បន្ទាប់ពីធ្វើជាប្រធានសហជីពកម្មករអស់រយៈពេលជាង៦ឆ្នាំ លោកជា មុន្នី បានប្រកាសថា លោកអត់ឈរឈ្មោះជាមេដឹកនាំសហជីពអណត្តិក្រោយទៀតទេ ដោយសារហេតុផលសុខភាព។ ក៏ប៉ុន្តែក្រុមកម្មករចង់ឱ្យលោកជា មុន្នី បន្តជាមេដឹកនាំកម្មករតទៅទៀតប្រយោជន៍ ដើម្បីការពារផលប្រយោជន៍ដល់ក្រុមកម្មករ។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
លោកជា មុន្នី មេដឹកនាំសហជីពសេរីកម្មករ ដែលបានបន្តវេនពីលោក ជា វិជ្ជា បងប្រុសបង្កើតរបស់លោកដែលត្រូវឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤នោះ នៅថ្ងៃច័ន្ទនេះ បានប្រកាសជាសាធារណៈថា លោកនឹងមិនឈរឈ្មោះជាប្រធានសហជីពសេរីកម្មករតទៅទៀតទេ ដោយសារហេតុផលសុខភាព។
ការប្រកាសមិនឈរឈ្មោះជាប្រធានសហជីពសេរីកម្មករក្នុងអណ្ណត្តិក្រោយនេះ បានបង្កឲ្យក្រុម កម្មករមួយចំនួនមានការភ្ញាក់ផ្អើល និងទទូចដល់លោកជា មុន្នី ឲ្យឈរឈ្មោះជាមេដឹកនាំសហជីពតទៅទៀត ដើម្បីការពារផលប្រយោជន៍ដល់ក្រុមកម្មករ។
លោកជា មុន្នីបានថ្លែងបា្រប់ VOA សំឡេងសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទពីស្រុកស្អាង ខេត្តកណ្តាលមកថា លោកបានដឹកនាំសហជីពសេរីកម្មករនេះអស់រយៈពេល៦ឆ្នាំមកហើយ។ ហើយការដឹកនាំរបស់លោកមិនមានការរីកចម្រើនទេ បើធ្វើការប្រៀបធៀបជាមួយនឹងបងប្រុសរបស់លោក គឺលោក ជា វិជ្ជា ដែលបញ្ហានេះបានជំរុញឲ្យលោកមិនមានបំណងឈរឈ្មោះជាប្រធានសហជីពនៅអណត្តិក្រោយតទៅទៀតទេ។
លោក ជា មុន្នី បានបញ្ជាក់ទៀតថា ហេតុផលចម្បងដែលនាំឲ្យលោកសម្រេចចិត្តមិនឈរឈ្មោះនេះ គឺដោយសារតែការដឹកនាំមិនមានការរីកចម្រើន និងមូលហេតុមូយទៀត ដោយសារតែលោកមានជំងឺសួតដ៏រ៉ាំរ៉ៃ តាំងពីឆ្នាំ២០០៦មកម៉្លេះ។
"ខ្ញុំមិនអាចឈរយូរទេ។ កាលណាឈរយូរទៅមិនមានការរីកចម្រើន ហើយបើយើងឲ្យគេឈរម្តងមានន័យថា អ្នកថ្មីមានបទពិសោធន៍ មានគំនិតថ្មី។ អញ្ចឹងកិច្ចការអាចថ្មី អាចមានការរីកចម្រើន។ អញ្ចឹងទិសដៅរបស់ខ្ញុំ ខ្ញុំចង់ឲ្យមានការរីកចម្រើនផ្នែកសហជីពរបស់ខ្ញុំ"។
សហជីពសេរីកម្មកររបស់ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៧ ខែមិថុនា ខាង មុខនេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មី។ បើតាមការឲ្យដឹងពីមន្រ្តីសហជីពសេរីកម្មករ បានឲ្យដឹងថា ទំនងជាលោក រ៉ុង ឈុន ដែលបច្ចុប្បន្នជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ប្រធានក្រុមឃ្លាំមើលកម្ពុជា និងជាទីប្រឹក្សារបស់សហជីពសេរីកម្មករនោះ គ្រោងនឹងឈរឈ្មោះជំនួសលោក ជា មុន្នី។
លោករ៉ុង ឈុនបានមានប្រសាសន៍ថា លោកនៅតែគាំទ្រលោក ជា មុន្នីឲ្យបន្តឈរឈ្មោះជា ប្រធានសហជីពតទៅទៀត។
លោករ៉ុង ឈុន បានមានប្រសាសន៍ទៀតថា បើលោក ជា មុន្នី លាឈប់ជាប្រធានសហជីពសេរីកម្មករនោះ លោកនឹងបាត់បង់ដៃគូការងារដ៏សំខាន់មួយរូប។
"ខ្ញុំអត់មានថា បំណងទៅឈរដឹកនាំសហជីពនោះទេ។ ប៉ុន្តែបើសិនជាគ្មានជម្រើស យើងក៏មិនអាចទុកសហជីពចោលបានដែរ ពីព្រោះសហជីពដើរតួនាទីសំខាន់ក្នុងការការពារ លើកស្ទួយលក្ខខណ្ឌការងារដល់កម្មករ កម្មការិនី"។
សហជីពសេរីកម្មកររបស់ប្រទេសកម្ពុជាបានបង្កើតឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៦ បច្ចុប្បន្ន នេះសហជីពនេះបានគ្រប់គ្រងរោងចក្រចំនួន១១៩រោងចក្រដែលមានសមាជិកកម្មករចំនួន៨៦០០០នាក់។ សហជីពសេរីកម្មករបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិកម្មករ នៅពេលដែលមានការរំលោភសិទ្ធិពីថៅកែរោងចក្រ។
កញ្ញា ឃុត ដាវឿន អាយុ៣០ឆ្នាំ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ដែលមានឈ្មោះថា ចិន ណាន់ បានបញ្ជាក់ថា កញ្ញាពុំចង់ឲ្យលោក ជា មុន្នី លាឈប់ពីការងារទេ។
កញ្ញាបានលើកឡើងទៀតថា នៅពេលដែលលោក ជា មុន្នី បានដឹកនាំជាសហជីពសេរីកម្មករនោះ បានធ្វើឲ្យក្រុមកម្មករហ៊ានប្រឆាំងនឹងការជិះជាន់របស់ក្រុមថៅកែរោងចក្រ។
"គាត់គឺជាមនុស្សដែលមានសមត្ថភាព ហើយមានឆន្ទៈខ្ពស់ទៀត។ អញ្ចឹងខ្ញុំចង់ឲ្យគាត់នៅដើរតួ នាទីនឹងរហូត អត់ចង់ឲ្យគាត់ចេញ ព្រោះអីពេលដែលគាត់ចេញ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអត់សប្បាយចិត្ត អត់មានដូចថា ជំនឿចិត្តនឹងធ្វើការតទៅទៀតទេ"។
ចាប់តាំងពីសហជីពសេរីកម្មកររបស់ប្រទេសកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦មក យ៉ាងតិច មានមេដឹកនាំសហជីពសំខាន់ៗចំនួន៣រូប ដែលត្រូវបានឃាតករបាញ់សម្លាប់ ដែលរួមមានលោកជា វិជ្ជា លោករស់ សុវណ្ណរ៉េត និងលោកហ៊ី វុទ្ធី ហើយឃាតកម្មទាំង៣លើកនេះ ឃាតករពិតប្រាកដពុំទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។