អ្នកស្រី គង់ ចាន់ថា បានចូលកាន់តំណែងជាជំទប់ទី ២ មកពីគណបក្សភ្លើងទៀន ប្រចាំឃុំព្រះដាក់ ដែលជាទីកន្លែងកំណើតរបស់អ្នកស្រី នៅស្រុក បន្ទាយស្រី ខេត្តសៀមរាប កាលពីខែកក្កដា។
មុនពេលចូលមកឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ស្ត្រីវ័យ ២៦ ឆ្នាំរូបនេះ មានអាជីពជាគ្រូបង្រៀនជាប់កិច្ចសន្យានៅកម្រិតបឋមសិក្សា។ បន្ទាប់ពីបានចូលទៅបម្រើការងារនៅសាលាឃុំព្រះដាក់ ការរៀនសូត្រអំពីកិច្ចការរដ្ឋបាលភូមិឃុំ ជាផ្នែកសំខាន់មួយសម្រាប់អ្នកស្រី គង់ ចាន់ថា ក្នុងនាមជាមេឃុំជំទប់ទី ២។
អង្គុយនៅក្រោមផ្ទះសង់ពីឈើមួយខ្នង ក្នុងឃុំព្រះដាក់ អតីតគ្រូបង្រៀនរូបនេះ បានរៀបរាប់ប្រាប់វីអូអេថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ទាំងដែលគ្មានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលនោះ គឺដើម្បីបង្ហាញថា អ្នកស្រីចង់ចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដូចជាការប្រើប្រាស់គ្រឿងញៀន ដែលកំពុងកើតមាននៅក្នុងសហគមន៍របស់អ្នកស្រី។ អ្នកស្រីថ្លែងថា៖
«ទាល់តែយើងសាកល្បងបានយើងដឹងថា វាពិបាក ឬក៏វាយ៉ាងម៉េច។ បើសិនជាយើងអត់គិត ហើយអត់ចេះ ហើយយើងអត់ហ៊ាន អត់ក្លាហានដើម្បីឈរឈ្មោះ គឺយើងនៅតែអីចឹងដដែល អត់ដឹងទេច៎ា!»។
ឃុំព្រះដាក់ ជាឃុំស្ថិតក្នុងចំណោមឃុំសង្កាត់ចំនួន ១០០ របស់ខេត្តសៀមរាប ដែលជាទីតាំងវប្បធម៌សំខាន់មួយរបស់ប្រទេសកម្ពុជា។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ មានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ ដែលបានដាក់បេក្ខជនដណ្តើមយកតំណែងចៅសង្កាត់មេឃុំ និងក្រុមប្រឹក្សាក្នុងខេត្តសៀមរាប។
នៅក្នុងចំណោមគណបក្សទាំងអស់នោះ មានគណបក្សលេចធ្លោពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលបានដាក់បេក្ខជនឈរឈ្មោះនៅគ្រប់ឃុំសង្កាត់របស់ខេត្តទេសចរណ៍មួយនេះ។
អ្នកស្រី គង់ ចាន់ថា បានសង្កេតឃើញការលំបាកមួយចំនួនរបស់ពលរដ្ឋក្នុងឃុំព្រះដាក់ ពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាធរជាតិអប្សរាដើម្បីសង់ ជួសជុល ឬកែលម្អផ្ទះ ដែលជាកត្តាមួយផ្នែកជំរុញឲ្យអ្នកស្រីចូលប្រឡូកក្នុងវិស័យនយោបាយ។ បន្ថែមលើនេះ ការជំរុញឲ្យមានសេវាសាធារណៈឆាប់រហ័ស និងមិនយកកម្រៃជូនពលរដ្ឋ ក៏ដូចជាការផ្តល់ឲ្យពលរដ្ឋមានសិទ្ធិសេរីភាពច្រើន ក្នុងការបញ្ចេញមតិ ក៏ជាផ្នែកមួយ ដែលតោងឲ្យអ្នកស្រីជម្នះភាពភ័យខ្លាច មកឈរឈ្មោះជាបេក្ខជនមេឃុំ រហូតដល់បានឈ្នះឆ្នោតក្លាយជាជំទប់ទី ២។ អ្នកស្រីថ្លែងថា៖
«ចង់និយាយថា ជួយផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ រហ័សទាន់ចិត្ត ហើយនិងមិនយកកម្រៃ ហើយនិងផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ដើម្បីចង់និយាយថាដើម្បីបង្កើតមុខរបរអ្វីមួយ ដើម្បីស្ថាបនា ឬក៏កសាងអ្វីមួយឲ្យគាត់មានសិទ្ធិបញ្ចេញមតិ»។
នៅក្នុងឃុំព្រះដាក់នេះ ដែលស្ថិតនៅចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងសៀមរាប ពលរដ្ឋមួយចំនួនមិនសូវហ៊ានបញ្ចេញមតិអំពីជម្រើសនយោបាយរបស់ពួកគេ ក្រោមហេតុផលមិនសូវបានតាមដានពីស្ថានភាពនយោបាយ និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
ក៏ប៉ុន្តែនៅក្នុងក្រុងសៀមរាប ពលរដ្ឋមួយចំនួននិយាយថា សមាសភាពក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀនក្នុងរដ្ឋបាលឃុំសង្កាត់ មានសារៈសំខាន់សម្រាប់ដំណើរការប្រជាធិបេតយ្យ និងការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋក្នុងក្រុងនេះបានផ្តល់សេចក្តីទុកចិត្តដល់គណបក្សភ្លើងទៀនឲ្យមកបម្រើពួកគេផងដែរ។
លោក នង ធារ៉ា វ័យ ៣០ ឆ្នាំ គឺជាចៅសង្កាត់រងទី ២ នៃសាលាសង្កាត់សាលាកំរើក មកពីគណបក្សភ្លើងទៀន។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកំព្យូទ័រ នៅសាកលវិទ្យាល័យមួយក្នុងក្រុងសៀមរាប។
ស្រដៀងគ្នានឹងអ្នកស្រី គង់ ចាន់ថា ជំទប់ទី ២ នៅឃុំព្រះដាក់ លោក ធារ៉ា មិនមានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលនោះទេ។ លោកបានចូលកាន់តំណែងដំណាលគ្នានឹងមន្ត្រីជាមេឃុំចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឯទៀតក្នុងខេត្តសៀមរាប កាលពីដើមខែកក្កដា ឆ្នាំ ២០២២ នេះ។
យ៉ាងណាក៏ដោយ មន្ត្រីសាលាសង្កាត់ដែលទើបជាប់ឆ្នោតថ្មីរូបនេះ តាំងចិត្តនឹងសិក្សាបន្ថែមពីកិច្ចការរដ្ឋបាល និងការតស៊ូមតិនៅសាលាសង្កាត់ ពាក់ព័ន្ធនឹងការសម្រេចចិត្តណាមួយ ដើម្បីអភិវឌ្ឍសង្កាត់។ ហើយលោកក៏នឹងជួយសម្រួល និងពន្លឿនការងារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សជាងមុន។
លោកប្រាប់វីអូអេកាលពីពាក់កណ្តាលខែកក្កដាថា បញ្ហាបរិស្ថាននៅក្នុងសង្កាត់សាលាកំរើក ក៏ជាកិច្ចការដែលលោកត្រូវផ្តល់អាទិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេស។ លោកថ្លែងថា៖
«សាលាកំរើកគឺជាសង្កាត់បេះដូងនៃខេត្តសៀមរាប ហើយខេត្តសៀមរាប គឺជាខេត្តដែលទេសចរណ៍ទាក់ទាញភ្ញៀវ ដល់ពេលអីចឹងទៅបញ្ហាសំរាមហ្នឹងគឺ វាធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរដែរ វាធុំក្លិនស្អុយ វាធំុក្លិន អីនៅតាមដងផ្លូវ ហើយភ្ញៀវទេសចរ គាត់ដើរតាមផ្លូវហើយ គាត់ធុំក្លិន វាធ្វើឲ្យប៉ះពាល់សុខភាព មិនមែនតែសុខភាពភ្ញៀវទេសចរទេ សុខភាពប្រជាពលរដ្ឋក៏វាធ្វើឲ្យប៉ះពាល់ដែរ»។
ចៅសង្កាត់រងទី ២ វ័យក្មេងរូបនេះ អះអាងថា បើចង់ឲ្យសង្កាត់មានរបៀបរៀបរយទាំងក្នុងវិស័យបរិស្ថាន ឬរដ្ឋាភិបាលសាធារណៈ ចាំបាច់ត្រូវមានកិច្ចសហការល្អប្រសើររវាងសហការីលោកមកពីគណបក្សផ្សេងគ្នា ហើយត្រូវការលុបចោលផ្នត់គំនិតរើសអើងនិន្នាការនយោបាយបក្សនៅក្នុងសាលាសង្កាត់ទាំងមូល។ លោកថ្លែងថា៖
«រាល់ថ្ងៃ វាអត់មានអីទំនាស់កើតឡើងទេ ព្រោះខ្ញុំសង្ឃឹមថា គាត់និងខ្ញុំអាចសហការគ្នាបានល្អ ទាក់ទងនឹងបញ្ហាអីណាមួយ ទាក់ទងនឹងបញ្ហារបស់ប្រជាពលរដ្ឋ សេវាកម្ម ឬក៏បរិស្ថាន ឬក៏ផ្លូវថ្នល់ ឬក៏អសន្តិសុខ ឬសន្តិសុខអីផ្សេងៗហ្នឹង ខ្ញុំសង្ឃឹមថា គាត់នឹងសហការជាមួយពួកយើងទាំងអស់គ្នា»។
មកទល់ពេលនេះ ទាំងអ្នកស្រី គង់ ចាន់ថា និងលោក នង ធារ៉ា មិនទាន់ទទួលបានការបែងចែកការងារនៅសាលាឃុំ និងសង្កាត់នៅឡើយ ក្រោយការប្រកាសចូលកាន់តំណែងកាលពីដើមខែកក្កដានេះ។ ហើយអ្នកទាំងពីរ សុទ្ធតែជាមន្ត្រីឃុំសង្កាត់វ័យក្មេងមកពីគណបក្សប្រឆាំង ដែលមានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលនៅមានកម្រិត។ ដូច្នេះការតស៊ូមតិ ដើម្បីសម្រេចបានគោលដៅនៃគោលនយោបាយក្នុងសហគមន៍របស់ពួកគេ អាចនឹងជួបបញ្ហាប្រឈមច្រើន។
អ្នកស្រី គង់ ចាន់ថា បានឲ្យដឹងថា នៅពេលនេះ អ្នកស្រីគ្រាន់តែទៅបង្ហាញមុខនៅសាលាឃុំព្រះដាក់ដើម្បីឲ្យពលរដ្ឋបានស្គាល់។ ហើយដំណាលគ្នានោះ អ្នកស្រី ត្រៀមនឹងរៀនសូត្របន្ថែមពីកិច្ចការច្បាប់និងសេដ្ឋកិច្ច ដើម្បបម្រើប្រជាពលរដ្ឋក្នុងសហគមន៍របស់អ្នកស្រី ជាទីដែលពលរដ្ឋមិនសូវមានជីវភាពធូរធា។
សម្រាប់អ្នកស្រី គង់ ចាន់ថា ការតស៊ូមតិនៅសាលាឃុំ ជាក្តីបារម្ភមួយផងដែរសម្រាប់អ្នកស្រី ព្រោះគ្រួសារអ្នកស្រីធ្លាប់ពើបប្រទះការរើសអើងខាងនយោបាយ ដោយសារតែការគាំទ្រគណបក្សប្រឆាំង។ ហើយនៅក្នុងសាលាឃុំទៀតសោត គឺមានតែអ្នកស្រីម្នាក់ឯងប៉ុណ្ណោះ ដែលបានជាប់ឆ្នោតតាមការបោះឆ្នោតរបស់ពលរដ្ឋជូនគណបក្សភ្លើងទៀន។ អ្នកស្រីឲ្យដឹងថា៖
«ខ្ញុំគិតដែរតើបង ព្រោះអីយើងម្នាក់ឯង ហើយស្រី ហើយនៅក្មេងទៀត ខ្ញុំគិតថាខ្លាចតែខ្ញុំជំទាស់អីគេ ឬក៏ចង់លើកអ្វីមួយទៅ គេអត់យល់ស្របតាមយើង។ យើងមិនដឹងថាជជែកជាមួយអ្នកណាគេ ព្រោះយើងម្នាក់ឯង»។
ដោយឡែក លោក នង ធារ៉ា ចៅសង្កាត់រងទី ២ នៃសង្កាត់សាលាកំរើក មានសុទិដ្ឋិនិយមក្នុងការតស៊ូមតិ ដោយលើកហេតុផលថា លោកធ្លាប់ចូលប្រឡូកការងារនេះមួយចំនួននាពេលកន្លងមក។ អ្វីដែលជាការបារម្ភរបស់លោកនោះ គឺការបែងចែកការងារ និងបន្ទប់សម្រាប់ធ្វើការនៅសាលាសង្កាត់ ដែលមានមន្ត្រីក្រុមប្រឹក្សាពីររូបទៀត បានជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន។
ក្នុងនាមតួនាទីលោកជា ចៅសង្កាត់រងទី ២ លោកនឹងត្រូវទទួលបន្ទុកការងាររបស់គណៈកម្មការគ្រប់គ្រងគម្រោង គណៈកម្មាការយុទ្ធនាការជំងឺអេដស៍ គណៈកម្មការឃោសនា សកម្មភាពរួមស្តីពីគណនេយ្យភាពសង្គម និងគណៈកម្មការបរិស្ថាន និងសណ្តាប់ធ្នាប់ ដែលជាការចាត់ចែងដោយក្រសួងមហាផ្ទៃ។ លោក នង ធារ៉ា រៀបរាប់ថា៖
«ខ្ញុំចង់បាន លក្ខណៈថា បន្ទប់ដាច់ដោយឡែកពីគ្នា ឧទាហរណ៍ចៅសង្កាត់ ឬក៏មេឃុំគឺមានបន្ទប់មួយ។ ចៅសង្កាត់រងទី ១ អីចឹង គាត់មានបន្ទប់មួយ ចៅសង្កាត់រងទី ២ មានបន្ទប់មួយ បន្ទប់រដ្ឋបាល មានបន្ទប់មួយ បន្ទប់ស្មៀនមានបន្ទប់មួយ ក្រុមប្រឹក្សាឃុំសង្កាត់ ក៏មានបន្ទប់មួយអីចឹងទៅ ដើម្បីប្រជាពលរដ្ឋ គាត់មកទទួលសេវាកម្មហ្នឹងបានល្អ ហើយនិងចំគោលដៅ»។
នៅឯឃុំរុណតាឯកវិញ លោក ម៉ុច សៅ អាយុ ៣៦ ឆ្នាំ ជាបេក្ខជនមកពីគណបក្សភ្លើងទៀន និងមួយរូបទៀតមកពីគណបក្សដដែលនេះបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំជំទប់ទី ២ នៅសាលាឃុំរុណតាឯក។
លោក ម៉ុច សៅ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំនោះ ក៏ជួបបញ្ហាប្រឈមស្រដៀងគ្នា នឹងបេក្ខជនជាប់ឆ្នោតមួយចំនួនទៀតរបស់គណបក្សភ្លើងទៀន ពោលគឺត្រូវសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍អំពីកិច្ចការរដ្ឋបាលក្នុងឃុំ។ លោកថ្លែងថា៖
«បើយើងបានចូលទៅក្នុងក្រុមប្រឹក្សាហើយ យើងអាចថា មានតួនាទីបន្តិចបន្តួច មិនឲ្យគេធ្វើតែគេ អត្តនោម័តិពេកទេ យើងអាចមាន ដូចថា ការនិយាយស្តីរបស់យើងទៅកាន់គេខ្លះបាទ»។
មុនពេលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នេះ លោក ម៉ុច សៅ មានរបរកសិកម្ម ដោយពុំធ្លាប់ធ្វើការក្នុងផ្នែករដ្ឋបាលទេ។ លោកបានទទួលការសិក្សាក្នុងកម្រិតបឋមសិក្សាប៉ុណ្ណោះ ក៏ប៉ុន្តែភាពយឺតយ៉ាវនៃសេវារដ្ឋបាលនៅសាលាឃុំ និងជម្លោះដីធ្លីមួយចំនួនដែលមិនទាន់ដោះស្រាយរួចនៅមូលដ្ឋានរបស់លោក បានលើកទឹកចិត្តឲ្យលោកចូលប្រឡូកជាមួយគណបក្សភ្លើងទៀន ដែលជាបក្សបង្កើតឡើងដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា វត្តមានរបស់គណបក្សចម្រុះនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ នឹងបង្កើតឲ្យមានច្រកនៃការផ្ទៀងផ្ទាត់ការប្រើប្រាស់អំណាច ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងធានាបានតម្លាភាព និងគណនេយ្យភាពចំពោះការបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន។ លោកនិយាយថា៖
«ជាជំហានល្អមួយក្នុងការចូលរួមត្រួតពិនិត្យអំណាចគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌនៃការគ្រប់គ្រងអនុវត្តការងារនៅមូលដ្ឋានហ្នឹង។ កាលណាយើងមានគណបក្សច្រើន យើងមានតំណាងពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតជ្រើសរើសហ្នឹងច្រើន យើងគិតថា ពលរដ្ឋប្រហែលជាអាចមានជម្រើស នៅក្នុងការជំរុញឲ្យមានគណនេយ្យភាពនៅមូលដ្ឋានហ្នឹងប្រសើរជាងមុន ព្រោះគាត់អាចទៅរកអ្នកធ្វើកិច្ចការណាមួយអត់ដំណើរការ គាត់អាចទៅរកអ្នកផ្សេង»។
ជុំវិញកង្វះបទពិសោធន៍របស់សមាសភាពសមាជិកក្រុមប្រឹក្សា ឬជំទប់ឃុំ និងចៅសង្កាត់រងរបស់គណបក្សភ្លើងទៀន លោក ប៉ិច ពិសី ពន្យល់ថា ក្រសួងមហាផ្ទៃ មានចំណែកក្នុងការបណ្តុះបណ្តាលក្រុមប្រឹក្សាដែលខ្វះពិសោធន៍ និងជំនាញ។ ប៉ុន្តែជាចំណុចចាប់ផ្តើមនោះ គឺក្រុមប្រឹក្សាគួរតែត្រូវទទួលសិទ្ធិអំណាចក្នុងការបម្រើពលរដ្ឋជាមុនសិន។ លោកថ្លែងប្រាប់វីអូអេថា៖
«ទោះបីជាគាត់មិនមានបទពិសោធន៍ មិនមានចំណេះដឹងទូលំទូលាយ ប៉ុន្តែជាចំណុចចាប់ផ្តើម គឺគាត់ចូលធ្វើការសិន... អីចឹង រឿងចាំបាច់ជាងគេ គឺរឿងការផ្តល់សិទ្ធិអំណាច ការបង្កើតបរិយាកាសឲ្យគាត់ធ្វើការ តាមតួនាទីភារកិច្ចរបស់គាត់ទៅ ខ្ញុំគិតថា គាត់អាចរៀនសូត្របណ្តើរៗ ហើយធ្វើកិច្ចការបានហើយ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ កាលពីថ្ងៃសុក្រ ទី ២២ ខែកក្កដា បានទេ ដោយសារលោកមានបញ្ហាសុខភាព។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេកាលពេលថ្មីៗនេះថា គណបក្សមានភាពប្រថុចញុចក្នុងការរៀបចំបេក្ខជន ដោយសារគណបក្សភ្លើងទៀនបានដំណើរឡើងវិញក្នុងរយៈពេលខ្លី មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ យ៉ាងណាមិញ លោកថា គណបក្សនឹងធ្វើការបណ្តុះបណ្តាលក្រុមប្រឹក្សាដែលទើបជាប់ឆ្នោត ហើយមិនមានចំណេះដឹងទូលំទូលាយ និងខ្វះខាតបទពិសោធន៍។ លោកថ្លែងថា៖
«តម្រូវការទៅតាមផ្លូវច្បាប់ ក៏គេមិនតម្រូវឲ្យអ្នកដែលចេះដឹងមានសញ្ញាបត្រ ខ្ពស់ៗអីដែរ ឲ្យត្រឹមតែអានបាន សរសេរបានទេ ហើយបើចំពោះជាមួយគណបក្សប្រជាជន ក៏វាប្រហាក់ប្រហែលគ្នាតាមមូលដ្ឋាន គ្មាននរណាបរិញ្ញាបត្រ គ្មានអីទេ វាមានតិចណាស់។ អីចឹងទៅ នៅតាមឃុំសង្កាត់ហ្នឹង គ្រាន់តែថា គណបក្សប្រជាជន គាត់ធ្លាប់មានបទពិសោធន៍ធ្វើជាក្រុមប្រឹក្សា មេឃុំជំទប់អីចឹង យូរចឹងទៅ ហើយគ្នាយើងអ្នក ដែលខាងគណបក្សភ្លើងទៀន ដែលមានបទពិសោធន៍នៅក្នុងហ្នឹង គាត់វាធ្វើការប្រហាក់ប្រហែលគ្នាអីចឹងដែរ វាមិនជាខុសគ្នាប៉ុន្មានទេ»។
អនុប្រធានគណបក្សភ្លើងទៀនរូបនេះ មិនបារម្ភខ្លាំងនឹងបទពិសោធន៍ការងារមានកម្រិតរបស់ក្រុមប្រឹក្សាទើបតែជាប់ឆ្នោតថ្មីៗនោះទេ តែសំឡេងភាគតិចរបស់គណបក្សភ្លើងទៀននៅតាមឃុំសង្កាត់ អាចជាឧបសគ្គមួយ ដើម្បីជំរុញឲ្យអ្នកគ្រប់គ្រងរដ្ឋបាលភូមិឃុំសង្កាត់ ធ្វើទៅតាមអ្វីដែលអាចជាប្រយោជន៍រួមសម្រាប់ពលរដ្ឋនៅមូលដ្ឋាន។ លោកថ្លែងថា៖
«ចំពោះការអភិវឌ្ឍនៅឃុំសង្កាត់ហ្នឹង គឺវាត្រូវអនុម័តផែនការអភិវឌ្ឍហ្នឹង ដោយក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹង ហើយបើឃុំសង្កាត់ហ្នឹង យើងមិនអាចជាប់ជាមេឃុំ ចៅសង្កាត់ទេ យើងអត់មានសំឡេងគ្រប់គ្រាន់ក្នុងការដែលយើងសម្រេចទៅតាម គោលនយោបាយរបស់គណបក្សភ្លើងទៀន បានទេ បានយើងត្រឹមតែជំទាស់ប៉ុណ្ណឹងទេ។ ហើយជំទាស់ហ្នឹង គឺយើងមិនជំទាស់ឈ្នះគេដែរ ដោយសារតែគេសំឡេងភាគច្រើន ដូច្នេះយើងត្រូវតែគោរពទៅតាមហ្នឹង ការរៀបចំអភិវឌ្ឍទៅតាមហ្នឹង»។
ក្នុងខេត្តសៀមរាប ក្រោយការបោះឆ្នោតឃុំសង្កាត់សម្រាប់អាណត្តិទី ៥ នេះ គណបក្សភ្លើងទៀនទទួលបាន ១៥៣ អសនៈ ដែលនាំឲ្យបេក្ខជនមួយរូបរបស់គណបក្សនេះបានក្លាយជាចៅសង្កាត់រង ឬជំទប់ទី ១ និង ៩០ នាក់ បានក្លាយជាចៅសង្កាត់រង ឬជំទប់ទី ២ និងសមាជិកក្រុមប្រឹក្សា នៅតាមឃុំសង្កាត់ចំនួន ៩១ឃុំសង្កាត់ក្នុងចំណោមឃុំសង្កាត់ទាំងអស់ ១០០ ឃុំសង្កាត់។
សំឡេងនេះ គឺនៅទាបជាង អតីតគណបក្សសង្គ្រោះជាតិដែលទទួលបាន ៣៤៧ អសនៈ ក្នុងនោះឈ្នះជាចៅសង្កាត់មេឃុំចំនួន ៥៦ ឃុំសង្កាត់ កាលពីពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧។ នេះបើតាមគណបក្សភ្លើងទៀនក្នុងខេត្តសៀមរាប។
បើតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅឆ្នាំ ២០២២ នេះ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះកាន់កាប់អសនៈជាមេឃុំ និងចៅសង្កាត់នៅគ្រប់ឃុំសង្កាត់ក្នុងខេត្តសៀមរាប ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានឃើញនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គួរឲ្យកត់សម្គាល់ បើទោះបីជាវិស័យទេសចរណ៍ដែលជាចំណូលសំខាន់របស់ខេត្តនេះ មិនទាន់រើបខ្លាំងវិញក៏ដោយ បន្ទាប់ពីការវាយប្រហាររបស់ជំងឺកូវីដ១៩។
អ្នករត់ម៉ូតូកង់បីក្នុងខេត្តសៀមរាប លោក ស៊ុម វុត្ថា អាយុ ៤៦ ឆ្នាំ កោតសរសើរ ការអភិវឌ្ឍដែលកំពុងលេចឡើងក្នុងទីក្រុងសៀមរាប។
នៅក្នុងវិស័យនយោបាយ លោករំពឹងថា ការចូលរួមរបស់ក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សជំទាស់ក្នុងរដ្ឋបាលឃុំសង្កាត់ នឹងជំរុញឲ្យមានការអភវិឌ្ឍច្រើនថែមទៀត និងមានគណនេយ្យភាពនៅតាមភូមិឃុំសង្កាត់។ នេះមានន័យថា ការសម្រេចលើគម្រោងអភិវឌ្ឍណាមួយនោះ នឹងឆ្លងកាត់ការពិភ្សាគ្នាស្តីពីផលប្រយោជន៍ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមឃុំសង្កាត់។ លោកប្រាប់វីអូអេថា៖
«មិនថា រកស៊ី មិនថា ធ្វើនយោបាយទេ ទាល់តែមានដៃគូបានអាចប្រសើរ និងរីកចម្រើន បើសិនបើជាតែម្នាក់ឯង អីចឹងទៅណា៎! គឺថា ដូចយើងថា ធ្វើអ្វីតែម្នាក់ឯង វាអត់មានគេហៅថា អ្នកជាដៃគូ អីចឹងមានន័យថា មិនប្រសើរទេ»។
ចៅសង្កាត់សាលាកំរើកនៃក្រុងសៀមរាប លោក សាម ឡម ដែលគ្រប់គ្រងសង្កាត់បីអាណត្តិជាប់ៗគ្នានោះ ចាត់ទុកថា ការបង្ហាញខ្លួនរបស់សមាសភាពនៃសមាជិកក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀន នៅសាលាសង្កាត់ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាពលរដ្ឋ ហើយលោកបានចាប់ផ្តើមធ្វើការរួមគ្នា ជាមួយសមាសភាពថ្មីនេះ ដើម្បីបម្រើប្រយោជន៍របស់ភូមិឃុំសង្កាត់។
បើតាមលោក សាម ឡម ទំនាស់ការងារនឹងមិនកើតឡើងទេ នៅពេលអនាគត បើសិនជាមានការផ្លាស់ប្តូរយោបល់គ្នា និងស្តាប់គ្នាទៅវិញទៅមកនោះ។ លោកមានប្រសាសន៍ថា៖
«ការងារឲ្យចេះស្តាប់គ្នា ចេះសួរយោបល់ថា តើធ្វើអីចេះទៅវាត្រូវ ឬក៏ខុស? ហើយបើសិនជាយោបល់ខ្ញុំអីចេះទៅ យើងលើកក្នុងអង្គប្រជុំទៅ បើថា យើងមានសំណូមពរអី អង្គប្រជុំគេ ពិភាក្សាគ្នាទៅ គឺថា យើងត្រូវគួរ យើងត្រូវធ្វើម៉េច? អានេះ គឺជាកិច្ចការងារ យើងមានក្រុមសង្កាត់តើ! ពេលប្រជុំយើងលើកទៅ! ការងារនៅក្នុងរដ្ឋបាលសង្កាត់ វាគ្មានអីបញ្ហាប្រឈមទេឲ្យតែយើងអនុវត្តទៅតាម គោលការណ៍បទបញ្ជាផ្ទៃក្នុង ហើយនិងច្បាប់រដ្ឋបាលឃុំសង្កាត់ វាអត់មានបញ្ហាប្រឈមទេ»។
ទាក់ទិនការបែងចែកការងាររបស់សមាសភាពថ្មីនៃសមាជិកក្រុមប្រឹក្សា និងចៅសង្កាត់រងទី ២ មកពីគណបក្សជំទាស់ លោកចៅសង្កាត់ សាម ឡម ពន្យល់ថា តាមនីតិវិធី ក្រោយការប្រកាសសុពលភាពហើយ នឹងមានការប្រជុំឆ្លងបទបញ្ជាផ្ទៃក្នុង។ ហើយនៅពេលខេត្តទទួលស្គាល់ជាផ្លូវការនូវបទបញ្ជាផ្ទៃក្នុងនោះ ការរៀបចំគណៈកម្មការនៅសង្កាត់នឹងធ្វើឡើង បន្ទាប់មកនឹងមានការបែងចែកការងារទៅតាមភារកិច្ច ជំនាញ និងតួនាទីអ្នកបម្រើការងារនៅក្នុងសង្កាត់។
ការវិលមកវិញរបស់គណបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងនយោបាយជាមួយគណបក្សកាន់អំណាច និងគណបក្សផ្សេងៗទៀតនោះ គឺជារឿងនឹកស្មានមិនដល់។ នេះបើតាមអ្នកតាមដាននយោបាយក្នុងប្រទេសកម្ពុជាដែលបានលើកឡើងកន្លងមក។
គណបក្សជំទាស់មួយនេះ បានផ្អាកដំណើរការ ពេលមានការបង្កើតឡើងគណបក្សសង្គ្រោះជាតិ នៅឆ្នាំ ២០១២ ដែលក្រោយមកត្រូវបានរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រំលាយចោលនៅឆ្នាំ ២០១៧ ក្រោមហេតុផលនៃការសង្ស័យថា គណបក្សដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្សជាសហស្ថាបនិកនោះ មានគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោយមានបរទេសនៅពីក្រោយ។
អ្នកស្រី គង់ ចាន់ថា ដែលជាប់ឆ្នោតជាមេឃុំជំទប់ទី ២ នៃឃុំព្រះដាក់ ស្ទាក់ស្ទើរនូវការរំឭកឡើងវិញនៃអនុស្សាវរីយ៍អ្នកស្រី អំឡុងពេលអ្នកស្រីជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ជំនួសមកវិញនូវរឿងអតីតកាលកន្លងផុតទៅនោះ អ្នកស្រីពេលនេះមានក្តីសប្បាយដែលបានជាប់ឆ្នោត ហើយសង្ឃឹមថា គ្មានការរើសអើងនយោបាយជាថ្មីទៀត ក្នុងចំណោមអ្នកដែលធ្វើការបម្រើប្រជាជនខ្មែរ។ អ្នកស្រីថ្លែងថា៖
«ព្រោះអីយើងជិះទូកជាមួយគ្នាហើយ បម្រើប្រជាជនដូចគ្នា។ យើងគួរតែសម្របសម្រួល អធ្យាស្រ័យគ្នាកុំប្រកាន់និន្នាការនយោបាយ យកមកដាក់ពីមុខ ព្រោះអីយើងធ្វើការជាមួយគ្នា គឺដើម្បីប្រជាជន តែយើងរវល់តែប្រជែងគ្នាយកឈ្នះ យកចាញ់គ្នា គឺប្រជាជនគាត់អាចមើលដឹងហើយថា យើងធ្វើការបានកើតឬអត់ មិនកើតអីចឹងទៅ គាត់នឹងមានបញ្ហាមួយថា ធ្វើការម៉េចកើត បើនៅកន្លែងក្រុមខ្លួនឯង ឈ្លោះតែគ្នា ប្រជែងតែគ្នាអីចឹង!»៕