មូលដ្ឋាន​ចិន​ក្នុង​ប្រទេស​ជីប៊ូទី​​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សេដ្ឋកិច្ច​ និង​យុទ្ធសាស្រ្ត​របស់​ចិន​នៅ​ទ្វីប​អាហ្រ្វិក

កង​ទាហាន​ជើង​ទឹក​ចិន​នៅ​លើ​នាវា​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​នាវា​មន្ទីរពេទ្យ​ទ័ព​ជើងទឹក​នៅ​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០១៤។

ប្រទេស​ចិន​គ្រោង​នឹង​បង្កើត​ប៉ុស្តិ៍​យោធា​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ នៅ​ក្នុង​​ប្រទេស​ជីប៊ូទី​ (Djibouti) ដែល​ស្ថិត​ក្នុងទ្វីប​​អាហ្រ្វិក​ភាគ​ខាង​កើត។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ការ​វិវត្ត​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ពិភពលោក​ទូលំទូលាយ​ និង​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក។

ប្រទេស​ចិន​គ្រោង​នឹង​បង្កើត​ប៉ុស្តិ៍​យោធា​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ នៅ​ក្នុងប្រទេស​ជីប៊ូទី​ (Djibouti) ដែល​ស្ថិត​ក្នុងទ្វីបអាហ្រ្វិក​ភាគ​ខាង​កើត។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ការ​វិវត្ត​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ពិភពលោក​ទូលំទូលាយ​ និង​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក។

ប្រទេស​ចិននិយាយ​ថា ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ក្នុង​ប្រទេស​ជីប៊ូទី (Djibouti) ​នឹង​ក្លាយជា​មណ្ឌល​សម្រាប់​ទុក​គ្រឿង​ភស្តុភា​ និង​សម្ភារៈ​ផ្គត់ផ្គង់​ផ្សេងៗ។ វា​គឺ​ជា​មូលដ្ឋាន​យោធា​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​ប្រទេស​ចិន។

សហរដ្ឋ​អាមេរិក​ បារាំង ​និង​ជប៉ុន​ ក៏​មាន​មូលដ្ឋាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជីប៊ូទី​ផង​ដែរ។ ប្រទេស​ដ៏​តូចនៅ​អាហ្រ្វិក​ខាង​កើត​មួយ​នេះ ​ស្ថិត​នៅ​ជិត​ចំណុច​ក្តៅ​ហែង​នៃ​តំបន់​អាហ្រ្វិក ​ដូច​ជា​ប្រទេស​សូម៉ាលី ​និង​តំបន់​វាលខ្សាច់ Sahel ហើយ​ប្រទេស​នេះស្ថិត​នៅ​ក្បែរ​ឈូង​សមុទ្រ​ Aden​ នៅ​តាម​បណ្តោយ​ផ្លូវ​ពាណិជ្ជកម្ម​ពិភព​លោក​សំខាន់​មួយ​ ដែល​ត​ភ្ជាប់​ពី​សមុទ្រ​ក្រហម​ទៅមហា​សមុទ្រ​ឥណ្ឌា។

លោក ​Wang Dong ​សាស្រ្តាចារ្យ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ប៉ិគីង​ (Peking University)​ ​បាន​និយាយ​ថា ​មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយ​ជា​កន្លែង​ការពារ​ផ្លូវ​នាវាចរណ៍​យ៉ាង​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

«វា​មិន​មែន​ជា​មូលដ្ឋាន​យោធា​ទេ​ វា​ជា​ការ​ដំណើរ​តភ្ជាប់​បណ្តាញ​ និង​ការ​ផ្គត់ផ្គង់​ច្រើន​ជាង។ នេះ​ក៏​ដោយ​សារ​តែ​ប្រទេស​ចិន​កំពុង​បំពេញ​បេសកកម្ម​ជា​ច្រើន​ដើម្បី​ប្រឆាំង​នឹង​ចោរកម្ម​តាម​ឈូង​សមុទ្រ​Aden ​នោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយការងារ​នេះ​មាន​តម្រូវ​ការ​លើ​សម្ភារៈ​សម្រាប់​ផ្គង់​ផ្គង់បន្ត​ទៀត»។

ប្រទេស​ចិន​ បាន​បញ្ជូន​កងកម្លាំងរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ ទៅ​កាន់​ប្រទេស​ស៊ូដង់​ខាង​ត្បូង​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ​និង​បាន​ចូល​រួម​បរិច្ចាគ​នាវា​ល្បាត​ប្រឆាំង​នឹង​ចោរកម្ម​សមុទ្រ​នៅ​ក្នុង​ឈូង​សមុទ្រ ​Aden​ ​តាំង​ពី​ឆ្នាំ ​២០០៨។ ក៏ប៉ុន្តែ​ គោល​នយោបាយ​ការ​បរទេស​របស់​ប្រទេស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើគោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ទៀត។

លោក ​Alex ​Vines ​ប្រធាន​កម្មវិធី​សម្រាប់​ទ្វីប​អាហ្វ្រិក​របស់​អង្គការ​ Chatham House មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ បាន​និយាយ​ថា​ ចិនកំពុង​ធ្វើ​ការ​ពិសោធន៍​ជា​មួយ​នឹង​មូលដ្ឋាន​ថ្មី​នេះ។

«ពួកគេ​នៅ​តែ​ចង់​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រទេស​ចិន​គឺ​ខុស​ពី​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ គឺ​មិន​ដូច​ជា​ប្រទេស​បារាំង​ដែល​មាន​មូលដ្ឋាន​យោធាច្រើន​កន្លែង​ ឬ​មិន​ដូច​សហរដ្ឋ​អាមេរិក​ដែល​មាន​មូលដ្ឋាន​យោធា​នៅ Camp Lemonnier ​ទេ។ ដូច្នេះ​ ពួក​គេ​ចាត់​ទុក​មូលដ្ឋាន​នេះ​ ​ត្រឹម​តែ​ជា​ទីកន្លែង​សម្រាប់​កងទ័ព​ជើង​ទឹក​ប៉ុណ្ណោះ។ ជា​លទ្ធផល​ ទោះបី​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ពិសោធន៍​របស់​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​យូរ​ក៏​ដោយ​ តើ​បណ្តា​រដ្ឋាភិបាល​ប្រទេស​នានា​នៅ​អាហ្រ្វិក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ដូចម្តេច?»

លោក​ Alexander Neil ​គឺ​ជា​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្តប្រចាំ​ការិយាល័យ​តំបន់​អាស៊ី​ក្នុង​ប្រទេស​សិង្ហបុរី។ លោក​បាន​និយាយ​ថា​ ប្រទេស​ចិន​កំពុង​ពង្រីក​ការ​បោះ​ជំហាន​របស់​ខ្លួន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​នៅ​ក្នុង​វិធី​មួយ​ផ្សេង​ទៀត​ នោះ​គឺ​យុទ្ធសាស្រ្ត​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បរទេស​ ដែល​គេ​ស្គាល់​ថា​ជា ​«ខ្សែ​ក្រវ៉ាត់​មួយ​ ផ្លូវ​មួយ»។ យុទ្ធសាស្ត្រ​នេះ​ សំដៅ​ទៅ​លើ​ការ​កំណត់ផ្លូវ​ពាណិជ្ជកម្ម​ឆ្លង​កាត់​ដែន​ដី​និង​ដែន​សមុទ្រ​ ដែល​ជា​ចក្ខុវិស័យ​ប្រភេទ​ថ្មី​មួយ​ជា​ប្រវត្តិសាស្រ្ត គឺ«វិថី​សូត្រ»។

«ដូច្នេះ ​ខ្ញុំ​គិត​ថា​ ការ​ផ្លាស់​ប្តូរ​ធំ​នេះ បាន​កើត​មាន​ឡើង​ត្រាប់​តាម​អ្វី​ដែល​យើង​បាន​ឃើញ​ជាមួយ​នឹង​គម្រោង​ «ខ្សែ​ក្រវ៉ាត់​មួយ​ ផ្លូវ​មួយ» ដែល​ជា​ការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​ការ​នាំ​យក​នូវ​សមត្ថភាព​ដែល​មាន​លើស​នៅចិន​ទៅ​កាន់​ទ្វីប​អាហ្រ្វិក​ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្តល់​នូវ​ប្រាក់​កម្ចី​ដែល​មាន​លក្ខខណ្ឌ​តិច​តួច ​ប្រាក់​កម្ចី​ដោយ​ឥត​ការ​ប្រាក់ ​និង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​ជាមួយ​នឹង​ដៃគូ​ចិន។ ទាំង​នេះ​ គឺ​ផ្ទុយ​ពីយុទ្ធសាស្រ្ត​របស់​ប្រទេស​ចិន​កាល​ពី​មុន ​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ធ្វើ​ឡើង​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ច្រើន​ជាង​ នៅ​អំឡុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ»។

ជា​រៀង​រាល់​បី​ឆ្នាំ​ម្តង រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើនការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ទ្វីប​អាហ្រ្វិក​ទ្វេ​ដង ដែល​មាន​ទឹកប្រាក់ចាប់​ពី ​៥​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០០៦ ទៅ​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៩ ​ហើយ​បន្ទាប់​មក​កើន​ដល់​ទៅ​២០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២ ។

បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​បាន​បង្កើន​តួលេខ​នេះ​ដល់បី​ដង។ លោក​ប្រធានាធិបតី ​ស៊ី ​ជីង​ពីង (Xi Jinping) ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ដើម​ខែ​ធ្នូ​នេះ ​ហើយ​នៅ​ទីនោះ​ លោក​បាន​សន្យា​ផ្តល់​ប្រាក់​កម្ចី​ និង​ប្រាក់​ជំនួយ​ដល់​ទ្វីប​អាហ្វ្រិក​ ក្នុង​ទឹកប្រាក់​៦០​ពាន់​លានដុល្លារ។

ការ​សន្យា​នេះ​ មាន​ឡើង​ក្រោយ​ពីមាន​សេចក្តី​ប្រកាស​ផ្តល់​ជំនួយ​ស្បៀង​អាហារ​សង្គ្រោះ​បន្ទាន់​ក្នុង​ទឹក​ប្រាក់១៥៦លានដុល្លារ​ សម្រាប់​ប្រទេស​ជួប​គ្រោះ​រាំង​ស្ងួត​ និង​ទឹក​ប្រាក់​ចំនួន៦០​លាន​ដុល្លារ​បន្ថែម​ទៀត​ សម្រាប់​កង​កម្លាំង​ឆ្លើយ​តប​ឆាប់​រហ័ស​បែប​យោធា​របស់​សហភាព​អាហ្វ្រិក៕

ប្រែសម្រួលដោយ ឆាយ គីមហ៊ង