អភិបាលក្រុង Chicago អ្នកស្រី Lori Lightfoot កាលពីព្រឹកថ្ងៃសុក្រ បានបញ្ជាឲ្យគេដកចេញស្តូបរូបបដិមាលោក Christopher Columbus អ្នកបានរុករកឃើញទ្វីបអាមេរិកនៅសួនកណ្តាលក្រុងនៅភាគកណ្តាលសហរដ្ឋអាមេរិកមួយនេះ មួយសប្តាហ៍ក្រោយពីក្រុមបាតុករដែលប្រឆាំងនឹងរូបចម្លាក់នេះ បានប៉ះទង្គិចជាមួយប៉ួលិស។
ក្រុមអ្នកតវ៉ា បានមកដល់ស្តូបនៅម៉ោង១ព្រឹក និងប្រើម៉ាស៊ីនស្ទូចរូបបដិមានោះចេញពីគ្រឹះរបស់វា ខណៈដែលហ្វូងមនុស្សនៅក្បែរនោះហ៊ោកញ្ជ្រៀវ ហើយរថយន្តដែលបើកកាត់ បានស៊ីផ្លេគាំទ្រ។ រូបបដិមាលោក Columbus ត្រូវបានគេយកចេញនៅម៉ោង៣ព្រឹក។
បាតុករនៅជុំវិញសហរដ្ឋអាមេរិក បានទាមទារឲ្យគេដករូបបដិមាលោក Columbus នៅទូទាំងប្រទេស ដោយថា អ្នករុករកកំណើតអ៊ីតាលីរូបនេះ បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើជនជាតិដើមអាមេរិក។ ប៉ុន្តែនៅតំបន់ខ្លះរបស់សហរដ្ឋអាមេរិកដូចជានៅក្រង Chicago រូបសំណាកលោកត្រូវបានពលរដ្ឋអាមេរិកកំណើតអ៊ីតាលីចាត់ទុកជាកេរ្តិ៍មរតករបស់ពួកគេ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន បាតុករដែលប្រឆាំងនឹងរូបសំណាកនេះ បានប៉ះទង្គិចជាមួយប៉ូលិស ហើយកាសែតក្នុងមូលដ្ឋានរាយការណ៍ថា អភិបាលក្រុងដែលដំបូងឡើយប្រឆាំងនឹងការដករូបបដិមានេះចេញ បានសម្រេចភ្លាមៗឲ្យមានការដកចេញនេះ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នារវាងអ្នកគាំទ្រនិងប្រឆាំងនឹងរូបសំណាកនេះ។
ការដកស្តូបរូបសំណាកនេះ កើតមានឡើងក្នុងអំឡុងដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) គ្រោងនឹងបញ្ជូនកងកម្លាំងសហព័ន្ធទៅកាន់ក្រុង Chicago ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើងនៅទីនោះ៕