តើ​ចិន​អាច​ពឹងផ្អែក​លើ​ខ្លួន​ឯង​ក្នុង​ការ​បង្កើត​បន្ទះ​អេឡិចត្រូនិក​ឬ​ទេ?

រូបឯកសារ៖ អ្នកស្រាវជ្រាវម្នាក់កំពុងផ្គុំបន្ទះឈីបនៅមជ្ឈមណ្ឌលស្រាវជ្រាវ Tsinghua Unigroup នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីបអេឡិចត្រូនិក​ធំ​បំផុត​របស់​ចិន​ឈ្មោះ SMIC ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុមហ៊ុន​យោធា​ចិន ​ដែល​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ផ្សេងៗ ​កាល​ពី​ដើម​ខែ​ធ្នូ​ ដែលចំណាត់ការ​នេះ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​មាន​គម្លាតបន្ថែម​ទៀត​រវាង​បច្ចេកវិទ្យា​បន្ទះ​អេឡិចត្រូនិកចិន និង​ពិភពលោក។

ទោះ​បី​មាន​ឈ្មោះ​ជា​រោងចក្រ​របស់​ពិភពលោក​ក៏​ដោយ ​ក៏​ចិននៅ​តែ​មិន​អាច​រក​ឃើញ​មធ្យោបាយផលិត​បន្ទះ​ឈីប​អេឡិចត្រូនិកជឿនលឿន​នោះ​ទេ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​រៀបចំ​គោលនយោបាយ​យ៉ាង​ច្រើន​ជា​បន្តបន្ទាប់ និង​បាន​ចំណាយ​ប្រាក់​រាប់ពាន់លាន​ដុល្លារ​នៅ​ក្នុង​វិស័យ​ផលិត​បន្ទះ​ឈីប​នេះ​ ដើម្បី​សម្រេចគោលដៅ​ផលិត​បន្ទះ​ឈីប​ដោយ​ខ្លួន​ឯង។ រហូត​មក​ទល់​ពេល​នេះ ដោយ​ស្ថិត​នៅ​ក្រោម​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ជាង​មុន​លើ​ការ​នាំចេញ​ជា​អន្តរជាតិ ចិន​ក៏​បាន​ប្រឈម​នឹង​បរាជ័យ​ផ្នែក​ឧស្សាហកម្ម​ដ៏​គួរ​ឱ្យ​អាម៉ាស់​បំផុត​ផង​ដែរ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ថ្មីៗ​របស់​ខ្លួន។

ហើយ​រឿង​គួរ​ឱ្យ​កត់សម្គាល់​បំផុត​គឺ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ដ៏​ល្បីឈ្មោះបំផុត​មួយ​នៅ​ក្នុង​ប្រទេស ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ Wuhan ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ចូល​កាន់កាប់ និង​ក្រុមហ៊ុន​ផលិតបន្ទះ​ឈីប ​Tsinghua Unigroup មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង ​មិន​មាន​លទ្ធភាព​សង​សញ្ញាបណ្ណ​សាជីវកម្មបាន។

ក្រុម​អ្នក​ជំនាញនិយាយ​ថា នៅក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​មាន​លក្ខណៈរួច​បញ្ចូល​គ្នា​ជា​អន្តរជាតិ​នេះ គ្មាន​ប្រទេស​ណា​អាច​ផលិត​បន្ទះ​ឈីប​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ ហើយ​កិច្ចប្រឹងប្រែង​របស់​ចិន​ដើម្បី​អភិវឌ្ឍ​វិស័យ​ផលិត​បន្ទះ​អេឡិចត្រូនិក (semiconductor)​ របស់​ខ្លួន​ នៅ​តែ​មិន​អាច​ទទួល​បាន​ជោគជ័យ។

រូបឯកសារ៖ បុរសម្នាក់ឈរមុខកន្លែងតាំងពិព័រណ៍ផលិតផលបន្ទះឈីបរបស់ក្រុមហ៊ុនSemiconductor Manufacturing International Corporation (SMIC) នៅក្នុងកម្មវិធីពិព័រណ៍បន្ទះឈីបអន្តរជាតិ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ខ្សែ​សង្វាក់​ផលិតកម្ម​លក្ខណៈ​រួម​បញ្ចូល​ជា​សាកល

ផលិតកម្ម​បន្ទះ​ឈីបអេឡិចត្រូនិក​ត្រូវ​បាន​ចាត់​ទុក​ជា​ដំណើរការ​ផលិតកម្ម​ក៏​ស្មុគស្មាញ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយ​មាន​ជាប់​ទាក់ទង​នឹង​មុខជំនាញ​ជាង​ ៥០។ រចនាសម្ព័ន្ធ​ដុំ​តូចៗ​រាប់ពាន់​លាន​ត្រូវ​រៀបចំដំឡើង​ក្នុង​ចម្ងាយ​តែ​ប៉ុន្មាន​មីលីម៉ែត្រ​ប៉ុណ្ណោះពី​គ្នា​នៅ​លើ​បន្ទះ​ឈីប។

គ្រឿង​ឧបករណ៍​គោល​ដែល​ត្រូវ​បាន​ប្រើជា​ចម្បង​នៅ​ក្នុង​ការ​ផលិត​បន្ទះ​ឈីប ​រួម​មាន​ម៉ាស៊ីន​បោះពុម្ព lithography។ ​ក្រុមហ៊ុន​ពី​ប្រទេស​ហូឡង់​មាន​ឈ្មោះ​ថា ASML​ គឺ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ដែល​អាច​ផលិត​ម៉ាស៊ីន​លីតូក្រាប​អ៊ុលត្រាវីយូឡេ​ក្នុង​កម្រិតស្តង់ដារ​ខ្ពស់។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុងចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចម្បង​ចំនួន ​១៧ ឱ្យ ASML ជាង​ពាក់កណ្តាល ​គឺ​មក​ពី​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​ដទៃ​ទៀត​មាន​ទីតាំងតាមបណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប។​

ក្រុមហ៊ុន​ ASML មាន​ម្ចាស់​ភាគហ៊ុន​ពី​បណ្តា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន។ យោង​ទៅ​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​នេះ នៅ​ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន​ធំ​ជាង​គេ​បី មាន​ពីរ​ក្រុមហ៊ុន​មក​ពី​សហរដ្ឋ​អាមេរិក និងមួយ​ក្រុមហ៊ុន​មក​ពី​ចក្រភព​អង់គ្លេស។

ក្រុមហ៊ុន Capital Research and Management នៅ​សហរដ្ឋ​អាមេរិក ​គឺ​ជាម្ចាស់​ភាគហ៊ុន​ធំ​បំផុត ហើយ​ម្ចាស់​ភាគហ៊ុន​ធំ​ជាង​គេទី​ពីរ​គឺ​ក្រុមហ៊ុន American Black Rock Group។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន TSMC ពី​កោះ​តៃវ៉ាន់ និង​ក្រុមហ៊ុន Samsung ពី​កូរ៉េខាងត្បូង​ក៏​មាន​ភាគហ៊ុននៅ​ក្នុង​ក្រុមហ៊ុន ASML ផង​ដែរ ដោយ​ការណ៍​នេះ​អាច​ឱ្យ​ក្រុមហ៊ុន​ផលិត​ទាំងពីរ​ទទួល​បានសិទ្ធិអាទិភាព​ទិញ​ម៉ាស៊ីន​បោះពុម្ព lithography។​

ទោះ​បីក្រុមហ៊ុន ASML អាច​កោ្តបក្តាប់ទីផ្សារ​ម៉ាស៊ីន​ផលិត​បន្ទះ​ឈីប នេះ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះនៃ​ខ្សែ​សង្វាក់​ផលិតកម្មដ៏​វែងអន្លាយនៅ​ក្នុង​វិស័យ​នេះ។ កញ្ចក់​ឡែន​របស់​ម៉ាស៊ីន​បោះពុម្ព lithography ត្រូវ​ផលិតដោយ​ក្រុម Zeiss នៅ​ប្រទេស​អាល្លឺម៉ង់ បច្ចេកវិទ្យា​ផ្នែក​ឡាស៊ែរ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Cymer នៅ​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​មួយ​ពី​ប្រទេស​បារាំង​ជួយ​ផ្គត់ផ្គង់​នូវ​ក្បាល​វាល់។​

លោក Jan-Peter Kleinhans អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​គោល​នយោបាយ​New Responsibility Foundation និង​នាយក​គម្រោង​ផ្នែក​បច្ចេកវិទ្យា​និង​ភូមិសាស្រ្ត​នយោបាយ​ បាន​និយាយ​ថា គ្មាន​ប្រទេស​ណា​អាច​ផលិត​បន្ទះ​ឈីប​ដោយ​មិនមាន​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​បរទេស​នោះ​ទេ។ លោក​បាន​ប្រាប់ VOA តាម​បទ​សម្ភាសន៍​តាមទូរស័ព្ទ​ថា ក្រុមហ៊ុន ASML បាន​ចំណាយ​ពេលវេលា​ជាង​ពីរទសវត្សរ៍​ដើម្បី​បង្កើត​ម៉ាស៊ីន​របស់​ខ្លួន ហើយ «ពួកគេ​ត្រូវ​ពឹងផ្អែកផ្ទាល់​លើបណ្តាញក្រុមហ៊ុន​ផ្គត់ផ្គង់ប្រមាណ ៥.០០០ ​ផ្សេង​ទៀត​ដើម្បី​បង្កើត​ម៉ាស៊ីន​នេះ»។

លោក Kleinhan បាន​និយាយ​ថា ដោយ​មិន​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ណា​មួយ​ខាង​លើនេះ​ទេ ខ្សែ​សង្វាក់​ផលិតកម្ម​បន្ទះអេឡិចត្រូនិក​នៅ​លើ​សកលលោក នឹង​ត្រូវ​កាត់ផ្តាច់។​

លោក Kobe Goldberg អ្នកស្រាវជ្រាវ​មួយ​រូប​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិសុខ​អាមេរិក​ថ្មី​ (New American Security Research Center) បាន​ប្រាប់ VOA ថា អ្វី​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ធ្វើគឺ​បង្កើត​ជា​ខ្សែសង្វាក់​ផ្គត់ផ្គង់ក្នុង​ប្រទេស​នៅ​ក្នុង​វិស័យ​មួយ​ដែល​មាន​លក្ខណៈរួម​បញ្ចូល​ខ្លាំង​ជា​អន្តរជាតិ។

លោក​បាន​និយាយ​ថា៖ «នេះ​គឺ​មាន​ការ​លំបាក​ធ្វើ​ជាង​ចំពោះវិស័យ​ដូចជា វិស័យ​ផលិត​បន្ទះ​ semiconductor ដោយសារ​តែ​វិស័យ​នេះ​មាន​លក្ខណៈ​រួមបញ្ចូលគ្នា​ជា​សាកល​ខ្លាំង»។​

លោក John Lee អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន Mercator សម្រាប់​ការ​សិក្សាពី​ប្រទេស​ចិន ដែល​ជា​វិទ្យាស្ថាន​សិក្សា​គោល​នយោបាយ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ បាន​និយាយ​ថា ក្រុមហ៊ុន​ចិន​មួយ​ចំនួនមាន​សមត្ថភាព​ផលិត​នូវ​បន្ទះ​អេឡិចត្រូនិក​ប្រភេទ​មួយ​ចំនួន។ ប៉ុន្តែ​ពួកគេ​អាច​ប្រឈម​នឹង​ការ​បង្រ្កាប​ដោយ​ងាយ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​ ដោយសារ​តែ​ក្រុមហ៊ុន​អាមេរិកាំង​មាន​ការ​ក្តោបក្តាប់​ខ្លាំង​លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុង​ដំណាក់កាល​បញ្ចប់​ផលិតកម្ម ដូចជា រចនាបថ​បន្ទះ​ឈីប​ជា​ដើម។

លោក ​Lee បាន​បន្ថែម​ថា៖ «ការ​គ្រប់គ្រង​ដោយ​បច្ចេកវិទ្យា​ប្រភព​ដើម​ពី​សហរដ្ឋ​អាមេរិក​នៅ​ផ្នែក​បញ្ចប់​ផលិតកម្ម​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​បន្ទះ​អេឡិចត្រូនិក មាន​ន័យ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ចិន ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ត្រួតពិនិត្យ​លើ​ការ​នាំចេញ​ទៅ​កាន់សហរដ្ឋ​អាមេរិក មិន​ថា​ឡើយ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ក្រុមហ៊ុន SMIC ឬ​ក្រុមហ៊ុន Huawei រៀងៗ​ខ្លួន​ក្តី»។​

រូបឯកសារ៖ បន្ទះឈីប XMC 4700 ត្រូវបានដាក់តាំងនៅក្នុងកម្មវិធីពិព័រណ៍មួយក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកកាន់ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Infineon របស់អាល្លឺម៉ង់ នៅទីក្រុង Munich កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ការ​គ្រប់គ្រង​លើ​ការ​នាំចេញ​ពហុភាគី

ការ​គ្រប់គ្រង​លើ​ការ​នាំចេញ​ដែល​ត្រូវ​បាន​អនុវត្ត​ឡើង​ដោយ​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​អាច​កំណត់​ចេញ​ពីអង្គភាព​ពហុភាគី​ក្រៅ​ផ្លូវការមួយ​ឈ្មោះ «គណៈកម្មាធិការ​សម្របសម្រួល​សម្រាប់​ការ​គ្រប់គ្រង​លើ​ការ​នាំចេញ​ពហុភាគី» (The Coordinating Committee for Multilateral Export Controls ) ហៅ​កាត់​ថា CoCom។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៤៩ អង្គភាព​ដែល​មាន​សមាជិក​ចំនួន ១៧ ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក ​ចក្រភព​អង់គ្លេស ជប៉ុន បារាំង និង​អូស្រ្តាលី ព្យាយាម​ដាក់​ការ​គ្រប់គ្រងលើ​ការ​នាំចេញ​គ្រឿង​សម្ភារៈ​និង​បច្ចេកវិទ្យាផ្នែក​យុទ្ធសាស្រ្ត​ទៅ​កាន់​បណ្តា​ប្រទេស​កុម្មុយនីស្ត។ នៅ​ឆ្នាំ​ ១៩៥២ អង្គភាព​ដោយ​ឡែក​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បីត្រួត​ពិនិត្យ​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន។

ទោះបី​អង្គភាព CoCom បាន​ឈប់ដំណើរការ​ កាល​ពី​ថ្ងៃទី៣១ ខែ​មីនា ឆ្នាំ១៩៩៤ ​ក៏ដោយ ក៏​បញ្ជី​នៃ​គ្រឿង​វត្ថុ​ហាមឃាត់​ដែល​អង្គភាព​នេះ​បាន​បង្កើតឡើង​ បន្ទាប់​មក​គឺ​ត្រូវ​បាន​បញ្ចូលទៅ​ក្នុងកិច្ច​ព្រមព្រៀង​នាំចេញ​ពហុភាគី​ក្រោម​ឈ្មោះ​ថា Wassenaar Arrangement ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពី​ឆ្នាំ ១៩៩៦។

មាន​ប្រទេស​ចំនួន ៤២​ មក​ពី​អឺរ៉ុប អាមេរិក និង​អាស៊ី ​បាន​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ដែល​អនុញ្ញាត​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​គ្រប់គ្រងលើ​ការ​នាំចេញ​បច្ចេកវិទ្យា​ ហើយ​ប្រទេស​ចិន​សារ​ជាថ្មី​ត្រូវ​បាន​ដាក់បញ្ចូល​នៅ​បញ្ជី​បណ្តា​ប្រទេស​ត្រូវ​បាន​កំណត់​ជា​មុខ​សញ្ញា។ កាល​ពីខែ​ធ្នូ​ឆ្នាំ​មុន ក្រុម​បណ្តា​ប្រទេស​ខាង​លើ​នេះ​បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ទៀត ​ដើម្បី​ដាក់​បញ្ចូល​បច្ចេកវិទ្យា​ផលិត​បន្ទះ​ឈីប​ក្នុង​បញ្ជី​នូវ​គ្រឿង​វត្ថុ​ត្រូវ​ការ​ត្រួត​ពិនិត្យ​លើ​ការនាំចេញ។

ទោះបី​ការ​ពិនិត្យ​ពិច្ច័យ​ឡើង​វិញ​មិន​បាន​ចាត់គោលដៅ​ដោយ​ផ្ទាល់​មក​លើ​ចិន​ក៏​កិច្ចព្រមព្រៀង​នេះ​បង្ហាញថា ការ​រឹតត្បិត​លើ​ការ​នាំចេញ​ត្រូវ​បាន​កំណត់​ទី​ដៅ​លើ​ប្រទេស​មិន​មែន​ជា​សមាជិក​ ខណៈ​ចិន​ ​អ៊ីរ៉ង់​ និង​កូរ៉េខាងជើង ​មិនមែន​ជា​សមាជិក។ ក្រុម​អ្នក​សង្កេតការណ៍​ចិន​មួយ​ចំនួន​បាន​ហៅ​កិច្ច​សហការ​នេះ​ជា «សកម្មភាព​រួម​គ្នា» ប្រឆាំង​នឹង​ចិន​ដោយ​បណ្តា​ប្រទេស​ដែល​គ្រប់គ្រង​លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​បន្ទះឈីប។

ការិយាល័យ​សន្តិសុខ​ឧស្សាហកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ក៏​បាន​ប្រកាស​កាល​ពី​ខែ​តុលា​ឆ្នាំ​នេះ​ថា បច្ចេកវិទ្យា​កំពុង​លេច​ធ្លោ​ថ្មីចំនួន ​៦ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​លើ​ការ​នាំចេញ​ថ្មី​ក្រោម​កិច្ចព្រមព្រៀង Wassenaar Agreement។ គ្រប់​បច្ចេកវិទ្យា​ទាំង​នេះ​គឺ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ផលិត​បន្ទះ​ឈីប ដែលរួម​មាន​ ម៉ាស៊ីន​បោះពុម្ព lithography ​អ៊ុលត្រាវីយូឡេ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ការ​ផលិត​បន្ទះ​ឈីប​លំដាប់ខ្ពស់។

លោក Martijn Rasser អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​គម្រោងបច្ចេកវិទ្យា និង​សន្តិសុខ​ជាតិ នៃ​មជ្ឈមណ្ឌល​សន្តិសុខ​អាមេរិកាំង​ថ្មី​ (CNAS) បាន​ប្រាប់ VOA ថា ប្រទេស​សេរី​នៅ​លើ​ពិភពលោក​មាន​ប្រៀប​ខ្លាំង​នៅ​ក្នុង​ផ្នែក​បណ្តាញ​សម្ព័ន្ធមិត្ត និង​ភាព​ជា​ដៃគូ ដោយលោក​បន្ថែម​ថា៖ «នេះ​ជា​អ្វី​ដែល​ចិន​មិនមាន​ទាល់តែ​សោះ ហើយ​នេះ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​ពួកគេ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា