អាជ្ញាធរក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃអាទិត្យ បានចុះរុះរើកន្លែងពិព័រណ៍រូបថតសហគមន៍ក្រីក្រក្នុងទីក្រុងស្ដីពីផ្ទះនិងជីវិត ដែលរៀបចំដោយអង្គការសមាគមធាងត្នោត។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការសមាគមធាងត្នោត។
អង្គការសមាគមធាងត្នោតបញ្ជាក់ក្នុងសារដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ថា៖ «អង្គការសមាគមធាងត្នោត សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមការបញ្ជាក់របស់ម្ចាស់ទីតាំង អាជ្ញាធរមូលដ្ឋានបានតម្រូវឱ្យបញ្ឈប់ការដាក់តាំង និងរុះរើរូបដែលបានដាក់បង្ហាញក្នុងពិព័រណ៍នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ដូច្នេះសម្រាប់សាធារណជនដែលចង់ទៅទស្សនាផ្ទាល់នៅភោជនីយដ្ឋានសួនចំប៉ី នូវពិព័រណ៍រូបថតស្តីពីផ្ទះនិងជីវិត សូមផ្អាកទៅទស្សនាសិន រហូតដល់មានការជូនដំណឹងថ្មីនៅពេលក្រោយ»។
បើតាមរូបថតដែលត្រូវបានបង្ហោះភ្ជាប់ជាមួយសាររបស់អង្គការសមាគមធាងត្នោត គេឃើញអាជ្ញាធរកំពុងរើរូបថតដែលដាក់តាំងបង្ហាញនៅភោជនីយដ្ឋានចំប៉ី ក្នុងសង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិព័រណ៍រូបថតស្តីពីផ្ទះនិងជីវិត មានចំនួន ៦០ ផ្ទាំង គ្រោងដាក់តាំងចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។ រូបថតទាំងនោះបង្ហាញអំពីសហគមន៍ក្រីក្ររស់នៅក្នុងទីក្រុងដែលទទួលរងផលប៉ះពាល់ពីការអភិវឌ្ឍនានា ការលុបបឹងនៅក្នុងទីក្រុង ការតាំងទីលំនៅរបស់ពលរដ្ឋចំកន្លែងដែលខ្វះសេវាមូលដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តាញចេញ និងបច្ចុប្បន្នភាពនៃបឹងក្នុងទីក្រុង រួមទាំងផលប៉ះពាល់បរិស្ថានផ្សេងៗទៀត។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សមាគមធាងត្នោតមិនបានដឹងពីមូលហេតុច្បាស់លាស់នៅពីក្រោយការរុះរើកន្លែងដាក់តាំងពិព័រណ៍រូបថតនេះទេ ប៉ុន្តែលោកថា ខាងសមាគមធាងត្នោតបានព្យាយាមសួរនាំទៅម្ចាស់ទីតាំងភោជនីយដ្ឋានសួនចំប៉ី ដោយខាងម្ចាស់ភោជនីយដ្ឋានបញ្ជាក់ថា ពួកគេធ្វើតាមការបញ្ជារបស់អាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «បើតាមព័ត៌មានពីខាងម្ចាស់ទីតាំងហ្នឹង ក្នុងពេលជាមួយគ្នាក៏ខាងខណ្ឌគេមកដែរ គឺគេនៅមុខហាងហើយគេដាក់សម្ពាធថា បើសិនបើជាមិនរុះរើទេ គេនឹងបិទទីតាំងហ្នឹង។ អ៊ីចឹងក្នុងនាមគាត់ជាឯកជន ជាអ្នករកស៊ីគឺគាត់មានការព្រួយបារម្ភចំពោះបញ្ហាហ្នឹង បានគាត់ស្នើសុំអធ្យាស្រ័យពីយើងនៅក្នុងការបិទ ឬបញ្ឈប់សកម្មភាពហ្នឹង»។
បើតាម លោក ស៊ាង មួយឡៃ ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងនាំយកនូវផ្ទាំងទស្សនីយភាពរបស់សហគមន៍ក្នុងទីក្រុងដែលបានរងគ្រោះពីការអភិវឌ្ឍ អសុវត្ថិភាពដីធ្លី ការតាំងទីលំនៅថ្មីដែលខ្វះការរៀបចំសេវា និងហេដ្ឋារចនាសម្ព័ន្ធជាមុន និងការបណ្តេញចេញដោយបង្ខំ មកបង្ហាញដល់សាធារណជន និងអ្នកពាក់ព័ន្ធឱ្យបានដឹង ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងលើកកម្ពស់សិទ្ធិមានលំនៅឋានសមរម្យ។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងរបស់អង្គការសមាគមធាងត្នោតរូបនេះ ក៏បានបង្ហាញការសោកស្តាយក្រោយអាជ្ញាធរបញ្ជាឱ្យរុះរើកន្លែងពិព័រណ៍រូបថតពីសហគមន៍ក្រីក្រក្នុងទីក្រុងចេញ។ លោកថា សកម្មភាពទាំងអស់នេះមិនមែនជាដំណោះស្រាយសម្រាប់សហគមន៍ក្រីក្រក្នុងទីក្រុងឡើយ តែវាជាសកម្មភាពនៃការគេចវេសរបស់អាជ្ញាធរដែលមិនមានចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងសហគមន៍ក្រីក្រ។
លោក ស៊ាង មួយឡៃ ក៏បានអំពាវនាវដល់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបញ្ឈប់ការរិតត្បិតសិទ្ធិសេរីភាព និងសេរីភាពនៃការបញ្ចេញមតិទៅលើក្រុមអង្គការសង្គមស៊ីវិល ដោយព្យាយាមធ្វើការ និងស្វែងយល់ពីគ្នា ដើម្បីបម្រើជាប្រយោជន៍សម្រាប់សង្គមប្រទេសជាតិទាំងមូល។
លោកថ្លែងថា៖ «ខ្ញុំសុំអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋាភិបាល ឬក្រសួងមហាផ្ទៃដែលជាសេនាធិការនៅក្នុងកិច្ចការនេះ មេត្តាបើកលំហសេរីភាព ប្រជាធិបតេយ្យ ក៏ដូចជាសេរីភាពនៅក្នុងការបញ្ចេញមតិ សេរីភាពនៅក្នុងការជួបជុំ ក៏ដូចជាសេរីភាពនៅក្នុងការដាក់បង្ហាញ ដាក់តាំងរូបភាពផ្សេងៗទៅដល់សាធារណជនឱ្យបានទូលំទូលាយ ឱ្យបានប្រសើរជាងពេលកន្លងៗមក»។
វីអូអេបានទាក់ទងទៅភោជនីយដ្ឋានសួនចំប៉ី ដោយបុគ្គលិកដែលទទួលទូរស័ព្ទប្រាប់វីអូអេក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អាជ្ញាធរបានហៅភាគីខាងភោជនីយដ្ឋានឱ្យទៅធ្វើកិច្ចសន្យា និងបញ្ឈប់ការជួលទីតាំងឱ្យសមាគមធាងត្នោតសម្រាប់ដាក់តាំងពិព័រណ៍រូបថត។ បុគ្គលិកភោជនីយដ្ឋានរូបនេះបន្ថែមថា ខ្លួនមិនបានដឹងពីបញ្ហាផ្ទៃក្នុងរវាងសមាគមធាងត្នោត និងអាជ្ញាធរឡើយ។
នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់និរោធ លោក ហោ ស៊ីលីហូវ បានចុចផ្តាច់ទូរស័ព្ទភ្លាមៗក្នុងពេលដែលវីអូអេបានព្យាយាមសួរសំណួរពីការរុះរើរូបថតពិព័រណ៌របស់សមាគមធាងត្នោត។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានផងដែរ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃចន្ទនេះថា ការរុះរើរូបថតទាំងនោះ គឺដោយសារចំថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលជាព្រឹត្តការណ៍នយោបាយដ៏ធំមួយក្នុងប្រទេស។ លោកបន្ថែមថា សកម្មភាពទាំងនេះមិនមែនជាការរិតត្បិតសិទ្ធិសេរីភាពនោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់ការពារសុវត្ថិភាពពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់នីមួយៗ ដែលត្រូវគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អប្រសើរជៀសវាងសកម្មភាពអវិជ្ជមានណាមួយកើតមានឡើង។
លោកថ្លែងថា៖ «ពាក្យថាសមត្ថកិច្ច ឬអាជ្ញាធរនេះគឺថាមានតួនាទីភារកិច្ចនៅក្នុងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដូច្នេះកាលណាគាត់មើលឃើញ ហើយវិភាគឃើញថាអំពើ ឬសកម្មភាពណាមួយអាចនឹងជាតម្រុយ ឬក៏ជាមូលដ្ឋានដែលអាចនឹងឈានទៅដល់ការមានបញ្ហាអវិជ្ជមានណាមួយកើតឡើងនោះ គាត់នឹងចូលទៅអន្តរាគមន៍លើសកម្មភាពទាំងអស់នោះ តាមផ្លូវច្បាប់ តាមផ្លូវទម្លាប់ហើយ»។
លោកបន្ថែមថា លោកគាំទ្រចំពោះការដាក់លិខិតស្នើសុំរបស់សមាគមធាងត្នោតមកកាន់ក្រសួងមហាផ្ទៃដើម្បីជួប និងជជែកមុនការរៀបចំសកម្មភាពផ្សេងៗ ជៀសវាងការយល់ខុសគ្នាដែលអាចបង្កឱ្យមានសកម្មភាពមិនល្អណាមួយកើតឡើង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ករណីដែលអាជ្ញាធរបញ្ជាឱ្យរុះរើទីតាំងពិព័រណ៌រូបថតរបស់សមាគមធាងត្នោត ជាការរំលោភបំពានសិទ្ធិឯកជនភាព និងការជួបជុំដោយសន្តិវិធី។ លោកបន្តថា ការដាក់តំាងរូបភាពនេះគឺក្នុងគោលបំណងបង្ហាញនូវរូបភាពជាសមិទ្ធផលដែលសមាគមធាងត្នោតបានរកឃើញតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ពីព្រោះការតាំងរូបភាពនេះគឺក្នុងបំណងបង្ហាញនូវសមិទ្ធផលនូវអ្វីដែលគេបានរកឃើញ ហើយវានៅក្នុងទីតាំងឯកជនទៅទៀត ដែលវាមិនមែនជាទីតាំងនៅសាធារណៈដែលត្រូវសុំជូនដំណឹងទៅអាជ្ញាធរអីទេ។ នេះគឺទីតាំងឯកជនគេយល់ព្រមនៅក្នុងការផ្តល់កន្លែងឱ្យសមាគមធាងត្នោតក្នុងការតាំងពិព័រណ៌រូបភាព ហើយរូបភាពទាំងអស់នេះ វាជារូបភាពមិនមែនជាការប្រឌិតទេ ដែលជារឿងនៃសកម្មភាពរបស់សមាគមធាងត្នោតដែលត្រូវធ្វើ អ៊ីចឹងខ្ញុំមើលទៅវាហាក់ដូចជារឿងរំលោភសិទ្ធិរបស់សមាគមធាងត្នោត និងភោជនីយដ្ឋានរបស់គេ»។
បើតាម លោក ស៊ាង មួយឡៃ រូបថតទាំង ៦០ ផ្ទាំងដែលត្រូវបានរុះរើទាំងនោះ ស្ថិតនៅភោជនីយដ្ឋានចំប៉ីនៅឡើយ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីពេលវេលា និងទីតាំងនៃការដាក់តាំងពិព័រណ៌ឡើងវិញបាននៅឡើយទេ៕