ឧត្តមសេនីយ៍ទុច្ចរិតរបស់កម្ពុជាទាំង១២រូប

រូបឯកសារខាងក្រោយ៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន អញ្ជើញត្រួតពលនៅពេលដែលលោកមកដល់កិច្ចប្រជុំរដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០០៨ នៅឯវិមានរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ។​ (REUTERS/Chor Sokunthea) រូបខាងមុខ៖ ឧត្តមសេនីយ៍ទុច្ចរិតទាំង១២របស់កម្ពុជា។ ជួរលើពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ គន់ គីម។​ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ។ នាយឧត្តមសេនីយ៍ នេត សាវឿន។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន។ នាយឧត្តមសេនីយ៍ សៅ សុខា។ នាយឧត្តមសេនីយ៍ សុខ ផល។ ជួរក្រោមឆ្វេងទៅស្តាំ៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង។ ឧត្តមសេនីយ៍ឯក ចាប ភក្តី។ ឧត្តម​សេនីយ៍​ឯក ជឿន សុវណ្ណថា។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ។ ឧត្តមសេនីយ៍ឯក ជា ម៉ន។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

​ប្រវត្តិសង្ខេប​របស់ឧត្តមសេនីយ៍​កម្ពុជា​១២រូប​ ដែល​បាន​ធ្វើ​ការ​បម្រើ​គណបក្ស​ប្រជាជនកម្ពុជា​ក្នុង​ការ​បង្រ្កាប​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជនកម្ពុជា​ និង​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។

វ៉ាស៊ីនតោន–អំពើ​ហិង្សា​សិទ្ធិ​មនុស្ស​ជា​ច្រើន​បាន​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​មាន​រយៈ​កាល​ជាង​៣០ឆ្នាំ​មកហើយ។ អំពើ​ហិង្សា​ទាំង​នោះ​ ជាប់​ពាក់ព័ន្ធ​នឹងយោធា ដែល​គេ​ដឹង​ថា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ខាង​ក្រោម​នេះ​ គឺ​ជាប្រវត្តិសង្ខេប​របស់ឧត្តមសេនីយ៍​កម្ពុជា​១២រូប​ ដែល​បាន​ធ្វើ​ការ​បម្រើ​គណបក្ស​ប្រជាជនកម្ពុជា​ក្នុង​ការ​បង្រ្កាប​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជនកម្ពុជា​ និង​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ អត្ថបទនេះ ជាសេចក្តីសង្ខេបនៃរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch​ ដែលមានចំណងជើងថា​ «ឧត្តមសេនីយ៍ទុច្ចរិតទាំង១២រូបរបស់កម្ពុជា​ ឬ​ Cambodia's Dirty Dozen»។

ឧត្តមសេនីយ៍ទុច្ចរិតទាំង១២របស់កម្ពុជា។ ជួរលើពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនៃនគរបាលជាតិ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។ ជួរកណ្តាលពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។ ជួរក្រោមពីឆ្វេងទៅស្តាំ៖ ឧត្តម​សេនីយ៍​ឯក ជឿន សុវណ្ណថា មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​២។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

១. នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ

លោក ប៉ុល សារឿន ​កើត​ក្នុង​ឆ្នាំ១៩៤៨ នៅ​ខេត្ត​ស្វាយរៀង។ លោក​បាន​ចូលរួម​ជា​មួយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៦៨ និង​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧១​ ដោយ​មាន​មុខ​នាទី​ជា​អនុប្រធាន​នៃ​កងពល​ភូមិភាគ​បូព៌ា និង​គ្រប់​គ្រង​មន្ទីរ​សន្តិសុខ ស៧៩។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • នៅ​ឆ្នាំ​១៩៧៩ លោក​បាន​ក្លាយ​ជា​លេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ប្រចាំ​ខេត្ត​តាកែវ។ លោក​គឺ​ជា​អ្នក​គ្រប់​គ្រង​លើ​សន្តិសុខ​ខេត្ត​តាកែវ។ នៅ​ទី​នោះ​លោក​បាន​កាត់​ទោស​អ្នក​ទោស​នយោបាយ​ដែល​បាន​ចោទ​ថា ក្បត់​នឹង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​កង​ទ័ព​វៀតណាម។
  • នៅ​ឆ្នាំ​១៩៨៨ លោក​ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តែងតាំង​អតីត​សមាជិក​ខ្មែរ​ក្រហម ចូល​កាន់​តំណែង​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា។
  • នៅ​អំឡុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ លោក​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​ខេត្ត​តាកែវ។ នៅ​ទីនោះ​លោក​បាន​អនុវត្ត​គោលការណ៍ «ពង្រឹងមូលដ្ឋាន» របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​គ្រប់​គ្រង​យោធា នគរបាល និង​មន្រ្តី​រាជការ​តាំង​ពី​ថ្នាក់​ខេត្ត​ដល់​ថ្នាក់​មូលដ្ឋាន។ ការ​ពង្រឹង​មូលដ្ឋាន​នា​ពេល​នោះ​ គឺរួម​បញ្ចូល​ទាំង​ការ​បង្កើត​កង​កម្លាំង​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ផង​ដែរ។ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ប៉ុល សារឿន ខេត្ត​តាកែវ​ត្រូវ​បាន​គេ​ស្គាល់​ថា​ បាន​សម្លាប់​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះ​ពុទ្ធ​សាសនា ដោយ​រួម​បញ្ចូល​ទាំង​ ការ​បោក​គ្រាប់​បែក​ដៃ​ និង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង។
  • នៅ​ចន្លោះ​ឆ្នាំ​១៩៩៣ និង​១៩៩៦ លោក​ត្រូវ​បាន​ទម្លាក់​ឲ្យ​ក្លាយ​ជា​ នាយ​អគ្គសេនាធិការ​រង​កង​យោធពល​ខេមរភូមិន្ទ​ តែ​លោក​នៅ​តែ​ក្តាប់​អំណាច​យោធា​ដដែល។ នៅ​ក្នុង​អំឡុង​ពេល​នោះ កង​យោធពល​ខេមរភូមិន្ទ បាន​ជាប់​ទាក់​ទង​ទៅ​នឹង​អំពើ​ហិង្សា​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ច្រើន រួម​បញ្ចូល​ទាំង​ ការ​តាម​ចាប់​ខ្លួន​អតីត​កង​ទ័ព​ខ្មែរ​ក្រហម​ និង​ការ​បណ្តេញ​អ្នក​ភូមិ​ដែល​មាន​កម្មសិទ្ធិ​ដី​ធ្លី​ចេញ​ដោយ​បង្ខំ​ ដើម្បី​លក់​ដី​ទៅ​ឲ្យ​ទៅ​អ្នក​វិនិយោគ​បរទេស។ ពួកគេ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​អ្នក​ជំនួញ​ជា​បន្ត​បន្ទាប់។
  • ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ លោក​គឺ​ជា​មន្រ្តី​យោធា​ដែល​មាន​តំណែង​ខ្ពស់​បំផុត​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​គាំទ្រ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ កាល​ពី​ថ្ងៃ​ទី​៥​ និង​៦​ ខែ​កក្កដា​ ឆ្នាំ​១៩៩៧។
  • នៅ​ក្នុង​ឆ្នាំ​១៩៩៩ លោក​ ប៉ុល សារឿន ​ត្រូវ​បាន​តែង​តាំង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ ដែល​លោក​បាន​ទទួល​អំណាច​យោធា​ពេញលេញ។
  • ​ទសវត្សរ៍​ក្រោយៗ​ទៀត កង​យោធពល​ខេមរភូមិន្ទ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ជា​ច្រើន​ដោយ ដោយ​រួម​បញ្ចូល​ទាំង​ការ​រំលោភ​ សម្លាប់​ឬ​ប៉ុន​ប៉ង​សម្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​ ទៅ​លើ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​យោធា។
  • លោក​ ប៉ុល សារឿន បាន​ចូលរួម​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ជា​សាធារណៈ​នៅ​ឆ្នាំ ​២០០៩ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ២០១៣ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​ខេត្ត​ព្រះសីហនុ។ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ដឹង​ថា បាន​លួច​បន្លំ​សន្លឹក​ឆ្នោត នៅ​ក្នុង​ខេត្ត​នោះ។
  • លោក​ ប៉ុល សារឿន ​គឺ​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​បង្រ្កាប​បាតុកររោងចក្រ​កាត់ដេរ។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​បង្រ្កាប​ចលនា​ផ្សេងៗ​ ដែល​ប្រឆាំង​ទៅ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដូចជា​ការ​បង្រ្កាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧។

២. នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គ​មេ​បញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ​ និង​នាយ​សេនា​ធិការ​ចម្រុះនៃ​កង​យោធពល​ខេមរភូមិន្ទ

លោក ​គន់ គីម កើត​នៅ​ក្នុង​ឆ្នាំ​១៩៥៤ នៅ​ខេត្ត​ត្បូងឃ្មុំ។

នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • លោក​បាន​ចូលរួម​ជា​មួយ​ខ្មែរ​ក្រហម​តាំង​តែ​ពី​មុន​ឆ្នាំ​១៩៧៥ ដោយ​មាន​តួនាទី​ជា​កង​ឈ្លប​ និង​អង្គរក្ស​នៅ​ភូមិភាគ​បូព៌ា​ តំបន់​២១។
  • ក្រោយ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ លោក​បាន​ក្លាយ​ជា​ប្រធាន​មន្ទី​រសន្តិសុខ​ស្រុក​ត្បូងឃ្មុំ។ លោក​គឺ​ជា​អ្នក​បញ្ជា​ឲ្យ​ចាប់​ខ្លួន ធ្វើ​ទារុណកម្ម​ និង​កាត់​ទោស​អ្នក​ដែល​បាន​ចោទ​ថា​ក្បត់​បដិវត្តន៍​នៅ​ក្នុង​ស្រុក​ត្បូង​ឃ្មុំ ដោយ​រួម​មាន​ទាំង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជនជាតិ​ខ្មែរ​ឥស្លាម​ផង​ដែរ។ អំពើ​ទាំង​នេះ​ត្រូវ​បាន​សាលាក្តី​ខ្មែរក្រហម​ ចាត់​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
  • លោក​ គន់​ គីម​ បាន​ទៅ​កាន់​តំណែង​នៅ​ខេត្ត​កណ្តាល​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ ដោយ​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​មន្ទី​រសន្តិសុខ​ខេត្ត​កណ្តាល។ លោក​ទទួល​ខុស​ត្រូវ​ចាប់​ និង​ធ្វើ​ទារុណកម្ម​អ្នក​ទោស​នយោបាយ​ដែល​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។
  • ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស លោក​ គន់ គីម​ បាន​ក្លាយ​ជា​អភិបាលរង​ខេត្ត​កណ្តាល​ និង​ជា​សមាជិក​ដ៏​សំខាន់​នៃ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​កណ្តាល។ លោក​បាន​ធ្វើ​អំពើ​ហិង្សា​នយោបាយ​ និង​បំភិត​បំភ័យ​អ្នក​គាំ​ទ្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នៅ​ក្នុង​ខេត្ត​នេះ។
  • នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ លោក ​គន់ គីម​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​អំណាច​យោធា និង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​គាំ​ទ្រ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្នុង​ការ​ចាប់​ខ្លួន​អតីត​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស ព្រះអង្គម្ចាស់​ នរោត្តម សិរីវុឌ្ឍ ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ «បោស​សម្អាតគណបក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត»។
  • លោក​ គន់ គីម​ ត្រូវ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់បែក​លើ​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​១៦នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ១៥០នាក់​ទៀត​មាន​របួស។
  • ក្រោយ​ពី​ត្រូវ​បាន​តែងតាំង​ជា​ទី​ប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន លោក​ គន់ គីម​ បាន​ប្រើ​ប្រាស់​អំណាច​នយោបាយ​ និង​យោធា​ដែល​លោក​មាន​ក្នុង​ការ​កាប់​ព្រៃ​ដោយ​ខុស​ច្បាប់​ដោយ​ប្រើប្រាស់​កង​យោធពល​ខេមរភូមិន្ទ យោធភូមិ​ភាគ​ទី២ និង​យោធភូមិភាគទី៤។
  • បន្ទាប់​ពី​ត្រូវ​បាន​តែង​តាំង​ឲ្យ​ក្លាយ​ជា អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក​ គន់ គីម​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ច្រើន លើ​អ្នក​ដែល​អាច​គំរាម​កំហែង​ដល់​អំណាច​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។
  • លោក គន់ គីម បាន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវ​បាន​តែង​តាំង​ជា​នាយ​សេនា​ធិការ​ចម្រុះនៃ​កង​យោធពល​ខេមរភូមិន្ទ នៅ​ក្នុង​ឆ្នាំ​២០០៩។ កង​ពល​តូច​លេខ​៩១១ និង​លេខ​៧០ ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​លោក បាន​បង្រ្កាប​បាតុករ​នៅ​រាជធានី​ភ្នំពេញ​ និង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៦នាក់​ បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។
  • អំពើ​ហិង្សា​ទៅ​លើ​សមាជិក​សភា​ពីរ​រូប​មក​ពី​គណបក្ស​សង្រ្គោះជាតិ​ បាន​ប្រព្រឹត្ត​ដោយ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្រោម​បញ្ជា​លោក​ឧត្តមសេនីយ៍ ដៀង សារ៉ុន ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នក​ជិត​ស្និទ្ធ​នឹង​លោក គន់ គីម។
  • លោក គន់ គីម ​គឺ​ជា​អ្នក​ដែល​បាន​បញ្ជា​ឲ្យ​កង​យោធពល​ខេមរភូមិន្ទ យោធភូមិភាគទី១ ប្រឆាំង​ទៅ​នឹង​គ្រប់​បុគ្គល​ដែល​ធ្វើ​ការ​បះបោរ ធ្វើ​បដិវត្តន៍​ពណ៌​ ឬក៏​អ្នក​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​គប់​ដុំ​ថ្ម​ដាក់​កង​រាជអាវុធ​ហត្ថ​ដែល​ប្រដាប់​ដោយ​កាំភ្លើង នៅក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​មួយ​នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៤។ (Reuters)

រូបឯកសារ៖ បុរស​ម្នាក់​ត្រូវបាន​សន្តិសុខ​ខណ្ឌ​៧មករា វាយ​នឹង​ដំបង​ដែក នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ចូលរួម​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៤។ (Reuters)

៣. នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​អគ្គ​មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ

លោក​ សៅ សុខា​ កើត​ក្នុង​ឆ្នាំ​១៩៦១​ នៅ​ខេត្ត​ស្វាយរៀង។ លោក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​១៩៧៧ ក្រោយ​មក​ត្រូវ​បាន​វៀតណាម​ចាត់​តាំង​ឲ្យ​ធ្វើ​ការ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្នុង​ឆ្នាំ​១៩៧៨។

នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​អគ្គ​មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • ពី​ចន្លោះ​ឆ្នាំ​១៩៧៩ និង​១៩៩១ លោក​ សៅ សុខា ​គឺ​ជា​សេនា​ធិការ​របស់​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង​ការ​ចាប់​ខ្លួន ឃុំ​ខ្លួន និង​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស​នយោបាយ។
  • បន្ទាប់​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ លោក​ សៅ​ សុខា​ ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​រង​នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (GRK)។ នៅ​អំឡុង​ឆ្នាំ​១៩៩៤ និង​១៩៩៦ កង​រាជ​អាវុធហត្ថ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន រួម​មាន​ទាំង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្សេងៗ និងការ​ជួញដូរ​ថ្នាំ​ញៀន។
  • លោក សៅ សុខា​ គឺ​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៩៧ ដែល​ផ្តោត​ជា​ចម្បង​លើ​ការ​ផ្តួល​រលំ​លោក​ ញឹក ប៊ុនឆៃ និង​ទី​ស្នាក់ការ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ នៅ​ឯ​ព្រែក​តាទែន នៅ​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ។
  • កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​កាល​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨។ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​ជា​កង​កម្លាំង​ដែល​គណបក្ស​ប្រជាជន​កម្ពុជាបានប្រើប្រាស់​ក្នុង​ការ​បង្រ្កាប​បាតុកម្ម តវ៉ា​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ២១នាក់។
  • នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩ ដល់​២០០៨ កង​រាជអាវុធហត្ថ​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន។ ពួកគេ​បាន​បង្រ្កាប​បាតុកម្ម​ និង​កូដកម្ម​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ​រួមមាន​ទាំង​អំពើ​ហិង្សា និង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ។ ហើយ​បាន​រារាំង​មិន​ឲ្យ​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ ឬ​អ្នក​សារព័ត៌មាន​ធ្វើ​ការ​ឃ្លាំ​មើល​ ឬ​រាយការណ៍​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្សទេ។
  • កង​រាជអាវុធហត្ថ​ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាប់​ព្រៃ​ខុស​ច្បាប់​ផង​ដែរ។
  • លោក សៅ សុខា ជា​អ្នក​ដែល​រាំងស្ទះ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ដូចជា​ ការ​មិន​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​ផ្សេងៗ ការ​បិទ​ស្ថានីយ​វិទ្យុ​របស់​គណបក្ស ​សម រង្ស៊ី​ និង​គណបក្ស​ប្រឆាំង​ផ្សេងៗ​ទៀត​ និង​ការ​ចាប់​ខ្លួន​អ្នក​និពន្ធ​កាសែត​មនសិការ​ខ្មែរ​ជាដើម។
  • នៅ​ចន្លោះ​ឆ្នាំ​២០០៩ និង​២០១២ លោក​ សៅ សុខា​ ត្រូវ​បាន​តំឡើង​ទៅ​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​អំឡុង​ពេល​នេះ កងរាជ​អាវុធហត្ថ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ច្រើន​ រួម​មាន​ទាំង​ការ​ប្រើ​កម្លាំង​បំបែក​បាតុករ​ដែល​ប្រឆាំង​នឹង​ការ​ទន្រ្ទាន​យកដី​ទាំង​បង្ខំ​ ទាំង​នៅ​ជនបទ​ ទាំង​នៅ​ទី​ប្រជុំ​ជន។ លោក សៅ សុខា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​លើ​ក្រុម​បាតុករ​ វាយ​ធ្វើ​បាប និង​ចាប់​ខ្លួន​បាតុករ​ និង​រារាំង​មិន​ឲ្យ​បាតុករ​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ​ចូល​មក​រាជធានី​ភ្នំពេញ។ កង​កម្លាំង​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក ក៏​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ និង​រារាំង​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ អ្នក​កាសែត​ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ករណី​នោះ​រួម​មាន​ទាំង​ការ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ឈ្មោះ​ ហេង ចន្ថា​ នៅ​ខេត្ត​ក្រចេះ។
  • នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ លោក​ សៅ សុខា ​គឺ​ជា​អ្នក​បញ្ជា​ឲ្យ​រារាំង​បាតុករ​មិន​ឲ្យ​ចូល​មករាជធានី​ភ្នំពេញ។ នគរបាល​រាជធានី​ភ្នំពេញ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំបែក​ហ្វូង​បាតុករ​ជា​ច្រើន​ ដោយ​រួមបញ្ចូល​ទាំង​ការ​ដែល​បាន​សម្លាប់​កម្មករ​ដែល​ធ្វើ​បាតុកម្ម​ផង​ដែរ។
  • នៅ​ក្នុង​ឆ្នាំ​២០១៥ និង២០១៦ លោក​ សៅ សុខា បន្ត​អនុវត្ត​ការ​ពង្រឹង​មូលដ្ឋាន។ សកម្មភាព​ទាំង​នេះ​រួម​បញ្ចូល​ទាំង​ការ​បណ្តុះ​បណ្តាល​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពី​វិធាន​ការ​ទប់​ស្កាត់​ក្រុម​ដែល​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន​ ហៅ​ថា​ក្រុម​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ភ័យ​ដល់​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ។

៤. នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ

នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន​ កើត​នៅ​ឆ្នាំ​១៩៦០។ លោក នេត សាវឿន​ ពាក់ព័ន្ធ​ទៅ​នឹង​ ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ ករណី​ជំរិត​ទារ​ប្រាក់ និង​ការ​ទទួល​សំណូក។ លោក​គឺ​ជា​កូន​ប្រសា​របស់​អភិបាល​ខេត្ត​កំពង់​ចាម​លោក​ ហ៊ុន ណេង ដែល​ជា​បង​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។​ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • នៅ​អំឡុង​ឆ្នាំ​១៩៩១ លោក​ត្រូវ​បាន​តែង​តាំង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។
  • បន្ទាប់​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ លោក​ នេត សាវឿន មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​លើ​សមាជិក​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ដោយសារ​តែ​មិន​មាន​តំណែង​ផ្លូវ​ការ​ណា​មួយ​សម្រាប់​រូប​លោក​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​។
  • លោក នេត សាវឿន បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​បង្រ្កាប​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ នៅ​ក្នុង​ឆ្នាំ​១៩៩៤។ ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក​បាន​ក្លាយ​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ប្រមូល​ផ្តុំ​អំណាច​របស់​នគរបាល​ជាតិ​ឲ្យ​ស្ថិត​នៅ​ក្រោម​គណបក្ស​មួយ​នេះ។ លោក​ត្រូវ​បាន​សង្ស័យ​ថា​ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​វាយ​ប្រហារ​លើ​លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។
  • លោក​ នេត សាវឿន​ គឺ​ជា​អ្នក​ដែល​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង​កាល​ពី​រដ្ឋ​ប្រហា​រឆ្នាំ​១៩៩៧​នៅ​ឯ​ទី​ប្រជុំជន​រាជធានី​ភ្នំពេញ។ លោក​ស្ថិត​នៅ​ក្នុង​ចំណោម​មន្រ្តី​យោធា​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បង្រ្កាប​បាតុកម្ម​នៅ​ក្នុង​ខែ​សីហា និង​កញ្ញា​ឆ្នាំ​១៩៩៨​ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ២១​នាក់​ និង​យ៉ាង​ហោច​ណាស់​មនុស្ស​ប្រមាណ​៦០នាក់​ទៀត​រង​របួស។
  • បន្ទាប់​ពី​បាន​ក្លាយ​ជា​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០០៨ លោក ​នេត សាវឿន​ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​បុគ្គល​ដែល​មិន​យល់​ស្រប​ទៅ​នឹង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន រួមមាន​ទាំង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ការ​ឃុំ​ខ្លួន​មនុស្ស​១៣នាក់​ដែល​មាន​ទំនាក់​ទំនង​នឹង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ លោក​ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់​ខ្លួន​បាតុករ​ ដែល​ធ្វើ​បាតុកម្ម​លើ​រឿង​ការ​រំលោភ​ដី​ធ្លី។
  • ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​នគរបាល​ជាតិ​ដើម្បី​បង្រ្កាប​បាតុករ​របស់​គណបក្ស​ប្រឆាំង​ ដោយ​រួមមាន​ទាំង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ហ្វូង​បាតុករ​ ការ​សម្លាប់​ និង​ការ​បង្ក​ឲ្យ​មាន​របួស​ជា​ច្រើន​នាក់។
  • លោក​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​កម្ទេច​គណបក្ស​សង្រ្គោះជាតិ។ លោក​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ស៊ើបអង្កេត​លើ​ជំនួយ​បរទេស​ដែល​គាំទ្រ​ចលនា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​ចោទ​ថា​ ជា​បដិវត្តន៍​ពណ៌​ដែល​បម្រើ​ប្រយោជន៍​បរទេស។

រូបឯកសារ៖ ​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់ម្នាក់​ ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុងភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

៥. ឧត្តម​សេនីយ៍ឯក ជា ម៉ន មេ​បញ្ជា​ការ​រង​កងទ័ព​ជើង​គោក និង​មេ​បញ្ជាការ​យោធ​ភូមិភាគទី​៤

លោក ជា ម៉ន កើត​នៅ​ក្នុង​ឆ្នាំ​១៩៥២។ លោក​គឺ​ជា​អ្នក​គ្រប់​គ្រង​គណបញ្ជាការ​លេខ​៥៧៨ របស់​ខ្មែរ​ក្រហម។ លោក​បាន​ចូលរួម​ចលនា​ផ្តួល​រំលំ​ខ្មែរ​ក្រហម​ជា​មួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ និង​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៧៨។

ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • នៅ​ឆ្នាំ​១៩៨៧ លោក​ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​រង​នៃ​កងពល​លេខ១៧៩​ដែល​ជា​អង្គភាព​ពិសេស ដែល​ប្រតិបត្តិការ​នៅ​យោធភូមិភាគទី៤ ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា។
  • យោធភូមិភាគទី៤ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ក្នុង​អំឡុង​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣។ យោធា​តំបន់​នេះ​ បាន​ធ្វើ​ការ​គាប​សង្កត់​គណបក្ស​ផ្សេងៗ​នា​ពេល​នោះ ដោយ​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ ឬ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​យុទ្ធនាការ​របស់​គណបក្ស​ផ្សេងៗ។ លោក​ក៏​បាន​គំរាម​កំហែង​ប្រជាជន​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បញ្ហា​អំពើ​ពុករលួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ឧត្តរមានជ័យ​ផង​ដែរ។
  • លោក​គឺ​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ទី​៥ និង៦ ខែ​កក្កដា​ ឆ្នាំ​១៩៩៧​នៅ​ខេត្ត​សៀមរាប​ ដែល​បាន​ផ្តួល​រំលំ​លោក ខាន់ សាវឿន ​ដែល​ជា​មេ​បញ្ជាការ​កងទ័ព​មក​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ប្រចាំ​ខេត្ត​សៀមរាប។
  • បន្ទាប់​ពី​រដ្ឋប្រហារឆ្នាំ​១៩៩៧ លោក​បាន​បញ្ជា​ឲ្យ​ចាប់​នាយ​ទាហាន​ និង​នគរបាល​នៅ​ថ្នាក់​ក្រោម​ដែល​បាន​ចុះ​ចូល​ជា​មួយ​នឹង​គណបក្ស​ហ៊្វុនស៊ីនប៉ិច។
  • នៅ​អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ​១៩៩៨ លោក​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​សម្លាប់​សមាជិក​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ យោធា​នៃ​យោធភូមិភាគ​ទី​៤​ ក៏​បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយ​ចោទ​ថា​ជា​ចោរ​លួច។
  • ចាប់​តាំង​ពី​ឆ្នាំ​២០០០មក ​យោធា​តំបន់​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​បាន​សម្លាប់​ ប៉ុនប៉ង​សម្លាប់​ វាយ​ធ្វើ​បាប​ គំរាម​កំហែង​ផ្នែក​នយោបាយ និង​បំភិត​បំភ័យ​លើ​ប្រជា​ពលរដ្ឋ​ជា​បន្ត​បន្ទាប់។
  • យោធា​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក ជា ម៉ន បាន​ប្លន់​យក​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ និង​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ទី​លំនៅ។
  • នៅ​អំឡុង​ការ​បោះឆ្នោត​ឆ្នាំ២០១៣ លោក​បាន​រារាំង​មិន​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ខេត្ត​ឧត្តរមានជ័យ​ទេ។
  • នៅ​អំឡុង​ឆ្នាំ​២០១៥ លោក​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​របស់​លោក បង្រ្កាប​ និង​ស្វែង​រក​ក្រុម​មនុស្ស​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​អ្នក​ធ្វើ​បដិវត្តន៍​ពណ៌។ យោធភូមិភាគទី៤ បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ ដោយ​ចោទ​គណបក្ស​នេះ​ថា​បាន​បម្រើ​ប្រយោជន៍​បរទេស។

៦. ឧត្តម​សេនីយ៍​ឯក​ ប៊ុន សេង​ មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​មេ​បញ្ជាការ​យោធ​ភូមិភាគ​ទី៥

លោក ប៊ុន សេង​ កើត​នៅ​ក្នុង​ឆ្នាំ​១៩៥២។ លោក​ទំនង​ជា​បាន​ចូល​បម្រើ​កងទ័ព​ក្នុង​អំឡុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ឆ្នាំ១៩៧៩។

ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • រហូត​មក​ទល់​ឆ្នាំ​១៩៩១ លោក​គ្រប់​គ្រង​យោធា​នៅ​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង​ និង​ធ្វើ​ការ​បោស​សម្អាត​កង​ទ័ព​ខ្មែរក្រហម និង​ក្រុម​ដែល​គាំទ្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច។
  • យោធាយោធភូមិភាគ​ទី​៥ បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ​១៩៩៣។ យោធា​តំបន់​នេះ បាន​គាប​សង្កត់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​ផ្សេងៗ​ទៀត​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ និង​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង។ កង​កម្លាំង​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក​ បាន​វាយ​ប្រហារ​លើ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​បាន​សម្លាប់​សកម្មជន​របស់​គណបក្ស​នេះ។
  • នៅ​អំឡុង​ការ​បោះឆ្នោត​ឆ្នាំ១៩៩៨ យោធា​យោធភូមិភាគ​ទី​៥ បាន​សម្លាប់​សកម្មជន​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ជា​ច្រើន។
  • ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក យោធភូមិភាគទី៥ បាន​ប្លន់​យក​ដី​របស់​ប្រជាពលរដ្ឋ​ បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ រំលោភ​បំពាន​ផ្លូវ​ភេទ​ សម្លាប់​ គំរាម​កំហែង​ដល់​អាយុ​ជីវិត​ វាយ​ធ្វើ​បាប​ ចាប់​ខ្លួន​ ធ្វើ​ទារុណកម្ម​ ប៉ុនប៉ង​សម្លាប់​ និង​ការ​ជួញដូរ​មនុស្ស​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជន​សាមញ្ញ​ទូទៅ។

រូបឯកសារ៖ ទិដ្ឋភាពនៅមុខតុលាការកំពូលនិងមហាអយ្យការ នៅរសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលតុលាការកំពូលសម្រេចបន្ត​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (នូវ ពៅលក្ខិណា/VOA)

៧. ឧត្តម​សេនីយ៍​ឯក ជឿន សុវណ្ណថា មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​២

លោក ជឿន សុវណ្ណថា កើត​នៅ​ក្នុង​ឆ្នាំ​១៩៥៧។ លោក​គឺ​ជា​អង្គរក្ស​វ័យ​ក្មេង​របស់​លោក ហ៊ុន សែន​ ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៧៨។ លោក​ជា​អ្នក​គ្រប់គ្រង​យោធភូមិភាគទី២​ ដែល​ត្រូវ​បាន​ដឹង​ថា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ច្រើន​នៅ​អំឡុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣។

ឧត្តម​សេនីយ៍​ឯក ជឿន សុវណ្ណថា មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​២។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • យោធា​យោធភូមិភាគទី២ បាន​សម្លាប់​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​ និង​អ្នក​គាំ​ទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រឆាំង​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​នោះ។
  • នៅ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ យោធា​យោធភូមិភាគទី២​បាន​វាយ​ធ្វើ​បាប​សមាជិក​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នៅ​ជាយ​រាជធានី​ភ្នំពេញ។ យោធា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ជឿន សុវណ្ណថា ក៏​បាន​វាយប្រហារ​លើ​ទី​ស្នាក់​ការ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ។
  • លោក​ត្រូវ​បាន​តែង​តាំង​ឲ្យ​ក្លាយ​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ដោយ​មាន​តួនាទី​ស្មើ​នឹង​អនុរដ្ឋ​លេខា​ធិការ។
  • យោធា​យោធភូមិភាគទី២​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្នែក​នយោបាយ​នៅ​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០០២ ដែល​បាន​សម្លាប់​សកម្មជន​គណបក្ស​នយោបាយ​ចំនួន​៤នាក់។
  • នៅ​ក្នុង​អំឡុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៣​ ខេត្ត​កំពង់ចាម​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ជឿន សុវណ្ណថា ត្រូវ​បាន​ស្គាល់​ថា​ជា​ខេត្ត​ដែល​រារាំង​ បៀតបៀន​ និងប្រព្រឹត្ត​អំពើ​ហិង្សា​យ៉ាង​ខ្លាំង​លើ​គណបក្ស​ផ្សេងៗ​ទៀត។
  • ចាប់​តាំង​ពី​ឆ្នាំ​២០០០មក យោធា​យោធភូមិភាគទី២​នេះ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ដូចជា​ ​ប្លន់​ សម្លាប់​ ប៉ុនប៉ង​សម្លាប់​ ​វាយ​ធ្វើ​បាប ​គំរាម​កំហែង​ដល់​អាយុ​ជីវិត ​ជួញដូរ​មនុស្ស​ ​រំលោភ​បំពាន​ផ្លូវភេទ ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ធ្វើ​ឲ្យ​បាត់​ខ្លួន​ដោយ​បង្ខំ​ ​ប្លន់​យក​ដី​ធ្លី​ និងបណ្តេញ​ប្រជាជន​ចេញ​ដោយ​បង្ខំ។
  • នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ យោធា​ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​លោក​ បាន​ប្រព្រឹត្ត​អំពើ​ជា​ច្រើន​ដែល​ប្រឆាំង​ទៅ​នឹង​គណបក្ស​សង្រ្គោះជាតិ​ រួមមាន​ទាំង​ការ​បំបែក​ហ្វូង​បាតុករ​ ដែល​ធ្វើ​បាតុកម្ម​នៅ​ក្នុង​តំបន់​ដែល​លោក​គ្រប់គ្រង។
  • ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក យោធភូមិភាគទី២ ត្រូវ​បាន​ស្គាល់​ថា​ ជា​កង​កម្លាំង​ដែល​ប្រឆាំង​នឹង​ចលនា​របស់​គណបក្ស​សង្រ្គោះជាតិ។
  • លោក​គឺ​ជា​អ្នក​ដែល​គាំ​ទ្រ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ លោក​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ២០១៧​ថា​ «កង​ទ័ព​ជើង​គោក​ទាំង​មូល​គឺ​ជា​កងទ័ព​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​ជា​មេ​បញ្ជា​ការ​ខ្ពស់បំផុត​របស់​កង​ទ័ព​កម្ពុជា។ កងទ័ព​ទាំង​អស់​ត្រូវ​ស្ម័គ្រ​ស្លាប់​ដើម្បី​ការពារ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន»។

៨. ឧត្តម​សេនីយ៍ឯក ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​ និង​ជា​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង​៩១១

លោក ចាប ភក្តី កើត​នៅ​ក្នុង​ឆ្នាំ​១៩៥៩ នៅ​ខេត្ត​ព្រៃវែង។ លោក​បាន​ក្លាយ​ជា​មេបញ្ជាការ​របស់​កង​ពលតូច​លេខ​៩១១​នៅ​ក្នុង​ឆ្នាំ​១៩៩៤។ នៅ​ក្នុង​ឆ្នាំ​១៩៩៧ កងពល​តូច​នេះ​បាន​ក្លាយ​ជា​កង​កម្លាំង​ពិសេស​កង​ទ័ព​ឆ័ត្រ​យោង​៩១១។ លោក​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០០៥។ លោក​គឺ​ជា​ទី​ប្រឹក្សា​ផ្ទាល់របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​ជា​នាយរង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។

ឧត្តម​សេនីយ៍ឯក ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​ និង​ជា​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង​៩១១។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • កងពល​តូច​លេខ​៩១១ គឺ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារឆ្នាំ​១៩៩៧។ កងពល​តូច​នេះ​ត្រូវ​បាន​ប្រើ​ឲ្យ​ទៅ​កម្ទេច​ទី​ស្នាក់ការ​យោធា​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នៅ​ឯ​ត្រពាំង​ក្រសាំង​ ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ​ដែល​លោក​ ញឹក ប៊ុនឆៃ​ បាន​ឈរ​ជើង​នៅ​ទី​នោះ។
  • កងពល​តូច​លេខ​៩១១​នេះ បាន​ចាប់​ខ្លួន​ ឃុំ​ខ្លួន​ និង​ធ្វើ​ទារុណកម្ម​មន្រ្តី​ និង​យោធា​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច។
  • លោក​ ចាប ភក្តី ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​វិវាទ​ដី​ធ្លី​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។ កង​កម្លាំង​របស់​លោក​បាន​វាយ​ធ្វើ​បាប​ប្រជាពលរដ្ឋ បំផ្លាញ​គ្រាប់​ពូជ​ស្រូវ​របស់​ពលរដ្ឋ​ និង​ដុត​ផ្ទះ​របស់​ពួកគេ។
  • បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ កងពល​តូច​លេខ​៩១១​ទទួល​បញ្ជា​ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ កងពល​តូច​នេះ​បាន​បំបែក គាប​សង្កត់​ និង​រារាំង​បាតុករ។ កងពល​តូច​នេះ​បង្រ្កាប​បាតុករ​ដោយ​ប្រើប្រាស់​ដំបង​ដែក​ កាំបិត​ ដំបងឆក់​ និង​ដំបង​ធម្មតា​ជា​ដើម​ ដោយ​ចោទ​ថា​ក្រុម​បាតុករ​រាំងស្ទះ​ដល់​ដំណើរ​ការរបស់​រោងចក្រ​កាត់​ដេរ។ កង​ពល​នេះ​បាន​រារាំង​មិន​ឲ្យ​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ និង​អ្នក​កាសែត​ រាយការណ៍ ឬ​យក​ព័ត៌មាន​លើ​ករណី​បង្រ្កាប​បាតុកម្ម​ដោយ​ហិង្សា​លើ​កម្មករ​រោងចក្រ​ទេ។

រូបឯកសារ៖ ទិដ្ឋភាពថ្ងៃធ្វើការ​ចុងក្រោយ​នៃ​កាសែត​ The Cambodia Daily ក្រោយ​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់​រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៩. ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ

លោក ​រ័ត្ន ស្រ៊ាង​ កើត​នៅ​ឆ្នាំ​១៩៦៦។ លោក គឺ​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជាមេ​បញ្ជាការ​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។ លោក​ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • មុន​ពេល​លោក​បាន​កាន់​តំណែង​នៅ​រាជធានី​ភ្នំពេញ​ លោក​គឺ​ជា​មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ។ ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់​តំណែង​ជា​មេ​បញ្ជាការ​នៅ​ខេត្ត​នោះ​ លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​យក​ដី​ធ្លី​ពី​ប្រជាពលរដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ឬក៏​ឲ្យ​ទៅ​អ្នក​មាន​អំណាច​ដទៃ​ទៀត។ លោក​ក៏​ត្រូវ​បាន​ដឹង​ថា​ បាន​សម្លាប់​ បង្ក​របួស​ស្នាម​ វាយ​ប្រជាពលរដ្ឋ បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ និង​រារាំង​អ្នក​សារព័ត៌មាន​មិន​ឲ្យ​យក​ព័ត៌មាន​ ឬក៏​រាយការណ៍​ផង​ដែរ។
  • នៅ​ក្នុង​អំឡុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ លោក​ គឺ​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ។ ក្នុង​អំឡុង​ពេល​នោះ​ លោក​ទទួល​តួនាទី​ជា​អ្នក​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​នេះ។ លោក​បាន​ធ្វើ​យុទ្ធនាការកៀងគរ​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​បើក​ចំហរ​នៅ​ឯ​ស្រុក​មង្គលបូរី។
  • ក្រោយ​ពី​ប្តូរ​មក​កាន់​តំណែង​នៅ​រាជធានី​ភ្នំពេញ លោក​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន​ រួមមាន​ទាំង​ការ​បំបែក​ហ្វូង​បាតុករ​ដោយ​ប្រើ​កង​កម្លាំង និង​ដោយ​ហិង្សា។
  • លោក​គឺ​ជា​អ្នក​ដែល​បង្រ្កាប​បាតុករ​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​ថ្ងៃ​ទី២ និងទី៣ ខែ​មករា​ឆ្នាំ​២០១៤ ដែល​បាន​សម្លាប់​មនុស្សអស់​ចំនួន​៥​នាក់ បង្ក​ឲ្យ​មាន​របួស​ជា​ច្រើន​នាក់​ និង​ចាប់​ខ្លួន​កម្មករ​១០​នាក់​ទៀត។
  • លោក​គឺ​ជា​អ្នក​បំបែក​ហ្វូង​បាតុករ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា​ ឆ្នាំ​២០១៤ ដែល​ទាមទារ​ឲ្យ​ដោះលែង​កម្មករ​ទាំង​១០នាក់។ លោក​ក៏​ជា​អ្នក​ដែល​រារាំង​បាតុករ​មិន​ឲ្យធ្វើការ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោយ​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ ផង​ដែរ។
  • លោក​ប្រើ​ហិង្សា​បំបែក​ហ្វូង​បាតុករ​ដែល​គាំ​ទ្រ​ស្ថានីយ៍វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក ម៉ម​ សូណង់ដូ ដែល​ស្នើ​សុំ​បង្កើន​ការ​ផ្សាយ​វិទ្យុ និង​អាជ្ញាប័ណ្ណ​ទូរទស្សន៍។

១០. នាយឧត្តម​សេនីយ៍​ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

លោក សុខ ផល ​មាន​ឈ្មោះ​ដើម​ថា​ អ៊ុង សុខផល។ លោក​បាន​ធ្វើ​ជា​នគរបាល​ប្រជាជន​ថ្មី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩​ ដោយ​ស្ថិត​នៅ​ក្រោម​បង្គាប់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ឲ្យ​ «រៀបចំ បញ្ជា និងណែនាំ» នគរបាល​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្រោម​នាយកដ្ឋាន​ទាំង​៧​របស់​ក្រសួង។

នាយឧត្តម​សេនីយ៍​ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • នៅ​ក្នុង​អំឡុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ លោក​ទទួល​នាទី​ជា​អ្នក​ការពារ​សន្តិសុខ​ផ្នែក​នយោបាយ​ ប្រឆាំង​ទៅ​នឹង​សត្រូវ​នយោបាយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ លោក​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ខ្លួន​បុគ្គល​ទាំង​នោះ​ទៅ​ពន្ធនាគារ «T៣»។ អ្នក​ដែល​ត្រូវ​ឃុំ​ក្នុង​ពន្ធនាគារ «T៣» ត្រូវ​ទទួល​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ។ មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ និង​មួយ​ចំនួន​ទៀត​បាន​បាត់​ខ្លួន ពេល​ជាប់​ឃុំ​នៅ​មន្ទីរ​ឃុំឃាំង​មួយ​ចំនួន​របស់​ប៉ូលិស។
  • នៅ​អំឡុង​ឆ្នាំ​១៩៩១​ និង​១៩៩៣​ លោក សុខ ផល ត្រូវ​បាន​តែង​តាំង​ជា​ អគ្គនាយក​របស់​នាយកដ្ឋាន​ថ្មី​មួយ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​ធ្វើ​ការ​យ៉ាង​សម្ងាត់​ជាមួយ​នឹង​ «ក្រុមA»។ ក្រុមនេះ​បាន​ធ្វើ​ការ​គាប​សង្កត់​គណបក្ស​ផ្សេងៗ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ដោយ​រួមមាន​ទាំង​ការ​បំភិត​បំភ័យ​ ការ​បៀតបៀន​ និង​ការ​សម្លាប់​សកម្មជន​ និង​មន្រ្តី​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច។
  • ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ​១៩៩៣ លោក​ទទួល​បញ្ជា​ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ ក្នុង​អំឡុង​ពេល​ដដែល​នោះ​ អង្គភាព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក​ មិន​បាន​ស៊ើប​អង្កេត​ ករណី​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ដែល​ប្រព្រឹត្ត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។
  • ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣ លោក​ទទួលតួ​នាទី​ «ពង្រឹង​មូលដ្ឋាន» របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ក៏​ដូចជា​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដទៃ​ទៀតដែរ ដែល​បាន​បង្រ្កាប​សកម្មភាព​របស់​គណបក្ស​សង្រ្គោះជាតិ។

រូបឯកសារ៖ លោក ​ឈុត​ វុទ្ធី ​អំឡុង​ពេល​បេសក​កម្មការពារព្រៃឈើ​មួយ​កាល​ពី​ពេល​លោក​នៅ​រស់។ (រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)

១១. នាយឧត្តម​សេនីយ៍​ ម៉ក់ ជីតូ​ ជា​អគ្គស្នងការ​រង​នៃ​នគរបាលជាតិ

លោក ម៉ក់ ជីតូ កើត​នៅ​ក្នុង​ឆ្នាំ​១៩៦២។ លោក​ ម៉ក់ ជីតូ​ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្លាប់​ដោយ​ពាក់ព័ន្ធ​នឹង​នយោបាយ​ ការ​ចាប់​ជំរិត​ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​រំលោភបំពាន​ផ្សេងៗ​ទៀត។

នាយឧត្តម​សេនីយ៍​ ម៉ក់ ជីតូ​ ជា​អគ្គស្នងការ​រង​នៃ​នគរបាលជាតិ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣​ និង​២០១២​ លោក ម៉ក់ ជីតូ​ បាន​ក្លាយ​ជា​ប្រធាន​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ក្នុង​អំឡុង​ពេល​នោះ ​លោក​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ធ្វើ​ឃាតពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ ជា​ពិសេស​ការ​សម្លាប់​អ្នក​កាសែត​ដែល​រិះគន់​រដ្ឋាភិបាល។
  • លោក​មាន​វត្តមាន​ក្នុង​ការ​វាយ​ប្រហា​រដោយ​គ្រាប់បែក​លើ​លោក​ សម រង្ស៊ី ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​១៩៩៧។
  • លោក​ត្រូវ​បាន​ដឹង​ថា​ ជា​អ្នក​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ រួម​មាន​ទាំង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ ការ​ប្រើ​ហិង្សា​បំបែក​ហ្វូង​បាតុករ​អហិង្សា​ និង​ការ​បង្រ្កាប​សកម្មជន​ដីធ្លី​ជា​ដើម។
  • លោក​គឺ​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ស៊ើបអង្កេត​ការ​ស្លាប់​របស់​លោក​ ឈុត វុទ្ធី។
  • បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ លោក​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​បង្រ្កាប​បាតុកម្ម​អហិង្សា​ក្នុង​អំឡុង​ខែ​កញ្ញា និង​ធ្នូ​ ឆ្នាំ​២០១៣ ដោយ​បាន​សម្លាប់​មនុស្ស​២​នាក់​ និង​បង្ក​ឲ្យ​មនុស្សជា​ច្រើន​នាក់​ទៀត​រង​របួស។
  • លោក​ក៏​បាន​ចូល​រួម​ជាមួយ​មន្រ្តី​យោធា​ជាន់​ខ្ពស់​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បង្រ្កាប​ដោយ​ហិង្សា​លើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤ ផង​ដែរ។

១២. នាយឧត្តម​សេនីយ៍​ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

លោក ជួន សុវណ្ណ កើត​ក្នុង​ឆ្នាំ​១៩៥៨។ លោក​បាន​ធ្វើ​ជា​កម្មាភិបាល​យោធា​ ក្នុង​សម័យ​រដ្ឋកម្ពុជា​ ដោយ​ធ្វើ​ការ​នៅ​ក្រោម​លោក គន់ គីម។ លោក​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​របស់​លោក គន់ គីម ក្រោយ​ពី​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

  • លោក​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ច្រើន​ រួម​មាន​ទាំង​ ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ ការ​បំភិត​បំភ័យ​សកម្មជន​គណបក្ស​ប្រឆាំង​ ការ​ប្លន់​យក​ដី​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​លោក​ គន់ គីម។
  • លោក ​ជួន សុវណ្ណ​ ទទួល​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​២០១២ ជំនួស​តំណែង​លោក​ ទូច ណារ៉ុថ។ លោក​ទំនង​ជា​ហ៊ាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្នែក​សិទ្ធិ​មនុស្ស​ជាង​លោក ទូច ណារ៉ុថ។
  • ក្រោយ​ពេល​កាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​នយោបាយ​ជា​ច្រើន​បន្ត​បន្ទាប់។ អំពើ​ទាំង​នោះ​រួមមាន​ការ​បង្រ្កាប​បាតុករ​ ការ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​គណបក្ស​ប្រឆាំង​ ការ​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ជាដើម។
  • លោក​ ជួន សុវណ្ណ​ គឺ​ជា​អ្នក​ដែល​សម្រប​សម្រួល​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អនុប្រធាន​របស់​គណបក្ស​សង្រ្គោះជាតិ​លោក​ កឹម សុខា កាល​ពី​ឆ្នាំ​២០១៣។
  • លោក​ ជួន សុវណ្ណ​ បាន​ដឹក​នាំ​កង​កម្លាំង​ប្រមាណ​ជា​១០០នាក់​ ដើម្បី​បង្រ្កាប​បាតុកម្ម​នៅ​ឯ​ការិយាល័យ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ នៅ​ស្ទឹង​មាន​ជ័យ។
  • លោក​ក៏​ជា​អ្នក​ដឹកនាំ​ការ​បំពាក់​បំប៉ន​សមត្ថភាព​របស់​កង​កម្លាំង​ ក្នុង​ការ​បង្រ្កាប​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះជាតិ​ផង​ដែរ៕