តុលាការ​កាត់ក្ដី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទទួល​រង​ការ​ទិតៀន​ជា​ថ្មី​ទៀត

ជន​រងគ្រោះ​​គុក​ទួលស្លែង ដែល​បាន​រស់​រាន គឺ​លោក ប៊ូ ម៉េង (ឆ្វេង) និង លោក ជុំ មី (ស្តាំ) អង្គុយ​នៅ​ក្នុង​គេហដ្ឋាន​របស់​​​សព​លោក វ៉ាន់ ណាត អតីត​ជន​រងគ្រោះ​​និង​​ជាង​គំនូរ​ក្នុង​​គុក​ទួលស្លែង​។ (រូបថត​ឯកសារស ០៥ កញ្ញា ២០១១)

នៅ​ក្នុង​ប្រទេស​កម្ពុជា ​គេ​ឃើញ​មាន​ជានិច្ចនូវ​រឿង​ចម្រូង​ចម្រាស់មក​លើ​តុលាការ​មួយ​ដែល​បាន​ទទួល​ការ ​គាំទ្រ​ពី​ អ.ស.ប​ ដែល​មាន​គោលបំណង ​នឹង​ កាត់ទោស​អតីត​មេដឹកនាំ​ក្រុម​ខ្មែរក្រហម។ តុលាការ​នោះ ​ជា​តុលាការ​លើក​ដំបូង​ដែលអនុញាត​ឲ្យ​ជន​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​អាច​ចូលរួម​ក្នុង​ដំណើរការ​កាត់ក្ដី។ ​នាពេល​ថ្មីៗ​នេះ​តុលាការ​បានបដិសេធ​មិន​ព្រម​ទទួល​ពាក្យ​បណ្ដឹង​ពី​ជនរង​គ្រោះ​នៃ​របប​ខ្មែរក្រហម ​ហើយ​បាន​នាំ​ឲ្យ​មាន​ការ​ទិតៀន​ថ្មី​ទៀត។

ចៅក្រម​ជាតិ​អាល្លឺម៉ង់​ លោក​ ស៊ីកហ្វ្រិក ប៊្លុង (Siegfried Blunk) ​តែងតាំង​ដោយ ​អ.ស.ប​ ជា​មួយ​សមភាគី​ខ្មែរ​គឺ​លោក​ យូ​ ប៊ុនឡេង ​បាន​រងការទិតៀន​ជា​លើក​ដំបូង ​កាល​ពី​ខែ​មេសា​ ដោយសារ​តែ​បាន​បិទបញ្ចប់ការស៊ើប​អង្កេត​មក​លើ​ករណី​ទីបី​ របស់​តុលាការ​ប្រឆាំង​នឹង​អតីត​មេបញ្ជាការ​យោធា​ថ្នាក់ខ្ពស់​ ពីរ​ នាក់​ របស់​ខ្មែរ​ក្រហម​ ដែល​ជាប់​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​មរណភាព​មនុស្ស​ច្រើន​ម៉ឺន​នាក់។​ បុគ្គលិក​អន្ដរជាតិ​ភាគច្រើន​ បាន​លាលែង​ចេញ​ពី​តំណែង​ក្រោយ​ពី​ករណី​នោះ​បាន​ត្រូវ​ទម្លាក់​ចោល។

ខណៈ​ដែល​ករណី​ទី​បី​ កំពុង​ស្ថិត​នៅ​ក្នុង​ការពិចារណា​របស់​តុលាការ​ ចៅក្រម​ពេល​នេះ​ កំពុង​ ពិនិត្យមើល​ថា​តើ ​ជនរងគ្រោះ​អាច​ចូលរួម​ក្នុង​ការកាត់ក្ដី​ក្នុង​នាម​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ឬទេ។

ចៅក្រម ​កាលពី​ពេល​ថ្មីៗនេះ​ បាន​បដិសេធ​ការដាក់​ពាក្យ​សុំ​ចូលរួម​របស់​ជនរង​គ្រោះយ៉ាង​តិច ៣​នាក់។ ម្នាក់​ជា​ស្ដ្រីខ្មែរ ​ដែលប្ដី​របស់​នាង​បាន​រងគ្រោះពី​ការ​បង្ខំ​ធ្វើ​ការងារ ​រួចបាន​ត្រូវ​ក្រុម​ខ្មែរក្រហម​យក​ទៅ​សម្លាប់។

នៅ​ក្នុង​ការ​បដិសេធ​នោះ​ ចៅក្រម​និយាយ​ថា​ ស្រ្ដី​នោះ​ដែល​ទាមទារ​ពី​បទ​ធ្វើ​ឲ្យ​នាង​ខូចខាត​ខាង​ផ្លូវ​ចិត្ដ​ «ហាក់​ដូច​ជា​មិន​មាន​ការណ៍​ពិត​ច្រើន​ទេ»។​ ចៅក្រម​ ឲ្យ​អត្ថន័យ ​ការតម្រូវ​ នៃពាក្យ«រង​របួស​ផ្ទាល់»​ មិន​ទូលំ​ទូលាយ​ទេ​ ហើយ​ ទម្លាក់​ចោល​នរណា​មួយ​ដែល​ មិនមែន​ជា​អ្នក​រងគ្រោះ​ផ្ទាល់។

មេធាវី​របស់​អ្នក​ដាក់​ពាក្យ​ប្តឹង ​អ្នកស្រី​ ​ស៊ីលគី ស្ទូហ្ស៊ីនស្គី (Silke Studzinsky)​ បាន​ពិពណ៌នា​ ការ​សម្រេចចិត្ដ​នោះ​ថា​ គួរ​ឲ្យ​ខក​ចិត្ដ​ខ្លាំង។ ​ថ្លែង​តាម​រយៈ​ប្រព័ន្ធ Skype ​អ្នក​ស្រី ​Studzinsky ​និយាយ​ពន្យល់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី ​ដាក់​ពាក្យ​ប្ដឹងឧទ្ធរណ៍។

«គ្មាន​មូលហេតុ​ណា​មួយ ​ដែល​អាច​ចាត់​ទុក​ថា​ មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់។​ មូលហេតុ​ទី​មួយ​សម្ដែង​ថា​ កូន​ក្ដី​របស់​យើងជាជន​រងគ្រោះ​ប្រយោល​ រួច​បាន​ត្រូវ​បដិសេធ»។

អ្នកស្រី​ Studzinsky ​ថ្លែង​ថា​ នេះ​ គ្មាន​ន័យ​ទាល់​តែ​សោះ ​ចាប់​តាំង​ពី​ជន​រងគ្រោះ​ប្រយោល ​បាន​ត្រូវ​អនុញាត​ឲ្យ​ចូលរួម​ក្នុង​ការកាត់ក្ដីករណី ពីរ​ដំបូង​ ការណ៍​ពិត​កូនក្ដី​របស់​អ្នក​ស្រី ​ជា​ ដើម​បណ្ដឹង​រដ្ឋប្បវេណី ​ក្នុង​ករណី​ទាំង​នោះ​ ដែល​ធ្វើ​ឲ្យ​ការបដិសេធ​នេះ​ មាន​ការ​លំបាក​នឹង​យល់។

លោកស្រី អាន ហេនដេល (Anne Heindel) ​ទីប្រឹក្សា​ច្បាប់​ នៃ​ អង្គការ​ស្រាវជ្រាវ​អំពី​ការប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ឬ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និយាយ​ថា មូលហេតុ​នៃ​ការ​បដិសេធ​ពាក្យ​របស់​ ដើមបណ្ដឹង​រដ្ឋប្បវេណី​មិន​ស្រប​ទៅ​តាម​បទដ្ឋាន​អប្បបរិមា​របស់​ច្បាប់​ទេ។

«នេះ​គួរ​ឲ្យ​អាម៉ាស់​មុខ។ នេះ​ ជាថ្មីម្ដងទៀត ​គេ​ប្រើ​មូលហេតុ​ចន្លោះ​ប្រហោង​នៃច្បាប់។ វា​បង្ហាញ​ច្បាស់​នូវរឿង​មួយ​ដែល​មិន​សមរម្យ។​ វាមិន​ស្រប​ទៅ​តាម​បទដ្ឋាន​នៃ​មូលដ្ឋាន​ច្បាប់​ទេ។ ហើយ ​នេះជា​ការ​សម្រេចចិត្ដ​ដ៏​អាក្រក់​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ»។

លោក Carmichael៖ តើ​អ្នកស្រី​អាន​ការ​សម្រេច​ផ្សេងៗ​បាន​ប៉ុន្មាន?

លោកស្រី Heidel: ច្រើនករណី។

លោក Carmichael៖ រាប់​រយ​ករណី?

លោកស្រី Heindel៖ ច្រើន​ពាន់។

លោក​ Carmichael៖ ហើយ​នេះ ​ជា​រឿង​អាក្រក់​បំផុត​ មែន​ទេ?

លោកស្រី Heindel៖ វា​ជា​រឿង​អាក្រក់​បំផុត។​ ខ្ញុំ​មិន​ដែល​ឃើញ​ការ​ពិចារណា​ដ៏​អាក្រក់​ដូច្នោះ​ទេ។​ វា​ គួរ​ឲ្យ​អាម៉ាស់​មុខដល់​តុលាការ។

អ្នកស្រី ​Heindel ​បាន​ចោទ​ចៅក្រម​ថា ​បាន​ប្រើ​បទដ្ឋាន​ច្បាប់​ដែល​មិន​ស្រប​តាម​យុត្ដាធិការ​របស់​តុលាការ​ ឬ​ មិន​ស្រប​តាម​ច្បាប់​អនុវត្ដ​មក​លើ​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

អ្នកស្រី​និយាយ​ថា វាហាក់​ដូច​ជា​គេ​ចង់​បដិសេធ​នរណា​មួយ​ដែលជា​អ្នក​រងគ្រោះ​ប្រយោលមិន​ឲ្យ​ចូលរួម​ក្នុង​ការ​កាត់ក្ដី។

«នេះ​ច្បាស់​ណាស់ដែល​ថា​ គ្រួសារ​ផ្ទាល់​របស់​ជន​រងគ្រោះ​បាន​ត្រូវ​ទទួលស្គាល់​ជា​អ្នក​រងគ្រោះ​ដែរ​ ហើយ​អាច​ចូលរួម​នៅ​ក្នុង​កាលទេសៈ​ដូច្នោះ​ហេតុ​ដូច្នេះ​ហើយ ​គេ​មិន​ឃើញ​មាន​រឿង​ដូច្នោះ​នៅ​អតីតកាល​ ក្នុង​ទី​កន្លែង​ណា​មួយ​ទេ​ ដែល​ គាំ​ទ្រ​មូលហេតុ​នៃ​ការ​សម្រេចចិត្ដ​ដូច្នោះ»។

មាន​មនុស្ស​ជាង​ ៣០០​ នាក់​បាន​ដាក់​ពាក្យ​សុំ តាំងខ្លួន ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ករណី​ទី​ បី។​ ចៅក្រម​បាន​បដិសេធ ​មិន​ព្រម​និយាយ​ថា ​មាន​ប៉ុន្មាន​នាក់​បាន​ត្រូវ​ទទួលស្គាល់ ​ឬ ​ក៏ ​បដិសេធ។

តែ​ទោះ​ជា​ចៅ​ក្រម​ដែល​ពាក់ព័ន្ធ​នឹង​ករណី ​មិន​ព្រម​ឆ្លើយ​ការពារសេចក្ដី​សម្រេចចិត្ដ​របស់​ខ្លួន​ ក៏​ដោយ មន្ដ្រីតុលាការ ​និយាយ​ថា​ពេលវេលា​នៅ​ពុំ​ទាន់​មក​ដល់​ ដើម្បី​ឲ្យ​យោបល់​អំពី​កិច្ចការ​របស់​គេ។

លោក​ ឡាស អូលសិន(Lars Olsen) ​មន្ដ្រី​ខាង​ទំនាក់ទំនង​ផ្នែក​ច្បាប់ ​របស់​តុលាការ​ថ្លែង​នៅ​ដើម​ខែ​នេះ​ ក្នុង​ ក្លឹប​អ្នក​យកព័ត៌មាន​បរទេស ​ក្នុង​ទី​ក្រុងបាងកក។

«កេរ្ដិ៍ដំណែល ​និង​ សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ ​អំពីថាតើ​តុលាការ​នេះ​សម​នឹង​ឲ្យ​ថវិកា​ធ្វើការ​សម​នឹង​ខិតខំ​ជួយ​ពេញ​ទំហឹង ​គេ​ត្រូវ​ចាំ​រហូត​ដល់​ទី​បញ្ចប់​នៃ​កិច្ចការ​របស់​តុលាការ។ រួច​ យើង​អាច​ដឹងអំពី​អ្វី​ដែល​បាន​កើត​ឡើង។ តើល្បែង​នោះ​ចប់​ដូចម្ដេច?​ តើ​វា​មាន​ប្រយោជន៍​ទេ។ ​ពេល​នេះ​ យើង​គ្រាន់​តែ​ប៉ាន់ស្មាន​ប៉ុណ្ណោះ»។

នៅ​ពេល​ត្រូវ​សួរ​អំពី​រឿង​ចម្រូង​ចម្រាស កាល​ពី​ពេល​ថ្មីៗ​នេះ​ អំពី​សេចក្ដី​សម្រេចចិត្ដ​របស់​ចៅក្រម​ លោក ​អូលសិន ​ថ្លែង​ថា​ សេចក្ដី​សម្រេចចិត្ដ​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ប្ដឹង​ឧទ្ធរណ៍​ហើយ​ ដំណើរ​ការ​នោះ​កំពុង​ប្រព្រឹត្ដ​ធ្វើ។

នៅ​ពេល​ដែល​ជន​រងគ្រោះ​ពី​របប​គ្រប់គ្រង​ខ្មែរ​ក្រហម​ពាក់ព័ន្ធ​ជា​មួយ​តុលាការ ក្រុម​អ្នក​សង្កេតការណ៍​ខាង​ក្រៅ​ប្រទេស​ បាន​អំពាវនាវ​ទៅ​កាន់​អ.ស.ប ​សុំ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​មក​លើ​កិច្ចការ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត។

អង្គការ ​Open Society Justice Initiative ​ដែល​ជា​អ្នក​តាម​ឃ្លាំ​មើល​កិច្ច​ការ​របស់​តុលាការ​កាត់​ទោស​ខ្មែរក្រហម ​ចាប់​តាំង​ពី​ដើម​ទី​មក ​បាន​និយាយ​ទិតៀន​ធ្ងន់ធ្ងរ​មក​លើ​សេចក្ដី​សម្រេច​ចិត្ដ​តុលាការ​ ដោយ​និយាយ​ថា​ ចៅ​ក្រម​ទាំង​នោះ​ បាន​បំពាន​លើ​បទដ្ឋាន​ច្បាប់​ហើយ​ សួរ​ជា​សំណួរ​អំពី​ឯករាជ្យភាព​និង​សមត្ថភាព​របស់​ចៅក្រម​ស៊ើបអង្កេត។

លោកស្រី Clair Duffy ជា​អ្នក​តាម​ឃ្លាំមើល​ការ​កាត់ក្ដី​ ធ្វើ​ការ​ឲ្យ​អង្គការ​ Open​ Society Justice Initiative។ អ្នកស្រី​បាន​អំពាវនាវ​សុំ​ឲ្យ​ អ.ស.ប ​ធ្វើការ​ស៊ើបអង្កេត​មក​លើ​តុលាការ​កាត់ទោស​ខ្មែរក្រហម។

«កាល​ពី​ពេល​ថ្មីៗនេះ ​គេ​ឃើញ​មាន​សេចក្ដីសម្រេចចិត្ដ​ជា​ច្រើន​របស់​តុលាការ​ ចេញ​ពី​ការិយាល័យ​របស់​ សហចៅក្រម​ស៊ើបអង្កេត ​ដែល​មិន​ស្រប​ទៅ​តាម​សេចក្ដី​តម្រូវ​ជា​មូលដ្ឋាន ​ឬ ​ទៅ​តាម​បទដ្ឋាន​ច្បាប់​អន្ដរជាតិ​ ឬ ​មិន​អនុវត្ដ​តាម​យុត្ដាធិការ​របស់​តុលាការ​ខ្លួន​ឯង»។

នេះ​ ជា​លើក​ទីពីរ​ ដែល​អង្គការ​ OSJI ​បាន​ស្នើ​ទៅ​អ.ស.ប​សុំ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត។ ​តែ​ រហូត​មក​ទល់​ពេល​នេះ​ អ.ស.ប ​នៅ​ពុំ​ទាន់​បង្ហាញ​ឲ្យ​ឃើញ​អំពី​ផែនការ​តាម​សំណូមពរ​នោះ​ទេ។

លោក ​ម៉ាទីន ណេស៊ឺគី (Martin Nesirky) ​អ្នក​នាំពាក្យ​របស់​អគ្គលេខាធិការ​អ.ស.បលោក​ បាន​ គី​ មូន​ ថ្លែង​តាម​រយៈ​អ៊ីម៉េល​ថា​ អ.ស.ប​រំពឹង​ថា​ ដំណើរការ​កាត់ក្ដី​តុលាការ ​ត្រូវ​មាន​ភាព​សេរី​ មិន​មាន​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​បាន​ទេ។ ​លោក​សរសេរ​ថា​ អ.ស.ប​ នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​មក​លើ​រឿង​នោះ​ទេ​ ដែល​កំពុង​បាន​ត្រូវ​ពិនិត្យ​មើល ​រាប់ទាំង​ការ​ប្ដឹងឧទ្ធរណ៍​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ផង​ដែរ។

លោក ​Nesirky​ មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​មួយ​អំពី​ថា​តើចៅក្រម​តែងតាំង​ដោយ អ.ស.ប​ លោក ​Siegfried Blunk ​នៅ​បាន​ទួល​ការ​គាំទ្រ​ពី​លោក​ បាន គី ​មូន ​និង ​ការិយាល័យ​របស់​ អ.ស.ប​ឬ ​ទេ៕