នៅថ្ងៃពុធនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩។ តួលេខនេះបានបង្ហាញពីការស្រុតចុះនៃកំណើនប្រជាជនក្នុងរយៈពេល១១ឆ្នាំចុងក្រោយ។
ប្រជាជនកម្ពុជាក្នុងឆ្នាំ២០១៩បានកើនឡើងដល់ជាង១៥លានពីរសែននាក់។ នេះបើយោងតាមលទ្ធផលបណ្តោះអាសន្ននៃជំរឿនប្រជាជនដែលត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃពុធនេះ។
ទោះជាយ៉ាងណា តួលេខថ្មីនេះមិនបានរាប់បញ្ចូលប្រជាពលរដ្ឋកម្ពុជាចំណាកស្រុក ដែលកំពុងបម្រើការងារនៅក្រៅប្រទេសនោះទេ។ ប្រជាពលរដ្ឋកម្ពុជាចំណាកស្រុកស្របច្បាប់មានចំនួនរហូតទៅដល់ជាង១លានពីរសែននាក់។
តួលេខចំនួនប្រជាជនថ្មីនេះបង្ហាញថា អត្រាកំណើនប្រជាជននៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះចំនួន០,៣ភាគរយ បើធៀបនឹងជំរឿនកាលពីឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។
អត្រាកំណើនប្រជាជនប្រចាំឆ្នាំធ្លាក់ចុះនេះដោយសារអត្រានៃលទ្ធភាពបង្កើតកូនធ្លាក់ចុះ និងការធ្វើចំណាកស្រុករបស់ប្រជាជនកម្ពុជាទៅកាន់ប្រទេសផ្សេង។ នេះបើតាមលទ្ធផលបណ្តោះអាសន្នជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩។
ក្នុងពិធីប្រកាសលទ្ធផលជំរឿនបណ្តោះអាសន្ននៅរាជធានីភ្នំពេញ នាថ្ងៃពុធនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿន ថ្លែងថា ទិន្នន័យនៃជំរឿននេះមានសារៈសំខាន់សម្រាប់ប្រើជាមូលដ្ឋាននៃការសម្រេចចិត្តនានាដើម្បីកិច្ចអភិវឌ្ឍន៍សង្គម។
«ទិន្នន័យទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ទាំងឡាយ ធ្វើសេចក្តីសម្រេចប្រកបដោយប្រសិទ្ធភាព ក្នុងការកសាងឆ្ពោះទៅរកការអភិវឌ្ឍជាតិប្រកបដោយចីរភាព»។
ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើជំរឿនលើកទី៤រយៈពេល១១ថ្ងៃកាលពីដើមខែមិនាឆ្នាំ២០១៩។ រដ្ឋាភិបាលបានចំណាយថវិកាជាតិចំនួន៨,៥លានដុល្លារអាមេរិក។ ដោយឡែកប្រទេសចិនបានផ្តល់ជំនួយជាសម្ភារៈ រថយន្ត និងម៉ូតូសរុបជាទឹកប្រាក់ចំនួន២,៥លានដុល្លារអាមេរិក។ ក្នុងនោះក៏មានការផ្តល់ជាជំនួយថវិកា និងបច្ចេកទេសពីប្រទេសអាល្លឺម៉ង់ សហគមន៍អឺរ៉ុប និងមូលនិធិអង្គការសហប្រជាជាតិផងដែរ។
តួលេខបណ្តោះអាសន្ននៃចំនួនប្រជាជនក្នុងឆ្នាំនេះបង្ហាញថា ក្នុងចំណោមប្រជាជនសរុបចំនួន១៥.២៨៨.៤៨៩ មានប្រុសចំនួន៧.៤១៨.៥៧៧ និងស្រីចំនួន៧.៨៦៩.៩១២នាក់។
នៅក្នុងរបាយការណ៍របស់ VOA កាលពីពេលថ្មីៗបំផុតនេះ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ពួកគេត្រូវបានមន្រ្តីជំរឿនសួរសំណួរដោយប្រញាប់ប្រញាល់ ខ្លះថា សួរមិនគ្រប់សំណួរ និងខ្លះថា ពួកគេមិនត្រូវបានមន្រ្តីជំរឿនចុះទៅសួរនាំឡើយ។
អ្នកស្រី ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិទទួលស្គាល់ថា មានភាពចន្លោះប្រហោងបែបនោះមែន។ ប៉ុន្តែភាពចន្លោះប្រហោងនោះនឹងមិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃជំរឿនប្រជាជនធំដុំនោះទេ។
«ប្រធានភូមិខ្លះគាត់អាងថា ផ្ទះខ្លះគាត់ដឹង។ គាត់ដឹងស្ថានភាពរបស់ផ្ទះហ្នឹងហើយ អ៊ីចឹងគាត់មិនចាំបាច់ចូលទៅសួរទេ។ គាត់អាចសរសេរបំពេញយកខ្លួនឯង។ ប៉ុន្តែវាខុសពីគោលការណ៍របស់ជំរឿនហើយ។ ប៉ុន្តែវាមានតិចតួច។ វាមានតិចតួច ដែលគាត់ត្រូវធ្វើដោយរំលោភអ៊ីចឹង។ ប៉ុន្តែទោះបីយ៉ាងណា យើងមានវិធីសាស្រ្ត អត់ធ្វើឲ្យប៉ះពាល់ដល់លទ្ធផលជំរឿនរបស់យើងទេ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការធ្វើជំរឿនក្នុងឆ្នាំ២០១៩នេះហាក់នៅមានការខ្វះចន្លោះ ទាំងការរៀបចំសំណួរជាមុន និងការសួរសំណួរទៅកាន់ប្រជាជន។ លោកបន្តថា រដ្ឋាភិបាលគួររៀបចំសំណួរឲ្យបានច្បាស់លាស់ដើម្បីទទួលបានលទ្ធផលយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
ប្រទេសកម្ពុជាបានធ្វើជំរឿនប្រជាជនជាលើកដំបូងកាលពីឆ្នាំ១៩៦២។ កាលនោះចំនួនប្រជាជនមាន៥,៧លាននាក់។ ដោយឡែកការធ្វើជំរឿននៅឆ្នាំ១៩៩៨រកឃើញថា ពលរដ្ឋកម្ពុជាមានចំនួនជាង១១លាននាក់ (១១.៤៣៧.៦៥៦)។ ហើយជំរឿននៅឆ្នាំ២០០៨បង្ហាញថា ប្រជាជនកម្ពុជាកើនដល់ចំនួនជាង១៣លាននាក់(១៣.៣៩៥.៦៨២)៕