ក្រុម​គ្រួសារ​អ្នក​ជំងឺ​មហារីក​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​​កម្លំាង​ចិត្ត​ពី​សហគមន៍

អូន រីត្រា​ ដែល​មានសុបិនចង់ក្លាយ​ជា​មេធារី​ ឬចៅ​ក្រម​តាំងពី​នៅ​ក្មេង​ ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​អស់​រយៈពេល​ជាង​ ៤ឆ្នាំ​​តាំងពីឆ្នាំ២០១៧​។ នាង​ទទួល​មរណភាព​នៅ​អាយុ​ ២៩ ឆ្នាំ​ កាល​ពី​ខែ​តុលា ឆ្នាំ​២០២០​។​ (ខាន់ សុគុំមនោ​/វីអូអេ)

អូន​ ​រីត្រា មាន​សុបិន​ចង់​ក្លាយ​ជា​មេធាវី​ ឬ​ចៅក្រម​តាំ​ងពីក្មេង​។ រីត្រា​ ធំ​ធាត់​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ឪ​ពុក​ ​និងម្តាយ​ជា​អ្នក​លក់ដូរ​ក្នុង​ផ្សារ​។ ទោះ​បីឪពុក​ម្តាយ​របស់ ​រីត្រា ​មិន​មាន​ជីវភាព​ស្តុក​ស្តម្ភ អ្នក​ទាំង​ពីរ​ផ្តល់​ភាព​កក់​ក្តៅ​ និង​ការ​គាំទ្រដែល​រីត្រាត្រូវ​ការ​គ្រប់​យ៉ាង ដើម្បីឱ្យសុបិន​របស់​គាត់​ក្លាយ​ជា​ការ​ពិត។

ជា​បង​ស្រី​ធំក្នុង​ចំណោម​កូន​ស្រី​៣នាក់ រីត្រា​ ខិត​ខំ​រៀន​សូត្រ ដើម្បី​លើក​ទឹកចិត្ត​ឪពុក​ម្តាយ។ រីត្រា​មាន​គម្រោង​រក​ការងារ​ដែល​អាច​ផ្គត់ផ្គង់​ឪពុក​ម្តាយ​នៅ​ពេល​ដែល​ពួក​គាត់​ចាស់​បន្តិច។

ប៉ុន្តែក្នុង​ឆ្នាំ​២០១៧ ក្នុង​ដំណើរ​កម្សាន្តមួយ ក្រោយ​រីត្រា​រៀប​ការ​បាន​២​សប្តាហ៍​ ​ស្វាមី​របស់រីត្រា​ត្រូវ​ជូន​នាង​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ បន្ទាប់​ពី​រីត្រា​មា​ន​អាការៈ​ឈឺចុក​ចាប់ ហើម​ពោះ​បន្ទាប់​ពីហូប​ទុរេន​បាន​ប៉ុន្មាន​ក្លែប។ គ្រូពេទ្យ​ប្រាប់​ថា ​រីត្រា​មិន​មាន​បញ្ហា​អ្វី​ទេ​ គ្រាន់​តែប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​មិន​ល្អ ដូច​នេះ​គ្រូ​ពេទ្យ​ចេញ​វេជ្ជ​បញ្ជា​ជា​ថ្នាំ​ជួយ​រំលាយ​អាហារតែ​ប៉ុណ្ណោះ​។

សម្រាប់​រីត្រា​ នេះ​ជា​សញ្ញា​មិនល្អ ព្រោះ​ខ្លួន​ធ្លាប់​មាន​បទ​ពិសោធន៍​ស្រដៀង​គ្នា​ កាល­​ពី​ឆ្នាំ​២០១៣។ ក្រោយ​បត់​ជើង​មាន​ឈាម ហើយ​ចុក​ពោះ​ខ្លាំង ឪពុក​រីត្រាជូន​រីត្រា​ទៅ​គ្លីនិក​ឯកជន​មួយ​ ដែល​ពេទ្យប្រាប់ថា​ គាត់​មាន​បញ្ហា​ក្រពះ។​ រីត្រា​ព្យាយាម​តម​អាហារ​ខ្លះ​ ដូចជា​ទុរេន​ ឬម្ទេស​ ឬ​ក៏​អយស្ទ័រ​ជា​ដើម ក្រោយ​សម្គាល់​ឃើញ​រោគ​សញ្ញា​មិន​ប្រក្រតី​មួយ​ចំនួន។

ក្រោយ​ត្រឡប់​មក​ភ្នំពេញ​វិញ​ពី​ដំណើរ​កម្សាន្តក្រេប​ទឹក​ឃ្មុំ​ជាមួយ​ស្វាមី​ រីត្រា​ប្រញាប់​ទៅ​ពេទ្យ​អង្គការ​មួយ។ ទីនោះ​ពេទ្យ​ប្រាប់​ថា ​រីត្រា​មាន​គីស​នៅ​ដៃ​ស្បូន​ទាំង​សង​ខាង។

«ហើយ​ខ្ញុំ​សួរ​ពេទ្យ​ថា ចឹង​មាន​ដំណោះ​ស្រាយ​អី? ព្យាបាល​ធ្វើ​ម៉េច។ គាត់​ថា​ អត់​មាន​វិធី​អី​ ក្រៅ​ពី​វះកាត់​ស្បូន​ហ្នឹង​ទាំង​អស់​ទេ»​។

រីត្រា​មិន​អស់​ចិត្ត​ ហើយ​ស្រាវ​ជ្រាវ​ដោយ​ការ​អាន​ និង​តាម​ដាន​ប្រភព​មួយ​ចំនួន​។​ ​នេះ​ជា​ទម្លាប់​របស់​រីត្រា​ ដែល​ជា​មនុស្ស​ឧស្សាហ៍ខិត​ខំ​ប្រឹងប្រែង​រៀន​សូត្រ។ នៅ​ខែ​កក្ក​ដា ឆ្នាំ​២០១៧ ក្រុម​គ្រួសារ​រីត្រា​ជូន​នាង​ទៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ថៃ។

អូន រីត្រា​ អង្គុយ​សិក្សាស្រាវជ្រាវអំពីជំងឺ​មហារីក និងវិធី​ថែទាំ​ខ្លួនដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ កាល​ពី​ខែកញ្ញា​ ឆ្នាំ​២០១៩។ (ខាន់ សុគុំមនោ​/វីអូអេ)

គ្រា​នោះ​ហើយ​ រីត្រា​បាន​ស្រាយ​ចម្ងល់​ខ្លួន​តាំងពី​ជាង​៤​ឆ្នាំ​មុន​ ដែល​ជា​រឿយៗ​នាង​សម្គាល់​រោគ​សញ្ញា​នានា​ ដូចជា​ការ​បន្ទោរ​បង់​ចេញ​ឈាម​ ការ​ចុក​ពោះ​ ​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ និង​ការ​អស់​កម្លាំង​ជា​ដើម​។

តាម​រោគ​វិនិច្ឆយបញ្ជាក់​ថា​ រីត្រា មាន​ជំងឺ​មហា​រីក​ពោះ​វៀន​ ហើយ​វាបាន​រាល​ដាល​ទៅ​ដល់​ដៃស្បូន​ទាំង​សង​ខាង។

រីត្រា​ប្រាប់​វីអូអេ​ថា៖ «គេ​តាម​ដាន​យើង​មួយ​អាទិត្យ បាន​គេ​មើល​ដឹង​ថា​វា​នៅ​ពោះ​វៀន​។ ចឹង​ទៅ​ ពេទ្យ​ក៏​លួង​យើង​ឱ្យវះ​»។​

ជីវិត​រីត្រា​ក៏​ដូច​ជា​ជីវិត​របស់​អ្នក​មាន​ជំងឺ​មហារីក​ផ្សេង​ទៀត ត្រូវ​បាន​ផ្លាស់​ប្តូរ។

ជំងឺ​មហារីក គឺជា​ពពួក​ជំងឺ​មួយ​ក្រុម​ធំ​ ដែល​អាច​កើត​ឡើង​ នៅសឹង​តែគ្រប់​សរីរាង្គ ឬ​ជាលិកានៃ​រាងកាយ​ នៅ​ពេល​ដែល​កោសិកាមិន​ប្រក្រតី​ណា​មួយ​លូត​លាស់​លឿន ដោយមិន​មាន​ការគ្រប់​គ្រង​ ឬ​ហួសពី​ព្រំដែន​ធម្មតា ​ហើយ​បន្ទាប់​មក អាច​វាយ​លុកប្រព័ន្ធ​រាង​កាយ​ផ្សេងៗ និងរីក​រាល​ដាល​ដល់​សរីរាង្គ​ផ្សេងៗ។ ជំងឺ​មហារីក ជា​បុព្វហេតុ​បង្ក​ឲ្យ​ស្លាប់​លំដាប់​ទី​២​នៅ​លើ​ពិភព​លោក​។ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក WHO។

ក្នុង​ឆ្នាំ២០១៨​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​មហារីក​ចំនួន ១៥​ ៣៦២នាក់​ ដែល​មាន​អ​ត្រា​ស្លាប់​ខ្ពស់​ដល់៧៦%។​ នេះ​បើ​យោង​តាម​តួ​លេខរបស់ WHO​ ចុះផ្សាយក្នុង​ឆ្នាំ​២០២០។ គេ​ព្យាករណ៍​ថា​ចំនួនអ្នក​កើត​ជំងឺ​មហារីក​នឹង​កើន​ទ្វេ​ដង​នៅ​ឆ្នាំ​២០៤០។ មហារីក​ថ្លើម​ គឺ​ជា​ប្រភេទមហារីក ​ដែល​មាន​អ្នក​កើត​ច្រើន​ជាង​គេ​នៅ​កម្ពុជា បន្ទាប់​មក​គឺ​ជំងឺ​មហារីក​សួត មហារីក​សុដន់​ មហារីក​មាត់​ស្បូន​ និង​មហារីក​ពោះវៀន។

អ្នក​ដែល​ឆ្លង​កាត់​ជំងឺ​មហារីក​ ឬ​គ្រួសារ​ដែល​ធ្លាប់​មាន​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​កើតជំងឺ​មហារីក​នេះ យល់​ច្បាស់​ថា​ ​ជំងឺ​មហារីកប៉ះ​ពាល់ដល់​សុខ​ភាព​រូបរាង​កាយ ជីវិត​អ្នក​ជំងឺ​ផ្ទាល់​ និង​ក្រុម​គ្រួសារ​របស់​អ្នក​ជំងឺ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ក្រុម​គ្រូ​ពេទ្យ​ព្យាបាល​ជំងឺ​មហារីក​ដែល​វីអូអេ​សាកសួរ។

នៅ​កម្ពុជា​ អ្នក​ដែល​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យឃើញ​ថា​ខ្លួន​មាន​ជំងឺ​មហារីកនៅ​ដំណាក់​កាល​ចុង​ក្រោយ ​ត្រូវ​បានអ្នក​ជុំ​វិញ​ខ្លួន​ពន្យល់ប្រាប់​ពួកគេឱ្យ​ស្ងប់​ចិត្ត​ រៀប​ចំ​ឆាក​ជីវិត​ រៀប​ចំ​ទុក​ដាក់​កូន​ចៅ​ និង​ធ្វើអ្វី​ៗឱ្យហើយ​ សម្រាប់ជីវិត​ចុង​ក្រោយ​ដែល​នៅ​សេស​សល់។

ប៉ុន្តែ​សម្រាប់ រីត្រា​ ក្រុម​គ្រូពេទ្យ​នៅ​ថៃបាន​ធានា​ថា​នៅ​មាន​សង្ឃឹម។

រីត្រា​និយាយ​ថា​៖ «ដោយ​សារ​ពោះវៀន​ហ្នឹង សាច់​ហ្នឹង​នៅ​ចំ​ Sigmoid កន្លែង​មួយ​បត់​ទៀត​បាន​មក​ដល់​rectum ចឹង​ក៏​ពេទ្យ​វះ​បាន ហើយ​ភ្ជាប់​វា​វិញ​ភ្លាមៗ។​ បើ​នៅ​តិច​ទៀត​ ជិត​ទៅ​ដល់​ Rectum ទាល់​តែ​យើង​ចោះ​រន្ធ​មួយ ដើម្បី​បត់​ជើង​ធំ​។ តែ​សំណាង​ល្អ​ ពេល​ហ្នឹង​ យើង​អត់​ដល់​ហ្នឹង​ទេ»។

រីត្រា​រៀប​រាប់​ប្រាប់​វីអូអេ​បន្ថែម​ថា​ ក្រុម​គ្រួសារ​នាង​ចំណាយ​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​រួច​ទៅហើយ​ក្នុង​ពេល​មួយ​សប្តាហ៍​ សម្រាប់​ថ្លៃ​ឈ្នួល​សេវាធ្វើ​រោគ​វិនិច្ឆយ ការ​វះ​កាត់​ ការ​ធ្វើ​ដំណើរ អាហារ​ និង​កន្លែង​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាងកក។ ការ​ធ្វើ​ដំណើរ​ទៅ​មក​ និង​ការ​ចំណាយ​ទៅ​លើ​សេវា​ព្យាបាល​នេះ បន្ត​រហូត​ដល់​ដើម​ឆ្នាំ​២០២០។​

ការ​ព្យាបាល​ជំងឺ​មហារីក​នៅ​កម្ពុជា​

កម្ពុជាចាប់​ផ្តើម​ព្យាបាល​ជំងឺ​មហារីកដំបូង​ក្នុង​ឆ្នាំ​២០០៣ នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ​-សូវៀត។ ក្នុងឆ្នាំ​២០១៨​ មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក​ថ្មី ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។ ​សព្វ​ថ្ងៃ​នេះ ​កម្ពុជាមាន​ពេទ្យ​ជំនាញប្រមាណ​៥០​នាក់​ ដែល​អាច​ព្យាបាល​ជំងឺ​មហារីក។ នេះ​បើ​តាម​លោក​វេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក​ ដែល​ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​មហារីក មាន​បទ​ពិសោធន៍​ជាង​២០ឆ្នាំ​មក​ហើយ។ លោកថា​លោក​ព្យាបាល​អ្នក​ជំងឺ​ ជា​មធ្យម​យ៉ាង​តិច ៣០០​នាក់ក្នុង​មួយ​ឆ្នាំៗ។

លោក​ប្រាប់​វីអូអេ​ថា៖ «និយាយ​មែន​ទែន​ទៅ ពេទ្យ​មហារីក​នៅ​លើ​ពិភព​លោក​ ប្រទេស​ណា​ក៏​ខ្វះ​ដែរ។ គ្រាន់​តែ​ថា​យើង​ប្រជាជនប្រមាណ១៦​លាន​នាក់ មាន​ប៉ុណ្ណឹង​អត់​គ្រប់​ទេ។ មែន​ទែន​ទៅ​វា​គួរ​តែ​មាន​ច្រើន​ជាង​ហ្នឹង រហូត​ដល់​តា​ម​ខ្ញុំ​មើល​ទៅ​ អាច​ត្រូវការ​គ្រូពេទ្យ​មហារីក​ថែម​១ពាន់​នាក់​អី​ដែរ ​បាន​អាច​ឆ្លើយ​តបបាន​តាម​តម្រូវការ​និង​ការ​ចង់​បាន​របស់​អ្នក​ជំងឺ និង​គ្រួសារ​គាត់​»។

ជំងឺ​មហារីក​អាច​ព្យាបាល​ដោយ​ការ​វះ​កាត់​ ការ​បាញ់​កាំ​រស្មី ការ​ប្រើប្រាស់​ឱសថ និងវិធី​ព្យាបាល​ដទៃ​ទៀតដែល​បង្រួម​សាច់​មហារីក ឬ​បញ្ឈប់​ការ​វិវឌ្ឍ​នៃសាច់​មហារីក។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សហរដ្ឋ​អាមេរិក Mayo Clinic។ ស្ថាប័ន​ដដែល​នេះ ​បាន​ឱ្យ​ដឹង​ទៀតថា ​អ្នក​ជំងឺ​អាច​ទទួល​ការ​ព្យាបាល ​ដោយ​វិធីសាស្ត្រ​ណា​មួយ​តែ​មួយ​មុខ ឬ​ព្យាបាល​ដោយ​បូក​រួម​វិធី​សាស្ត្រចំនួន​ពីរ ឬ​ច្រើន​បញ្ចូលគ្នា​ ​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្តែងរបស់​អ្នក​ជំងឺ។

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​បង្ហាញ​ម៉ាស៊ីន RapidArc radiotherapy ដែល​ផលិត​ឡើងដោយប្រើ​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​ព្យាបាល​ជំងឺ​មហារីក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣។

ទី​ភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ​ International Atomic Energy Agency (IAEA) ​ជា​ស្ថាប័នគាំទ្រ​ផ្នែក​បច្ចេក​ទេសនៅ​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក​ ​ឱ្យដឹងថា ជា​រៀង​រាល់​ឆ្នាំ អ្នក​ជំងឺ​មហារីក​ប្រមាណ​៩០%នៃ​អ្នក​ជំងឺ​សរុប​ជាង១៥ ០០០​នាក់ ត្រូវ​ការ​ការ​ព្យាបាលដោយ​កាំរស្មី​។ ក៏​ប៉ុន្តែ​ នៅកម្ពុជា មានម៉ាស៊ីន​ព្យាបាល​ដោយ​កាំរស្មី​នេះ​ ​ចំនួនតែ​២គ្រឿង​ប៉ុណ្ណោះ គឺ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ និង​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

បើ​តាម​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក ​ម៉ាស៊ីន​ទាំង​ពីរ​គ្រឿង​នេះ​ អាច​ផ្តល់​សេវា​ព្យាបាល​ដល់អ្នក​ជំងឺ​ប្រមាណ​១៤០០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

ទី​ភ្នាក់​ងារ​ IAEA ​ឱ្យដឹង​ទៀត​ថា អ្នកជំងឺ​មហារីក​កម្ពុជាប្រមាណ​១៥០០​នាក់​ ឬស្មើនឹង​១០%​ នៃ​អ្នក​ជំងឺមហារីក​សរុប​នៅ​កម្ពុជា ជ្រើស​រើស​ការព្យាបាល​នៅ​ប្រទេស​ជិត​ខាង ហេតុ​នេះ​នៅ​មាន​អ្នក​ជំងឺមហារីក​ជា​ច្រើន​រង​ការ​ឈឺ​ចាប់​ ដោយ​សារ​ពុំ​មាន​លទ្ធភាពទទួល​ការ​ព្យាបាល​ដោយ​កាំរស្មី​។​ ​

ការ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃដូច​ជា​ជំងឺ​មហារីក​នៅ​ក្នុង​ស្រុក ​ដែល​មានហេដ្ឋារចនា​សម្ព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​ មិន​ទាន់​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​គាំទ្រ​អ្នក​ជំងឺ​ច្រើន​នាក់​នេះ មិន​មែន​ជា​ជម្រើស​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន ​ដូច​ជា​អ្នកស្រី អូន​ ​រីត្រា នោះ​ទេ។

គ្រូពេទ្យ​ឯក​ទេស​ជំងឺ​មហារីក លោក អ៊ាវ​ សុខា​ ថ្លែង​ថា​ការចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​មហារីក មាន​តម្លៃ​ខ្ពស់​ជា​ង​ជំងឺ​ផ្សេង​ៗ​ខ្លាំង។ លោក​បន្ថែម​ថា ​ប្រជា​ជន​ខ្មែរ​ដែល​មិន​មាន​បណ្ណ​សន្តិ​សុខ​សង្គម (ប.ស.ស) បណ្ណមូល​និធិ​សមធម៌​ ប្រើលុយ​ចេញ​ពីហោប៉ៅ​ដោយ​ខ្លួន​ឯង​ ឬលុយ​សន្សំ​របស់​ខ្លួន​ និង​ក្រុម​គ្រួសារ។

លោក​មាន​ប្រសាសន៍​ថា៖ «​នៅ​ស្រុក​អាមេរិក​ ស្រុក​អ្នក​មាន​ គេ​នៅ​តែ​ស្រែក​ថា​ថ្លៃ​ហួស​ពី​អ្វី​ដែល​ប្រជាជន​អាច​ Afford [មាន​លទ្ធភាព​ព្យាបាល​] បាន»​។

​រោគ​វិនិច្ឆ័យ​ភាគ​ច្រើន​ឃើញ​មហារីក​នៅ​ដំណាក់​កាល​ចុង​ក្រោយ​

ជំងឺ​មហារីក​មាន​រាប់​រយ​ប្រភេទ ឯ​មូល​ហេតុ​នៃ​ជំងឺ​មហារីក​ភាគ​ច្រើន​ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់ដឹង​ច្បាស់​នោះ​ទេ​មក​ដល់​បច្ចុប្បន្ននេះ។

លោក ម៉ិល​ ម៉ូរ៉ា គ្រូពេទ្យ​ឯកទេស​ព្យាបាល​ជំងឺ​មហារីក​ដោយ​កាំរស្មី​នៅ​កម្ពុជា បាន​ប្រាប់​វីអូអេ​ថា​ ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​ក្នុងសង្គម​ របប​អាហារ​មិន​ល្អ​ ការ​ជក់​បារី និង​អត្រា​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​នៅ​មាន​កម្រិត​ទាប​ ​បាន​ធ្វើ​ឱ្យ​ជំងឺ​មហារីក​ត្រូវ​បាន​គេចាត់​ទុក​ក្នុង​លំដាប់​ថ្នាក់​ខ្ពស់​ដែល​បង្ក​ការ​ស្លាប់​នៅ​កម្ពុជា។

ការធ្វើ​រោគវិនិច្ឆ័យ​ឱ្យបាន​ទាន់​ពេលមាន​សារៈសំខាន់ជួយ​ឱ្យអ្នក​ជំងឺ​ជៀស​ការ​ស្លាប់ដែល​បណ្តាល​ពី​ការ​វិវឌ្ឍ​របស់ជំងឺ​មហារីក។ នេះ​បើ​យោង​តាម​លោក​ ម៉ិល ម៉ូរ៉ា។

នៅ​កម្ពុជា​ ជាង៧០%នៃ​អ្នក​កើត​ជំងឺ​មហា​រីក​ដែល​មក​ជួប​ពេទ្យ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ។ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ឱកាស និង​ជម្រើស​ព្យាបាល​តិច​តួច​ ជា​ពិសេសនៅ​ពេល​មហារីក​វិវឌ្ឍ​ហួស​ដំណាក់​កាល​ទី១​ឬ​ទី២ ដែល​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ គឺ​ដំណាក់​កាល​ទី​៤។

​ប្រជាជន​ក្នុង​ប្រទេស​ជឿន​លឿន​ពិនិត្យ​សុខភាព​ទៀង​ទាត់ ដែល​ធ្វើ​ឱ្យអ្នក​កើត​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​មាន​មួយ​ភាគ​បី​ប៉ុណ្ណោះ។

គ្រូពេទ្យ​ឯកទេស​ព្យាបាល​ជំងឺ​មហារីក លោក ម៉ិល​ ម៉ូរ៉ា ប្រាប់​វីអូអេ​ថា៖ «ជំងឺ​មហារីក​ជា​ជំងឺ​មួយ​ដែល​ស្មុគស្មាញ ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ច្រើន​ជំនាញ»។

លោក​បន្តថា៖ «មិន​តែ​អ្នក​មហារីក​សុទ្ធ​សាធ​ទេ​ តែ​យើង​ត្រូវ​ការ​ទាំង​គ្រូពេទ្យ​ដែល​ធ្វើ​រោគ​វិនិច្ឆ័យ។ ឧទាហរណ៍​អ្នក​ខាង​រូបភាព​វេជ្ជសាស្ត្រ​ គឺ​គាត់​សំខាន់​។ អ្នក​វិភាគ​សាច់ ពិនិត្យ​មើល​សាច់​មហារីក​ ដើម្បី​ដឹង​ថា​ សាច់​ហ្នឹង​ជា​សាច់​មហារីក ឬ​ក៏​អត់។ ហ្នឹង​ក៏​សំខាន់​ ហើយ​គ្រូពេទ្យ​វះ​កាត់​មួយ​ចំនួន​ធំ​ ដែល​គាត់​ទទួល​វះ​កាត់​សាច់​មហារីក​ ក៏​សំខាន់»។

នៅ​បណ្តា​ប្រទេស​ជឿន​លឿន ​ក្រុម​គ្រូ​ពេទ្យ​ឯកទេស​ជំងឺ​មហារីក​ មាន​ច្រើន​ ដោយ​មាន​ជំនាញ​ឯកទេស​ បែង​ចែក​ទៅ​តាម​ផ្នែក​នីមួយៗ។ នេះ​បើ​តាម​គ្រូពេទ្យ​ឯកទេស​ព្យាបាល​ជំងឺ​មហារីក លោក​ ម៉ិល ម៉ូរ៉ា។

ក៏​ប៉ុន្តែ​នៅ​កម្ពុជា​ ដោយ​សារ​តែមាន​គ្រូពេទ្យ​ឯក​ទេស​ចំនួន​៥០​នាក់​ប៉ុណ្ណោះ​ សម្រាប់​ព្យាបាល​អ្នក​ជំងឺ​មហារីក​ជាង​១ម៉ឺន​៥​ពាន់​នាក់ ការ​ព្យាបាល​កាន់​តែ​មាន​ការ​លំបាក។​

លោក​ ម៉ិល​ ម៉ូរ៉ា មាន​ប្រសាសន៍​ថា៖ «​ផល​វិបាក​អាច​មាន​ ទី​១​កាល​ណា​អ្នក​ជំងឺ​មក​ច្រើន​ទៅ​ ការងារ​របស់​យើង​ក៏វា​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ​។​ [...] ជា​ពិសេស​កូវីដ​នេះ អ្នក​ជំងឺ​មួយ​ចំនួនធំ​ ​អត់​អាច​ចេះ​តែ​ទៅ​ប្រទេស​ជិត​ខាង​បាន​ស្រួល​ដូច​មុន​បានទៀត​ទេ។ គាត់​ក៏ត្រូវ​រក​សេវា​ក្នុង​ស្រុក។ សេវាអាច​មាន​ការ​រង់ចាំ​យូរ​ជាង​មុន តែ​ធម្មតា​គ្រប់​វិស័យ ​វា​អញ្ចឹង​ដូច​តែ​គ្នា​»។

រង​ផល​ប៉ះពាល់​ពី​ថ្នាំ​គីមី​ព្យាបាល​ជំងឺ​មហារីក​ និង​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​គ្រួសារ​

រីត្រា​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយផ្តល់​សេវា​ផ្នែក​ច្បាប់​ ក្រោយ​នាង​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជំនាញច្បាប់ ​និង​បន្ត​អនុ​បណ្ឌិត​ជំនាញ​ច្បាប់ ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ។

កញ្ញា អូន​ សុខនា ប្អូន​ស្រី​របស់​រីត្រា​ និយាយ​ថា ​រីត្រា​ស្រឡាញ់​អាជីព​នេះ​ខ្លាំង​ណាស់​។ ​

កញ្ញា​ អូន​ សុខនា​ ប្អូនស្រី​របស់​ អូន​ រីត្រា​ សម្រាក​ចុងសប្តាហ៍​នៅ​គេហដ្ឋាន​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។ (ខាន់ សុគុំមនោ​/វីអូអេ)

សុខនារំឭក​ថា​៖ «​សូម្បី​តែ​ពេល​គាត់​ឈឺ​ ថ្ងៃ​ឡើង​ទៅ​ពេទ្យ​វះ​កាត់​ កាល​ពី​ឆ្នាំ​២០១៧​ហ្នឹង​ គាត់​នៅ​ឱ្យខ្ញុំ​ដាក់​ពាក្យ​ប្រឡងចៅក្រម​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​។​ ខ្ញុំ​អ្នក​យក​ពាក្យ​គាត់​ទៅ​ដាក់​ដោយ​សារ​គាត់​នៅ​ពេទ្យ​ ព្រោះ​គាត់​រំពឹង​ថា​មក​វិញ​គាត់​ប្រឡង​ចូល»​។

ប៉ុន្តែ​នៅ​ពេល​រីត្រាត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​ការ​ព្យាបាល​នៅ​ទីក្រុង​បាងកក​ នាង​ត្រូវ​រៀប​ចំ​អីវ៉ាន់​ ដើម្បី​ទៅ​វិញ​ម្តង​ទៀត ​៣​សប្តាហ៍​ក្រោយ។

រីត្រា​ត្រូវ​បន្ត​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី (Chemotherapy) ដែល​ជា​វិធីសាស្ត្រ​ប្រើឱសថ​ដែល​មាន​សារធាតុ​គីមី​ខ្លាំង​អាច​សម្លាប់​កោសិកា​មហារីក​ដែល​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​។ វេជ្ជ​បណ្ឌិតប្រាប់​រីត្រាថា ប្រសិន​បើ​រីត្រាមិន​ព្យាបាល​ដោយ​របៀប​នេះ​ទេ​ មហារីក​ប្រឈម​នឹង​ការ​រីករាល​ដាល។

រីត្រា​ត្រូវ​ប្រើ​ថ្នាំគីមី​៨​ដូស​ មាន​ន័យថា​ រាល់​៣​សប្តាហ៍​ម្តង​ រីត្រា​ត្រូវត្រឡប់​ទៅ​ទី​ក្រុង​បាងកក​វិញ។ គ្រួសារ​របស់​រីត្រា​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​សរុប​ប្រមាណ​៤ម៉ឺន​ដុល្លារ។

អស់​រយៈ​ពេល​៣ឆ្នាំ​ ​រីត្រា​រង​ផលប៉ះពាល់​ពី​ថ្នាំ​គីមី​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក។ រីត្រា​សរសេរ​កំណត់​ហេតុ​រៀប​រាប់​អ្វី​ដែល​នាង​បាន​ឆ្លង​កាត់។

រីត្រា​ប្រាប់​វីអូអេ​ថា​៖​ «ការ​ពិត​ ផល​ប៉ះ​ពាល់​ ខ្ញុំ​បាន​រៀប​រាប់​នៅលើ​ហ្វេសប៊ុក​ខ្ញុំ​ ហើយ​ខ្ញុំ​កត់​ទុក​ទៀត​ថា​ តាំ​ង​ពី​ចាក់​[ថ្នាំគីមី​]​មក​ ខ្ញុំ​រង​ទុក្ខ​វា​អី​ខ្លះ»។

ផលប៉ះពាល់​ពី​ការប្រើ​ថ្នាំ​គីមី​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​នោះ ​រួមមាន៖​ ការ​បាត់​បង់​ចំណង់​អាហារ​ ​ស្រកទម្ងន់ខ្លាំង​ ជ្រុះ​សក់ ក្តៀន​លាមក រងា​ញ័រ​ញាក់ ​ស្បែក​ស្លេក​ស្លាំង ងាយ​នឹង​មានស្នាម​ជាំ​ ងាយ​នឹង​ហូរ​ឈាម​ដោយសារ​សារធាតុ​ផ្លាកែត​ក្នុងឈាមថយចុះ និង​ការ​គេង​មិន​លក់​ជាដើម​។

រីត្រា​បន្ថែម​ថា៖ «ប៉ុន្តែ​ខ្ញុំ​នៅ​ផ្ទះ​ ខ្ញុំ​ចេះ​តែ​ស្រាវជ្រាវ​ខ្លួន​ឯង​ ថា​យើង​ត្រូវ​ញ៉ាំ​អី​ ដើម្បី​បង្កើនប្រព័ន្ធ​ការពារ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ខ្វះ​អី​គេ​ ចឹង​ខ្ញុំ​ព្យាយាម​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​ណា​ ដើម្បី​មាន​វីតាមីន​ជួយ​បំពេញ​វិញ។ ព្យាយាម​ធ្វើ​អី​ស្រស់​ៗ​ ញ៉ាំ​ខ្លួន​ឯង ​ដូចជា​ផ្លែ​ឈើ​ក្រឡុក​អី»​។

អូន រីត្រា​ អង្គុយ​សិក្សាស្រាវជ្រាវអំពីចំណេះ​ដឹង​ និង​ព័ត៌មាន​ដើម្បីថែទាំខ្លួន​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ កាល​ពី​ខែកញ្ញា​ ឆ្នាំ​២០១៩។ (ខាន់ សុគុំមនោ​/វីអូអេ)

ច្រើន​ខែ​បន្ទាប់​ពីការ​ព្យាបាល​ដោយ​ថ្នាំ​គីមី​នេះ​ រីត្រា​បាន​ត្រឡប់​ទៅ​សិក្សា​ និង​ធ្វើ​ការ​វិញ​ បាន​មួយ​រយៈ។ កាល​ពី​ចុង​ឆ្នាំ​២០១៩ ​រីត្រា​បាន​ជជែក​ជាមួយ​វីអូអេ​ នៅ​ផ្ទះ​របស់​នាងមុន​ពេល​រៀបចំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ។​ អាហារ​ពេល​ល្ងាច ​មានភាពស្ងប់​ស្ងាត់​ជា​ធម្មតា។ ​ក្រុម​គ្រួសារ​ដែលមាន​សមាជិក៥​នាក់​ អង្គុយ​ជុំគ្នា។ រីត្រា​ស្លៀក​ពាក់​ឈុត​ខោ​អាវ​នៅ​ផ្ទះ​ដែល​ក្រណាត់​រំលេចរូប​ផ្កា​ចម្រុះ​ និង​មាន​រុំ​កន្សែង​ពណ៌​ផ្កាឈូក​គ្រប​ជុំវិញ​ក្បាល​របស់​នាង បិទ​បាំង​ផ្នែក​សក់​ដែល​ជ្រុះ​ស្តើង។

​រីត្រាប្រាប់​វីអូអេអំពី​ផល​ប៉ះពាល់​ចំពោះ​ខ្លួន​ប្រាណ​របស់​នាង​ ដោយ​សង្ខេប​តែ​មួយ​ម៉ាត់ជា​ភាសា​អង់គ្លេស​ថា​៖ «It suffers like hell [វា​ឈឺ​ចុក​ចាប់​ដូច​ចុះ​នរក​អញ្ចឹង]»។

ការលើក​ទឹក​ចិត្ត​អ្នក​ជំងឺ​មហារីក​ជួយ​ឱ្យ​ពួកគេ​រឹងមាំ

រីត្រា​បាន​រាប់​អានអ្នក​ដទៃ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ ឬ​មាន​មហារីក​ប្រភេទ​ផ្សេងៗ​ទៀត​ នៅ​លើ​បណ្តាញ​សង្គម​ និង​តាម​រយៈមិត្ត​ភក្តិ​ និង​មិត្តរួម​ការងារផង​។ រីត្រា​និយាយថា​អ្នក​ទាំង​អស់​នោះ​ ក៏​ជួប​ប្រទះ​បញ្ហា​ធំៗ៣​ ដូច​ខ្លួន​ដែរ​ គឺ​៖​ បញ្ហា​ថវិកា សុខភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវ​ចិត្ត។

​រីត្រា​ប្រាប់​វីអូអេ​ថា​៖ «បញ្ហា​ថវិកា​ បើ​សិនជា​អ្នក​ផ្ទះ​យើង​អត់​មាន​ ចឹង​គ្រាន់​តែ​ដឹង​ថា​ឈឺ​ភ្លាម​ គឺ​ក្រឹបហ្មង។ អត់​មាន​លទ្ធភាព​ព្យាបាល​ទេ។ លុយ​ដែល​មើល​ជំងឺខ្ញុំ នៅ​សល់​ពី​លុយ​លក់​ផ្ទះ​ចាស់។ ចឹង​ចេះ​តែ​បន្ត​ព្យាបាល​ទៅ​។ រាល់​ថ្ងៃ​អត់​មាន​អី​ទេ​ ព្រោះ​រាល់​ថ្ងៃ​ឪពុក​ម្តាយ​ខ្ញុំ​ជា​អ្នក​លក់ដូរ​ធម្មតា​»។

រីត្រា​បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​រក​គន្លឹះ​បន្តិច​បន្តួច​ដែល​គាត់​អាច​យក​មក​ប្រើ ដើម្បី​ផលប្រយោជន៍​សុខភាព។

រីត្រា​និយាយ​ថា៖ «ដល់​ពេល​ចឹង​ទៅ​ ចេះ​តែ​ទៅ​មើល​យូធូប (Youtube) គេ​ធ្វើ​ផ្លែ​ឈើ​កិន ហើយ​មើល​គេ​ចែក​រំលែក​បទ​ពិសោធន៍​ ពេល​យើង Side Effects យើង​ត្រូវ​ត្រៀម​ខ្លួន​ម៉េច ពេល​ខ្លះ​ជួប​អ្នក​ឈឺ​ដូច​គ្នា​ ចែក​រំលែក​បទ​ពិសោធន៍​ទៅ​វិញ​ទៅមក​ ប្រាប់​គ្នា​ថា​គួរ​តែ​ញ៉ាំ​អី»​។

ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នកជំងឺ​មហារីក​។ រីត្រា និយាយថា​ ៖ «​ការ​គាំទ្រ​ផ្លូវ​ចិត្ត​គឺ​អ្នក​ជុំ​វិញ​ខ្លួន​យើង​សំខាន់​មែន​ទែន​។​ ពេល​ឈឺ​ បើ​អ្នក​ជុំ​វិញ​ខ្លួន​ចេះ​តែ​ថា​អស់​សង្ឃឹម​ ចឹង​ខ្លួន​យើង​ក៏​អត់​មាន​កម្លាំង​លើក​ទឹកចិត្ត​ខ្លួន​ឯងដែរ។ ហើយ​សំខាន់​មួយ​ទៀត​គឺ​ការ​លើកទឹក​ចិត្ត​ពីពេទ្យ​»​។ ​

រីត្រា​បន្ថែមថា​៖ «មនុស្ស​យើង​កាល​ណា​យើង​ដាក់​ចិត្តគិត​អី​មួយ​ វា​តែង​តែ​ចេញ​ជា​រូប​រាង​។ បើ​យើង​គិត​វិជ្ជមាន​ ទោះ​បី​យើង​ឈឺ​ធ្ងន់​ ប៉ុន្តែ​យើង​គិត​ថា​យើង​អាច​នឹង​ជា​ឡើង​វិញ​។ តែ​បើ​យើង​នៅ​តែ​ទន់​ទោរ​ គិត​អវិជ្ជមាន​ វា​បាក់​តាម​ហ្នឹង»។

រីត្រា​ធ្លាប់​បង្កើតក្រុម​មួយ​នៅ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដែល​នាង​សង្ឃឹម​ថា​នឹង​លើក​ទឹក​ចិត្ត​គ្នា​។

រី​ត្រា​ប្រាប់វីអូអេថា​៖ «​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ថ្មី​ខ្លះៗ​ ពីព្រោះ​អ្នក​វិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​រក​ថ្នាំ​ព្យាបាល​។​ ប៉ុន្តែ​ក្រុម​ហ្នឹង​អត់​ដំណើរ​ការ​ល្អ​ទេ ដោយសារ​អ្នក​ជំងឺ​ភាគ​ច្រើន​គេ​ព្យាយាមនៅ​ដាច់​ពី​អ្នក​ផ្សេង​»។

អូន​ រីត្រា​ និង​ ប្អូនស្រី​ កញ្ញា​ អូន សុខនា​ កាលពី​នៅ​កុមារ​។ កញ្ញា​ អូន សុខនា​ បង្ហាញ​អាល់ប៊ុម​រូបថតគ្រួសារ​ ក្រោយ​ការ​ផ្តល់​បទសម្ភាសដល់​វីអូអេ​អំពីបទ​ពិសោធន៍ថែទាំ​បងស្រី​របស់​ខ្លួន​ ដែល​មាន​ជំងឺ​មហារីក​នៅ​រាជធានី​ភ្នំពេញ ខែវិច្ឆិកា​ ឆ្នាំ​២០២០​។ (ខាន់ សុគុំមនោ)

រូបថត​ អូន រីត្រា​ កាលពី​កុមារ​។ រីត្រា ​មានសុបិនចង់ក្លាយ​ជា​មេធារី​ ឬចៅ​ក្រម​។ នាង​ទទួល​មរណភាព​នៅ​អាយុ​ ២៩ ឆ្នាំ​ កាល​ពី​ខែ​តុលា ឆ្នាំ​២០២០​ ដោយសារ​ជំងឺ​មហារីក។ (ខាន់ សុគុំមនោ​/វីអូអេ)

ការ​តស៊ូរបស់​ក្រុម​គ្រួសារនិងជំនួយ​ពីការ​បរិច្ចាគ​ក្នុងសហគមន៍

ដល់​ខែ​សីហា​ ឆ្នាំ​២០២០នេះ រីត្រា​ចាប់​ផ្តើម​គិត​ថា​នាង​ជា​បន្ទុក​របស់​គ្រួសារ។ ​ រីត្រា​បាន​សម្រេច​ចិត្ត​អំពាវ​នាវ​ជា​សាធារណៈ​លើក​ដំបូង​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ស្នើ​ឱ្យ​មាន​ការ​បរិច្ចាគ​ដល់​ក្រុម​គ្រួសារ​នាង​ ដើម្បី​បន្ត​ការ​ព្យាបាល។ រីត្រា​មិន​អាច​ទៅប្រទេស​ថៃ​ដើម្បី​ព្យាបាលដូច​មុន​បាន​ទៀត​ទេ ដោយ​សារ​យន្តការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

ប្អូន​ស្រី​របស់​រីត្រា​ កញ្ញា​ អូន សុខនា​ ប្រាប់​វីអូអេ​ថា៖​ «អ្នក​ដទៃ​សោះ​ គេ​ជួយ​យើង​។ ខ្ញុំ​ចាំ​បាន​ថា[​ម៉ាក់​] គាត់សប្បាយ​ចិត្ត​ឡើងហូរ​ទឹក​ភ្នែក។ គាត់​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​គេ​បាន​ជួយ​ ជួយ​កូន​គាត់​អី​ចឹង»​។

គ្រួសារ​នេះ​ មាន​កម្លាំង​ចិត្ត​មក​វិញ​បន្តិច​។ ដំបូង​ពួកគេ​បារម្ភ​ថា​ ការ​និយាយ​ត្អូញ​ត្អែរ​អំពី​ជំងឺ​នេះ​ ហាក់​ដូចជា​ការ​សុំ​ក្តី​អាណិត​ពី​អ្នក​ដទៃ ឬ​សុំ​ឱ្យ​គេ​ជួយ​ជា​ទឹក​ប្រាក់ ដែល​ពួកគេ​យល់​ថា​វាជា​រឿង​អៀន​ខ្មាស។

សុខនា​និយាយថា៖ «ការ​រៃ​អង្គាស​ពិត​ជា​ល្អ​មែន។ ប៉ុន្តែ​ថា​តើ​មនុស្ស​គ្រប់គ្នា​ អាច​ប្រមូល​បាន​ចំនួន​មួយ​ដែល​អាច​ផ្គត់​ផ្គង់​គ្រប់ ឬ​ល្មម​អត់។ ចឹង​ខ្ញុំ​គិត​ថា​យើង​គួរ​តែ​មាន​លក្ខណៈ​បណ្តាញ​ ដើម្បី​យើង​អាច​ស្វែង​រក​គ្រួសារ​ដែល​មាន​បញ្ហា​ចឹងៗ។ ហើយ​គាត់​ស្វែង​រក​ជំនួយ ព្រោះ​អ្នក​ខ្លះ​ ខ្ញុំ​គិត​ថា​គាត់​អាច​នឹង​គិត​ថា​ ខ្មាស​គេ​អី​ចឹង[​ក្នុង​ការ​]​រក​ជំនួយ​សង្គម​សប្បុរស​ជន​អីចឹង»។

ក៏​ប៉ុន្តែ​ ជំនួយ​ជា​សប្បុរស​នេះ​ អាច​ទិញ​ពេល​វេលា​ឱ្យ​រីត្រាបាន​តែ​ប្រមាណ​៣ខែ​ ប៉ុណ្ណោះ ក្រោយ​នាង​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ។​

ការ​ប្រឹង​ប្រែង​របស់​រីត្រា​និង​ក្រុម​គ្រួសារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ បាន​បញ្ចប់​នៅ​ខែ​តុលា​ឆ្នាំ​នេះ​។ នៅ​អាយុ ២៩​ឆ្នាំ រីត្រា ​បាន​ទទួល​មរណភាព​។

ប្អូនស្រីរបស់​រីត្រាប្រា​ប់​វីអូអេ​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ថា៖ «​គាត់​ចប់​ចុង​ក្រោយ​ ដូច​ថាវា​អស់​ថ្ម​ចុង​ក្រោយ​តែ​ម្តង»។

សុខនា​និយាយ​បន្តថា៖ «គេ​ថា ​Life goes on [ជីវិត​ត្រូវបន្ត​ទៅ​មុខ]។ យើង​ទទួល​ស្គាល់​ការ​ពិត​។ យើង​បាត់​បង់​សមាជិក​គ្រួសារ​ដ៏​ល្អ​ម្នាក់»​។

​ប៉ុន្តែ​អ្វី​ដែល​នៅ​សេស​សល់ គឺ​សមាជិក​គ្រួសារ​ដែល​ត្រូវ​កសាង​កម្លាំង​ចិត្ត​ឡើង​វិញ។

នៅ​ពេល​សមាជិក​គ្រួសារ​ណា​ម្នាក់​ឈឺ​ជំងឺ​មហារីក​នេះ​ ក្រៅ​អំពី​បញ្ហា​លុយ​កាក់​ក្នុង​ការ​ព្យាបាល​ គ្រួសារ​ទាំង​មូល​របស់​អ្នក​ជំងឺត្រូវ​មាន​ទំនួល​ខុសត្រូវ​ជា​ច្រើន​ទៀត​ ដូចជា​ការ​មើលថែ​អ្នកជំងឺ​ ជូន​អ្នក​ជំងឺ​ទៅ​មក​មន្ទីរពេទ្យ​ ប្រមូល​ព័ត៌មាន​ពី​វេជ្ជបណ្ឌិត និង​ជួយ​តាមដាន​ស្ថានភាពអ្នក​ជំងឺ​ជា​ដើម​។ ហើយពួកគេ​ក៏​ត្រូវ​បន្ត​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំងឺ​មិន​ថា​ស្ថានការណ៍​របស់​អ្នក​ជំងឺ​ធ្លាក់​ដុនដាប​យ៉ាង​ណា​នោះ​ទេ។

សុខនា​និយាយ​ថា៖ «ខ្ញុំ​ជឿ​ថា​មាន​គ្រួសារ​ច្រើន​ណាស់​ដែលគាត់​មាន​សមាជិក​ឬ​យ៉ាង​ហោច​ណាស់​ស្គាល់​អ្នក​បាត់បង់​ជីវិត​ ដោយសារ​ជំងឺ​មហារីក​នេះ។​ ចឹង​ ខ្ញុំ​គិត​ថា​ បើ​សិន​យើង​មាន​ជា​ប្រធាន​បទ​ទាំង​អស់​ហ្នឹង​ ចែក​រំលែក​ពួក​គាត់​ពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើងលើ​គ្រួសារ​នីមួយៗ​ វា​ជួយ​ព្យាបាល​ផ្លូវ​ចិត្ត​ ឬ​ជួយ​សម្រាល​។ [...] ភាគ​ច្រើន​គេ​ផ្តោត​សំខាន់​ទៅ​លើ​តែ​អ្នក​ជំងឺ​តែ​ម្តង​ ប៉ុន្តែ​គេ​ភ្លេច​គិតពី​អ្នក​ដែល​រស់​នៅ​ជាមួយ។ ចឹង​ការ​ពិភាក្សា​អំពី​ផល​ប៉ះពាល់​មក​លើ​គ្រួសារ ស្ទើរ​តែ​មិន​មាន​»។

ប្រហែលជា​ពុំមាន​ជំងឺ​ណា​ ឈឺ​ពិបាក​ទ្រាំ​ខ្លាំង​ជាងជំងឺ​មហារីក​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ អ៊ាវ​ ​សុខា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក។ ទោះ​អ្នក​ជំងឺ​ដឹង​ថា​ ឱកាស​ជា​សះ​ស្បើយ​មាន​តិចតួច​ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា អ្នក​ជំងឺ​ព្យាយាម​ប្រឹង​ប្រែង​ធ្វើ​យ៉ាងណា​ឱ្យជីវិត​ចុងក្រោយ​ពួក​គេ មាន​គុណភាព​ប្រសើរ។

ម្យ៉ាង​ទៀត​ ​អ្នក​ជំងឺ​មួយ​ចំនួន​ដែល​មាន​ថវិកា​ផ្គត់ផ្គង់ ព្យាយាម​បន្ត​ជីវិត​របស់​ពួក​គេ ទន្ទឹង​រង់ចាំ​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​វិធីសាស្ត្រ​ព្យាបាល​ថ្មី​ ដែល​អាច​ជួយឱ្យជា​សះ​ស្បើយ។

ក៏​ប៉ុន្តែ​ ទោះ​បច្ចេក​វិទ្យា​ចុង​ក្រោយ​ មាន​ការ​អភិវឌ្ឍ​យ៉ាង​ណា​ក៏ដោយ​ សម្រាប់​ប្រជាជន​កម្ពុជា​ វេជ្ជ​បណ្ឌិត​ អ៊ាវ សុខា​ លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «​តម្លៃ​វា​ខុស​គ្នា​ មេឃ​និង​ដី»៕