ការទទួល​សិស្ស​មក​រៀន​ផ្ទាល់​វិញ​នៅ​ជួប​ការប្រឈម ខណៈ​សាលារៀន​ទូទាំង​ប្រទេស​បើក​ទ្វារ​ឡើងវិញ

កុមារ​ និង​យុវវ័យ​កម្ពុជា​ ចាប់​ផ្តើម​ចូល​រៀន​នៅ​សាលារៀន​​វិញ​ តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​ក្រោយ​ការ​រំខាន​ដោយ​ជំងឺ​កូវីដ​១៩​ អស់​ពេល​ជាច្រើន​ខែ​ រាជធានីភ្នំពេញ​ ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ (ខាន់ សុគុំមនោ/វីអូអេ)

ក្រសួង​អប់រំ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សាលា​រៀន​ឡើង​វិញ នៅ​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេសចាប់​ពី​ថ្ងៃ​ទី​០១​ខែ​វិច្ឆិកា​នេះ​តទៅ ដែល​នាំ​ឱ្យ​សាកលវិទ្យាល័យ​មួយ​ចំនួន​កំពុង​រៀប​ចំ​លក្ខណៈ​ទទួល​សិស្ស​និស្សិត​ចូល​រៀន​ផ្ទាល់​វិញ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​សាក​ល្បង​ដោយ​គោរព​ទៅ​តាម​គោលការណ៍​សុវត្ថិភាព​សុខភាព​សាធារណៈ​របស់​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​សាលា គ្រូ​និង​ក៏​ដូចជា​សិស្ស​និស្សិត​មួយ​ចំនួន​ការ​បើក​ទ្វារ​សាលារៀន​ឡើង​វិញ ដើម្បី​អនុញ្ញាតិ​សិស្ស​ឲ្យ​ចូល​រៀន​ក្នុង​ថ្នាក់​ដោយ​ផ្ទាល់​ឡើងវិញ នៅ​តែ​ជា​បញ្ហា​ប្រឈម បន្ទាប់​ពី​បាន​ឆ្លង​កាត់​ឧបសគ្គ​នៃ​ការ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​អស់​ពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ។

យុវសិស្ស​ព្រំ រតនា ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​វិស្វកម្ម​ជីវសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​បើក​សាកលវិទ្យា​ល័យ​ក្នុង​ការ​ចូល​ទៅ​រៀន​ផ្ទាល់​យ៉ាង​ណា​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​នៅ​តែ​បន្ត​រៀន​តាម​អនឡាញ​ធម្មតា​និង​ថា​សាលា​អនុញ្ញាត​ឲ្យ​ចូល​រៀន​ផ្ទាល់​បាន​ចំពោះ​ម៉ោង​ត្រូវ​រៀន​នៅ​បន្ទប់​ពិសោធន៍​តែ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖ «ខាង​សាលា​អត់​ទាន់​ប្រាប់​ច្បាស់​លាស់​ទេ គ្រាន់​តែ​ប្រាប់​ថា​ឲ្យ​ចូល​មក​ពិសោធន៍​សិន ហើយ​ចាំ មើល​ពេល​ក្រោយ​ទៀត​សាលា​ផ្តល់​ព័ត៌មានបើ​សិន​ជា​អត់​មាន​ការ​ឆ្លង​ទៀត​ហា៎»។​

យុវសិស្ស​រូប​នេះ​បាន​ស្នើ​សុំ​ឲ្យ​សាលា​ពន្លឿន​ដំណើរ​ការ​នៃ​ការ​បើក​ចូល​រៀន​ផ្ទាល់​ក្នុង​ថ្នាក់​រៀន​វិញ​ដោយ​យល់​ថា​ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ភាព​រអាក់​រអួល​និង​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ប្រាស្រ័យ​ទាក់​ទង​គ្រូ និង​មិត្តភក្តិ​ក្នុង​អំឡុង​ពេលសិក្សា​ជាពិសេស​ពេល​សេវា​អ៊ីនធឺណេត​ចុះ​ខ្សោយ។

លោក បូ វីន ​និស្សិត​ឆ្នាំ​ទី​៤​ជំនាញ​ភូមិវិទ្យា​និង​រៀបចំ​ដែនដី​នៅ​មហាវិទ្យាល័យ​សង្គមសាស្ត្រ​-មនុស្សសាស្ត្រ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដូច​គ្នា​ដែរ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ថ្នាក់​របស់​លោក​មិន​ទាន់​អាច​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​ដោយ​ផ្ទាល់​បាន​ភ្លាមៗ​បាន​ទេ​ព្រោះ​ខាង​សាលា​កំពុង​រៀបចំ ដោយសារ​សិស្ស​មាន​ចំនួន​ច្រើន​នាក់។

និស្សិត​អាយុ​២១​ឆ្នាំ​ដដែល​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បើក​សាលា​ដើម្បី​បាន​ចូល​រៀន​នៅ​ថ្នាក់​ផ្ទាល់​ឆាប់ៗ​ខណៈ​យុវជន​រូប​នេះ​ជា​និស្សិត​ត្រៀម​សរសេរ​សារណាបញ្ចប់​ឆ្នាំ​ទី​៤និង​តែង​មាន​អារម្មណ៍​មិន​មូល​ល្អ​ក្នុង​អំឡុង​ពេល​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។ ទោះបី​ជា​និស្សិត​រូប​នេះ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​នៃ​ជំងឺ​រាតត្បាត​ក្នុង​ថ្នាក់​រៀន​ផ្ទាល់​យ៉ាង​ណា​ក្តី​ ក៏​លោក​នៅ​តែ​ពេញ​ចិត្ត​ក្នុង​ការ​ជ្រើស​រើស​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​ផ្ទាល់​ជា​ជាង​ការ​រៀន​តាម​អនឡាញ។

លោក​បញ្ជាក់​ថា៖ «ព្រោះ​អី​រៀន​អនឡាញ​ពេល​ខ្លះ​យើង​ត្រូវ​ចុះ​ Survey [ការ​ស្ទង់​មតិ] ចុះ​អី​ចឹង​យើង​ Survey [ការ​ស្ទង់​មតិ] អនឡាញ​អត់​កើត​ទេ​អត់​មាន​លទ្ធផល​អី​ទេ។ ចឹង​យើង​ទៅ​ថ្នាក់​ ទៅ​ខេត្ត​ចុះ​field [ទីតាំង​] មួយ​គ្នា​អី​ចឹង ហ្នឹង​បាន​ល្អ​ជាង។ ដូច្នេះ​ខ្ញុំ​គិត​ថា​ប្រសិទ្ធភាព​ហ្នឹង ​ទោះ​បី​អនឡាញ​យើង​ចូល​រៀន​គ្រប់​ពេល​គ្រប់​ម៉ោង Focus [ផ្តោត​] ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ក៏​ខ្ញុំ​អត់​គាំទ្រ​ឲ្យ​នៅ​រៀន​អនឡាញ​ដែរ​ចង់​ឲ្យ​គាត់​ទៅ​រៀន​ផ្ទាល់​ទាំង​អស់គ្នា»។

សិស្ស​សាលា វាស់​កំដៅ​ និង​បាញ់​អាល់កុល​ ដោយ​ភ្ជាប់​ជាមួយ​បណ្ណ​ចាក់​វ៉ាក់សាំង​ មុន​ដើរ​ចូល​ថ្នាក់​រៀន​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ាន សុជាតា​/វីអូអេ)​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ តុលា​ ឆ្នាំ​២០២១ បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​ដំណើរ​ការ​ឡើង​វិញ​សាកល្បង​ក្នុង​ដំណាក់កាល​ទី​១ ដោយ​សាកល្បង​បើក​ទៅ​លើ​មុខ​វិជ្ជា​ពិសោធន៍​ឆ្នាំ​ទី​៤ នៃ​មុខ​ជំនាញ​គីមី​ រូប​វិទ្យា ជីវវិទ្យា បរិស្ថាន និង​វិស្វកម្ម​ជីវសាស្ត្រ ។ ករណី​ដែល​ការ​បើក​ដំណើរ​ការ​សាកល្បង​លើក​ទី​១ ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគជ័យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នឹង​បន្ត​ដំណើរការ​សាកល្បង​លើក​ទី​២ លើ​មុខ​ជំនាញ​ខាង​លើ​សម្រាប់​ឆ្នាំ​ទី​១ ទី​២ និង​ទី​៣ បន្ត​ទៀត»។

លោក ងួន​ ផែសុភ័ក្ត្រ ព្រឹទ្ធបុរស​នៅ​មហាវិទ្យាល័យ​វិស្វកម្មសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ថា ផ្នែក​វិស្វកម្ម​មិន​ទាន់​ទទួល​សិស្ស​ឲ្យ​មក​រៀន​នៅ​ថ្នាក់​ផ្ទាល់​វិញ​ទាំង​ស្រុង​បាន​ទេ លើក​លែង​តែ​មុខវិជ្ជា​ដែល​មាន​ការ​ពិសោធន៍​តែ​ប៉ុណ្ណោះ​ទើប​អាច​មក​រៀន​នៅ​ថ្នាក់​ផ្ទាល់​ដោយ​សារ​តម្រូវការ​ចាំបាច់​ក្នុង​ការ​ធ្វើ​ពិសោធន៍​ផ្ទាល់។ លោក​បន្ថែម​ថា​គ្រឹះស្ថាន​សិក្សា​ត្រូ​វធ្វើ​ការ​ស្នើ​សុំ​ពី​ក្រសួង​អប់​រំ​មុន​នឹង​ធ្វើ​ការ​បើក​ដំណើរ​ការ។

លោក​បញ្ជាក់​ថា៖ «ការ​រៀន​អនឡាញ​គឺ​មុខ​វិជ្ជា​មួយ​ចំនួន​គឺ​អត់​អាច​ជំនួស​បាន​ទេ គឺ​ត្រូវ​មាន​ Lab មាន​ពិសោធន៍​ផ្ទាល់។ ចឹង​ខ្ញុំ​ចង់​ហើយ ចង់​តែ​ត្រឡប់​ទៅ​រក​ភាព​ដើម​ដែល​យើង​មិន​មាន​ការភ័យ​ខ្លាច​ឆ្លង​កូវីដ​ហ្នឹង​ហើយ​កូន​សិស្ស​ទាំង​គ្រូ​រៀន​ដោយ​ពេញ​កម្លាំង​កាយ​ចិត្ត​ដោយ​មិន​មាន​ការ​បារម្ភ​ហ្នឹង​បាន​សមត្ថភាព​គុណភាព​មាន​ពេញ ចឹង​ខ្ញុំ​ចង់។ ប៉ុន្តែ​ពេល​នេះអ្វី​ដែល​យើង​ចង់​គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ព្រោះ​អាទិភាព​សុខ​សុវត្ថិភាព​អាយុ​ជីវិត​គ្រូ និង​កូន​សិស្ស​របស់​យើង»។

ក្រសួង​អប់រំ​បាន​ប្រកាស​ថា ការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នៃ​សាលារៀន​ទូទាំង​ប្រទេស​នា​ថ្ងៃទី​០១​ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​ការ​សាក​ល្បង​គ្រប់​គ្រង​ការ​រៀន​ក្នុង​បរិបទ​កូវីដ​បាន​ទទួល​បាន​ជោគជ័យ នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

កុមារកម្ពុជា​ពាក់ម៉ាស​ ចូលរៀនក្នុង​ថ្នាក់​រៀន តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​ក្រោយ​ការ​រំខាន​ដោយ​ជំងឺ​កូវីដ​១៩​ អស់​ពេល​ជាច្រើន​ខែ រាជធានីភ្នំពេញ​ ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ាន សុជាតា​/វីអូអេ)

​គណៈ​អភិបាល​រាជ​ធានី​ខេត្ត​ត្រូវ​បន្ត​កំណត់​ភូមិសាស្ត្រ​ដើម្បី​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត​ឡើង​វិញ។ ចំណែក​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​និង​វិទ្យាស្ថាន​បច្ចេក​វិទ្យា ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​អប់​រំ​និង​ចុះ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា។ នេះ​បើ​តាម​ក្រសួង​អប់រំ។

ក្រសួង​ក៏​បាន​បន្ត​ទៀត​ដែរ​ថា ចំពោះ​គ្រឹះ​ស្ថាន​សិក្សា​ចំណេះ​ទូទៅ​ត្រូវបន្ត​អនុវត្ត​កម្មវិធី​សិក្សា​បង្រួម​មាន​ដូចជា៖ លើក​ទឹក​ចិត្ត​សិស្ស​ដែល​មាន​លទ្ធភាព​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឲ្យ​ចេះ​ប្រើប្រាស់​វីដេអូ​នាំ​ការ​បង្រៀន​និង​សន្លឹក​កិច្ច​ការ​ដែល​ផលិត​ដោយ​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង​និង​ចែក​ចាយ​ក្នុង​បណ្តាញ​តេឡេក្រាម វេបសាយ ឬ​កម្មវិធី​ទូរស័ព្ទ​ដៃ។ រីឯ​មុខវិជ្ជា​ផ្សេង​ទៀត​ត្រូវ​ព្យួរ​នឹង​ត្រូវ​រៀន​បំពេញ​បន្ថែម​នៅ​ដើម​ឆ្នាំ​បន្ទាប់។

និស្សិតស្រី សោម ពេជ្ររស្មី ដែល​កំពុង​ត្រៀម​បញ្ចប់​ឆ្នាំ​ទី​៤ ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រាប់​ថា​កញ្ញា​នៅ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ដដែល និង​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​បើក​ឲ្យ​ចូល​រៀន​តាម​ថ្នាក់​វិញ​នោះ​ទេ។

នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​សាកលវិទ្យាល័យ​វេស្ទើន​វិញក៏​បាន​ប្រកាស​ថា​សាលា​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​កម្រិត​សាកល្បង​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ។​

កុមារកម្ពុជា​ពាក់ម៉ាស​ ចូលរៀនក្នុង​ថ្នាក់​រៀន តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​ក្រោយ​ការ​រំខាន​ដោយ​ជំងឺ​កូវីដ​១៩​ អស់​ពេល​ជាច្រើន​ខែ រាជធានីភ្នំពេញ​ ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ាន សុជាតា​/វីអូអេ)

កុមារ​ និង​យុវវ័យ​កម្ពុជា​ ចាប់​ផ្តើម​ចូល​រៀន​នៅ​សាលារៀនវិញ​ តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​ក្រោយ​ការ​រំខាន​ដោយ​ជំងឺ​កូវីដ​១៩​ អស់​ពេល​ជាច្រើន​ខែ​ រាជធានីភ្នំពេញ​ ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ាន សុជាតា/វីអូអេ)

លោក ហេង គីម​គង់ ​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អប់​រំ​នៅ​សាកលវិទ្យាល័យ Queensland​ប្រទេស​អូស្ត្រាលី​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា កត្តា​ដែល​ធ្វើ​ឱ្យ​សាលារៀន​រួម​ទាំង​សាកលវិទ្យាល័យ​មិន​ទាន់​រួចរាល់​សម្រាប់​ការ​បើក​ឡើង​វិញ​នៅ​ថ្ងៃ​នេះ​គឺដោយសារ​តែ​វីរុស​កូរ៉ូណា​នៅតែ​បន្ត​ជា​បញ្ហា​កង្វល់ ទោះ​បីជា​មាន​ការ​ចាក់​វ៉ាក់សាំង​បាន​អត្រា​ខ្ពស់​នៅ​កម្ពុជា​យ៉ាង​ណា​ក្ដី។

ខណៈ​ពេល​ដែល​អនុញ្ញាត​ឱ្យ​សាលារៀន​និង​សាកលវិទ្យាល័យ​បើក​ឡើង​វិញ​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ធានា​ថា​សិស្ស​ភាគ​ច្រើន​រួម​ទាំង​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​៥​ឆ្នាំ​ឡើង​ទៅ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ។ នេះ​នឹង​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​ឆ្លង​កូវីដ​-១៩​ក្នុង​ចំណោម​សិស្ស​វ័យក្មេង។​នេះ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អប់រំ​រូប​នេះ។

លោក​បាន​បន្ថែម​ថា៖ «គ្មាន​ការ​សង្ស័យ​ទេ​ការ​បិទ​សាលា​ដែល​អូស​បន្លាយ​ពេល​យូរ​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អប់រំ​របស់​យើង​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង។ ថ្វី​ត្បិត​តែ​ជំងឺ​កូវីដ-១៩​បាន​ឈាន​ទៅ​ដល់​ការ​ផ្លាស់​ប្តូរ​ឌីជីថល​នៃ​ប្រព័ន្ធ​អប់រំ​ទាំងមូល​ក៏​ដោយ​វា​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សិស្ស​ទាំងអស់​ជាពិសេស​អ្នក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​ឬ​ជួប​ការ​លំបាក។ សិស្ស​ទាំងនេះ​ប្រហែល​ជា​មិន​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ចូល​រៀន​តាម​អ៊ីនធឺណិត​ឬ​មេរៀន​វីដេអូ​ដែល​ផ្តល់​ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។ នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ឱកាស​សិក្សា​របស់​ពួកគេ​ដែល​ធ្វើ​ឲ្យ​វិសមភាព​ផ្នែក​អប់រំ​នៅ​ទូទាំង​ប្រទេស​កាន់​តែ​ធ្ងន់ធ្ងរ»។

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​វីអូអេ​ថា នៅ​ចំ​ពេល​ដែល​មាន​ការ​បើក​សាលារៀន​ឡើង​វិញ​នេះ ការរៀន និង​បង្រៀន​ត្រូវ​បន្ត​អនុវត្ត​តាម​បែប​ចម្រុះ គឺ​រៀន​ក្នុង​ថ្នាក់​ផង រៀន​តាម​អនឡាញ​ផង ស្វ័យ​សិក្សា​ផង អម​ដោយ​សន្លឹក​កិច្ចការ​ជំនួយ ដោយ​កំណត់​សិស្ស​ពី ១៥ ​ទៅ ២០ នាក់​ក្នុង​មួយ​ថ្នាក់ និង​រៀនឆ្លាស់​វេន​គ្នា។

លោក​បញ្ជាក់​ថា៖ «យោង​លើ​លទ្ធផល​អាច​ទទួល​យក​បាន​នៃ​ការ​បើក​ដំណើរ​ការ​សាលារៀន​សាក​ល្បង​កន្លង​មក​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា​ពង្រីក​វិសាល​ភាព​បើក​ដំណើរ​ការ​បង្រៀន និង​រៀន​តាម​បណ្ដុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​គ្រប់​កម្រិត​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​គ្រូ។ ការ​ពង្រីក​វិសាល​ភាព​នេះ​ត្រូវ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ​កូវីដ-១៩​ចំនួន​២​គឺ ភូមិសាស្ត្រ​ដែល​អាច​គ្រប់​គ្រង​ជំងឺ​កូវីដ-១៩​បាន និង​ភូមិ​សាស្ត្រ​ដែល​មាន​ហានិភ័យ​មធ្យម​និង​ខ្ពស់»។

លោក រស់ សុវាចា បន្ត​ថា ការ​បើក​សាលារៀន​នេះ​ត្រូវ​ធ្វើ​ដោយ​អនុលោម​តាម​និយាម​និង​សេច​ក្ដី​ណែនាំ​យ៉ាង​ខ្ជាប់​ខ្ជួន ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល​ផងដែរ ដើម្បី​ធានា​សុវត្ថិភាព​សិស្ស​និស្សិត​និង​បុគ្គលិក​សិក្សា៕