អ្នកសេដ្ឋកិច្ច​ពិនិត្យ​មើល​គោលនយោបាយ​ដុល្លារូបនីយកម្ម​នៅកម្ពុជា

ពលរដ្ឋ​ខ្មែរ​​ដូរ​ប្រាក់​រៀល​ និង​ដុល្លារ​​នៅ​កន្លែង​ដូរ​ប្រាក់​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។​​​​

ភ្នំពេញ៖ កុ្រមអ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជាតិ​ និង​អន្ដរជាតិ​បាន​ពិភាក្សា​គ្នា​អំពី​ការចរាចរ​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក​ដ៏​ប្រទាញប្រទង់​នៅក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​ប្រាក់​ដុល្លារ​បាន​គ្រប​ដណ្ដប់​ ការ​ចរាចរ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ស្ទើរតែ​ទាំងស្រុង។ កិច្ច​ពិភាក្សា​រយៈពេល​ពីរថ្ងៃ​ដែល​គាំទ្រ​ដោយ​ធនាគារ​ជាតិ​និង​ស្ថានទូត​បារាំង​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ហង់ ជួនណារ៉ុន​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​បាន​ថ្លែងថា​ប្រាក់​ដុល្លារ​តំណាង​ឲ្យ​៩០​ភាគរយ​ក្នុង​ចំណោម​ការចរាចរ​សាច់​ប្រាក់​នៅ​ប្រទេស​កម្ពុជា។

លោក​ ហួត ពុំ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​បាន​កត់​សម្គាល់​ថា ​ប្រាក់រៀល​កម្ពុជា​ត្រូវ គេ​និយម​ប្រើ​សម្រាប់​តែ​ក្នុង​ការទូទាត់​នូវ​ទំហំ​ទឹកប្រាក់​កម្រិត​តូច​តែប៉ុណ្ណោះ។

«អត្រា​នៃ​ការប្រើប្រាស់​ប្រាក់​រៀល​នៅក្នុង​ប្រទេស​កម្ពុជា ​គឺថា​ចាប់​ពី​មួយម៉ឺន​ឬ​ពីរម៉ឺន​រៀល​ឡើង​ទៅ ប្រជាពលរដ្ឋ​កម្ពុជា ​ឬ​ក៏​ជនបរទេស​ផង​ដែរមាន​និន្នា​ការចាយវាយ​លុយ​ដុល្លារ។ មាន​ន័យថា​បើទោះ​ជា​ប្រាក់​រៀល​អាច​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ការចាយវាយ​ក៏​ប៉ុន្ដែ​វាត្រូវប្រើ​សម្រាប់​ការទូទាត់​ក្នុង​ទំហំ​ទឹក លុយ​តូចៗ»។

ទោះជា​យ៉ាង​ណា​លោក​ ហួត ពុំ ​បាន​លើក​ឡើងថា ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាច​នឹង​នាំឲ្យ​មាន​ភាពងាយ​ស្រួល​សម្រាប់​អ្នកវិនិយោគ​ផ្ទុយ​ទៅវិញ​ការពឹងផ្អែក​លើ​ការចរាចរ​ប្រាក់​ដុល្លារ​អាមេរិក​ខ្លាំងពេក​នឹង​ធ្វើឲ្យបាត់បង់​អធិបតេយ្យភាព​នៃ​ប្រាក់​រៀល​របស់​ខ្មែរ​ដែរ។

ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការប្រើប្រាស់​សាច់ប្រាក់​ជាច្រើន​ប្រភេទ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ គេ​សង្កេត​ឃើញ​បា្រក់​ដុល្លារ​មាន​ឥទ្ធិពល​ក្នុង​ទីផ្សារ​កម្ពុជា​ ប្រាក់​បាតថៃ​ ប្រាក់​គីប​របស់​ឡាវ​និង​ប្រាក់ដុង របស់​វៀតណាម​ក៏​មាន​ឥទ្ធិពល​ក្នុង​ការទូទាត់​ថ្លៃ​ទំនិញ​នៅតាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​ទាំងនោះ​ដែរ។ ក៏ប៉ុន្ដែ​ក្រុម​អ្នកសេដ្ឋកិច្ច​បាន​ផ្ដោត​កង្វល់​លើ​ការប្រើប្រាស់​និង​ចរាចរណ៍​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ទីផ្សារ​ ប្រទេស​កម្ពុជា​ច្រើន​ជាងគេ។

ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​បាន​ធ្វើឲ្យ​ប្រទេស​នេះ​ទទួល​ខាតបង់​ចន្លោះ​ពី​២០ ​ទៅ ​៩០លាន​ដុល្លារ​ជារៀងរាល់​ឆ្នាំ​ពីការបោះពុម្ព​ប្រាក់​រៀល​ថ្មីៗ​សម្រាប់ចរាចរ​បន្ថែម​ទៀត។ នេះ​បើយោង​តាម​ក្រុមអ្នកសេដ្ឋកិច្ច។

លោក​ Jayant Menon ​អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​លើក​ឡើងថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ទប់ទល់​នឹង​សម្ពាធ​របស់​ប្រាក់​ដុល្លារ​អាមេរិក ​និង​បន្ដ​ការប៉ុនប៉ង​បដិដុល្លា​រូបនីយកម្ម​។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Michel Dabadie ​អគ្គ​ត្រួតពិនិត្យ​របស់​ធនាគារ​កណ្ដាល​ប្រទេស​បារាំង​ឲ្យ​យោបល់​ថា ​ដើម្បី​ធ្វើ​បដិដុល្លារូបនីយកម្ម​បាន​ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើឲ្យ​ប្រាក់រៀល​របស់​ខ្លួន​មាន​ស្ថេរភាព ​ហើយ ប្រព័ន្ធ​ធនាគារ​ក្នុងស្រុក​ត្រូវតែ​លើក​ដម្កើង​ដល់​ប្រាក់រៀល​ជាដើម។

សូម​បញ្ជាក់ថា​ ការចរាចរ​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ពេញនិយម​ចាប់តាំង​ពី​អំឡុង​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ​ចូលមក​ជួយ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ជាលើក​ដំបូង​នៅឆ្នាំ​ ១៩៩៣។

លោកស្រី​នាវ ចន្ថាណា ​ទេសាភិបាល​រង​ធនាគារជាតិ​កម្ពុជា​ ហាក់​ដូចជា​យល់ស្រប​ជាមួយ​លោក Michel Dabadie ​ដែរថា ​នៅពេល​ដែល​ប្រទេស​កម្ពុជា​ពង្រឹង​ទំនុក​ចិត្ត​លើ​ប្រាក់រៀល​ក្នុង​ចំណោម​ប្រជា ពលរដ្ឋ ​នៅពេល​នោះ​ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នឹង​ថយចុះ​ជាបណ្ដើរៗ​ជា​ស្វ័យប្រវត្តិ៕