សមាគម​ខេមបូចា​បន្ត​រក​ឃើញ​ករណី​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន

រូបឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

អ្នកសារព័ត៌មាន​នៅប្រទេស​កម្ពុជា​បន្ត​រង​ការ​យាយី​ និង​គំរាមកំហែង​ទាំង​តាម​ផ្លូវ​ច្បាប់ និង​រាងកាយ​ ក្នុង​និងក្រោយ​ពេល​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ ហើយ​ក្នុង​កាលៈ​ទេសៈ​ខ្លះ​ អ្នក​សារព័ត៌​មាន​ត្រូវបាន​ចាប់​ខ្លួន​ដើម្បី​សួរ​ចម្លើយ​ពីអាជ្ញាធរ​រដ្ឋ។ នេះ​បើតាម​របាយការណ៍​ប្រចាំត្រី​មាស​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ (ខេមបូចា) ​ដែល​បាន​ចេញផ្សាយ​ក្នុង​ខែ​កក្កដា​នេះ។

ខេមបូចាបានឱ្យ​ដឹង​ក្នុងរបាយការណ៍ខ្លួន​ថា​ ការ​កើនឡើង​នូវ​ការ​គំរាម​កំហែង​តាម​ច្បាប់​នៅ​តែ​ជា​ក្តីបារម្ភ​ចម្បង​របស់​អ្នក​កាសែត​ ដែល​ព្យាយាម​ធ្វើ​សេចក្តី​រាយការណ៍​អំពី​បញ្ហា​រសើបនានា​នៅប្រទេស​កម្ពុជា។

នាយក​ប្រតិបត្តិនៃ​សមាគម​ខេមបូចា លោក ​ណុប វី ប្រាប់​វីអូអេនៅថ្ងៃ​ពុធនេះ​ថា​ សមាគម​ខេមបូចា​ បាន​សង្កេត​ឃើញ​ចំណុច​សំខាន់​ៗពីរ​ដែល​កំពុង​កើត​ឡើង​លើ​អ្នកសារព័ត៌មាន​ គឺការ​ប្រើច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ដែល​បង្ក​ឱ្យ​មាន​ក្តីបារម្ភ ជា​ពិសេស​លើ​អ្នកសារព័ត៌មាន​ពលរដ្ឋសម្រាប់​ការ​ចូល​រួម​ធ្វើសេចក្តីរាយការណ៍​ព័ត៌មានផ្សេងៗ​ក្នុង​សង្គម​ និង​នាំឱ្យ​មាន​ការជជែក​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​។

លោក​បន្ថែម​ថា​ បញ្ហា​ដែល​ជា​ក្តី​បារម្ភ​ទីពីរ​នោះ គឺ​ការ​យល់​ដឹង​ពីក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​ ដែល​នៅ​មាន​កម្រិត​នៅ​ឡើយ​ របស់​អ្នកដែលទើបចូលប្រឡូក​ក្នុង​វិស័យ​នេះ​។

លោក​ថ្លែង​ថា​៖ «​គាត់​មាន​ការយល់​ដឹង​នៅតិច​តួច​នៅ​ឡើយ​ ជុំវិញ​រឿង​វិជ្ជាជីវៈ​សារព័ត៌មាន​ ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ ការ​ប្រើ​ប្រាស់​ឥរិយាបថ​ផ្សេង​ៗ​ ហើយ​និងសកម្មភាព​ផ្សេង​ៗ​ ដែល​មាន​មួយចំនួន​ណាមួយ​នោះ​គឺ​ថា​ អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅដល់​សិទ្ធិ​ឯកជន​ភាព​ទៅ​ដល់​សិទ្ធិ​មួយ​ចំនួន​ផងដែរ»

បើតាម ​លោក ណុប វី ​កង្វះ​នៃ​ការ​យល់​ដឹង​ក្រម​សីលធម៌នេះ បាន​រួម​ចំណែកដល់​កំណើន​នៃ​ការ​ប្តឹង​ផ្តល់​លើ​អ្នក​សារព័ត៌មាន។

ដោយឡែក​ លោក​សង្កេត​ឃើញ​ថា​ចំនួន​អ្នកសារព័ត៌មានមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ និង​ឯករាជ្យ​ថយ​ចុះ​ ក្រោម​ហេតុ​ផល​ថា​ការ​បំពេញ​ការងារ​របស់​អ្នកសារព័ត៌មាន​ដែល​គោរព​តាម​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ហើយ​ស្ថានភាព​នេះបាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ​២០១៧ ​មក។ លោក​បន្ថែម​ថា​ ការ​ថយ​ចុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​នេះ ​នឹង​ធ្វើ​ឱ្យ​ថយ​ចុះ​ចំពោះ​ការ​ផលិត​ព័ត៌មាន​ដែល​មាន​គុណភាព​គ្រប់​ជ្រុង​ជ្រោយ​ ដែល​ជួយចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ។

របាយ​ការណ៍​ឃ្លាំមើលប្រចាំត្រីមាស​របស់​ខេមបូចា​ ដែល​ធ្វើ​ឡើង​ក្នុង​ចន្លោះ​ខែ​មេសា​ និង​ខែមិថុនា​ បាន​បង្ហាញ​ថា​ ទំនោរនៃការ​កើនឡើ​ងការ​គំរាម​កំហែង​ផ្លូវ​ច្បាប់​លើ​អ្នកកាសែត​ បាន​រំលេច​ឱ្យ​ឃើញ​ «បរិយា​កាស​ កាន់​តែ​យ៉ាប់​យឺន​ឡើង​នៃប្រព័ន្ធផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ អង្គ​ភាព​ផ្សព្វផ្សាយ​ និង​អ្នក​សារ​ព័ត៌​មាន​ឯករាជ្យ​ជា​រឿយៗ​ប្រឈមនឹង​ការ​យាយី​»

​ខេមបូចា​បាន​កត់ត្រា​ករណីនៃការយាយី​ចំនួន​ ៧ ប្រឆាំង​អ្នកសារព័ត៌មាន​ចំនួន​ ១១ ​នាក់​ នៅ​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២៤ នេះ​ ខណៈ​កាលពី​ត្រីមាសទី ១​ មានករណី​យាយី​ចំនួន ​១០ ​ករណី​ ត្រូវ​បាន​កត់ត្រា​ទុក​ ហើយ​ពាក់​ព័ន្ធ​នឹង​អ្នក​កាសែត​ចំនួន ​១៨ នាក់​។

ករណីយាយីដែល​ត្រូវបាន​កត់​ត្រា​ទុកក្នុង​ត្រីមាស​ទី​ ២ ​គឺ​ស្ទើរតែទាំង​អស់​ជា​ការ​គំរាមកំហែង​តាមច្បាប់ ហើយ​ករណី​ទាំង​ ៧ ដែលបានកត់​ត្រាទុកនោះ រួមមាន​អ្នកយក​ព័ត៌មាន​ត្រូវបាន​កាត់​ទោស​ នាំខ្លួន និង​ឃុំខ្លួនដើម្បី​ធ្វើ​ការ​សាក​សួរ។ អ្នក​សារព័ត៌មាន​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ពីបទ​ញុះញង់ ខណៈ​ពីរ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំខ្លួន​ដើម្បីការ​សាកសួរ ហើយ​ចាងហ្វាង​ម្នាក់​ត្រូវបាន​កាត់​ទោស​បីបទ​បរិហារ​កេរ្តិ៍ និង​ត្រូវបាន​បង្គាប់​ឱ្យ​សង​ប្រាក់​ពិន័យ​ចំនួន ​៤ ​លាន​រៀល​ ឬប្រមាណ​ជា​១០០០​ដុល្លារ​អាមេរិក​។ មាន​អ្នក​កាសែត​ម្នាក់​ទៀត​ត្រូវបាន​នាំខ្លួន​ទៅ​តុលាការ​ដើម្បីសាកសួរ​ បន្ទាប់​ពីបាន​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​ការ​សូកប៉ាន់​។ ហើយ​មាន​ករណី​វាយ​ដំលើ​រាង​កាយ​លើ​អ្នក​កាសែត​ម្នាក់​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ខេមបូចា​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ខ្លួនថា​៖ ​«យើង​បាន​កត់​សម្គាល់​ឃើញ​ថា ភាគ​ច្រើន​នៃ​ការ​យាយី​ និង​ការ​គំរាម​កំហែង​ ត្រូវបានអនុវត្តដោយអាជ្ញាធរ​រដ្ឋ​ ដូច​ជា​មន្ត្រីយោធា​ អភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​សេចក្តី​រាយការណ៍​ពី​បរិស្ថាន​»

ខេមបូចា​បាន​បន្ថែម​ថា​៖ «​អ្នកកាសែត​អនឡាញ​ពីរ​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន និង​ឃុំខ្លួន​ដើម្បី​សាកសួរ​ដោយ​តុលាការ​ខេត្តតាកែវ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បង្កការ​ញុះញង់​ និងការ​រើស​អើង។ ចាងហ្វាង​សារព័ត៌មាន​ម្នាក់​ត្រូវបាន​កាត់​ទោស​ដោយ​តុលាការ​ខេត្តបាត់ដំបង​ ចំពោះកា​របង្ខូច​កេរ្តិ៍​ឈ្មោះ​អភិបាល​ស្រុក​។ ហើយ​អ្នក​កាសែត​មា្នក់​ទៀត​ត្រូវ​បាន​នាំខ្លួន​ដោយ​តុលាការ​ខេត្តរតនគិរី​ បន្ទាប់ពី​បានធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​នគរបាល​មូលដ្ឋាន​ដែល​សង្ស័យ​ថា​បាន​យក​លុយ​ពីអ្នក​ភូមិ​ជា​ច្រើន​នាក់​»

ខេមបូចា​ឱ្យដឹង​ទៀតថា​ កាលពី​ខែ​មេសា​ ក្រសួងព័ត៌មាន​បាន​ប្រកាស​ថា ខ្លួន​កំពុងធ្វើ​ការ​លើ​ធម្មនុញ្ញ​មួយ​សម្រាប់​អ្នកកាសែត​អាជីព​ ដែល​ក្រសួងថា​ នឹង​ជួយ​អភិវឌ្ឍ​វិស័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ដ៏មានភាព​ជោគ​ជ័យ​។ ប៉ុន្តែ​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​ភ័យ​ខ្លាច​ថា​ ធម្មនុញ្ញ​នេះ​នឹង​ត្រូវ​បាន​ប្រើដើម្បី​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន​បន្ថែម​ទៀត។ ក្រសួង​ព័ត៌មាន​ក៏បាន​ចេញរបាយ​ការណ៍​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពីមុន​លើ​ស្ថានភាព​សារ​ព័ត៌​មាន​ប្រទេស​កម្ពុជា ដោយ​បាន​អះអាងថា​ ៨០% នៃ​អ្នកកាសែត​ចំនួន ​៣៤១​ នាក់​ ដែល​ត្រូវ​បាន​ស្ទង់​មតិ​ បាននិយាយថា​ សេរីភាពសារព័ត៌មាន​នៅកម្ពុជា «ល្អ» «ល្អខ្លាំងណាស់​»

​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក ​ទេព​ អស្នារិទ្ធ​ ប្រាប់វីអូអេថា របាយការណ៍​របស់​ខេមបូចា​ នឹង​ក្លាយ​ជាធាតុចូល​សម្រាប់​ការ​តាម​ដាន​ និង​ស៊ើប​អង្កេត​បន្ថែម​លើ​ហេតុការណ៍​នានា​ដែលបាន​កើត​ឡើង​ចំពោះ​អ្នកកាសែត​ ដើម្បី​ឈានទៅ​រក​ដំណោះស្រាយ​សមស្របមួយ​។

លោក​លើកចិត្តឱ្យ​មានការ​ផ្តល់​ព័ត៌មាន​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នកសារព័ត៌មាន​ដល់​ស្ថាប័ន​មាន​សមត្ថិកច្ច​ពាក់​ព័ន្ធ និង​បាន​រំឭក​អ្នកកាសែត​ជាទូទៅ​កុំឱ្យ​ដើរ​តួនាទី​ ខុស​ពី​វិជ្ជា​ជីវៈ​សារព័ត៌​មាន។

លោក​ថ្លែង​ថា​៖ «ខ្ញុំសូម​ជម្រាប​ជូនផងដែរ​ អ្នកសារព័ត៌មាន​ គឺ​មិនត្រូវដើរ​តួនាទី ជំនួស​ឱ្យ​តួនាទី​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ឬជំនួស​ការងារ​របស់​តុលាការ​ឡើយ​ ហើយ​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​ តាម​ក្រម​សីលធម៌​ វិជ្ជាជីវៈ​ និង​ដោយ​ភាព​ស្មោះត្រង់​ពិតប្រាកដ​របស់​អ្នក​សារព័ត៌មាន​ ទើប​ជា​ការ​ចូលរួម​លើក​តម្កើង​គុណតម្លៃ​អាជីព​សារព័ត៌មាន​ និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​»

បើតាម​ លោក ​ទេព​ អស្នារិទ្ធ​ ក្រសួងព័ត៌មាន​ក៏បាន​យក​ចិត្តទុកដាក់​ដោះស្រាយបញ្ហា​របស់​អ្នកសារព័ត៌មាន​ ដែល​អង្គភាព​របស់​ខ្លួន​មានការ​ចុះបញ្ជី និងគោរព​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ដោយក្រសួង​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​វិវាទ និង​បញ្ហា​នានារបស់​អ្នកសារព័ត៌មាន​បាន សរុបចំនួន​ ២០ ​ករណី​ ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២៤ ហើយ​ក៏កំពុង​ដំណើរការ​ក្នុងការ​ផ្តល់​មេធាវី​ការ​ពារ​ក្តី​ក្នុង​តុលាការ​សម្រាប់វិវាទ​មួយ​ចំនួន​ទៀត​។

លោក​ឱ្យដឹង​ទៀត​ថា​ នៅក្នុងឆ្នាំ​ ២០២៣ ក្រសួង​បាន​ដោះ​ស្រាយវិវាទរបស់​អ្នកសារព័ត៌មាន​ បានសរុបចំនួន ​៤៣ លើក និង​បាន​ផ្តល់​ជំនួយ​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​អង្គភាព​សារព័ត៌មាន​ចំនួន ​៥០ ​លើក​ទៀត ​ហើយ​នៅក្នុងឆ្នាំ​ដដែល​នោះ​ ក្រសួង​ក៏​បាន​ផ្តល់​មេធាវី​ការពារក្តី​ ហើយទទួលបាន​ជោគជ័យ​សរុប​ ១១ ​វិវាទ​ផង​ដែរ។ ​

កាល​ពី​ខែ​ឧសភា​ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ដែល​ជា​អង្គ​ការ​ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅលើ​ពិភព​លោក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តី​ពី​សន្ទទស្សន៍​សេរី​ភាព​សារព័ត៌មាន​។ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី ​១៥១ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស ​ដែល​មាន​ន័យ​ថា ​សេរី​ភាព​សារ​ព័ត៌មាន​បន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់ ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋា​ភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕