តើ​វិស័យ​ទេសចរណ៍​តាម​កោះ​នៅ​កម្ពុជា អាច​វិល​ទៅ​រក​ស្ថានភាព​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ វិញ បាន​ដែរ​ឬ​ទេ?

រូបឯកសារ៖ ភ្ញៀវ​ទេសចរដើរនៅតាមឆ្នេរសមុទ្រនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩។

នៅពេល​ដែល​លោក Buth Chhon (ប៊ុត ឈុន) រៀប​អីវ៉ាន់​ដាក់​លើ​ទូក​របស់​លោក​នៅ​ផែ​ចត​ទូក​នៃ​ឆ្នេរ​កោះតូច​ក្នុង​ខេត្ត​ព្រះសីហនុ លោក​ពិនិត្យ​មើល​ដោយ​ប្រុងប្រយ័ត្ន​លើ​បញ្ជី​ទំនិញ​ដែល​គេ​បញ្ជា​ទិញ ដែល​រួម​មាន​ដូចជា ត្រី អាល់កុល សាច់ និង​បន្លែ ដើម្បី​ដឹក​ទៅកាន់​សណ្ឋាគារ ផ្ទះ​សំណាក់ និង​ភូមិ​នានា​នៅ​លើ​កោះ​ជុំវិញ​នោះ​ដូចជា​កោះរ៉ុង​ជាដើម។

បុរស​វ័យ ៤៥ ឆ្នាំ និង​មាន​កូន ៥ នាក់​រូប​នេះ ​ធ្លាប់​ដឹក​ទំនិញ​ដូច​នេះ ​ទៅ​មក​ប្រចាំ​ថ្ងៃ ហើយ​ដើម្បី​បាន​ចំណេញ​ពី​ការ​ធ្វើ​ដំណើរ​ទាំង​ទៅ​ទាំង​មក លោក​បាន​ដឹក​សំរាម​តាម​ទូក​មួយ​ក្នុង​ចំណោម​ទូក​ទាំង​ពីរ​គ្រឿង​របស់​លោក​នៅ​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង។

លោក Buth Chhon បាន​បញ្ជាក់​ថា នៅ​ពេល​នេះ លោក​បាន​ដឹក​ទំនិញ​ដូចនេះ​បាន​តែ ២ ឬ ៣ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។

លោក​បាន​ប៉ាន់ស្មាន​ថា ប្រាក់​ចំណូល​របស់​លោក​បាន​ធ្លាក់​ចុះ​ទៅ​ដល់​ប្រមាណ ៣៥% ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។

ក្នុង​អំឡុង​ពេល​ឆ្នាំ​ដំបូង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​សាកល សេដ្ឋកិច្ច​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​នៅតែ​មាន​ចរន្ត​ធម្មតា ដោយសារតែ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ។ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក ភ្ញៀវទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ធ្លាក់ចុះ​យ៉ាង​ច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​នានា​នៅ​ទីនោះ។

ប្រទេស​ជិតខាង​កម្ពុជា​បាន​សាកល្បង​គម្រោង Sandbox ដែល​តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​ស្នាក់នៅ​លើ​កោះ​មួយ​ក្នុង​រយៈពេល​ណា​មួយ​ជាក់លាក់​មុន​អនុញ្ញាត​ឱ្យ​ចាកចេញ​ទៅកាន់​ទីតាំង​ផ្សេងៗ​ដែល​អាជ្ញាធរ​បាន​កំណត់ ក្រោយពី​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ ឃើញ​អវិជ្ជមាន។ ការ​សាកល្បង​នេះ​បាន​ធ្វើឡើង​នៅ​កោះ Phuket ក្នុង​ប្រទេស​ថៃ និង​កោះ Phu Quoc ក្នុង​ប្រទេស​វៀតណាម។

ខណៈពេល​ដែល​ប្រទេស​ជិតខាង​កម្ពុជា​សាកល្បង​កម្មវិធី Sandbox នេះ ខេត្ត​ព្រះសីហនុ​ដែល​ធ្លាប់តែ​ជា​ទីក្រុង​កំពង់ផែ​ដែល​មាន​ភាព​មមាញឹក​មួយ​នេះ និង​កោះ​នានា​ដែល​នៅ​ក្បែរ​នោះ នៅ​ពេល​នេះ​មាន​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​និង​ភ្ញៀវ​ទេសចរ​បរទេស​តិចតួច​ប៉ុណ្ណោះ ដោយសារ​ផ្ទះ​សំណាក់​និង​ភោជនីយដ្ឋាន​ភាគច្រើន​នៅ​ទីនោះ​ត្រូវ​បិទ​ទ្វារ។

ឥឡូវ​នេះ តើ​តំបន់​សេដ្ឋកិច្ច​ទេសចរណ៍​ដ៏​ល្អ​មួយ​នេះ​ដែល​ហាក់​ដូច​ជា​អភិវឌ្ឍ​ទៅ​មុខ​ឥត​ឈប់ឈរ​កន្លង​មក អាច​ត្រឡប់​មក​រក​ប្រក្រតីភាព និង​រីកចម្រើន​សារ​ជា​ថ្មី​ម្តង​ទៀត​បាន​ដែរ​ឬ​ទេ?

វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំងពី​ឆ្នាំ ១៩៩៥ មក ដោយ​ភ្ញៀវ​ទេសចរ​បាន​កើនឡើង​ពី​ចំនួន​តែ​ប៉ុន្មាន​សែន​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ពាក់​កណ្តាល​ទសវត្សរ៍ ១៩៩០ រហូត​ដល់​ប្រហែល ៦ លាន ៦ សែន​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៩។ ភ្ញៀវ​ទេសចរ​ម្នាក់ៗ​ចំណាយ​ជា​មធ្យម​ចំនួន ៨០០ ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ឆ្នាំ ២០១៨ និង ២០១៩ វិស័យ​ទេសចរណ៍​រួម​ចំណែក​ជិត ២០% នៃ​ចំនួន​ផលិតផល​ជាតិ​សរុប (GNP) របស់​ប្រទេស​កម្ពុជា។

រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ដើរ​តាម​ឆ្នេរ​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៩។

កោះ​រ៉ុង​និង​កោះ​រ៉ុងសន្លឹម​ដែល​ជា​កោះ​ទេសចរណ៍​ធំៗ​បំផុត​របស់​កម្ពុជា និង​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ ២៦៦.០០០ នាក់​នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​ក្នុង​ចំណោម​នោះ ៧១% គឺជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ទឹកប្រាក់​ចំនួន ៣៦ លាន ៦ សែន​ដុល្លារ​អាមេរិក។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០២០ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​កោះ​ទាំង​ពីរ​នេះ​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល​មក​នៅ​ត្រឹម​ប្រមាណ ១៣០.០០០ នាក់ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់​ចុះ ៦៥%។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ។ ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​មក​នៅ​ត្រឹម​ចំនួន ១៦ លាន ៦ សែន​ដុល្លារ​អាមេរិក។

លោក សុចិត្តគ្រឹស្នា បាន​ប៉ាន់ស្មាន​ថា អាជីវកម្ម​ប្រមាណ ៦០០ កន្លែង​ត្រូវ​បាន​បិទ​ទ្វារ​នៅ​ទូទាំង​ខេត្ត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​តាម​ឆ្នេរ​ជាច្រើន​ផងដែរ។ ប៉ុន្តែ​លោក​ថា អាជីវកម្ម​ចំនួន ១០០ កន្លែង​បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដែល​អាជីវកម្ម​ជា​ច្រើន​ក្នុង​ចំណោម​នោះ​ហាក់ដូចជា​មាន​ដំណើរការ​កាន់តែ​ល្អ​ជា​រៀងរាល់​ថ្ងៃ។ អាជីវកម្ម​ផ្សេង​ទៀត​បាន​បិទ​ទ្វារ​ជា​បណ្តោះអាសន្ន ហើយ​ឥឡូវ​នេះ​កំពុង​មាន​គម្រោង​បើក​សាកល្បង​ឡើងវិញ។

លោក សុចិត្តគ្រឹស្នា មាន​សង្ឃឹម​ថា តំបន់​នេះ​នឹង​វិល​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើង​វិញ​បាន​លឿន ដោយសារតែ​ភាព​ជោគជ័យ​នា​ពេល​ថ្មីៗ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ប្រទេស​កម្ពុជា និង​ការ​កាត់បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក​ពី ១៤ ថ្ងៃ​មក​នៅ​ត្រឹម ៧ ថ្ងៃ សម្រាប់​អ្នក​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួចហើយ អាស្រ័យ​ទៅ​តាម​ប្រទេស​ដែល​អ្នក​ទេសចរ​ទាំងនោះ​ធ្វើ​ដំណើរ​មក។ ប្រជាពលរដ្ឋ​កម្ពុជា​ជិត ៨២% ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដូស​ទី​មួយ​រួចហើយ ហើយ​ប្រជាពលរដ្ឋ​ជាង ៧៧% បាន​ចាក់​វ៉ាក់សាំង​នេះ​ពេញលេញ​រួចហើយ។

ទោះបីជា​ភ្ញៀវ​ទេសចរ​នៅតែ​តម្រូវ​ឱ្យ​តម្កល់​ប្រាក់​ចំនួន ១.០០០ ដុល្លារ​អាមេរិក​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ពួកគេ​ក៏ដោយ ក៏​ការ​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​កាលពី​ពេល​ថ្មីៗ​នេះ​នូវ​ការ​ផ្ដល់​ទិដ្ឋាការ​អេឡិចត្រូនិក​ប្រភេទ​ទេសចរណ៍​ដល់​ភ្ញៀវ​ទេសចរ​ពេល​ធ្វើ​ដំណើរ​មក​ដល់ សម្រាប់​ប្រទេស​មួយ​ចំនួន បាន​ធ្វើ​ឱ្យ​អាជីវកម្ម​នានា​ដែល​ពឹងផ្អែក​លើ​ភ្ញៀវ​ទេសចរ​សង្ឃឹម​ថា កម្ពុជា​នឹង​បើក​ប្រទេស​ឡើងវិញ​ស្រប​ពេល​ជាមួយ​នឹង​ប្រទេស​ជិតខាង។

លោក សុចិត្តគ្រឹស្នា បាន​បញ្ជាក់​ថា ដោយសារ​ខេត្ត​ព្រះសីហនុ​មាន​ការ​ចាត់ចែង​បាន​ល្អ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​ខេត្ត​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ ខេត្ត​នេះ​អាច​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ បាន។

លោក​បាន​យល់ស្រប​ចំពោះ​ការ​ស្កេន​កូដ QR ដែល​តម្រូវ​នៅ​គ្រប់​ទីកន្លែង​ចំពោះ​ការ​ចូល​ក្នុង​កន្លែង​អាជីវកម្ម​នានា និង​ការ​បាញ់​អាល់កុល​លើ​ច្រក​ទ្វារ​ចូល​ក្នុង​កន្លែង​ភាគ​ច្រើន។

ខេត្ត​ព្រះសីហនុ​បាន​កំណត់​អនុវត្ត​គម្រោង Sandbox ដែល​ស្រដៀង​ទៅ​នឹង​គម្រោង​នេះ​ដែរ​ដែល​ប្រទេស​ថៃ​បាន​អនុវត្ត​នៅ​លើ​កោះ Phuket។ សម្រាប់​គម្រោង​នេះ អ្នក​ទេសចរ​ដែល​មាន​ហានិភ័យ​ទាប​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស បន្ទាប់ពី​បាន​ចំណាយ​ពេល​ជាក់លាក់​ណា​មួយ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​តំបន់​ឬ​រមណីយដ្ឋាន​កម្សាន្ត​ណា​មួយ​ដែល​អាជ្ញាធរ​បាន​កំណត់។

ប៉ុន្តែ លោក សុចិត្តគ្រឹស្នា បាន​ថ្លែង​ថា ខេត្ត​ព្រះសីហនុ​មិន​អាច​អនុវត្ត​គម្រោង​នេះ​ដោយ​មិន​មាន​ការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​បាន​នោះ​ទេ ហើយ​មក​ទល់​នឹង​ពេល​នេះ ខេត្ត​ព្រះសីហនុ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ឬ​ក្រសួង​ទេសចរណ៍​នៅ​ឡើយ​ទេ។ ដោយសារតែ​នៅ​ពេល​នេះ រយៈពេល​ធ្វើ​ចត្តាឡីស័ក​នៅ​កម្ពុជា​ត្រូវ​បាន​កាត់​បន្ថយ គម្រោង Sandbox នេះ​អាច​នឹង​មិន​ចាំបាច់​នោះ​ទេ។

រូបឯកសារ៖ ទេសចរ​ម្នាក់​ពាក់ម៉ាស់​ដើរ​ចូល​កន្លែង​វាស់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។

ជីវិត​រស់នៅ​លើ​កោះ

នៅ​លើ​កោះ​ក្របី រមណីយដ្ឋាន​កម្សាន្ត​លំដាប់​ផ្កាយ​ប្រាំ​ឈ្មោះ Six Senses បាន​បិទ​ទ្វារ​ភ្លាមៗ​នៅ​ក្នុង​ខែមីនា ឆ្នាំ ២០២០។ ចាប់​តាំងពី​ពេល​នោះ​មក គម្រោង​បើក​សាកល្បង​ឡើងវិញ​ជាច្រើន​ដង​របស់​រមណីយដ្ឋាន​មួយ​នេះ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បុគ្គលិក​ម្នាក់​នៃ​សណ្ឋាគារ​នេះ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​បុគ្គលិក​រូប​នេះ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​ម្ចាស់​សណ្ឋាគារ​នៅ​ក្នុង​ថ្លែង​ដូច​នេះ។

បុគ្គលិក​សណ្ឋាគារ​រូប​នេះ​បាន​និយាយ​ថា សណ្ឋាគារ​នេះ​បាន​គ្រោង​បើក​ឡើងវិញ​ប៉ុន្មាន​ដង​រួច​មក​ហើយ គឺ​ក្នុង​ខែ​តុលា ឆ្នាំ ២០២០ ម្ដង ខែ​ធ្នូ ឆ្នាំ ២០២០ ម្ដង និង​ខែ​តុលា ឆ្នាំ ២០២១ ម្ដង​ទៀត ប៉ុន្តែ​នៅ​ទី​បំផុត​គឺ​បាន​ពន្យារពេល ដោយសារ​មិន​មាន​ភ្ញៀវ​ទេសចរ​គ្រប់គ្រាន់​មក​កម្សាន្ត។

ដូច​ខេត្ត​ព្រះសីហនុ​ដែរ នៅ​កោះ​ចំនួន ៣២ ផ្សេង​ទៀត​នៅ​កម្ពុជា គេ​ឃើញ​មាន​ការ​អភិវឌ្ឍ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ក្រុមហ៊ុន​ទេសចរណ៍​នៅ​លើ​កោះ​ទាំង​នោះ​បាន​បញ្ជាក់​ថា ពួកគេ​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​មិន​រំពឹង​ទុក​ជាមុន​នេះ។ ក្រុមហ៊ុន​ទាំង​នេះ​បាន​បន្ថែម​ថា អាជីវកម្ម​ដែល​រក​ចំណូល​បាន​ភាគច្រើន​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​រង​ផលប៉ះពាល់​ខ្លាំងក្លា​បំផុត។

លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​លើកឡើង​ថា ការ​រាតត្បាត​ជំងឺ​កូវីដ១៩ កំពុង​បំផ្លាញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ម្ចាស់​អាជីវកម្ម​ទេសចរណ៍ និង​បុគ្គលិក​របស់​ពួកគេ ក៏​ដូចជា​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​បង្កើត​ផលិតផល​នានា​ដើម្បី​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​ផងដែរ។

លោក ហូ វណ្ឌី បាន​ថ្លែង​ថា មិន​មាន​កន្លែង​ណា​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ជាង​កោះ​រ៉ុង​និង​កោះ​រ៉ុងសន្លឹម​នោះទេ ដែល​ក្នុង​នោះ​រួម​ទាំង​ម្ចាស់​អាជីវកម្ម​ទូក​កម្សាន្ត​និង​ទូក​ចម្លង​នានា​ផងដែរ ដែល​ពួកគេ​បាន​បាត់បង់​ប្រាក់​ចំណូល​ជាង ៩០% ក្នុង​រយៈពេល ២០ ខែ​ចុងក្រោយ​នេះ។

ប៉ុន្តែ​សម្រាប់​អ្នក​ផ្សេងទៀត ពួកគេ​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ គឺមានតែ​រង់ចាំ​តែ​ប៉ុណ្ណោះ។ លោក Robert Hughes ម្ចាស់​ហាង Khmer Dive ដែល​ជា​អាជីវកម្ម​ផ្ដល់​សេវា​ជ្រមុជ​ទឹក បាន​និយាយ​ថា ក្នុង​រយៈពេល ៦ ខែ​ចុងក្រោយ​នេះ លោក​មិន​មាន​ប្រាក់​ចំណូល​នោះ​ទេ ដោយសារ​លោក​មាន​ភ្ញៀវ​តែ ៦ នាក់​ប៉ុណ្ណោះ​ពី​ខែមីនា​ដល់​ខែ​សីហា។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ជា​ទូទៅ​មាន​មនុស្ស​តិច​ជាង​មុន​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ដូច្នេះ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​ដើរ​កាត់​ហាង​របស់​ខ្ញុំ និង​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​ជ្រមុជ​ទឹក​លេង​កម្សាន្ត»។

ទោះបីជា​លោក Hughes បាន​ប្តូរ​ការ​ផ្ដោត​របស់​អាជីវកម្ម​របស់​លោក​ទៅ​រក​ទីផ្សារ​ទេសចរណ៍​ក្នុង​ស្រុក​ក៏ដោយ ក៏​លោក​បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​នៅតែ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ដោយសារ​ពួកគេ​នៅ​រង់ចាំ​ឱ្យ​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មាន​ភាព​ល្អ​ប្រសើរ​ឡើង។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា បញ្ហា​ចម្បង​នៃ​ការ​ប្រកប​អាជីវកម្ម​នៅ​លើ​កោះ​គឺ​ទំនុកចិត្ត​របស់​អតិថិជន។ យើង​ដឹង​ថា មនុស្ស​ជាច្រើន​បាន​ចាប់ផ្តើម​រៀន​ជ្រមុជ​ទឹក ប៉ុន្តែ​មិន​បាន​ទៅកាន់​កោះ​ណា​មួយ​ដើម្បី​អនុវត្ត​ការ​ជ្រមុជ​ទឹក​នោះ​ទេ»។

រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ដើរ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៩។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ហូ វណ្ឌី រដ្ឋាភិបាល​បាន​ផ្តល់​ជំនួយ​មួយ​ចំនួន។ បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៣៩ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ដើម្បី​ចិញ្ចឹម​ជីវិត ហើយ​អាជ្ញាបណ្ណ​ទេសចរណ៍​ត្រូវ​បាន​បន្ត​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ភ្នាក់ងារ​ទេសចរណ៍ មគ្គទេសក៏​ទេសចរណ៍ សណ្ឋាគារ និង​អាជីវកម្ម​ផ្ដល់​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅ​លើ​កោះ​ដូចជា​លោក Mann Sokhonat ដែល​ជា​ម្ចាស់​ហាង​ទំនិញ​តូច​មួយ​ជាដើម បាន​និយាយ​ថា ពួកគេ​មិន​ទទួល​បាន​ជំនួយ​ណា​មួយ​នោះ​ទេ បើ​ទោះបីជា​ពួកគេ​កំពុង​ជួប​ការ​លំបាក​ក៏ដោយ។

ហាង​របស់​លោក​នៅ​លើ​កោះ​រ៉ុង​សន្លឹម​បាន​បើក​ដំណើរការ​បាន​ប្រមាណ ២ ឆ្នាំ មុន​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​នៅ​ពេល​នោះ លោក​អាច​រក​ចំណូល​បាន​រហូត​ដល់ ៣.០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ប៉ុន្តែ​លោក​ថា ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ មក លោក​បាន​បាត់បង់​ប្រាក់​ចំណូល​ជាង ១០០.០០០ ដុល្លារ​អាមេរិក នៃ​អាជីវកម្ម​ហាង​ទំនិញ​តូច​របស់​លោក​នេះ​និង​អាជីវកម្ម​ផ្ទះ​សំណាក់​របស់​លោក។

លោក Mann Sokhonat បាន​បញ្ជាក់​ថា លោក​មិន​ចង់​បិទ​ទ្វារ​អាជីវកម្ម​របស់​លោក​នោះ​ទេ ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ឡើយ គឺ​មានតែ​រង់ចាំ​តែ​ប៉ុណ្ណោះ។

លោក​បាន​លើកឡើង​ថា វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​លោក​និង​គ្រួសារ​របស់​លោក ដោយសារ​លោក​មិន​អាច​រក​ចំណូល​ពី​ប្រភព​ផ្សេង​បាន។ លោក​បាន​បន្ត​ថា លោក​ត្រូវ​បង់​ថ្លៃ​ជួល​ទីតាំង​អាជីវកម្ម​របស់​លោក និង​បង់​ថ្លៃ​សាលា​សម្រាប់​កូនៗ ក៏​ដូចជា​ថ្លៃ​ចំណាយ​ផ្សេងៗ​ទៀត​ផងដែរ។

លោក​បាន​បន្ថែម​ថា លោក​ចង់​ឃើញ​រដ្ឋាភិបាល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើងវិញ។

សម្រាប់​លោក Buth Chhon ដែល​ជា​អ្នក​បើក​ទូក​វិញ លោក​ក៏​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដែរ។ លោក​សប្បាយចិត្ត​និង​មាន​ក្ដី​សង្ឃឹម ពេល​ឃើញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នា​ពេល​ថ្មីៗ​នេះ។ អាជ្ញាធរ​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន​ប្រហែល ៨០.០០០ នាក់​បាន​ទៅ​លេង​ខេត្ត​ព្រះសីហនុ​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​រយៈពេល​វែង​កាលពី​ពេល​ថ្មីៗ​នេះ។

ប៉ុន្តែ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ បាន​ធ្វើ​ឱ្យ​អ្នក​បើក​ទូក​តាម​រដូវ​រូប​នេះ​មាន​ការ​ព្រួយបារម្ភ ដោយ​លោក​បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​មាន​ការ​ឡើង​ចុះ​គឺ​គ្មាន​អ្វី​ជាប់លាប់​នោះ​ទេ៕