំង ច្បាស់​ណាស់​នេះ ​គឺជា​បញ្ហា​ប្រឈម​បំផុត​សម្រាប់​បណ្ដា​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម»។

គេហទំព័រ​សារព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​ចិន​ ឈ្មោះ Global Times បាន​ចេញផ្សាយ​កាល​ពី​ខែ​ធ្នូ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាប់ផ្តើម​ចែករំលែក​ទិន្នន័យ​អំពី​ទន្លេ​មេគង្គ​ខាង​លើ​ នៅ​ក្នុង​ខែ​វិច្ឆិកា​តាមរយៈ​វេទិកា​អនឡាញ​ ដែល​ខ្លួន​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់ «ការ​ព្យាករណ៍​ប្រកប​ដោយ​ទំនុក​ចិត្ត និង​សេវា​ព្រមាន​ទុក​ជា​មុន» ពី​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​នានា។

សេចក្ដីរាយការណ៍​នេះ​បាន​បន្ត​ទៀត​ថា ប្រទេស​ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង​កម្ពុជា​អាច​ទទួល​បាន​ទិន្នន័យ​ពី​ស្ថានីយ៍​វារី​អគ្គិសនី​ទាំង​ពីរ​របស់​ចិន​ នៅ​ទន្លេ​មេគង្គ​ខាង​លើ។

រូបឯកសារ៖ ទូកនេសាទសំចតនៅក្បែរច្រាំងទន្លេមេគង្គ ដែលបានប្រែពណ៌ខៀវខុសធម្មតា នៅក្នុងខេត្ត Nakhon Phanom ប្រទេសថៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ជំនាញ​ជឿ​ថា កិច្ចប្រឹងប្រែង​នេះ​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​បញ្ហា​ដែល​ចិន​បាន​បង្ក​ឡើង​ ដោយ​អ្វី​ដែល​មជ្ឈមណ្ឌល Stimson ហៅ​ថា​ជា «ការ​ស្តុក​ទឹក​ទុក» ពោល​គឺ​ ការ​ទាញ​យក​ទឹក​នៅ​ផ្នែក​ខាង​លើ មុន​ពេល​វា​អាច​ហូរ​កាត់​តំបន់​អាស៊ីអាគ្នេយ៍​ចូល​ទៅ​ក្នុង​សមុទ្រ។​

អាង​ទឹក​ទន្លេ​នៅ​ផ្នែក​ខាង​ក្រោម​ជួយ​ផ្គត់ផ្គង់​ទឹក​ដល់​វាលស្រែ​នៅ​ជុំវិញ​ទន្លេ​នេះ និង​ដល់​វិស័យ​នេសាទ​ទឹក​សាប​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក។ អង្គការ International Rivers ដែល​ជា​អង្គការ​តស៊ូ​មតិ​មាន​មូលដ្ឋាន​នៅ​រដ្ឋ California សហរដ្ឋអាមេរិក​បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ជា​រួម ប្រព័ន្ធ​ទន្លេ​មេគង្គ​ខាង​ក្រោម​ផ្គត់ផ្គង់​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​នៅ​តាម​អាង​ទឹក​ទន្លេ​នេះ ជាមួយ​នឹង​តម្រូវ​ការ​ប្រូតេអ៊ីន​ពី​ទិន្នផល​ក្នុង​ទន្លេ​នេះ​ប្រមាណ ​៨០%។

អង្គការ International Rivers សរសេរ​ថា៖ «ការ​សាងសង់​ទំនប់​ទឹក​ចិន​នៅ​លើ​ទន្លេ​មេគង្គ​ខាង​លើ​កំពុង​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​សហគមន៍​នៅ​ទន្លេ​ខាង​ក្រោម ហើយ​ទំនប់​ជាច្រើន​ទៀត​ក៏​កំពុង​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង ឬ​កំពុង​ត្រូវ​បាន​សាងសង់ ឬ​ត្រូវ​បាន​សាងសង់​រួច​ហើយ​នៅ​ក្នុង​អាង​ទឹក​ទន្លេ​មេគង្គ​ខាង​ក្រោម។

ការ​ពង្រីក​គម្រោង​វារីអគ្គិសនី​យ៉ាង​លឿន​បែប​នេះ​គំរាមកំហែង​ដល់​ប្រទេស​ទាំង​អស់​ ដែល​ស្ថិត​នៅ​ជាប់​អាង​ទឹក​ទន្លេ​មេគង្គ​ខាង​ក្រោម ដោយ​ប្រទេស​កម្ពុជា និង​វៀតណាម​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ នឹង​មាន​ហានិភ័យ​ខ្លាំង​ជាង​គេ»។

គេហទំព័រ​របស់​មជ្ឈមណ្ឌល Stimson បាន​សរសេរ​ថា នៅ​កំឡុង​ពេល​រាំងស្ងួត​នៅ​អាង​ទឹក​ទន្លេ​មេគង្គ​ខាង​ក្រោម​នៅ​ឆ្នាំ ២០១៩ អាង​ទឹក​ខាង​លើ​នៅ​ក្នុង​ប្រទេស​ចិន​មាន​ទឹកភ្លៀង​ដែល​មាន​ក្នុង​កំណត់ត្រា ប៉ុន្តែ​ទំនប់​ទឹក​ទាំង​នោះ​បាន​ស្តុក​ទុក​ទឹក​ស្ទើរ​តែ​ទាំង​អស់ ​មិន​ឱ្យ​វា​ហូរ​មក​ផ្នែក​ខាង​ក្រោម​នោះ​ទេ។ មជ្ឈមណ្ឌល​នេះ​បន្ត​ថា បើ​មិន​មាន​ការ​ទាញ​យក​ទឹក​ទាំង​នេះ​ទេ ទន្លេ​មេគង្គ​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ-ឡាវ​ អាច​នឹង​ទទួល​បាន​លំហូរ​ទឹក​ខ្ពស់​ជាង​លំហូរ​ជា​មធ្យម​ ចាប់​ពី​ខែ​មេសា ឆ្នាំ ២០១៩ ​មក។

អង្គការ​សិក្សា​ស្រាវជ្រាវ​នេះ​សរសេរ​ថា៖ «នេះ​ជា​ផ្នែក​នៃ​លំនាំ​ដ៏​យូរ​មក​ហើយ ​ដែល​បាន​បង្ក​ឱ្យ​មាន​គ្រោះ​រាំងស្ងួត​ជាច្រើន។ ការ​កើន​ឡើង​នូវ​ភាព​ញឹកញាប់​នៃ​គ្រោះ​រាំងស្ងួត​នៅ​អាង​ទឹក​ទន្លេ​មេគង្គ​ខាង​ក្រោម​ ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​វិធី​ដែល​ចិន​បាន​ឃាំង​ទុក​ទឹក​នៅ​ផ្នែក​ខាង​លើ​នៅ​រដូវ​ប្រាំង»។

មជ្ឈមណ្ឌល Stimson សរសេរ​ថា ចាប់​តាំង​ពី​ពេល​បញ្ចប់​ការ​សាងសង់​ទំនប់ Nuozhadu នៅ​ផ្នែក​មួយ​ក្នុង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត Yunnan របស់​ចិន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ទន្លេ​ Lancang នៅ​ក្នុង​ឆ្នាំ ២០១២ ​មក ជា​រួម​ទំនប់​ទឹក​ចិន​បាន​ដក​យក​ទឹក​កាន់​តែ​ច្រើន​ជាង ​កាលពី​ ២០ ឆ្នាំ​មុន​ទៅ​ទៀត។

អង្គការ​សិក្សា​ស្រាវជ្រាវ​នេះ​បន្ថែម​ថា ទំនប់​ទឹក​ចិន​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ពី​ការ​បង្ក​ឱ្យ​មាន​គ្រោះ​ទឹក​ជំនន់ ដូច​ជា​ទឹកជំនន់​កាលពី​ ១៣ ឆ្នាំ​មុន​ នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​ឡាវ​ជាដើម។

ទំនប់ Nuozhadu និង​ទំនប់​មួយ​ទៀត​របស់​ចិន​ឈ្មោះ​ថា ទំនប់ Dachaoshan ដែល​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ ២០០៣ ​និង​ដែល​ស្ថិត​នៅ​លើ​ទន្លេ Lancang ដែរ​នោះ​បាន​បញ្ចេញ​ទឹក​ក្នុង​បរិមាណ​មួយ​ច្រើន​ «​មិន​រំពឹង​ទុក» ដែល​ធ្វើ​ឱ្យ​មាន​ទឹកជំនន់​នៅ​ផ្នែក​ខាង​ក្រោម និង​បង្ក​ឱ្យ​មាន​ការ​ខូចខាតអស់​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។

សារព័ត៌មាន Global Times របស់​ចិន​បាន​ចាត់​ទុក​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំងស្ងួត​នៅ​ផ្នែក​ខាង​ក្រោម​ក្នុង​ឆ្នាំ ២០១៩ ​និង​ ២០២០​ គឺ​ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ។

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ស្តុក​ទឹក​នៅ​ទន្លេ​ផ្នែក​ខាង​លើ​បាន​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​លំហូរ​ទឹក​តាម​រដូវ​ ដែល​ត្រូវ​ការ​ដើម្បី​ធ្វើ​ឱ្យ​ទឹក​នៅ​ទន្លេ​សាប​កើន​ឡើង។

ជា​ធម្មតា ទឹក​ជន់​នឹងធ្វើ​ឱ្យ​លិច​ដី​នៅ​ជុំវិញ​និង​បង្កើត​ជម្រក​ត្រី​ពង។ បឹង​ទន្លេ​សាប និង​តំបន់​នៅ​ជាប់​នោះ​អាច​មាន​ត្រី​រហូត​ដល់​១៦៥គីឡូក្រាម​ក្នុង​មួយ​ហិកតា។

លោក​បាន​និយាយ​ថា ទឹក​ជន់​ធ្លាប់​មាន​រយៈពេល ​៣ ខែ ប៉ុន្តែ​ឥឡូវ​នេះ ​វា​នឹង​បាត់​ទៅ​វិញ បន្ទាប់​ពី​ ៦ សប្តាហ៍។ លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ​៦០%​ ទទួល​បាន​ប្រយោជន៍​ពី​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​នេះ។

រូបឯកសារ៖ មេដឹកនាំប្រទេសនៃទន្លេមេគង្គក្រោមរួមមានកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម ចូលរួមកិច្ចប្រជុំកំពូលស្តីអំពីទន្លេមេគង្គជាមួយភាគីចិន នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

លោក Robertson បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «មាន​លំហូរ​ទឹក​ហូរ​ចុះ​តាម​ទន្លេ​មេគង្គ​ដើម្បី​រុញ​ទឹក​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប​តិច​ជាង​មុន។ វា​ជា​អ្វី​ម្យ៉ាង​ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​វដ្ត​រដូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រសិនបើ​វា​មិន​មាន​ដូច​រាល់​ដង​នោះ​ទេ វា​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង»។

ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រទេស​នៅ​តំបន់​មេគង្គ​ខាង​ក្រោម​ផ្សេង​ទៀត​ដែរ មិន​ធ្វើ​ការ​តវ៉ា​ដោយ​ចំហ​ជាមួយ​នឹង​ចិន​លើ​បញ្ហា​លំហូរ​ទឹក​នេះ​នោះ​ទេ។ ប្រទេស​ទាំង​នេះ​មិន​មាន​អំណាចក្នុង​ការ​ចរចា​ជាមួយ​នឹង​ចិន ដែល​ជា​មហាអំណាច​យោធា និង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​ក្នុង​តំបន់​នោះ​ឡើយ។

ប្រទេស​កម្ពុជា និង​ឡាវ ដែល​ជា​ប្រទេស​ក្រ​ជាង​ចិន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រទេស​ចិន​សម្រាប់​ជំនួយ និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ។ លោក Thitinan បាន​និយាយ​ថា ប្រទេស​ឡាវ​ទទួល​បាន​ប្រយោជន៍​ពី​ទំនប់ទឹក​របស់​ខ្លួន ដែល​ប្រទេស​ថៃ​បាន​ផ្តល់​ហិរញ្ញប្បទាន​និង​ទាញ​យក​អគ្គិសនី។

ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​ដង​ទន្លេ​មេគង្គ​ដែល​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ដោយសារ​តែ​ទឹក​ទន្លេ​មេគង្គ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្បែរ​ក្រុង​ហូជីមិញ។ ការ​ហូរ​បញ្ច្រាស​ទឹក​ប្រៃ​ពី​សមុទ្រ​ធ្វើ​ឱ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ និង​ធ្វើ​ឱ្យ​គ្រោះ​រាំងស្ងួត​នៅ​ក្នុង​ឆ្នាំ ២០១៩ និង​ ២០២០​ កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ។

លោក Alexander Vuving សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់​ការ​សិក្សា​សន្តិសុខ​ នៅ​ក្នុង​រដ្ឋ Hawaii សហរដ្ឋអាមេរិក​និយាយ​ថា ក្រុម​មន្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ជា​យូរ​មក​ហើយ​នេះ មិន​មាន​វិធី​ដើម្បី​ឱ្យ​ចិន​បញ្ចេញ​បន្ថែម​ទៀត​នោះ​ទេ។

លោក Vuving បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ច្បាស់​ណាស់ ប្រទេស​វៀតណាម​មាន​ផលប្រយោជន៍​ច្រើន​ក្នុង​ការ​ប្រឆាំង​នឹង​ចិន​នៅ​ក្នុង​អនុតំបន់ ប៉ុន្តែ​នៅ​ពេល​នេះ និន្នាការ​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ថា វៀតណាម​ជា​ភាគី​អ្នក​ចាញ់។ វៀតណាម​មិន​មាន​មធ្យោបាយ​ដើម្បី​តតាំង​ជាមួយ​ចិន​នោះ​ទេ»។

លោក Thitinan បាន​និយាយ​ថា ប្រទេស​ចិន​បន្ត​សាងសង់​ទំនប់​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ខាង​លើ និង​ដៃទន្លេ​មេគង្គ។ ប្រទេស​ឡាវ​កំពុង​ដើរ​តាម​ចិន។

ទោះ​បី​ជា​ប្រទេស​នៅ​ទន្លេ​មេគង្គ​ក្រោម​ទាំង ​៤ ​មាន​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​ជា​ស្ថាប័ន​ដើម្បី​ត្រួតពិនិត្យ​ក្តី នៅ​ពេល​នេះ​ពួកគេ​កំពុង​ពឹង​ផ្អែក​លើ​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ជួយ​ទប់ទល់​នឹង​ចិន។

កិច្ចព្រមព្រៀង​ភាព​ជា​ដៃ​សហរដ្ឋអាមេរិក-មេគង្គ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែកញ្ញា ​ដើម្បី​ផ្តល់​វិធានការ​ទប់ទល់​គ្រោះរាំងស្ងួត និង​ផ្តល់​ថវិកា​ចំនួន ​៦ លាន​ដុល្លារ​ សម្រាប់​ការងារ​រួម​មាន​ការ​ទទួល​បាន​ទិន្នន័យ​អំពី​ទឹក​សម្រាប់​គោលបំណង​រៀបចំ​ផែនការ​របស់​រដ្ឋាភិបាល​ជាដើម។

របាយការណ៍​សារព័ត៌មាន​នៅ​អាស៊ី​បាន​លើក​ឡើង​ថា ទិន្នន័យ​ផ្កាយ​រណប និង​ការ​តាមដាន​ពី​ចម្ងាយ​ដែល​ចងក្រង​ដោយ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​មករា​បាន​រក​ឃើញ​ថា​ការ​ស្រក​ចុះ​កម្ពស់ទឹក​ ១ ម៉ែត្រ​នៅ​ក្នុង​ស្រុក Chiang Saen ក្នុង​ប្រទេស​ថៃ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ គឺ​កើតឡើង​ដោយសារ​តែ​ទំនប់ទឹក​របស់​ចិន។

ប្រទេស​ជប៉ុនក៏​កំពុង​ជួយ​តំបន់​អាស៊ីអាគ្នេយ៍​ពន្លឿន​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ទាំង​នេះ​ពឹង​ផ្អែក​តិច​ជាង​មុន​លើ​ការ​ធ្វើ​កសិកម្ម៕