សមាជិករដ្ឋសភារបស់រដ្ឋ West Virginia ម្នាក់ខាងគណបក្សសាធារណរដ្ឋ ឈ្មោះ Derrick Evans ដែលបានថតរូបខ្លួនឯងសម្រុកចូលវិមានសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានលាលែងពីតំណែង ហើយការចាប់ខ្លួនជាច្រើនទៀតត្រូវបានប្រកាសឡើងកាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការវាយប្រហារកាលពីថ្ងៃពុធលើវិមានសភា។
លោក Evans បានប្រកាសអំពីការលាលែងពីតំណែងរបស់លោកកាលពីថ្ងៃសៅរ៍នៅក្នុងលិខិតមួយច្បាប់ដែលផ្ញើជូនអភិបាលរដ្ឋ West Virginia លោក Jim Justice។
លោក Evans ត្រូវបានចោទប្រកាន់ពីបទចូលក្នុងតំបន់ហាមឃាត់នៅបរិវេណវិមានសភា និងការប្រព្រឹត្តិទង្វើគ្មានច្បាប់ទម្លាប់។ ប្រសិនបើត្រូវបានកាត់ទោស លោកនឹងប្រឈមនឹងការជាប់ពន្ធនាគារមួយឆ្នាំកន្លះនៅក្នុងពន្ធនាគារសហព័ន្ធ។
លោកបានថតវីដេអូផ្សាយផ្ទាល់តាម Facebook បង្ហាញខ្លួនលោកទម្លាយចូលក្នុងអាគារវិមានសភាជាមួយហ្វូងកុបករជាច្រើននាក់ទៀត។ នៅពេលមួយ គាត់បាននិយាយថា៖ «យើងបានចូលដល់ហើយ។ យើងបានចូលដល់ហើយ»។ នៅក្នុងវីដេអូមួយទៀតដែលបង្ហោះតាម Facebook មុនវីដេអូនេះ ហើយដែលត្រូវបានលុបចោលវិញនោះ លោក Evans បានព្រមានថា ក្រុមកុបករអាចសង្គ្រប់សម្រុកចូលវិមានសភា។
តាំងពីពេលនោះមក លោកបាននិយាយថា លោកចង់សុំទោសចំពោះទង្វើរបស់លោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
លោក Richard Barnett អ្នកគាំទ្រម្នាក់របស់លោកប្រធានាធិបតី Donald Trump អង្គុយនៅក្នុងការិយាល័យរបស់ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ខណៈដែលលោកតវ៉ានៅក្នុងវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ជនម្នាក់ទៀតឈ្មោះ Richard Barnett អាយុ ៦០ ឆ្នាំ មកពីទីក្រុង Little Rock រដ្ឋ Arkansas ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ និងត្រូវបានចោទប្រកាន់ពីបទចូលក្នុងការិយាល័យប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi។ រូបថតមួយចំនួនបានបង្ហាញថា ជននេះអង្គុយនៅក្នុងការិយាល័យរបស់អ្នកស្រី Pelosi ដោយដាក់ជើងនៅលើតុ។
បើយោងតាមឯកសារតុលាការចេញផ្សាយកាលពីថ្ងៃសុក្រ ជនឈ្មោះ Barnett នេះ ប្រឈមនឹងបទចោទប្រកាន់ ៣ ករណី គឺការចូលដោយចេតនានិងស្ថិតនៅក្នុងកន្លែងហាមឃាត់ ការចូលដោយហិង្សានិងការប្រព្រឹត្តិទង្វើគ្មានច្បាប់ទម្លាប់នៅវិមានសភា និងការលួចលុយ របស់របរ ឬឯកសារសាធារណៈ។ ជននេះដែលនឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ កំពុងជាប់ឃុំឃាំងនៅក្នុងរដ្ឋ Arkansas រង់ចាំការបញ្ជូនខ្លួនទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន។
ជនឈ្មោះ Barnett នេះ បាននិយាយប្រាប់ស្ថានីយ៍ទូរទស្សន៍មួយនៅក្នុងរដ្ឋ Arkansas កាលពីថ្ងៃព្រហស្បតិ៍ទី ៧ ខែមករាថា គាត់រកបន្ទប់ទឹកនៅពេលគាត់ដើរកាត់ការិយាល័យប្រធានរដ្ឋសភា។ គាត់បានថ្លែងថា គាត់បានធ្វើឲ្យប្រឡាក់ឈាមរបស់គាត់លើស្រោមសំបុត្រនៅលើតុរបស់អ្នកស្រី Pelosi ហើយក៏បានយកស្រោមសំបុត្រនោះទៅដោយទុកកាក់តម្លៃ ២៥ សេនជាសំណងចំពោះការយកស្រោមសំបុត្រនេះ។
លោក Evans និងលោក Barnett ស្ថិតក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់កន្លងមកក្នុងតុលាការសហព័ន្ធក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងកុបកម្មនោះ។ បទចោទប្រកាន់ទាំងនេះត្រូវបានដាក់ទៅតុលាការកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានបង្ហាញឱ្យដឹងកាលពីថ្ងៃសុក្រ។
បន្ថែមពីលើនេះទៀត មនុស្សប្រមាណ ៤០ នាក់ទៀត ត្រូវបានចោទប្រកាន់នៅក្នុងតុលាការជាន់ខ្ពស់ទីក្រុងវ៉ាស៊ីនតោន ដែលភាគច្រើនរងការប្រកាន់ពីបទចូលក្នុងវិមានសភាដោយខុសច្បាប់ និងការរំលោភលើបម្រាមគោចរ។
កាលពីថ្ងៃសៅរ៍ ជនឈ្មោះ Jacob Anthony Chansley ដែលបង្ហាញខ្លួននៅក្នុងរូបថតនិងវីដេអូជាច្រើន ដោយមានពាក់មួកធ្វើពីរោមសត្វមានស្នែង និងមានគូសថ្នាំពណ៌លើមុខផងនោះ ត្រូវបានចាប់ខ្លួន និងប្រឈមនឹងការចោទប្រកាន់មួយចំនួនដូចជា ការចូលដោយហិង្សានិងការប្រព្រឹត្តិទង្វើគ្មានច្បាប់ទម្លាប់នៅវិមានសភា។
ជនឈ្មោះ Jacob Anthony Chansley អ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ម្នាក់ ដែលបានសម្រុកចូលវិមានសភាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយមានពាក់មួកធ្វើពីរោមសត្វមានស្នែង និងមានគូសថ្នាំពណ៌លើមុខផងនោះ ត្រូវបានចាប់ខ្លួន។
កាលពីយប់ថ្ងៃសុក្រ ជនឈ្មោះ Adam Johnson អាយុ ៣៦ ឆ្នាំ មកពីរដ្ឋ Florida ត្រូវបានចាប់ខ្លួននៅក្នុងស្រុក Pinellas រដ្ឋ Florida។ បុរសម្នាក់ដែលមើលទៅប្រហែលជាលោក Johnson នេះ ត្រូវគេឃើញកាន់តុសម្រាប់ឈរថ្លែងសុន្ទរកថារបស់ប្រធានរដ្ឋសភាក្នុងវិមានសភា។ បទចោទប្រកាន់លើជននេះនៅមិនទាន់ដឹងនៅឡើយទេ។
ក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ក្នុងតុលាការសហព័ន្ធ ជនឈ្មោះ Lonnie Coffman អាយុ ៧០ ឆ្នាំ ដែលជាពលរដ្ឋមកពីរដ្ឋ Alabama ត្រូវបានចោទប្រកាន់ពីបទមានកាំភ្លើងមិនបានចុះបញ្ជីត្រឹមត្រូវ និងបទកាន់កាប់កាំភ្លើងខ្លីដោយគ្មានអាជ្ញាប័ណ្ណ។ នៅក្នុងឡានរបស់ជននេះដែលចតនៅក្រោយវិមានសភា កាលពីថ្ងៃពុធ ប៉ូលិសបានរកឃើញគ្រាប់បែកដបសាំងចំនួន ១១ គ្រាប់។
ប្រធានការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) លោក Christopher Wray បាននិយាយថា ការចោទប្រកាន់ដែលបានប្រកាសកន្លងមក «គឺគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់ទីភ្នាក់ងារ FBI ដើម្បីស្វែងរកជនល្មើស» នៃកុបកម្មកាលពីថ្ងៃពុធ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ប៉ុណ្ណោះ។
លោក Wray បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងនឹងបន្តស៊ើបអង្កេតឲ្យបានដិតដល់លើបុគ្គលម្នាក់ៗ ដែលមិនអើពើនឹងច្បាប់ ហើយញុះញង់ឱ្យមានអំពើហិង្សា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការធ្វើឱ្យអ្នកដទៃរងរបួស»។
លោក Ken Kohl រដ្ឋអាជ្ញារងទីមួយនៃរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ក្រសួងយុត្តិធម៌បានចាត់ចែងរដ្ឋអាជ្ញានិងភ្នាក់ងាររាប់រយនាក់ឱ្យធ្វើការស៊ើបអង្កេតឲ្យបានសកម្មគ្រប់ពេលវេលា។
ដោយធ្វើការពីបញ្ជាការដ្ឋាន ៣ កន្លែង អ្នកស៊ើបអង្កេតនឹងពិនិត្យមើលវីដេអូពីកាមេរ៉ាសុវត្ថិភាព និងរូបភាពតាមបណ្តាញសង្គមនានាលើអ៊ីនធឺណិត ដើម្បីកំណត់អត្តសញ្ញាណនិងតាមរកកុបករទាំងនោះ។
លោក Kohl បានប្រាប់អ្នកកាសែតថា៖ «ក្រសួងយុត្តិធម៌នឹងប្រើប្រាស់ធនធានទាំងអស់នៅក្នុងកិច្ចប្រឹងប្រែងរបស់យើងដើម្បីធ្វើឱ្យជនទាំងនោះទទួលខុសត្រូវចំពោះមុខច្បាប់ ហើយនេះជាអ្វីដែលយើងនឹងបន្តធ្វើក្នុងពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ និងប៉ុន្មានសប្ដាហ៍ខាងមុខ នៅពេលយើងបន្តការស៊ើបអង្កេតនេះ»។
អ្នកគាំទ្រលោក Trump ម្នាក់បានកាន់តុសម្រាប់ថ្លែងសុន្ទរកថារបស់ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi នៅក្នុងវិមានសភា រដ្ឋធានីវ៉ាស៊ីនតោន ក្រោយពីពួកគេបានសម្រុកចូលវិមានសភាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
កុបកម្មនិងការលួចប្លន់នេះបានកើតមានឡើងកាលពីរសៀលថ្ងៃពុធ នៅពេលក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump រាប់រយនាក់ ដែលខឹងសម្បាដោយសារការចាញ់របស់លោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែវិច្ឆិកា បានសង្គ្រប់សម្រុកចូលក្នុងវិមានសភា នៅពេលដែលសភាទាំងពីរថ្នាក់កំពុងបើកសម័យប្រជុំរួម ដើម្បីប្រកាសជាផ្លូវការថា លោក Joe Biden ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
នៅក្នុងវីដេអូមួយដែលចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Trump បានថ្កោលទាសអំពើហិង្សានោះ ហើយបានអំពាវនាវឱ្យមានការស្រុះស្រួលគ្នា។
ក៏ប៉ុន្តែ មុនពេលបង្ហោះវីដេអូនេះ ក្នុងពេលជាច្រើនសប្តាហ៍ លោក Trump បានអះអាងដោយគ្មានមូលដ្ឋានថា លោកបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីដោយជ័យជម្នះរបស់លោកត្រូវបានគេប្លន់យក។ ការអះអាងដោយគ្មានមូលដ្ឋានរបស់លោកនេះត្រូវបានក្រុមអ្នកគាំទ្រលោកជាច្រើនជឿថាជាការពិត។ នៅក្នុងការជួបជុំមួយជិតសេតវិមានកាលពីថ្ងៃពុធ លោក Trump បានជំរុញអ្នកគាំទ្ររបស់លោករាប់ពាន់នាក់ឱ្យដើរទៅកាន់វិមានសភាដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត។
អំពើហិង្សាដែលបានកើតឡើងនៅពេលបន្ទាប់មក ដែលបានបណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់ ដោយរួមមានទាំងប៉ូលិសវិមានសភាម្នាក់ផងដែរ បានធ្វើឲ្យដំណើរការប្រកាសជាផ្លូវការនូវជ័យជម្នះរបស់លោក Biden ត្រូវផ្អាកបណ្ដោះអាសន្ន។ សមាជិកសភាបានបើកសម័យប្រជុំឡើងវិញ នៅពេលយប់ថ្ងៃដដែលនោះ ដើម្បីប្រកាសជាផ្លូវការថា លោក Biden ជាប្រធានាធិបតីថ្មី ហើយអ្នកស្រី Kamala Harris ជាអនុប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
មន្ត្រីពង្រឹងច្បាប់ម្នាក់បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើស្ថានការណ៍ដែលនាំឱ្យមានការស្លាប់របស់មន្ត្រីប៉ូលិសម្នាក់នោះ ប៉ុន្តែមិនបាននិយាយថាតើពួកគេនឹងចាប់ផ្ដើមពាក្យបណ្ដឹងអំពីករណីឃាតកម្មឬក៏យ៉ាងណានោះទេ។
លោក Trump ត្រូវបានថ្កោលទោសខ្លាំងក្លាថាបានញុះញង់ឱ្យមានអំពើហិង្សាដោយសារលោកបានលើកទឹកចិត្តក្រុមអ្នកគាំទ្ររបស់លោកឱ្យដើរក្បួនតវ៉ាទៅកាន់វិមានសភា ហើយទាមទារឱ្យសមាជិកសភាប្រកាសថា លោកជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី។
នៅក្នុងរិះគន់ដ៏កម្រមួយ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr ដែលជាសម្ព័ន្ធមិត្តម្នាក់របស់លោក Trump នៅពេលលោកកំពុងធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ទង្វើរបស់លោកប្រធានាធិបតី Trump «គឺជាការក្បត់តំណែងរបស់លោក និងអ្នកគាំទ្ររបស់លោក»។
ឆ្លើយទៅនឹងសំណួរថាតើរដ្ឋអាជ្ញាសហព័ន្ធមានបានពិនិត្យលើតួនាទីរបស់លោក Trump នៅក្នុងការញុះញង់ឱ្យមានការលុកលុយដោយហិង្សាចូលក្នុងវិមានសភាដែរឬក៏យ៉ាងណានោះ លោក Michael Sherwin រដ្ឋអាជ្ញារងនៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា «យើងកំពុងពិនិត្យមើលអ្នកពាក់ព័ន្ធទាំងអស់ និងអ្នកទាំងឡាយណាដែលមានតួនាទីនៅក្នុងរឿងនេះ ហើយប្រសិនបើមានភស្តុតាងគ្រប់គ្រាន់សម្រាប់បទឧក្រិដ្ឋណាមួយនោះ ជនទាំងនោះនឹងត្រូវចោទប្រកាន់»។
គេនៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេ ថាតើនៅទីបំផុត មនុស្សប៉ុន្មាននាក់ប្រឈមនឹងការចោទប្រកាន់នោះ។ ការិយាល័យសន្តិសុខនៃវិមានសភាបានបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ពាក់ព័ន្ធនឹងសកម្មភាពកុបកម្មនេះ ដោយក្នុងនោះមនុស្សរាប់រយនាក់បានសម្រុកចូលលុកលុយនៅក្នុងវិមានសភា។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ដោយសារកងសន្តិសុខវិមានសភាបានបើកសិទ្ធិឲ្យកុបករស្ទើរតែទាំងអស់ដើរហើរដោយសេរី នៅពេលឥឡូវនេះ ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធប្រឈមនឹងកាតព្វកិច្ចតាមស្វែងរកជនទាំងនោះនៅទូទាំងប្រទេស។
លោក Kohl បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានកំណត់ថាតើមនុស្សប៉ុន្មាននាក់បានធ្វើដំណើរមករដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមក្នុងការវាយប្រហារលើវិមានសភា និងអំពីថាតើហេតុការណ៍នេះអាចចាត់ទុកថាជាសកម្មភាពដែលមានការសម្របសម្រួលក្នុងកម្រិតប៉ុណ្ណានៅឡើយទេ។
លោក Kohl បញ្ជាក់ដូច្នេះថា៖ «យើងនឹងមិនអាចដឹងអំពីរឿងនេះបានទេ រហូតទាល់តែដល់ពេលដែលការស៊ើបអង្កេតនេះបានបញ្ចប់»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ