មន្ត្រីក្រសួងអប់រំបាននិយាយកាលពីថ្ងៃអង្គារថា កូនសិស្សនៅក្នុងប្រទេសកម្ពុជានឹងរៀនមេរៀនស្តីពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាចាប់ពីឆ្នាំ២០២០ ក្នុងគោលបំណងលុបបំបាត់ការសម្លុតនិងការរើសអើងនៅក្នុងប្រទេសសង្គមអភិរក្សនេះ។
លោកយុង គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានអប់រំសុខាភិបាលនៃក្រសួងអប់រំ បានមានប្រសាសន៍ថា សិស្សចាប់ពីថ្នាក់ទី៧ដែលមានអាយុ១៣ឆ្នាំនឹងរៀនអំពីទាក់ទងនឹងទំនោរផ្លូវភេទនិងអត្តសញ្ញាណយេនឌ័រដែលជាផ្នែកមួយនៃការអប់រំអំពីផ្លូវភេទនៅតាមសាលារៀន។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាកម្មវិធីនេះបង្រៀនអំពីសមភាព។ ក្រសួងចង់ឲ្យកូនសិស្សយល់ដឹងអំពីបញ្ហាទាំងនេះ ហើយថា គ្មាននរណាម្នាក់គួរត្រូវបានគេរើសអើងនៅក្នុងសាលារៀនឬក្នុងការរស់នៅឡើយ។
ប្រទេសកម្ពុជាមិនមានច្បាប់ចែងជាក់លាក់ជាពិសេសអំពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទេ។ អាពាហ៍ពិពាហ៍ភេទដូចគ្នាមិនត្រូវបានចាត់ទុកថាខុសច្បាប់ហើយក៏មិនមានការទទួលស្គាល់ពីរដ្ឋជាផ្លូវការដែរ។
ការស្រាវជ្រាវដែលចេញផ្សាយនៅសប្តាហ៍នេះដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ខណៈមានការទទួលស្គាល់ច្រើនឡើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជានោះ តែនៅមានរបាយការណ៍ថា ករណីចំនួនមួយក្នុងចំណោមបីករណីនៃការរំខានយាយីនៅកន្លែងធ្វើការគឺទាក់ទងនឹងការរើសអើងភេទទីបី។
អ្នកធ្វើយុទ្ធនាការការពារសិទ្ធិភេទទីបីនិយាយថា អ្នកខ្លះត្រូវឪពុកម្តាយបង្ខំឲ្យរៀបការ ឬត្រូវឲ្យដោះអំពើឬព្យាបាលតាមវិធីបុរាណ កុំឲ្យគេដូរចរិតនៃភេទ។
កម្មវិធីសិក្សាថ្មីនេះនឹងប្តូរផ្នត់គំនិតសម្រាប់ក្មេងៗឲ្យគេយល់ដឹងពីសិទ្ធិនេះ៕