ធនាគារ​កណ្តាល​ចិន​សហការ​ជាមួយ​ក្រុមហ៊ុន Ant និង Tencent ដើម្បី​បង្កើត​រូបិយវត្ថុ​ឌីជីថល

រូប​ឯកសារ៖ ស្លាក​សញ្ញា​​រូបិយវត្ថុ​ឌីជីថល (e-CNY) របស់​ចិន​ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា ធនាគារ​កណ្តាល​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​យុទ្ធសាស្រ្ត​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Group ដែល​ជា​សាខា​របស់​ក្រុមហ៊ុន Alibaba Group ដើម្បី​បង្កើត​ប្រព័ន្ធ​បច្ចេកទេស​មួយ​សម្រាប់​រូបិយវត្ថុ​ឌីជីថល​ជាតិ​របស់​ខ្លួន។

ប្រទេស​ចិន​កំពុង​បង្កើត​រូបិយវត្ថុ​ឌីជីថល​យ៉ន់ ឬ e-CNY ចាប់​តាំងពី​ឆ្នាំ ២០១៤ មក ក្នុង​គោល​បំណង​ជំនួស​សាច់​ប្រាក់​មួយ​ចំនួន​ដែល​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ។ អាជ្ញាធរ​ចិន​បាន​បញ្ជាក់​ថា រូបិយវត្ថុ​ឌីជីថល​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដំបូង​សម្រាប់​ការ​ចាយវាយ​លើ​ទំនិញ​លក់​រាយ​តែ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ មុន​ពេល​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស។

ភាគី​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ចិន​នឹង​សហការ​គ្នា​ជំរុញ​ការ​បង្កើត​រូបិយវត្ថុ e-CNY ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ Ocean Base និង​ប្រព័ន្ធ​អភិវឌ្ឍ​ចល័ត mPaaS របស់​ក្រុមហ៊ុន Ant។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Global Times របស់​ចិន។

រូបិយវត្ថុ e-CNY ដែល​គ្រោង​បង្កើត​ឡើង

ធនាគារ​កណ្តាល​របស់​ចិន​ក៏​បាន​ធ្វើការ​ផងដែរ​ជាមួយ​ក្រុមហ៊ុន Ant និង​ក្រុមហ៊ុន Tencent ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​មក​នេះ ដើម្បី​បង្កើត​រូបិយវត្ថុ e-CNY។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Global Times ដែល​បាន​យោង​លើ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ក្រុមហ៊ុន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ធំ​ជាង​គេ​បង្អស់​ទាំង​ពីរ​នេះ​របស់​ប្រទេស​ចិន។

ការ​ជូន​ដំណឹង​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បង្ហាញ​ថា ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​បង្ហាញ​អំពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​និយ័តករ​ចិន បើ​ទោះបីជា​ធ្លាប់​បាន​ស្ថិត​នៅ​ក្រោម​ការ​បង្រ្កាប​និង​ការ​ស៊ើបអង្កេត​តឹងតែង​ប្រឆាំង​នឹង​ការ​អនុវត្ត​បែប​ផ្តាច់​មុខ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ក៏ដោយ។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ធនាគារ​កណ្តាល​របស់​ចិន​ត្រូវការ​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំៗ និង​ក្រុមហ៊ុន​លក់រាយ​ធំៗ​នៅ​ក្នុង​ប្រទេស ដើម្បី​បង្កើត​រចនាសម្ព័ន្ធ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បណ្ដាញ​ចែកចាយ​សម្រាប់​រូបិយវត្ថុ​ឌីជីថល​ជាតិ​ផងដែរ ដែល​បណ្ដាញ​នេះ​កំពុង​ត្រូវ​បាន​សាកស្បង​នៅ​តាម​ទីក្រុង​នានា​ដូចជា ទីក្រុង​ប៉េកាំង សៀងហៃ និង Shenzhen ជាដើម។

ទោះជា​យ៉ាងណា​ក៏ដោយ ភាព​ជោគជ័យ​នៃ​រូបិយវត្ថុ​នេះ​ប្រហែល​ជា​អាច​នឹង​ចាប់​យក​ចំណែក​ទីផ្សារ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នេះ​នៅ​ទីបំផុត។

អ្នក​តាមដាន​ស្ថានការណ៍​នានា​អះអាង​ថា ករណី​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​ចិន​បាន​រៀបចំ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​បង្រ្កាប​លើ​ប្រព័ន្ធ​ក្តោប​យក​ទីផ្សារផ្តាច់​មុខ និង​ធ្វើ «ជាតូបនីយកម្ម» លើ​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើប្រាស់​ដែល​ខ្លួន​កាន់កាប់។

រូបឯកសារ៖ សា្លកសញ្ញា​ដែល​បញ្ជាក់​ថា​មាន​ការ​ផ្ដល់​សេវា​បង់ប្រាក់​តាម​អនឡាញ Alipay របស់​ក្រុមហ៊ុន Ant Group ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Alibaba Group Holding និង​សេវា​បង់ប្រាក់​ WeChat Pay របស់​ក្រុមហ៊ុន Tencent Holdings នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

នរណា​ជា​ចៅហ្វាយ?

លោក Francis Lun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មូលបត្រ Geo Securities Ltd. នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «អាជ្ញាធរ​ចិន​កំពុង​ប្រាប់​ក្រុមហ៊ុន Ant ឲ្យ​ផ្តល់​ទិន្នន័យ​ដ៏​ធំ​របស់​ខ្លួន​ទៅ​ឲ្យ​ធនាគារ​កណ្តាល​ចិន។ ទិន្នន័យ​ទាំង​នោះ​នឹង​មិន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ឯកជន​នោះ​ទេ ដោយសារតែ​គណបក្ស​កុម្មុយនីស្ត​ចិន​គឺ​ជា​ចៅហ្វាយ»។

សារព័ត៌មាន Financial Times បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ស្នើ​ក្រុមហ៊ុន Ant ឲ្យ​ប្រគល់​ទិន្នន័យ​ឲ្យ​ក្រុមហ៊ុន​វាយតម្លៃ​កម្រិត​ហានិភ័យ​ស្នើ​សុំ​ឥណទាន​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

ក្រុមហ៊ុន​វាយតម្លៃ​កម្រិត​ហានិភ័យ​ស្នើ​សុំ​ឥណទាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​ប្រតិបត្តិ​ធនាគារ​កណ្តាល​មួយ​ចំនួន ដែល​កំពុងតែ​បម្រើការ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដទៃ​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្ចី​នានា​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន Ant ផង​ដែរ។

ក្រុមហ៊ុន Ant ទទូច​ចង់​ដឹកនាំ​ក្រុមហ៊ុន​ខាង​លើ ដោយ​អះអាង​ថា ការ​លូក​ដៃ​ច្រើន​ជ្រុល​ពី​រដ្ឋាភិបាល​នឹង​នាំ​ឲ្យ​វិស័យ​នេះ​ធ្លាក់​ចុះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​នានា។ ប៉ុន្តែ និយ័តករ​ចិន​មិន​បាន​យល់ស្រប​នោះ​ទេ ដោយ​និយាយ​ថា ការ​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន Ant នៅ​ក្នុង​ក្រុមហ៊ុន​ថ្មី​ នឹង​បង្ក​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍។

លោក Lun បាន​លើកឡើង​ថា ក្រុមហ៊ុន Ant មិន​អាច​រារាំង​ការ​ទាមទារ​របស់​និយ័តករ​បាន​ទេ។

ក្ដី​រំពឹង​សម្រាប់​រូបិយវត្ថុ e-CNY

លោក Lun ក៏​បាន​រំពឹង​ផងដែរ​ថា រូបិយវត្ថុ e-CNY នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ដោយសារតែ​ធនាគារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​នឹង​ត្រូវ​សម្រប​តាម​និយ័តករ។

លោក Lun បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​ចិន រូបិយវត្ថុ​ឌីជីថល​យ៉ន់​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​តាមដាន​រាល់​ប្រតិបត្តិការ​ទិញដូរ​របស់​អ្នក​ប្រើប្រាស់ «ដូចជា​បង​ធំ» អញ្ចឹង។ ហើយ​ការ​ប្រើប្រាស់​រូបិយវត្ថុ​នេះ​នៅ​ក្រៅ​ប្រទេស​នឹង​អាច​ឲ្យ​ចិន​គេច​ផុត​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ​ដែល​គ្រប​ដណ្ដប់​ដោយ​ប្រាក់​ដុល្លារ​អាមេរិក។ នេះ​ជា​អ្វី​ដែល​លោក Lun ហៅ​ថា​ជា​ការ​ប៉ុនប៉ង​បំបាត់​ចោល​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​សម្រាប់​ការ​ទិញដូរ​ក្នុង​ស្រុក។

លោក Jerry Lin នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ហិរញ្ញវត្ថុ​នៃ​បណ្ឌិតសភា​តៃវ៉ាន់​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ (Taiwan Academy of Banking and Finance) នៅ​ក្នុង​ទីក្រុង​តៃប៉ិ មាន​មន្ទិល​សង្ស័យ​ថា វិស័យ​ឯកជន​ប្រហែលជា​មិន​ទទួល​យក​រូបិយវត្ថុ​ឌីជីថល​យ៉ន់​នេះ​ទេ ដោយសារតែ​អាជីវកម្ម​ឯកជន​ភាគ​ច្រើន​ចាត់ទុក​លំហូរ​សាច់ប្រាក់​ថា​ជា​រឿង​សំខាន់​ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង​បំផុត។

លោក​បាន​និយាយ​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​បច្ចេកទេស​ត្រូវ​បាន​រៀបចំ​ឡើង​ពេញលេញ ធនាគារ​កណ្តាល​របស់​ប្រទេស​ចិន​នឹង​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​លក់រាយ​នានា ដើម្បី​ពង្រីក​ការ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​យ៉ន់ ដែល​នេះ​ជា​ជំហាន​ចម្បង​មួយ​ដែល​នឹង​កំណត់​ថា​តើ​រូបិយវត្ថុ​ឌីជីថល​នេះ​នឹង​ត្រូវ​គេ​ទទួល​ស្គាល់​ទូលំទូលាយ​ប៉ុណ្ណា។

ធនាគារ​កណ្តាល​របស់​ចិន​ចាត់ទុក​កិច្ច​ប្រឹងប្រែង​ថ្មី​ចុងក្រោយ​បង្អស់​នានា​របស់​ខ្លួន​នៅ​ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​យ៉ន់​នេះ ថា​ជា​យុទ្ធសាស្រ្ត​ឈ្នះ​ឈ្នះ​សម្រាប់​ខ្លួន​ឯង​និង​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំៗ​របស់​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Lin។

លោក Lin បាន​ថ្លែង​ប្រាប់ VOA ថា៖ «តាមរយៈ​ការ​សហការ​ជាមួយ​នឹង​ធនាគារ​កណ្តាល​របស់​ចិន [ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រូបិយវត្ថុ​ឌីជីថល​យ៉ន់] នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំៗ​ទាំង​នេះ​នឹង​បាន​ធូរស្បើយ​ពី​សម្ពាធ​នៃ​ការ​ស៊ើបអង្កេត​របស់​និយ័តករ​ប្រឆាំង​នឹង​ការ​ក្តោបក្ដាប់​ទីផ្សារ​ផ្តាច់មុខ។ ការ​ក្តោបក្ដាប់​ទីផ្សារ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ទាំង​នេះ​គឺ​ពិបាក​នឹង​បំបែក​បាន​ណាស់ ដរាបណា​មាន​ការ​លេច​ឡើង​នូវ​គូ​ប្រជែង​ដែល​ខ្លាំង​ដូច​ទៅ​នឹង​រូបិយវត្ថុ​ឌីជីថល​យ៉ន់ ដើម្បី​ទាញ​យក​ចំណែក​ទីផ្សារ​យ៉ាង​តិច​មួយ​ភាគ​បី»។

ក្រុមហ៊ុន Ant គ្រប់គ្រង​ទីផ្សារ​ដែល​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ចំនួន ៥៤% ចំណែក​ឯ​ក្រុមហ៊ុន Tencent វិញ ចំនួន ៤០%។

រូបឯកសារ៖ ក្រដាស​ប្រាក់​ ១០០ យ៉ន់​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​រាប់​ប្រាក់​នៅ​ក្នុង​ឯ​ធនាគារ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

ការ​ដោះដូរ

លោក Lin បាន​និយាយ​ថា នៅ​ក្នុង​រយៈពេល​ខ្លី​និង​មធ្យម ការ​សហការ​ជាមួយ​នឹង​ធនាគារ​កណ្ដាល​របស់​ចិន​ក៏​ជា​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ​ដើម្បី​ដោះដូរ​ចំណែក​ទីផ្សារ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​របស់​ចិន​ជាមួយ​នឹង​ការ​សម្រួល​របស់​និយ័តករ​ដល់​ប្រតិបត្តិការ​កម្ចី​មីក្រូ​អនឡាញ ប្រតិបត្តិការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បុគ្គល និង​ប្រតិបត្តិការ​ធានា​រ៉ាប់រង ដែល​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​ជាង​មុន។

លោក Lin បាន​បន្ថែម​ថា ទោះបីជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​រយៈពេល​វែង ប្រទេស​ចិន​នឹង​ទំនងជា​ព្យាយាម​ធ្វើ «ជាតូបនីយកម្ម» លើ​សេវាកម្ម​ហិរញ្ញវត្ថុ​ភាគ​ច្រើន​ដូចជា​ការ​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ការ​វាយតម្លៃ​លើ​កម្រិត​ហានិភ័យ​ស្នើ​សុំ​ឥណទាន ឬ​ក៏​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាដើម ដែល​ឥឡូវ​នេះ​កំពុង​ក្តោបក្តាប់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឯកជន​នានា។

គ្មាន​ការ​បែងចែក​ច្បាស់លាស់

អ្នក​ខ្លះ​យល់​ថា ការ​ពន្លឿន​ផ្នែក​ឌីជីថល​យ៉ាង​ឆាប់​រហ័ស​របស់​ចិន​លើ​រូបិយវត្ថុ​យ៉ន់​របស់​ខ្លួន​គឺ​ជា​ការ​គំរាមកំហែង​មួយ​ដើម្បី​បង្កើន​ការ​ជំរុញ​ឲ្យ​មាន​ការ​ធ្លាក់ចុះ​នៃ​ឥទ្ធិពល​គ្រប​ដណ្ដប់​របស់​ប្រាក់​ដុល្លារ​អាមេរិក ដែល​ជា​រូបិយប័ណ្ណ​បម្រុង​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក។

ប៉ុន្តែ អ្នកស្រី Anne Stevenson-Yang ដែល​ជា​សហ​ស្ថាបនិក​និង​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន J Capital Research មិន​យល់ស្រប​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា មាន​ការ​ផ្តោត​ច្រើន​ជ្រុល​លើ​គំនិត​ដែល​ថា​រូបិយវត្ថុ​ឌីជីថល​យ៉ន់​ជា​រូបិយវត្ថុ​ខុស​ប្លែក​ទាំងស្រុង​មួយ​និង​ដែល​មាន​ការ​ប្រជែង។ ខ្ញុំ​ចង់​មាន​ន័យ​ថា មិន​មាន​ភាព​ខុសគ្នា​រវាង​រូបិយវត្ថុ​ឌីជីថល​យ៉ន់​នេះ​និង​រូបិយវត្ថុ​យ៉ន់​ផ្លូវការ​នោះ​ទេ»។

អ្នកស្រី Anne បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «ទោះបីជា​មាន​ការ​ប្រកាស​ជា​ច្រើន​ពី​រដ្ឋាភិបាល​ចិន​អំពី​ការ​បើក​គណនី​មូលធន​ដែល​ជា​មូលហេតុ​ដែល​រូបិយវត្ថុ​ឌីជីថល​យ៉ន់​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​អន្តរជាតិ​ក៏ដោយ ក៏​វា​នៅតែ​មាន​ចំនួន​តិច​ជាង ២% នៃ​ការ​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ពិភពលោក​ដដែល បើ​គិតជា​តម្លៃ។ មូលហេតុ​គឺ​ដោយសារតែ​ប្រទេស​ចិន​មិន​ចង់​ដាក់​ឲ្យ​ប្រើប្រាស់»។

អ្នកស្រី​បាន​បន្ត​ថា អ្នកស្រី​ជឿ​ថា រូបិយវត្ថុ​ឌីជីថល​យ៉ន់​ដែល​រដ្ឋាភិបាល​ចិន​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នេះ គឺ​សម្រាប់​ហេតុផល​គ្រប់គ្រង​តែ​ប៉ុណ្ណោះ មិនមែន​សម្រាប់​គំនិត​ច្នៃ​ប្រឌិត​ថ្មី ឬ​ក៏​សម្រាប់​ការ​ប្រជែង​ជាមួយ​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នោះ​ទេ។

អ្នកស្រី Anne បាន​បន្ថែម​ថា សាធារណជន​ចិន​នឹង​មិន​កត់​សម្គាល់​ឃើញ​ការ​ប្រែប្រួល​ណា​មួយ​នោះ​ទេ ដោយសារតែ​ប្រព័ន្ធ​ទូទាត់​ប្រាក់ Alipay របស់​ក្រុមហ៊ុន Ant និង​ប្រព័ន្ធ​ទូទាត់​ប្រាក់ WeChat Pay របស់​ក្រុមហ៊ុន Tencent នៅ​បន្ត​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​ប្រើប្រាស់​ដដែល ចំណែក​ឯ​ធនាគារ​កណ្តាល​របស់​ចិន​នឹង​ទំនងជា​ដើរតួ​ជា​ម៉ាស៊ីន​នៅ​ពីក្រោយ​ប្រព័ន្ធ​ទូទាត់​ប្រាក់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា