អ្នក​វិភាគ​ជំរុញ​ឱ្យ​​ចិន និង​កម្ពុជា​ពិចារណា​ឡើង​វិញ​លើ​កញ្ចប់​សំណង​ពាក់ព័ន្ធ​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី

រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ចិន រួម​ជាមួយ​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រូវ​បាន​គេ​ជំរុញ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កញ្ចប់​សំណង​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច បន្ទាប់​ពី​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​រកឃើញ​ថា ជីវិត​ពលរដ្ឋជនជាតិ​ដើម​ភាគតិចទាំងនោះ​កំពុង​រង​ផលប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី។

របាយការណ៍​កម្រាស់ ១៣៨ ទំព័រ​ដែល​មាន​ចំណងជើង​ថា៖ «នៅ​ក្រោម​ទឹក៖ ផលប៉ះពាល់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា» បាន​រកឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន China Huaneng Group ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បាន​មិន​អើពើ​ចំពោះ​ក្តីបារម្ភ​ភាគច្រើន​របស់​សហគមន៍​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នោះ​ទេ។

លោក John Sifton នាយក​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​នៅ​អាស៊ី​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​បំផ្លាញ​ជីវភាព​របស់​សហគមន៍​ជនជាតិជនជាតិ​ដើម​ភាគតិច ដែល​បាន​រស់នៅ​ទីនោះ​ជា​សហគមន៍ និង​ភាគច្រើន​ពឹងផ្អែក​អាស្រ័យផល​ពី​ការ​នេសាទ ការប្រមូលផលពីព្រៃ​ឈើ និងពី​កសិកម្ម»។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជាច្រើន​ក្រុម​ដែល​រង​ផលប៉ះពាល់​ដោយ​គម្រោង​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​រួម​មាន​ពលរដ្ឋ​នៃ​សហគមន៍ ព្នង (Bunong) សហគមន៍ ព្រៅ (Brao) សហគមន៍ កួយ (Kuoy) សហគមន៍ លាវ (Lao) សហគមន៍ ចារ៉ាយ (Jarai) សហគមន៍ គ្រឹង(Kreung) សហគមន៍ កាវេត ( Kavet) សហគមន៍ ទំពូន (Tampuan) និង​សហគមន៍​ កាចក់ (Kachok)។

រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

លោក Sifton ដែល​ជា​អ្នក​និពន្ធ​នៃ​របាយការណ៍​ខាង​លើ​បាន​និយាយ​ថា ពលរដ្ឋ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ទទួល​យក​ប្រាក់​សំណង​មិន​គ្រប់គ្រាន់​សម្រាប់​ទ្រព្យសម្បត្តិ និង​ប្រាក់​ចំណូល​ដែល​បាន​បាត់បង់ និង​ទទួល​បាន​កន្លែង​ស្នាក់នៅ​ និង​សេវា​មិន​ល្អ​នៅ​ទីតាំង​ថ្មី។ ពួកគេ​មិន​ទទួល​បាន​ការ​បណ្តុះបណ្តាល​ ឬ ជំនួយ​ដើម្បី​រកចំណូល​ចិញ្ចឹម​ជីវិត​នៅ​ទីតាំង​ថ្មី​នោះ​ទេ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «អាជ្ញាធរ​កម្ពុជា​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ជាបន្ទាន់​នូវ​ប្រាក់​សំណង​របស់​គម្រោង​នេះ ការ​ផ្លាស់​ទីលំនៅ និង​មធ្យោបាយ​ក្នុង​ការ​ស្តារ​ជីវភាព និង​ធានា​ថា គម្រោង​នៅ​ពេល​អនាគត​នឹង​មិន​មាន​ការ​រំលោភបំពាន​ស្រដៀង​គ្នា​នេះ​ទៀត​នោះ​ទេ»។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ ដែល​ជា​របាយការណ៍​មួយ​ក្នុង​ចំណោម​របាយការណ៍​ជាច្រើន​ដែល​សិក្សា​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនីនេះ​ ដែល​ធ្វើ​ឱ្យ​មាន​ទឹក​ជំនន់​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​សេសាន និង​ស្រែពក ដែល​ហូរ​ចាក់​ទៅ​ទន្លេ​មេគង្គ។ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​មក​ដល់​ពេល​នេះ​ជា​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​កម្ពុជា និង​ចិន​បាន​ប្រញាប់​វាយបក​ចំពោះ​ការ​រិះគន់​ដោយ​លើក​ឡើង​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​ផ្តល់​ការងារ ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​សម្រាប់​សហគមន៍​នៅ​ឆ្ងាយៗ និង​អគ្គិសនី​ដែល​ត្រូវ​ការ​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍នេះ។

លោក ស្រេង សាតារ៉ូ ទីប្រឹក្សា​សា្ថនទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​ថ្មីៗ​នេះ​បាន​ប្រាប់​សារព័ត៌មាន Global Times របស់​ចិន​ថា ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​ទាំង ៥៥ ដែល​ផ្តួចផ្តើម​ឡើង​ជាមួយ​នឹង​ទំនប់វារី​អគ្គិសនី ដែល​គាំទ្រ​ដល់​សកម្មភាព​ជាច្រើន​នៅ​ក្នុង​វិស័យ​ដូចជា ការ​អភិវឌ្ឍ​ន៍ជនបទ ធនធាន​ទឹក កសិកម្ម និង​អប់រំ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «គម្រោង​នោះ​ក៏​ជួយ​ឱ្យ​មាន​ផ្លូវថ្នល់​ដែល​អាច​ឱ្យ​ពួកគេ​ទៅ​ផ្សារ ឬ​យក​កូនៗ​ទៅ​សាលារៀន​ល្អ​ជាង​មុន។ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​ទទួល​បាន​ការ​អប់រំ ដែល​ងាយ​នឹង​ត្រូវ​បាន​ពង្វក់​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ ដែល​ចេះ​តែ​ផ្សព្វផ្សាយ​ពី​គំនិត​អវិជ្ជមាន»។

លោក​បាន​បន្ថែម​ថា៖ «ពួកគេ​មិន​បាន​ដឹង​ថា​តើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ​នាំ​មនុស្ស​ចេញ​ពី​ភាពក្រីក្រ​ និង​ផ្តល់​ផលប្រយោជន៍​ពិត​ប្រាកដ​ដល់​ពួកគេ​ដោយ​របៀប​ណា​នោះ​ទេ»។

ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ China Huaneng នៅ​ក្នុង​ឆ្នាំ២០១៨ ក្នុង​ទឹកប្រាក់​ ៧៨២ លាន​ដុល្លារ​អាមេរិក ដោយ​មាន​ធនាគារ​រដ្ឋាភិបាល​ផ្តល់​ហិរញ្ញប្បទាន​ភាគច្រើន។ ក្រុមហ៊ុន Royal Group និង​ក្រុមហ៊ុន​អគ្គិសនី​គ្រប់គ្រង​ដោយ​រដ្ឋ​វៀតណាម​ឈ្មោះ EVN មាន​ភាគហ៊ុន​តិចតួច​នៅ​ក្នុង​គម្រោង​នេះ។

របាយការណ៍​នេះ​លើក​ឡើង​ថា អ្នក​និពន្ធ​បាន​កត់ត្រា​នូវ​ការ​បំពាន​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ ដែល​កើត​ឡើង​ពី​ការ​បណ្តេញ​ពលរដ្ឋ​ជិត ៥.០០០ នាក់​ចេញ​ដែល​គ្រួសារ​របស់​ពួកគេ​បាន​រស់នៅ​ក្នុង​តំបន់​នោះ​អស់​រាប់​ជំនាន់​មក​ហើយ និង​ផលប៉ះពាល់​ទៅ​លើ​ជីវភាព​របស់​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​នៅ​ផ្នែក​ខាង​លើ និង​ខាង​ក្រោម។

រូបឯកសារ៖ វត្ត​អារាម​មួយលិចលង់​នៅ​សល់​តែ​ដំបូល​ដោយសារ​តែ​រងឥទ្ធិពល​ពី​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​ក្នុងស្រុក​ស្រែគរ ខេត្ត​ស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/វីអូអេ)

របាយការណ៍​នេះ​ដាក់​បញ្ចូល​បទសម្ភាសន៍​ជាមួយ​សមាជិក​សហគមន៍​ជាង ៦០ នាក់ មេដឹកនាំ​សង្គម​ស៊ីវិល អ្នក​ស្រាវជ្រាវ អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ស្រាវជ្រាវ​លើ​គម្រោង​នេះ និង​ពិនិត្យ​មើល​ការ​សិក្សា​ស្រាវជ្រាវ កំណត់ត្រា​អាជីវកម្ម និង​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រភព​ផ្សេងៗ​ទៀត។

របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រាក់​ចំណូល​ពី​ការ​នេសាទ​បាន​ធ្លាក់​ចុះ​ដោយ​សារ​ចំនួន​ត្រី​ធ្លាក់​ចុះ និង​ថា ការ​ធ្វើ​កសិកម្ម​ក៏​រង​ផលប៉ះពាល់​ដែរ បន្ទាប់​ពី​សហគមន៍​ត្រូវ​បាន​គេ​ផ្លាស់​ឱ្យ​ទៅ​រស់នៅ​កន្លែង​ដែល​មាន​ជីវជាតិ​តិច​ជាង​មុន។ ទឹក​អណ្តូង​នៅ​ទីតាំង​ថ្មី​ភាគច្រើន​ជាទឹកមិនស្អាត និង​មិន​អាច​ទទួល​ទាន​បាន។

របាយការណ៍​នេះ​រក​ឃើញ​ថា ក្រុមហ៊ុន China Huaneng មិន​ទាន់​បង្កើត​យន្តការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​ឡើយ​ទេ ហើយ​ក្រុម​មន្ត្រី​បាន​បដិសេធ​មិន​ស្តាប់​ក្តីបារម្ភ​របស់​សហគមន៍​ម្តង​ហើយ​ម្តង​ទៀត។ អ្នក​ដែល​ធ្វើ​ការ​ប្រឆាំង​ត្រូវ​បាន​គេ​គំរាមកំហែង ឬ​ចាប់​ដាក់​ពន្ធនាគារ។

លោកSifton ថ្លែង​ថា សហគមន៍​នៅ​ផ្នែក​ខាង​លើ និង​ខាង​ក្រោម​នៃ​ទំនប់វារី​អគ្គិសនី​ក៏​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង ឬ​ជំនួយ​ដែរ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចិន​ធ្វើ​ការ​កែទម្រង់​ជាប្រព័ន្ធ​ឱ្យ​កាន់​តែ​ច្រើន​ដើម្បី​ចៀសវាង​ការ​រំលោភបំពាន​បែប​នេះ​នៅ​ក្នុង​គម្រោង​នា​ពេល​អនាគត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម (BRI)។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «រដ្ឋាភិបាល​ចិន​ត្រូវ​ធ្វើ​កំណែទម្រង់​ច្រើន​ចំពោះ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​ខ្សែ​ក្រវ៉ាត់​ពាណិជ្ជកម្ម​ចិន​ដើម្បី​បង្ការ​ការ​រំលោភ​បំពាន​ទាំង​នេះ​នៅ​ក្នុង​គម្រោង​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ដូចជា​កម្ពុជា ដែល​រដ្ឋាភិបាល​មាន​កំណត់ត្រា​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ដ៏​យូរលង់​មក​ហើយ»។

លោកBradley Murg អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព​បាន​ថ្លែង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​មាន​ការ​ខ្វែង​គំនិត​គ្នា​ថា​តើ​ ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​ជា​ផ្នែក​មួយ​នៃ​គម្រោង BRI ដែរ​ឬ​ទេ ដោយសារ​តែ​ការ​សាងសង់​នៃ​គម្រោង​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី ២ ឆ្នាំ​មុន​ពេល​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ចាប់​ផ្តើម​គំនិត​ផ្តួចផ្តើម​នេះ។

លោក Murg បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ជា​ទូទៅ អ្វី​ដែល​យើង​បាន​ឃើញ​គឺថា ការ​ទទួល​ខុសត្រូវ​សម្រាប់​គម្រោង​របស់​ក្រុមហ៊ុន​ចិននេះ គឺក្រុមហ៊ុន​ធ្វើ​គម្រោង​នេះ​ដោយ​ខ្លួន​ឯង មិន​មែន​ដោយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ទោះ​បី​ជា​អាច​មាន​កិច្ចព្រមព្រៀង​អ្វី​ក៏​ដោយ»។​

លោក​បាន​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​បាន​ឃើញ​ភស្តុតាង​ពី​មុនៗ​នៅ​ក្នុង​ករណី​ផ្សេងៗ ដែល​បាន​កើត​ឡើង​ក្រោយ​មក​ទៀត ​ពី​ការ​ខ្វះខាត​នៃ​អនុវត្ត​តាម​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​ចំពោះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ប្រាក់​សំណង និង​ការ​ប្តូរ​លំនៅដ្ឋាន»៕