ចោទ​ប្រកាន់​អតីត​ប្រធាន​សន្តិសុខ​ជាតិ​ចិន​​ពី​បទ​ពុក​រលួយ

រូបភាព​ឯកសារ៖ លោក Zhou Yongkang អតីត​សមាជិក​បក្ស​កុម្មុយនិស្ត​ទទួល​ខុស​ត្រូវ​សន្តិសុខ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ក្រុមអាជ្ញា​ធរ​ចិន​បាន​បញ្ជូន​រឿង​ក្តី​ពុក​រលួយ​ប្រឆាំង​នឹង​លោក Zhou Yonkang ​អតីត​ប្រធាន​សន្តិសុខ​ជាតិទៅ​កាន់​រដ្ឋ​អាជ្ញា ​ដែល​ជា​ចំណាត់ការ​ថ្មី​ៗបំផុតនៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំ​ពើ​ពុក​រលួយ​របស់​ប្រធានា​ធិបតី ស៊ី ​ជីង​ពីង (Xi Jinping)។

​ក្រុម​ឃ្លាំ​មើល​ការប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង គឺ​គណៈកម្មការ​មជ្ឈឹម​សម្រាប់អធិការកិច្ច​ពិន័យ បាន​ប្រកាស​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ថា ​រឿង​ក្តី​របស់​លោក Zhou ​រួម​ជាមួយ​រឿង​ក្តី​របស់​មន្រ្តី​ផ្សេង​ៗ​ទៀត ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​កាត់​ទោស។

រហូត​មក​ទល់​ពេល​នេះ លោកZhou​ ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត ដែល​ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុង​ការបោស​សម្អាត​ក្នុង​យុទ្ធនាការ​ប្រឆាំង​ពុករលួយ​របស់​ប្រធានាធិបតី ​ស៊ី។

​នៅ​ដើម​ខែ​ធ្នូ ​លោកYongkangត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ត្រូវ​បាន​ដក​ពី​សមាជិកភាព​បក្សកុម្មុយនិស្ត​របស់​លោក​ ពី​បទ​បញ្ចេញ​ការសម្ងាត់​រដ្ឋ ​ហើយ​នឹង​ការទទួល​សំណូក។ សមាជិក​របស់​គណៈ​កម្មាធិការ​ការិយាល័យ​ចូល​និវត្តន៍រូប​នេះ ​ជា​មន្រ្តី​ជាន់​ខ្ពស់​របស់​បក្ស​កុម្មុយនិស្តចិន​ដែល​ត្រូវ​បាន​កាត់​ទោសនៅក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍​នេះ។

​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​ទេ​ថា តើ​យុទ្ធ​នាការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​នឹង​ទទួល​ជោគ​ជ័យ​ដែរ​ឬ​ទេ ​ពី​ព្រោះ​តែ​យុទ្ធនាការ​នោះ​មិន​បាន​បង្ហាញ​ថា ​មាន​ដំណើរការ​ស្រប​ទៅ​តាម​ការ​ធ្វើ​កំណែ​ទម្រង់​កាន់​តែ​ធំ​ឡើង​នៃ​ប្រព័ន្ធ​នយោបាយ​របស់​ចិន​នោះ។ បន្ថែម​ពី​នេះ​ទៀត ​តុលាការ​របស់​ប្រទេស​ចិន​ត្រូវ​បាន​ត្រួតត្រា​ដោយ​គណបក្ស​កុម្មុយនិស្ត​ ដែល​ធ្វើ​ឲ្យ​មាន​ការលំបាក​ដើម្បី​វិនិច្ឆ័យ​ថា តើ​ការចោទ​ប្រកាន់​រឿង​ពុករលួយ​នោះ​មាន​ហេតុ​ផល​ខាង​នយោបាយ​ដែរ​ឬទេ។​

ក៏​ប៉ុន្តែ​ប្រធានាធិបតី​ ស៊ី ​បាន​សន្យា​ថា​នឹង​ជំរុញ​យុទ្ធនាការ​នេះ ដោយ​និយាយ​ថា អំពើ​ពុលរលួយ​យ៉ាង​ខ្លាំង​កំពុង​គំរាម​ភាព​ស្រប​ច្បាប់និងការ​គ្រប់​គ្រង​របស់​បក្ស​ដែលជា​គណបក្ស​ដឹក​នាំប្រទេស​តែ​មួយ​គត់ក្នុង​ប្រទេស​ចិន៕