ភ្នំពេញ៖ នៅថ្ងៃនេះ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិក បានព្រមព្រៀងគ្នាជំរុញចលនាសន្ដិភាពនិយមនៅក្នុងតំបន់ និងជួយរក្សាសន្ដិភាពក្នុងពិភពលោក។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងភ្នំពេញ ដែលចូលរួមដោយអ្នកតំណាងនយោបាយ និងអង្គការសង្គមស៊ីវិល រួមទាំងក្រុមអ្នកជំនួញផងដែរ។
ប្រទេសប្រមាណជាង៤០ មកពីតំបន់អាស៊ីប៉ាស៊ីភិក បានចុះហត្ថលេខារួមគ្នានៅថ្ងៃពុធនេះ លើកិច្ចព្រមព្រៀងមួយ ដែលមានឈ្មោះថា កិច្ចព្រមព្រៀងទីក្រុងភ្នំពេញ ដើម្បីបង្កើតគណៈកម្មការសន្តិភាព ដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងអស្ថិរភាពនៅក្នុងតំបន់ និងក្នុងភិពភលោក។
កិច្ចចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទីបួនរបស់ចលនាប្រជាធិបតេយ្យអន្តរជាតិកណ្តាលនិយមនៃតំបន់អាស៊ីប៉ាស៊ីភិក ក្នុងទីក្រុងភ្នំពេញ។
កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃក្របខណ្ឌសន្និបាតអន្តរជាតិស្តីពីគណបក្សនយោបាយICCAPP ដែលចួលរួមដោយគណបក្សនយោបាយជាង៣០០ រៀបចំនៅក្នុងប្រទេសកម្ពុជា។
លោកមូសាហ៊ីត ហ៊ូសសេនសៃ អគ្គលេខាធិការគណបក្សសម្ព័ន្ធម៉ូស្លីមរបស់ប្រទេសប៉ាគីស្ថាន និងជាអគ្គលេខាធិការ ICCAPP បានអានកិច្ចព្រមព្រៀងនៃប្រទេសទាំង៤០ទាំងស្រុង មុននឹងប្រទេសចំនួនប្រាំបីចុះហត្ថលេខាជានិមិត្តរូប។
«យើងសូមប្រកាសការបង្កើតគណៈកម្មការសន្ដិភាពរបស់ចលនាប្រជាធិបតេយ្យអន្តរជាតិកណ្តាលនិយមតំបន់អាស៊ីប៉ាស៊ីភិក ដើម្បីជំរុញសនិ្ដភាព ស្ថិរភាព និងសន្ដិសុខនៅក្នុងតំបន់អាស៊ី ដោយផ្ដួចផ្ដើមគំនិត និងគាំទ្រការចរចា និងការជជែកគ្នាទាក់ទិននឹងប្រធានបទក្ដៅៗ នៅក្នុងតំបន់»។
ការបង្កើតគណៈកម្មការសន្តិភាពនេះធ្វើឡើងស្របពេលដែលវិបត្តិនៅឧបទ្វីបកូរ៉េ កំពុងតែកើតឡើងយ៉ាងក្តៅគកុក និងគួរឲ្យព្រួយបារម្ភ អំពីការរីករាលដាលនៃសង្គ្រាម និងស្របពេលនៃវិបត្តិនុយគ្លេអ៊ែរ នៅប្រទេសអ៊ីរ៉ង់ និងបញ្ហាអសន្តិសុខនៅក្នុងប្រទេសអាហ្កានីស្ថាន។
លោកមូសាហ៊ីត ហ៊ូសសេនសៃបានអានកិច្ចព្រមព្រៀងជាបន្ថែមថា ប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទាំងអស់ គាំទ្រឲ្យមានដំណោះស្រាយដោយសន្តិវិធី នៅក្នុងវិបត្តិនុយគ្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់ នៅឧបទ្វីបកូរ៉េ និងដំណោះស្រាយបញ្ហាអសន្តិសុខនៅប្រទេសអាហ្គានីស្ថាន។
នៅក្នុងចំណោមប្រទេស ដែលចូលរួមកិច្ចប្រជុំចលនាប្រជាធិបតេយ្យអន្តរជាតិកណ្តាលនិយម អាស៊ីប៉ាស៊ីភិក រួមមានប្រទេសចិន ប្រទេសកូរ៉េខាងត្បូង ប្រទេសឥណ្ឌូនេស៊ី ប្រទេសរុស្ស៊ី ហ្វីលីពីន កម្ពុជាកាហ្សាក់ស្តង់ ហើយក៏អាចមានការចូលរួមពីអ្នកនយោបាយមកពីប្រទេសកូរ៉េខាងជើងផងដែរ។
លោកនាយករដ្ឋមន្រ្តីខ្មែរហ៊ុន សែនបានថ្លែងក្រោយពិធីចុះហត្ថលេខានេះថា ប្រទេសកម្ពុជាមានឆន្ទៈនៅក្នុងការចូលរួមដោះស្រាយបញ្ហាអសន្តិសុខនៅក្នុងពិភពលោក។
«យើងខ្ញុំពិតជាចង់ចូលរួមចំណែកជាមួយបណ្តាបក្សនយោបាយCAPDI នេះ នៅក្នុងក្របខណ្ឌនៃការដោះស្រាយបញ្ហានៅតាមប្រទេសនានា ក៏ដូចជានៅក្នុងតំបន់ផងដែរ»។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់ចលនាប្រជាធិបតេយ្យអន្តរជាតិកណ្តាលនិយមអាស៊ីប៉ាស៊ីភិកក៏បានផ្តោតផងដែរទៅលើការបញ្ចៀស និងធ្វើឲ្យបរាជ័យនៅរាល់អំពើហិង្សា អំពើភេរវកម្ម ការទាត់ចោលនូវនយោបាយជ្រុលនិយម និងចាប់យកនយោបាយបង្រួបបង្រួម និងយោគយល់ ចុះសមុ្រងគ្នា៕