ប៉ូលិសការពារវិមានសភាសហរដ្ឋអាមេរិកបានបញ្ជាឲ្យបិទបរិវេណវិមានសភាទាំងស្រុងកាលពីថ្ងៃពុធ ដោយយោងលើហេតុផលថា មានការគំរាមកំហែងសន្ដិសុខពីខាងក្រៅ។
ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈដែលក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឡោមព័ទ្ធវិមានសភានេះដើម្បីតវ៉ាប្រឆាំងនឹងការបញ្ជាក់ជាផ្លូវការរបស់សភាទាំងពីរថ្នាក់ ទៅលើជ័យជម្នះរបស់លោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតី។
ព្រឹទ្ធសភាបានផ្អាកដំណើរការប្រជុំ ខណៈដែលសមាជិកព្រឹទ្ធសភាកំពុងតែប្រជុំពិភាក្សាទៅលើការបញ្ជាក់ជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោត ដែលបានបោះឲ្យលោក Biden ឈ្នះ។ មានការរាយការណ៍ថា អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ត្រូវបានអង្គរក្សការពារប្រធានាធិបតី ណែនាំឲ្យចាកចេញពីក្នុងវិមានសភា តាមផ្លូវក្រោមដី។
សកម្មភាពនៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះតាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានបង្ហាញថា ក្រុមអ្នកគាំទ្ររបស់លោក Trump បានសម្រុកចូលទៅកន្លែងដែលប៉ូលិសបានព័ទ្ធខ្សែមិនអនុញ្ញាតឲ្យចូល នៅខាងក្រៅវិមានសភា និងបានសម្រុកចូលទៅក្នុងវិមានសភា។
សេចក្ដីរាយការណ៍ព័ត៌មានពីបណ្ដាញទូរទស្សន៍បានឲ្យដឹងថា ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើ ខណៈដែលបាតុករមួយចំនួនបានព្យាយាមហែកទ្វារចូលទៅក្នុងបន្ទប់ប្រជុំនៅក្នុងវិមានសភា។
ការបញ្ជាក់ជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោត គឺជាទម្លាប់ដែលធ្វើជាទូទៅ និងជាពិធីផ្លូវការមួយ ដែលជាជំហានចុងក្រោយបង្អស់ក្នុងការបញ្ជាក់នូវជ័យជម្នះរបស់លោក Biden បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតជាផ្លូវការជ្រើសរើសលោកជាប្រធានាធិបតីថ្មី កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅនេះ។ ក៏ប៉ុន្តែ ការបញ្ជាក់ជាផ្លូវការនេះត្រូវបានជំទាស់ដោយសមាជិកសភាមួយចំនួនខាងគណបក្សសាធារណរដ្ឋ។
ខណៈមនុស្សមួយក្រុមធំបានប្រមូលផ្ដុំគ្នានៅវិមានសភា និងបានប៉ះទង្គិចជាមួយនឹងប៉ូលិស ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារ Twitter ឲ្យពួកគេ «គាំទ្រប៉ូលិសការពារវិមានសភា និងមន្ត្រីអនុវត្តច្បាប់» ហើយត្រូវ «រក្សាសន្ដិវិធី»។
អភិបាលរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Mayor Muriel Bowser បានដាក់បម្រាមគោចររយៈពេលមួយយប់ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនចាប់ពីម៉ោង ៦ ល្ងាចនេះតទៅ ម៉ោងក្នុងស្រុក។
កាលពីមុននេះបន្ដិចនៅថ្ងៃពុធដដែល ប្រធានគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា លោក Mitch McConnell បានបដិសេធមិនព្រមផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតនោះទេ ដោយនិយាយថា លោកនឹង«បោះឆ្នោតដើម្បីគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិក»។
កាលពីព្រឹកថ្ងៃពុធ លោក Trump បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោករាប់ពាន់នាក់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មុនពេលដែលអ្នកគាំទ្រមួយក្រុមធំបាននាំគ្នាដើរទៅកាន់វិមានសភាសហរដ្ឋអាមេរិក។ លោក Trump បានប្រាប់ពួកគេថា លោក«នឹងមិនចុះចាញ់ជាដាច់ខាត»។
លោកបានថ្លែងដូច្នេះ ស្របពេលដែលសមាជិកសភាសហរដ្ឋអាមេរិកបើកសម័យប្រជុំពេញអង្គដើម្បីទទួលស្គាល់លោក Joe Biden ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកជាផ្លូវការ។
ថ្លែងនៅលើវេទិកាមួយ ដោយមានសេតវិមាននៅពីក្រោយ លោក Trump បានលើកឡើងម្ដងហើយម្ដងទៀត អំពីការអះអាងមិនពិតរបស់លោក ដែលថា ការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅនេះ មានការ «លួចបន្លំ» ហើយថា លោកបានទទួលជ័យជម្នះ «ភ្លូកទឹកភ្លូកដី»។
លោក Trump បានលើកឡើងថា «ពួកប្រជាធិបតេយ្យឆ្វេងនិយមជ្រុល» និង «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ» បានប្រើប្រាស់ «វីរុសចិន» ដែលលោកចង់និយាយសំដៅថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ត្រូវបានប្រើប្រាស់ដើម្បីបិទបាំងការ «លួចបន្លំសន្លឹកឆ្នោត»។
លោក Trump ក៏បានស្នើឲ្យអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Pence «ធ្វើរឿងត្រឹមត្រូវ» ផងដែរ ដោយសារតែលោក Pence គឺជាប្រធានសម័យប្រជុំពេញអង្គរបស់សភា ដើម្បីបញ្ជាក់ជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោត នៅរសៀលថ្ងៃពុធ មុនពេលដែលលោក Biden នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
លោក Trump បាននិយាយទទូចដោយមិនពិតថា៖ «អ្វីដែលលោកអនុប្រធានាធិបតី Pence ត្រូវធ្វើ គឺផ្ញើលទ្ធផលឆ្នោតទាំងនោះទៅកាន់រដ្ឋនីមួយៗ ដើម្បីធ្វើការបញ្ជាក់ឡើងវិញ ហើយយើងនឹងក្លាយជាប្រធានាធិបតី។ លោកនឹងក្លាយជាមនុស្សដែលសប្បាយចិត្តបំផុត»។
នៅក្នុងលិខិតមួយច្បាប់ដែលត្រូវបានផ្សព្វផ្សាយភ្លាមៗ ក្រោយការលើកឡើងដូច្នោះរបស់លោក Trump លោក Pence បានបដិសេធមិនព្រមបោះឆ្នោតប្រឆាំងនឹងអង្គបោះឆ្នោតនោះទេ។
លោក Pence បានសរសេរថា៖ «នេះគឺជាការវិនិច្ឆ័យប្រកបដោយឧត្ដមគតិរបស់ខ្ញុំ ដែលពាក្យស្បថស្បែរបស់ខ្ញុំថា នឹងគាំទ្រ និងការពាររដ្ឋធម្មនុញ្ញ មិនឲ្យខ្ញុំប្រើប្រាស់សមត្ថកិច្ចឯកតោភាគី ដើម្បីកំណត់លទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោត ដែលថា សន្លឹកឆ្នោតមួយណាត្រូវរាប់ ហើយសន្លឹកឆ្នោតមួយណាមិនត្រូវរាប់នោះទេ»។
Your browser doesn’t support HTML5
ក្រុមអ្នកគាំទ្ររបស់ Trump ដែលរួមមានទាំងក្រុមមួយចំនួនដែលបានប៉ះទង្គិចជាមួយនឹងប៉ូលិស បានចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីយប់ថ្ងៃអង្គារ។ អាជ្ញាធរនិយាយថា ពួកគេបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ចំនួន ៦ នាក់ពីបទចោទប្រកាន់ ដែលរួមមានទាំងការកាន់កាប់អាវុធយុទ្ធភណ្ឌ ការវាយដំប៉ូលិស និងការកាន់កាប់កាំភ្លើងឆក់ផងដែរ។
ដងផ្លូវនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនត្រូវបានបិទ ហើយអភិបាលរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រី Muriel Bowser បានសុំជំនួយពីកងកម្លាំងឆ្មាំការពារជាតិ ដោយភ័យខ្លាចថា អាចនឹងមានការប៉ះទង្គិចគ្នាកើតឡើងទៀតរវាងក្រុមអ្នកតវ៉ា ដែលពេលខ្លះកើតឡើងជាអំពើហិង្សា ដូចដែលរដ្ឋធានីនេះបានជួបប្រទះកាលពីឆ្នាំមុន។
ហាងនានានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនត្រូវបានម្ចាស់ហាងបិទបន្ទះឈើការពារពីខាងក្រៅដើម្បីទប់ស្កាត់ការវាយកម្ទេច ហើយកងកម្លាំងឆ្មាំការពារជាតិបានជួយរដ្ឋធានីវ៉ាស៊ីនតោន និងប៉ូលិសសួនឧទ្យានជាតិក្នុងការគ្រប់គ្រងហ្វូងមនុស្សនៅថ្ងៃពុធនេះ។
អ្នកស្រី Bowser និងអ្នកនយោបាយនៅក្នុងរដ្ឋ Maryland និងរដ្ឋ Virginia បានជំរុញឲ្យពលរដ្ឋស្នាក់នៅតែក្នុងផ្ទះនៅថ្ងៃពុធនេះ ហើយចៀសវាងមិនឲ្យធ្វើបាតុកម្មប្រឆាំងតបតនឹងបាតុកម្មនេះវិញទេ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា