កាលពីឆ្នាំមុន តន្ត្រីរ៉ុកកម្ពុជាដែលបានបាត់បង់យូរមកហើយនោះ បានចាប់កំណើតឡើងវិញតាមរយៈខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «កុំស្មានបងភ្លេច៖ខ្មែរបាត់បង់តន្ត្រីរ៉ុក»។ ខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច៖ខ្មែរបាត់បង់តន្ត្រីរ៉ុក» គឺជាខ្សែភាពយន្តឯកសារមួយដ៏ពិសេសដែលរៀបរាប់ពីភាពល្បីល្បាញនៃតន្ត្រីរ៉ុករបស់កម្ពុជាក្នុងអំឡុងចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ ដែលត្រូវបានបាត់បង់ដោយសារតែរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ចន៍ ពីរ៉ូហ្ស៊ី (John Pirozzi) ផលិតករជាតិអាមេរិកាំង បានចងក្រងខ្សែភាពយន្តឯកសារនេះឡើង ក្នុងគោលបំណងដើម្បីធ្វើឲ្យតន្ត្រីរ៉ុករបស់កម្ពុជាបានចាប់កំណើតឡើងវិញ។
ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច៖ខ្មែរបាត់បង់តន្ត្រីរ៉ុក» នេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៤ នៅឯមហោស្រពចតុមុខនៅរាជធានីភ្នំពេញ ដោយរួមមានការសម្តែងបទចម្រៀងតន្ត្រីរ៉ុកផ្ទាល់ ដោយក្រុមតន្ត្រីកររ៉ុកជើងចាស់របស់កម្ពុជា រួមមានលោក ទូច សៀងថាណា ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាការអភិរក្សត្រីផ្សោតទន្លេមេគង្គ និងការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធអេកូឡូស៊ី ដែលបានរួចរស់រានមានជីវិតពីរបបខ្មែរក្រហម។
មានការអបអរសាទរ និងគាំទ្រដ៏គគ្រឹកគគ្រេងពីសំណាក់សាធារណជនខ្មែរ និងបរទេសមកលើខ្សែភាពយន្តឯកសារនេះ និងការសម្តែងតន្រ្តីរ៉ុកកម្ពុជា ដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីឥទ្ធិពលរបស់តន្ត្រីរ៉ុកកម្ពុជាពីអតីតកាល និងបច្ចុប្បន្នកាល ដែលទើបតែនឹងលេចចេញជារូបរាងសារជាថ្មីម្តងទៀត។
ថ្មីៗនេះមានកិច្ចខំប្រឹងប្រែងជាគម្រោងរៃអង្គាសថវិកាចំនួន៣ម៉ឺនដុល្លារ ដែលរៀបចំឡើងដោយលោកផលិតករ ចន៍ ពីរ៉ូហ្ស៊ី និងក្រុមសហការីរបស់លោក ដើម្បីនាំយកកេរ៍មត៌កនៃតន្ត្រីរ៉ុករបស់កម្ពុជា និងក្រុមតន្ត្រីកររ៉ុកចំនួន៩រូប មកចែករំលែកជាមួយនឹងពិភពលោក ក្នុងកម្មវិធីប្រគុំតន្ត្រីមួយនៅទីក្រុង Manhanttan នៅក្រុងញ៉ូយក (New York City) សហរដ្ឋអាមេរិកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះ។
លោក ចន៍ ពីរ៉ូហ្ស៊ី បានសរសេរនៅក្នុងសំបុត្ររបស់លោក ដែលផ្ញើទៅកាន់អ្នកគាំទ្រគម្រោងរបស់លោកតាមអ៊ីម៉ែលថា «ការនាំយកតន្ត្រីកររ៉ុក ដែលរួចរស់រានមានជីវិត មកសម្តែង និងនិយាយអំពីសាច់រឿងរបស់ពួកគេទៅកាន់អ្នកកាសែតនៅសហរដ្ឋអាមេរិកពិតជាសំខាន់ដល់តន្ត្រីករផ្ទាល់ ក៏ដូចជាតន្រ្តីរបស់កម្ពុជា និងប្រវត្តិសាស្ត្រកម្ពុជាទូទៅផងដែរ»។
ក្នុងចន្លោះចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ ក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ គំនិតច្នៃប្រឌិតខាងតន្ត្រីត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។ នៅកម្ពុជានាពេលនោះ គេឃើញមានការនិយមស្តាប់តន្រ្តីរ៉ុករបស់ក្រុមតន្រ្តីករបរទេសដ៏ល្បីល្បាញក្នុងពិភពលោកមួយចំនួន រួមមាន the Beatles, Santana, the Rolling Stones និង the Bee Gees។ ក្នុងអំឡុងពេលនោះ តន្រ្តីរ៉ុករបស់កម្ពុជាបានចាប់កំណើត និងមានប្រជាប្រិយ៍ភាពខ្លាំង។
https://d2pq0u4uni88oo.cloudfront.net/projects/1489669/video-469015-webm.webm
លោក ពីរ៉ូហ្ស៊ី ក៏បានបង្ហាញសុទិដ្ឋិនិយមរបស់លោក ថាកេរមត៌កតន្រ្តីរ៉ុកកម្ពុជាអាចនឹងលេចចេញជារូបរាងសារជាថ្មីម្តងទៀត ដោយនិយាយថា«បើទោះបីជាខ្មែរក្រហមបានបំបាត់រាល់ទេពកោសល្យខាងសិល្បៈរបស់ប្រជាពលរដ្ឋខ្មែរក្តី ក៏តន្ត្រីកម្ពុជានៅតែរស់រានមានជីវិត ហើយបន្តជំរុញទឹកចិត្តរបស់ប្រជាជនកម្ពុជា»។
ឆ្នាំ២០១៥នេះ គឺជាឆ្នាំគំរប់ខួប៤០ឆ្នាំនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម ដែលបានឡើងគ្រប់គ្រងកម្ពុជានៅឆ្នាំ១៩៧៥។ មានក្តីសង្ឃឹមថា ការនាំយកតន្រ្តីរ៉ុកកម្ពុជា ដែលបានបាត់បង់នេះ មកចែករំលែកជាមួយនឹងពិភពលោក អាចនឹងជួយឲ្យកេរមត៌កនៃតន្រ្តីរ៉ុកកម្ពុជានៅគង់វង្សឋិតឋេរ ហើយអាចបន្តលេចចេញជារូបរាងសារជាថ្មីឡើងវិញក្នុងសង្គមកម្ពុជា បច្ចុប្បន្ន៕
(បើសិនជាលោកអ្នកចង់បរិច្ចាគថវិកា ដើម្បីឧបត្ថម្ភដល់គម្រោងរៃអង្គាសថវិកានាំយកតន្ត្រីរ៉ុកកម្ពុជាមកសម្តែងនៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក សូមចុច៖ https://www.kickstarter.com/projects/688883255/dont-think-ive-forgotten-theatrical-premiere-conce)