ខ្សែ​ជីវិត​អ្នកស្រី ជា វណ្ណាត ​ប្រែប្រួល​តាម​របប​នយោបាយ​ដូចខ្មែរ​ភាគ​ច្រើន​ដែរ

លោកស្រី ជា វណ្ណាត អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា A Cambodian Survivor’s Odyssey ឬ ជា​ភាសា​ខ្មែរ​ថា «ដំណើរ​ជីវិត» ផ្តល់​បទសម្ភាសន៍​ជាមួយ VOA នៅ​ឯ​គេហដ្ឋាន​លោកស្រី​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០១ ខែ​សីហា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

អ្នកស្រី​ជា វណ្ណាត​ ​វ័យ​៧៤​ឆ្នាំ ​​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់។ អ្នក​ស្រី​កើត​ក្នុង​ឆ្នាំ​​១៩៤៣​គឺ​ក្នុង​កំឡុង​ពេល​ដែល​កម្ពុជា​មាន​ចលនា​បះបោរ​តស៊ូ​ដើម្បី​រំដោះ​ខ្លួន​ចេញពី​អាណានិគម​​បារាំង។ ​អ្នកស្រី​​ជា​កូន​ទី​៥​ក្នុង​ចំណោម​បង​ប្អូន​៩​នាក់ ​ដែល​មាន​ម្តាយ​ជា​មេផ្ទះ ​និង​ឪពុក​ជា​ជាងទង​ និង​លក់ដូរ​គ្រឿង​អលង្ការ។​​

កើត​ក្នុង​ទ្រនំ​គ្រួសារ​ធូរធារ​គឺ​ជា​ភ័ព្វ​ព្រេង​វាសនា​មួយ​ ក៏​ប៉ុន្តែ​វាមិន​មែនជា​សំណាង​ពេញ​មួយ​ជីវិត​នោះ​ទេ។​ អ្វីៗ​អាច​ប្រែប្រួល។ ​ក្លាយ​ពីកូន​អ្នក​លក់​គ្រឿង​អលង្កា​មក​ជា​មន្ត្រី​រាជការ ​ជា​ជន​ភៀស​ខ្លួន ​ជា​អ្នក​ស៊ី​ឈ្នួល​បេះ​ផ្លែស្រ្តប៊ែរី​ (strawberry) ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ការងារ ​ជា​បុគ្គលិក​អង្គការ​ អ្នកស្រី ​និង​រហូត​ក្លាយ​ជា​ប្រធានមជ្ឈមណ្ឌល​អភិវឌ្ឍ​សង្គម​គឺ​ជា​ខ្សែ​ជីវិតរបស់​អ្នកស្រី​ ជា វណ្ណាត។​ អ្នក​ស្រីបាន​រស់​នៅ​ និង​សម្រប​ខ្លួន​ទៅ​តាម​បរិបទ​សង្គម​ ជីវិតនៅ​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​តែ​រីក​ចម្រើន​ក្នុង​សម័យ​សង្គម​រាស្រ្តនិយម ​ជីវិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ​ជីវិត​នៅ​សហ​រដ្ឋ​អាមេរិក ​និង​ជីវិត​ដែលវិល​ត្រឡប់​មក​ធ្វើការ​នៅ​កម្ពុជា​វិញ។​

អ្នកស្រី​ជា វណ្ណាត​ បច្ចុប្បន្ន​នេះ​គឺជា​អ្នក​វិភាគ​ឯករាជ្យ​ បន្ទាប់ពី​អ្នកស្រី​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​សង្គម។​

ថ្មីៗ​នេះ​ អ្នកស្រី​បាន​សម្ពោធ​សៀវភៅ​ជីវ​ប្រវត្តិ​ផ្ទាល់​ខ្លួន​ ជាភាសា​ខ្មែរ​ និងជា​ភាសា​អង់គ្លេស ​មាន​ចំណង​ជើង​ថា «A Cambodian Survivor's Odyssey» និង​«ដំណើរជីវិត» ។ ​សៀវភៅនេះ​រៀប​រាប់​អំពី​ការ​តស៊ូ​របស់​ខ្លួន​ឆ្លង​កាត់របប​នយោបាយ​ចំនួន​៦​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​យល់​អំពី​ជីវិត​តស៊ូ​ដែល​សម្រប​ទៅនឹង​សង្គម​ដែល​តែងតែ​ប្រែប្រួល។​

សៀវភៅ​ A Cambodian ​Survivor’s ​Odyssey ​ឬ ជា​ភាសា​ខ្មែរ​ «ដំណើរ​ជីវិត» ​របស់​លោកស្រី ​ជា វណ្ណាត ​អ្នក​វិភាគ​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

«ជីវភាព​រស់​នៅ​ក្នុង​សម្បត្តិ​ស្តុក​ស្តម្ភ​សុខស្រួល​ បិទ​បាំង​ខ្ញុំ​មិន​ឲ្យ​ដឹង​យល់​អំពី​ការណ៍​ពិត​នៃ​ស្ថាន​ការណ៍​ស្រុក​ទេស​ក្នុង​ពេល​នោះ​ឡើយ»។​ នេះជា​អ្វី​ដែល​អ្នក​ស្រី​ជា វណ្ណាត​បាន​សរសេរ​ក្នុង​សៀវភៅ​នោះ។​

អ្នកស្រី​ជា វណ្ណាត​ ​វ័យ​៧៤​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់។ អ្នក​ស្រី​កើត​ក្នុង​ឆ្នាំ១៩៤៣​គឺ​ក្នុង​កំឡុង​ពេល​ដែល​កម្ពុជា​មាន​ចលនា​បះបោរ​តស៊ូ​ដើម្បី​រំដោះ​ខ្លួន​ចេញពី​អាណានិគមបារាំង។ ​អ្នកស្រីជា​កូន​ទី​៥​ក្នុង​ចំណោម​បង​ប្អូន​៩​នាក់ ​ដែល​មាន​ម្តាយ​ជា​មេផ្ទះ ​និង​ឪពុក​ជា​ជាងទង​ និង​លក់ដូរ​គ្រឿង​អលង្ការ។

តែ​ក្រោយ​មក​ ដោយ​សារ​តែ​ខេត្ត​ពោធិ៍សាត់​ពុំ​សូវ​មាន​សុវត្ថិ​ភាព​ដោយសារ​តែ​មាន​បណ្តុំក្រុម​ចលនា​តស៊ូ​ខ្មែរ​ឥស្សរៈ ​និង​ខ្មែរ​វៀតមិញ ​គ្រួសារ​អ្នក​ស្រី​ផ្លាស់ប្តូរ​មក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ដើម​ទសវត្ស​១៩៥០ ​ដោយ​ប្រកប​មុខ​របរ​ដដែល។​

ការ​ប្រឡូក​ក្នុង​ការងារ​លើក​ដំបូង​ និង​ជីវិត​គ្រួសារ៖​

លោកស្រី ជា វណ្ណាត អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា A Cambodian Survivor’s Odyssey ឬ ជា​ភាសា​ខ្មែរ​ថា «ដំណើរ​ជីវិត» ធ្វើ​បទ​បង្ហាញ​អំពី​សៀវ​ភៅ​ដែល​ជា​ស្នាដៃ​ថ្មី​របស់​លោកស្រី​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

អ្នក​ស្រី​វណ្ណាត​ធំ​ដឹង​ក្តី​ក្នុង​គ្រួសារ​អ្នក​ជំនួញ ​ប៉ុន្តែ​នៅអាយុ​២៣​ឆ្នាំ​ អ្នកស្រី​ចាប់​យក​ការងារ​ជា​មន្ត្រីរាជការ​នៅ​ឯ​អគ្គ​នាយក​ដ្ឋាន​រតនាគារ​ជាតិ។​ មុន​នឹង​ចូល​ធ្វើការ ​ អ្នក​ស្រី​ឆ្លង​កាត់​ការ​សិក្សា​ជំនាញ​ហិរញ្ញវត្ថុ​រយៈ​ពេល​២​ឆ្នាំ​ នៅ​ឯ​សាលា​ភូមិន្ទ​រដ្ឋបាល​ដែល​ជា​សាលា​បណ្តុះ​បណ្តាល​និស្សិត​សម្រាប់​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល។ ​អ្នក​ស្រី​ជា​នារី​តែ​ម្នាក់​គត់​ក្នុងថ្នាក់​រៀនដែល​មាន​និស្សិត​ផ្នែក​ហិរញ្ញ​វត្ថុ​ចំនួន​២០​នាក់។​

«ចូល​រៀន ​ខាង​ស្រី​ម្នាក់​ឯង​អញ្ចឹង​ គេ​ឲ្យ​អង្គុយ​តុ​មួយ​ អង្គុយ​ម្នាក់​ឯង​ តុ​វែង​ណា៎។ ​អង្គុយ​ម្នាក់​ឯង​ មិន​មាន​អ្នក​ណា​ហ៊ាន​មក​អង្គុយ​ជិត​អី​ទេ​ ព្រោះ​សម័យ​នោះ​ទំនាក់​ទំនង​ស្រ្តី ​និង​បុរសនៅ​មាន​ការ​អៀន​ខ្មាស»។​

នៅ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​នៅ​ឆ្នាំ​១៩៦៦​ ​ក្រុម​គ្រួសារ ​និង​ម្តាយ​ឪពុក​របស់​អ្នក​ស្រី​ជា វណ្ណាត​បាន​រៀប​ចំ​ឲ្យ​អ្នកស្រី​បាន​រៀប​អាពាហ៍​ពិពាហ៍ជាមួយ​នឹង​លោក​គី ប៊ុនយៀប។ ​ប្តី​របស់​អ្នកស្រី​ជា​ពេទ្យ​ទាហាន​ ដែល​ក្រោយ​មក​មាន​ឋានន្តរ​សក្តិ​ជា​វរសេនីយ៍​ត្រី​ក្នុង​កង​ទ័ព​សាធារណ​រដ្ឋ​ខ្មែរ។ ​អ្នក​ស្រី​មាន​កូន​ប្រុស​តែ​ម្នាក់​គត់​គឺលោក​គី វណ្ណឫទ្ធិ ​អាយុ​៤៩​ឆ្នាំ ​ដែល​បច្ចុប្បន្ន​រស់​នៅ​សហ​រដ្ឋ​អាមេរិក។​

ក្នុង​និង​ក្រោយ​របប​ប្រល័យ​ពូជសាសន៍៖​

ក្នុង​សៀវភៅ«ដំណើរជីវិត»​ អ្នក​ស្រី​ប្រើ​សិល្ប៍​សាស្រ្ត​ទាក់ទាញ​អ្នក​អាន​ដោយ​រៀប​រាប់​រឿង​ជីវិត​ពិត តែ​ផ្សារ​ភ្ជាប់​នឹង​សុបិនដ៏​រន្ធត់​មួយ​របស់​អ្នក​ស្រី​ក្នុង​ឆ្នាំ​១៩៧៥ ​ មិនយូរ​ប៉ុន្មាន​មុន​ពេលខ្មែរ​ក្រហម​ឡើង​កាន់​អំណាច។​

អ្នក​ចូលរួម​ម្នាក់​កំពុង​អាន​សៀវភៅ​ A Cambodian ​Survivor’s ​Odyssey ​ឬ ជា​ភាសា​ខ្មែរ​ ថា «ដំណើរ​ជីវិត» ​របស់​លោកស្រី ​ជា វណ្ណាត អ្នក​វិភាគ​ឯករាជ្យ​នៅ​ក្នុង​ថ្ងៃ​ដាក់​សម្ពោធ​សៀវភៅ​នេះ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/ VOA)

ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​អ្នក​ស្រី​ត្រូវ​បាន​ជម្លៀស​ពី​ភ្នំពេញ​ទៅ​ស្រុក​កោះធំ ​ហើយ​អ្នកស្រី​ត្រូវ​បាន​កម្មាភិបាល​ខ្មែរក្រហម​ប្រើ​ឲ្យ​ធ្វើការ​ជា​ដំណំ​ដូច​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដទៃ​ទៀត​ក្នុង​សម័យ​នោះ​ដែរ។​ នៅ​ពេល​នោះ ​អ្នក​ស្រី​ធ្វើស្រែ ​បេះ​ស្លឹក​ថ្នាំជក់ ​និង​ធ្វើ​ការងារ​ផ្សេងៗ​ទៀត។​

ក្រោយ​ពី​របប​នេះដួល​រលំ​ ​ អ្នក​ស្រី​វិល​ត្រឡប់មក​ភ្នំពេញ​វិញ។​ តែ​ក្រោយ​មក​ ​អ្នកស្រី​ក៏​សម្រេច​ចិត្ត​ចាក​ចេញពី​ភ្នំពេញ​វិញ​ ដោយ​សារ​ពុំ​មាន​សុវត្ថិ​ភាព។ ​អ្នក​ស្រី​ធ្វើដំណើរ​ទៅ​ជំរំ​ជន​ភៀស​ខ្លួ​ននៅ​ឯ​ព្រំដែន​ខ្មែរ-ថៃ។ ​វា​គឺជា​ដំណើរ​ផ្សង​ពេ្រងដែល​ពិបាក​បំផុត។ ​តាម​ផ្លូវ ​អ្នកស្រី​ ស្វាមី ​និង​កូន​ត្រូវ​រត់​ ត្រូវ​ជិះកង់​ ជិះម៉ូតូ ​និង​ជិះឡាន​ផង​ កាត់ព្រៃ ​និង​គេច​គ្រាប់​កាំភ្លើង​ គ្រាប់​ផ្លោង​របស់​កងទ័ព​ខ្មែរ​ក្រហម​ និង​កងទ័ព​វៀតណាម។​

ទីបំផុត​ អ្នក​ស្រី​បាន​សិទ្ធិ​ស្នាក់នៅ​ជំរំ​ជន​ភៀសខ្លួន​នៅ​ឯ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា ​និង​ថៃ​គឺ​ជំរំ​ខាវអ៊ីដាង ​ជំរំ​ឆុនបូរី ​និង​ជំរំ​លំភីនី។ ​មុន​នឹង​ទៅ​ដល់​សហ​រដ្ឋ​អាមេរិក​ អ្នក​ស្រី​ត្រូវ​បន្ត​ស្នាក់​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ារ៉ុង ​បាតាអាន​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​មួយ​រយៈ។​ នៅទីនោះ​គឺ​ជា​លើក​ទី១ ​ដែល​អ្នក​ស្រី​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ថ្លែង​ទៅ​កាន់​មនុស្ស​ជាច្រើន​ក្នុង​អង្គ​ប្រជុំ​ដែល​មិន​ចុះ​សម្រុង​គ្នា​លើ​អំពើ​ពុករលួយ​ក្នុង​ការ​ចែក​ស្បៀង​ក្នុង​ជំរំ​ ហើយ​ជា​ពេល​ដែល​អ្នក​ស្រី​ចាប់​ផ្តើម​ការងារ​ជា​អ្នក​ស្ម័គ្រចិត្ត ​ជា​បន្ត​បន្ទាប់។​

ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​ដាក់​សម្ពោធ​សៀវភៅ​ A Cambodian ​Survivor’s ​Odyssey ​ឬ ជា​ភាសា​ខ្មែរ​ «ដំណើរ​ជីវិត» ​របស់​លោកស្រី ​ជា វណ្ណាត ​អ្នក​វិភាគ​ឯករាជ្យ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

ទីបំផុត​ អ្នកស្រី​បាន​ទៅ​ដល់សហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨១ ​រស់​ក្នុង​រដ្ឋ​Oregon។ ​ដោយ​មិន​ចេះ​ចង់​សម្រាក​ក្នុង​ជីវិត​ អ្នក​ស្រីធ្វើ​ការ​បណ្តើរ ​និង​បន្ត​ការ​សិក្សា​បណ្តើរ​ រហូត​បាន​ចប់​បរិញ្ញា​បត្រ​ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល​សាធាណៈ​ពី​សាកល​វិទ្យាល័យ​រដ្ឋ ​Portland។​

ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៩២​ នៅ​សហ​រដ្ឋ​អាមេរិក​ ​អ្នកស្រី​ធ្វើការ​ជា​បុគ្គលិក​អង្គការ​ និង​ចុង​ក្រោយ​ជាអ្នក​ជំនាញ​កម្ម​វិធី​ជន​ភៀសខ្លួន​ប្រចាំ​រដ្ឋ Oregon​នៅ​នាយកដ្ឋាន​ធនធាន​មនុស្ស។​

ការ​វិល​ត្រឡប់​មក​មាតុភូមិ ​និង​រួម​ចំណែក​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍ​កម្ពុជា៖​

អ្នកស្រី​ជា វណ្ណាត​ ដែល​មាន​សក់​ខ្លី​ប្រះស្មា ​និង​មាន​លាយ​ស្កូវ​ខ្លះៗ​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ផ្ទះ​ដីឡូតិ៍​មួយ​ដែល​ស្ថិត​នៅ​ក្បែរសារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង។ ​ក្នុង​ទីធ្លា​របស់​ផ្ទះ​អ្នកស្រី​មាន​ដាំ​ផ្កា​តាម​របង ​និង​តាម​ទីធ្លា​ខាងមុខ។​

អ្នកស្រី​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩២ ​ដោយរួម​ដំណើរជា​មួយក្រុមស្ម័គ្រ​ចិត្ត​ខ្មែរអាមេរិកាំង​ដទៃ​ទៀត ​រួមមានអ្នកស្រី​ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ​ផង​ដែរ។ ​អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ​អ្នកស្រី​សម្រេច​ចិត្ត​វិល​មក​វិញ​គឺ​ដោយសារ​តែ​អ្នក​ស្រីចង់​ជួយ​ចូលរួម​ចំណែក​ស្តារ​មាតុភូមិ​កម្ពុជា​ឡើង​វិញ​ បន្ទាប់ពីប្រទេសនេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សង្គ្រាម។​

ក្នុង​ឆ្នាំ​១៩៩៦ ​អ្នកស្រី​ចូល​ធ្វើ​ការជា​អនុ​ប្រធាន​នៃ​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​សង្គម។​ មួយ​ឆ្នាំ​ក្រោយ​មក​ ​អ្នក​ស្រី​ទទួល​តំណែង​ជា​ប្រធាន​ បន្ទាប់ពី​ការ​លាឈប់​របស់​លោក​ប៉ុក ថន។

បង្កើត​ក្នុង​ឆ្នាំ​១៩៩៥ ​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​សង្គម​គឺជា​អង្គការ​មួយ​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ ​និង​ជំរុញ​ឲ្យ​មាន​អភិបាល​កិច្ច​ល្អ​ តាម​រយៈ​ការ​កសាង​ស្ថាប័ន​ និង​អនុលោម​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ។​ ក្នុង​តំណែង​ជា​ប្រធាន ​អ្នកស្រី​បាន​ផ្តួច​ផ្តើម​បង្កើត​វេទិកា​ជជែក​ដេញ​ដោល​ដំបូង​បង្អស់​ ជា​សាធារណៈ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​សង្គម​នានា ​ក៏ដូច​ជា​ការ​ស្ទង់​មតិ​ថ្នាក់ជាតិ​លើក​ដំបូងទៅ​លើ​ករណី​អំពើ​ពុករលួយ​ និង​កម្មវិធី​សិក្សា​ថ្នាក់ជាតិ​ទៅ​លើ​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​នៃ​អភិបាល​កិច្ច។​

មុន​នឹង​ចូល​និវត្តន៍ អ្នកស្រី​បាន​ទទួល​ការ​តែងតាំងជា​បេក្ខនារីក្នុង​ចំណោម​បេក្ខជន១០០០​នាក់​សម្រាប់ទទួល​ពាន​រង្វាន់ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​ ២០០៥។​

ពេលចូល​និវត្តន៍​ និង​ការ​ធ្វើ​វិប្បស្សនា៖​

បន្ទាប់​ពី​បាន​កាន់តំណែង​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ អ្នកស្រី​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០៦ ហើយ​អ្នកស្រី​ធ្វើការងារ​ស្ម័គ្រចិត្ត​ជា​ទីប្រឹក្សា​ និង​ជាអ្នក​វិភាគ​បញ្ហា​សង្គម។ ​មិនតែ​ប៉ុណ្ណោះ ​អ្នក​ស្រី​បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ​ដើម្បី​សរសេរ ​និង​ចងក្រង​សៀវភៅ​ជីវ​ប្រវត្តិ​ផ្ទាល់​ខ្លួន ​ក្នុង​គោល​បំណង​ដាស់តឿន​អ្នក​អាន​ដែល​ជា​យុវវ័យ​ជំនាន់​ថ្មី​ឲ្យ​ធ្វើ​អ្វី​គិត​អំពី​ប្រយោជន៍​សង្គម ​និង​មនុស្ស​ជាតិ។​

«ដោយសារ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ឆ្លង​កាត់​៦​របប​នយោបាយ​ អ្វី​ដែល​ខ្ញុំ​និយាយ​ក្នុង​សៀវភៅ​ហ្នឹ​ង​គឺ​ថា ​អ្វី​ដែល​ជា​កុសល ​អំពើ​ល្អ​ អំពើ​ល្អ​ចំពោះ​ខ្លួន​ឯង​ផង​ ចំពោះ​សង្គម​ផង ​ចំពោះ​មនុស្ស​ជាតិ​ជាទូទៅ​ផង​ ក្នុង​ការ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។ ​ជា​មនុស្ស​មាន​ការ​តស៊ូ​ ហើយ​ធំបំផុត​គឺ​មាន​ការ​ជឿជាក់​មក​លើ​ខ្លួន​ឯង»។​

អ្នក​ស្រីជា វណ្ណាតអង្គុយនៅ​បង់មុខ​ផ្ទះ​ ពាក់អាវ​ពណ៌​ខ្មៅ ​លាយ​ផ្កាពណ៌​លឿង​រង្វើលៗ ​និង​មាន​បង់​កកន្សែង​ពណ៌​លឿង​ផង​ដែរ។ ​អ្នកស្រី​បាន​រំឭកអំពី​គុណ​របស់​ម្តាយ​ឪពុក​របស់​អ្នក​ស្រី។ ​អ្នក​ស្រី​ឲ្យដឹង​ថា ​វា​ជា​ភ័ព្វ​សំណាង​មួយ​ដែល​អ្នកស្រី​កើត​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​តែង​តែ​លើក​ទឹក​ចិត្ត ​និង​ឲ្យ​តម្លៃ​ស្មើ​គ្នា​រវាង​កូន​ស្រី ​និង​កូន​ប្រុស។​

«លោក​ឪពុក​នៅ​ជំនាន់​ហ្នឹង​ហាក់​ដូចជា​មាន​គំនិត​ជឿន​លឿន​ច្រើន​ ត្រង់​មិន​ចាត់​ទុក​ថា​ កូនស្រី​ហ្នឹង​អន់​ជាង​កូន​ប្រុស​ ភេទស្រី​ទន់​ខ្សោយ​ជាង​ភេទ​ប្រុស​អី។​ លោក​អត់​បាន​ដាក់​ទម្ងន់​មក​លើ​កូន​ស្រីៗ​អី​ គឺ​អត់​ទេ។​ ផ្ទុយ​ទៅវិញ​លោក​យល់ឃើញ​ថា ​ឲ្យ​កូន​ស្រី​ចេះ​រស់ ​ដោយ​មិន​ឲ្យ​មាន​ប្តី​ ​ចេះ​តែ​ពឹង​ប្តី ​ធ្វើអី​មិន​កើត។​ លោក​អត់​អប់រំ​អញ្ចឹង​ទេ​ គឺ​ថា ​កូន​ស្រី​ហ្នឹងមាន​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ឯង​ ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង»។​

ក្រៅ​ពី​ការ​សរសេរ​សៀវភៅ ​អ្នក​ស្រី​ចំណាយ​ពេល​មួយ​ចំនួន​អនុវត្ត​នូវ​សមាធិ​ និង​វិប្បស្សនា។ ​អ្នកស្រី​តែងតែ​ចងចាំ​អនុស្សាវរីយ៍ ​និង​ទំនាក់​ទំនង​ស្និទ្ធស្នាលជាមួយ​ជីដូន ​ពិសេស​គឺ​ពេល​ដែល​អង្គុយ​សូត្រ​ធម៌​ជាមួយ​អ្នកស្រី​កាលពី​នៅ​អាយុ​៤​ ឬ៥​ឆ្នាំ។​ ​អ្នកស្រី​ ចង់​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ធ្វើ​វិប្បស្សនា​ទៅ​កាន់​យុវជន។​

«កាលណា​យើង​រៀន​វិប្បស្សនា ​យើង​ប្តូរ​របៀប​មើល ​ប្តូរ​របៀប​គិត។​ មនុស្ស​យើង​ម្នាក់ៗ​ចេះតែ​ប្រតិកម្ម​លើអ្វី​ជុំវិញ​ខ្លួន​យើង។ ​ប្រតិកម្ម​ហ្នឹង​ហើយ​វា​កើត​ជា​ផ្នត់ ​ផ្នត់​យើង។ ​វា​ជួយ​ឲ្យ​យើង​មាន​លំនឹង​ផ្លូវ​ចិត្ត​ និង​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ។​ តែ​កាលណា​ចិត្ត​យើង​បរិសុទ្ធ​ហើយ ​ខ្លួន​យើង​ស្ងប់​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ​អនុញ្ញាត​ឲ្យ​យើង​មើល​បញ្ហា​ជុំវិញ​ខ្លួន​យើង​ដោយ​ពិត​ប្រាកដ ​ដោយ​ជាក់​ស្តែង ​មិន​មែន​ដោយសារ​តែ​យើង​ជា​អ្នក​ចង់​ឃើញ​អញ្ចេះ​ ចង់​ឃើញ​អញ្ចោះ​ ចង់​បាន​អញ្ចេះ ​ចង់​បាន​អញ្ចោះ​នោះ​ទេ គឺ​យើង​ចេះ​ដឹង»។​

សៀវភៅ​«ដំណើរជិវិត»​របស់​អ្នកស្រី​ជា វណ្ណាត​ត្រូវ​បាន​បោះពុម្ព​ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​ វេទិកា​សេវា​សន្តិភាព​ស៊ីវិល​ Forum Civil Peace Service (forumZFD)​ នៃ​ប្រទេស​អាល្លឺម៉ង់​ក្នុង​គោល​បំណង​ចែក​ចាយ​ទៅ​ដល់​សាធារណជន​ជា​អ្នកអាន​ ហើយ​អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ពុំទទួល​បាន​ចំណូល​ពី​សៀវភៅ​នោះ​ទេ ទោះជា​មាន​ដាក់​លក់តម្លៃ​៤​ដុល្លារតាម​បណ្ណាគារ​ ក្នុង​ស្រុក​មួយ​ចំនួន​ក៏ដោយ៕