ពលរដ្ឋ​លំបាកទ្វេដង ពេលសាំងឡើងថ្លៃ ចំហានិភ័យសេដ្ឋកិច្ចពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននិងវិបត្តិកូវីដ

តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ PTT ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ភ្នំពេញ — នៅ​ម៉ោង​ប្រមាណជា​ ៨​:៣០​ នាទីព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទាំង​អ្នក​លក់ដូរ និង​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ជុំវិញ​ផ្សារ​ធំ​ថ្មី​មិន​សូវ​ជា​មមាញឹក​ខ្លាំង​ប៉ុន្មាន​ លោក សុខ រឹម ​កំពុងអង្គុយលើ​ម៉ូតូ​កង់​បី​របស់​ខ្លួនដែល​កំពុង​ចត​នៅ​ផ្លូវ​កែង​ក្បែរផ្សារ​ដើម្បី​រង​ចាំ​ភ្ញៀវ​ដូច​សព្វមួយ​ដង។​

លោក សុខ រឹម ដែលប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ប្រមាណជា ៥​ ឆ្នាំ​មក​ហើយ​នោះ​ និយាយ​ថា​ ស្រប​ពេលដែល​ចំណូល​របស់លោក​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជំងឺកូវីដ​១៩ ​ថ្មីៗ​នេះ លោក​កាន់​តែ​ប្រឈម​នឹង​ផល​លំបាក​ដោយសារ​តម្លៃ​សាំង​ឡើង​ថ្លៃ​ខ្លាំង។

បុរស​វ័យ​ ៤២ ​ឆ្នាំ មាន​កូន​បី​នាក់​ក្នុង​បន្ទុករូប​នេះ​បន្ថែម​ថា​៖ «កាលពី​មុន​បាន​ដប់​ម្ភៃ​រៀល [ដុល្លារ] អី​អ៊ី​ចឹង​ទៅ យើង​ចាត់​ចែង​ទៅវិញ​ទៅមក សល់​ពីរ​បី​ម៉ឺន​អី​អ៊ីចឹង​ទៅ។ គ្រាន់តែឥលូវវាខ្សោយ កូវីដ​អ៊ីចឹង​រកមិនសូវ​បានបាន​បី​បួន​ប្រាំម៉ឺន​អី​ហ្នឹង​តឹងមែន​ទែន តឹង​តែម្តង។ ហើយ​ឥលូវ​សាំង​ក៏​ឡើង​ទៀត ទៅវិញ​ទៅមក​បាន​តែមួយ​ទប់ អត់​មាន​សល់​អីសោះ។ លែង​មាន​សល់ បាន​មួយ​ទុក​ទិញ​ម្ហូប​ទិញ​អី ឲ្យ​ប្រពន្ធ​ចាយ​តិច​តួចអស់​តែម្តង លែងមានសល់​តែម្តង»។​

អ្នក​រត់​ម៉ូតូ​កង់​បី​មាឌ​ស្តើង​សម្បុរ​ស្រអែមរូប​នេះ​ បន្ថែម​ថា ជារឿយៗ​នៅ​ពេល​ដែល​តម្លៃ​សាំង​ឡើង​ថ្លៃ រាល់​ទំនិញ​ផ្សេងៗ​ក៏​ឡើង​ថ្លៃ​ដូច​គ្នា។

«ទំនិញ​ហ្នឹង​អត់​មាន​ចុះ​សោះ ឡើង​រហូត។ ចង់​ដូច​សាំង​ដែរ​ហើយហ្នឹង។ ត្បិត​ត្បៀត​មែន​ទែន។ គ្រាន់តែ​ម្ហូបមួយ​ថ្ងៃ​មួយ​ម៉ឺន​ពីរ​ម៉ឺន​ឡើង​ដូច​សាំង​ហើយ​ម្ហូប»។

លោក សុខ រឹម អ្នករត់​ម៉ូតូ​កង់​បី​នៅ​ជិត​ផ្សារថ្មី រាជធានី​ភ្នំពេញ ប្រាប់ VOA អំពីផល​ប៉ះពាល់​ដោយសារ​សាំង​ឡើង​ថ្លៃ​ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី​ សុខ ពៅ អ្នក​លក់​ចេក​ចៀន និង​ប្រហិត​ចៀន នៅ​សង្កាត់ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ ប្រាប់ VOA អំពីផល​ប៉ះពាល់​ដោយសារ​សាំង​ឡើង​ថ្លៃ​ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២២​ មក តម្លៃ​ប្រេង​សាំង​តាម​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នីមួយៗឡើង​ថ្លៃ​ជាបន្ត​បន្ទាប់​គួរ​ឲ្យ​កត់​សម្គាល់។

មិនមែនតែ​លោក សុខ រឹម ដែល​ជា​អ្នក​រត់ម៉ូតូ​កង់​បី​នោះ​ទេ​ដែល​រង​ផល​ប៉ះពាល់ដោយសារ​តម្លៃ​ប្រេង​សាំង​កើន​ឡើង​យ៉ាង​គំហុក​នោះ​ សូម្បីតែ​ប្រជាពលរដ្ឋ​ទូទៅ​ផ្សេងទៀត​ក៏​ត្អូញ​ត្អែរ​ពីផល​ប៉ះពាល់ជីវភាព​របស់​ពួកគេ​ដូចគ្នា។

កំពុង​ឈរ​ចៀនចេក​ជាប់​រទេះ​ដែល​មាន​ដាក់​លក់​ប្រហិត និង​ចេក​ចៀន ម្តុំ​ផ្សារ​ទំនើប​សុរិយា អ្នកស្រី សុខ ពៅ និយាយ​ថា បច្ចុប្បន្ន​ទាំង​ប្រេងសាំង ហ្គាស និង​ប្រេងឆា សុទ្ធ​តែ​ឡើង​ថ្លៃ​ក្នុង​តម្លៃ​ខ្ពស់​មិន​ធ្លាប់​ជួប។

«ហ្គាស​ឡើង​១០ ​លីត្រ​ ១៣,០០០ ដូច​វា​ហួស​ហេតុ​ពេក។ ប្រេង​ក៏​អ៊ីចឹងដែរ ឡើង​មួយ​កាដុង​បួន​ប្រាំពាន់​មិន​ថា​ទេ​ឡើងលេង​មួយ​កាដុង ១៦,០០០​ពាក់​កណ្តាល​ហើយ។ ដូច​មិនដែល​ឮ។ គេ​ថា ​ដាច់ស្តុកៗ​អី មកពី​អ្នក​ឡើង​វាឡើង​រហូត។ហើយ​គ្នា​លក់​អត់មានឡើង​ថ្លៃ​ទេ។​លក់ ១,០០០ នៅ​១,០០០។​ឡើង​ច្រើន​ពេក​គេ​អត់​ទិញ»។

អ្នកស្រី​ សុខ ពៅ ​ដែល​ប្រកប​របរ​លក់​ចេក​ចៀន​និង​ប្រហិត​ចៀនជាង​ ១០​ឆ្នាំ​មក​ហើយ​នោះ បន្ថែមថា ពីមុន​អ្នកស្រី​លក់​បានចន្លោះពី​ ៥០ ទៅ ​៦០ ​ម៉ឺន​រៀល ហើយ​ចំណាយ​ត្រឹម​ជាង​ ២០​ម៉ឺន​ ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។​ប៉ុន្តែ​បច្ចុប្បន្ន​អ្នកស្រី​លក់​បាន​ត្រឹម​តែ​ជាង​ ៤០ ​ម៉ឺន​រៀល​ ប៉ុន្តែ​ចំណាយជាង​ ៣០​ ម៉ឺនរៀល​ក្នុង​មួយ​ថ្ងៃ។

ស្រ្តី​វ័យ​ ៥០​ ឆ្នាំ​រូប​នេះ ​បារម្ភថា នៅ​ពេល​ដែល​ទំនិញ​កាន់​តែ​ឡើង​ថ្លៃ​អ្នកស្រី​អាច​នឹង​ប្រឈមបញ្ហា​ជីវភាព​កាន់តែ​ខ្លាំង ជា​ពិសេស​ប្រសិន​បើ​មានការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ ជាថ្មី​ទៀត។​

«ខ្លាច​តែអីវ៉ាន់​វា​ឡើង​ថ្លៃ​ពេក ហើយ​កូវីដ​ផ្ទុះទៅ យើង​រក​ស៊ី​អត់​បាន​ទៀត​ទេ»។

កម្ពុជា​បាន​និ​ង​កំពុងទទួល​រង​ផល​ប៉ះពាល់​ពីអតិផរណា ឬ​ការឡើង​ថ្លៃ​ទំនិញដោយសារតែ​ការ​រាតត្បាតជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ផ្គត់ផ្គង់​ទំនិញ​សាកល​លោក។ បច្ចុប្បន្នប្រទេស​ដែល​មិនទាន់​ងើប​ផុត​ពីភាព​ក្រីក្រមួយ​នេះ ក៏​កំពុង​តែ​រង​បន្ថែម​នូវ​ការ​កើនឡើង​តម្លៃ​ទំនិញ​ជាពិសេស​តម្លៃ​ប្រេង​សាំង ដែល​បណ្តាល​មក​ពីវិបត្តិ​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន។

រុស្ស៊ី​គឺជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​លំដាប់​ទី ៣ នៅ​លើ​ពិភពលោក បន្ទាប់​ពី​អារ៉ាប់ប៊ី​សាអូឌីត និង​សហរដ្ឋ​អាមេរិក។ ការ​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី លើ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី រួមទាំង​ការ​ហាម​ឃាត់​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​ចូល​សហរដ្ឋ​អាមេរិក​ថ្មីៗ​នេះ កាន់តែ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ខ្លាំង​ឡើង ជាពិសេស​សម្រាប់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី រួម​ទាំង​កម្ពុជា​ដែល​ជា​អ្នក​នាំ​ចូល​ប្រេង។​

លោក​ សាន ជាន អ្នក​បើក​រថយន្ត​តាក់​ស៊ី​ប្រភេទ​ទួរីសពីភ្នំពេញទៅ​កាន់​ខេត្ត​កោះកុង និយាយ​ថា ​កាលពី​ខែមុន​ការ​ធ្វើ​ដំណើរ​ទៅមកពី​រាជធានី​ភ្នំពេញទៅខេត្ត​កោះកុង​ ចំណាយ​លើ​ថ្លៃ​ប្រេង​ម៉ាស៊ូតត្រឹម​តែ​ជាង​ ២០ ​ម៉ឺន​ប៉ុណ្ណោះ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក​ចំណាយជាង ៣០ ​ម៉ឺន​រៀល។

កំពុង​ជញ្ជូន​ទំនិញ​ដាក់​លើ​ឡាន​អ្នក​បើក​បរ​វ័យ​ ៣០ ​ឆ្នាំ​រូបនេះ បញ្ជាក់ថា៖ «ទៅមក​ប្រេង​ឥឡូវវ​វា​ ៣០​ ម៉ឺន​ជាង។ យើង​រត់​ផ្លូវ​ឆ្ងាយ។ ពី​មុន​វា​ចំណាយ​អស់​តិច​តួច វា​ខុស​គ្នា​ចង់ ​១០ ម៉ឺន​ជាង​ហើយ​ហ្នឹង»។

លោក សាន ជាន បន្ថែម​ថា លោក​ចង់​ឲ្យ​ប្រេងសាំង​ចុះ​ថ្លៃ​ដើម្បី​សម្រួល​ដល់ការ​ប្រកប​មុខរបរ បើ​មិន​ដូច្នេះ​ទេ​លោក​ប្រហែល​ជា​ត្រូវ​ផ្អាកការ​បើកបរ​មួយ​រយៈ។

«បើប្រេងឡើង​ថ្លៃរត់​មិន​ចំណេញ​ដេក​ផ្ទះ។ រក​ស៊ីអី? មាន​តែ​ដេក​ផ្ទះ​សិនទៅ។ ចាំប្រេង​ចុះ​ថោក​ចាំ​គិត​ទៀត។ បើ​រត់​វាមិន​សល់​លុយ​ឲ្យ​ធ្វើ​ម៉េច?»។

ទាំង​លោក សុខ រឹម អ្នកស្រី សុខ ពៅ និង​លោក សាន ជាន សុទ្ធ​តែ​បាន​លើក​ឡើង​ថា ពួកគេចង់ឲ្យ​រដ្ឋាភិបាល​ជួយសម្រួល​ឲ្យ​តម្លៃ​ប្រេង​សាំងចុះ​ថោកដើម្បី​ពួកគេ​អាច​មាន​លទ្ធភាព​បន្ត​ការប្រកប​របររបស់​ពួកគេ។​

លោក សុខ រឹម អ្នក​រត់​ម៉ូតូ​កង់​បី និយាយ​ទាំង​មុខ​ស្ងួត​ថា៖​ «ឥឡូវ​វាពិបាក​ដែរ សម័យ​កូវីដអ៊ីចឹង យើងពិបាក​រក​មែន​ទែន ហើយ​សាំង​កាន់​តែ​ឡើង​ទៀត ដល់​អ៊ីចឹង​យើង​ពិបាកទប់​ទល់​ដែរ។​អ៊ីចឹង​សំណូម​ពរ​ដល់​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​សាំង​ឡើង​ថ្លៃ ម្ហូប​អាហារអីហ្នឹង​ឲ្យ​បាន​សម​រម្យ ព្រោះ​ឥឡូវ​វា​ពិបាក​ដែរ»។

រូបឯកសារ៖ បុរសម្នាក់ដឹកទំនិញតាមម៉ូតូជូនអតិថិជន នៅភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។

លោក​ សាន ជាន អ្នក​បើក​រថយន្ត​តាក់​ស៊ី​ប្រភេទទួរីសពីភ្នំពេញទៅ​កាន់​ខេត្ត​កោះកុង ប្រាប់ VOA អំពីផល​ប៉ះពាល់​ដោយសារ​សាំង​ឡើង​ថ្លៃ​ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្នុង​ខែ​មករា ឆ្នាំ​ ២០២២ ប្រេងសាំង​ធម្មតា​មាន​តម្លៃ​ចាប់​ពី ​៤,២០០ ទៅ​ ៤,៣៥០ ​រៀល​ក្នុង​មួយ​លីត្រ​។ នៅ​ខែ​កុម្ភៈ តម្លៃ​ចាប់​ពី ​៤,៥០០ ទៅ​ ៤,៧០០ ​រៀល​ក្នុង​មួយ​លីត្រ ចំណែក​ពីថ្ងៃ​ទី​ ១ ដល់​ថ្ងៃ​ទី​ ១៥ ខែមីនានេះ ប្រេង​សាំង​ធម្មតាមាន​តម្លៃ​ ៤៨០០​ រៀល​ក្នុង​មួយ​លីត្រ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។​

ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​បញ្ជាក់​រាល់​ពេល​ដែល​ប្រកាស​ពី​តម្លៃ​សាំង​ធម្មតា​ទាំងនេះ​ថា គឺជា​តម្លៃ​ដែល​បាន​ចុះ​ថ្លៃ​ពី​តម្លៃ​ពិត​ប្រាកដដោយសារ​មាន​ការ​សម្រួល​ពី​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់ប្រជាជន។​

លោក ង៉ែត ជូ អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​រូប​ លើក​ឡើង​ថា នៅពេល​ដែល​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ នោះ​រាល់​ទំនិញ​សព្វសារពើ ជាពិសេស​ចំណីអាហារក៏​ឡើង​ថ្លៃ​ដូចគ្នា ដោយសារ​តែ​ការ​ដឹកជញ្ជូន​ទំនិញ​ទាំង​នោះ​ត្រូវ​ប្រើប្រាស់​ប្រេងសាំង។​ លោក​ថា រាល់​ការ​ឡើង​ថ្លៃ​ទំនិញ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​គឺ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ។​

លោក ង៉ែត ជូ បន្ត​ថា ដំណោះស្រាយ​ដែល​អាច​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋដែល​រង​ផល​ប៉ះពាល់ដោយសារ​ការ​ឡើង​ថ្លៃ​ប្រេងសាំង​និង​ទំនិញ​ផ្សេងៗ​ គឺ​រដ្ឋាភិបាលព្យាយាម​រក្សា​តម្លៃ​ប្រេង​សាំង​កុំ​ឲ្យ​ឡើង​ខ្ពស់​តាម​រយៈការ​បន្ធូរ​បន្ថយ​ពន្ធ។ ប៉ុន្តែ​លោក​ថា វិធី​នេះ​រដ្ឋាភិបាល​អាច​មានភាព​ពិបាក​ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

លោក ​ង៉ែត ជូ​ បន្ថែមថា រដ្ឋាភិបាល​អាចបង្កើត​គោល​នយោបាយ​ក្នុង​ការ​រក្សា​ស្ថិរភាព​ទំនិញ​ស្ថិត​ក្នុងតម្លៃ​សម​ស្រប បង្កើត​គោល​នយោបាយ​លើកទឹក​ចិត្ត និង​អនុគ្រោះ​ពាក់ព័ន្ធនឹង​ការ​នាំចូល​ចំណី​អាហារ​ដែលមាន​តម្លៃ​ទាប កាត់​បន្ថយ​សោហ៊ុយ​ចំណាយ​ក្រៅ​ផ្លូវ​ការ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ផ្សេងៗ។

«ការ​ធ្វើ​បែប​ហ្នឹង​ប្រហែល​ជា​អាចមាន​និរន្តរភាព​ជាង ប្រសិន​បើ​យើង​ព្យាយាម​ជួយ​សម្រួល​ផ្នែក​ខាង​ការ​ដឹក​ជញ្ជូន ហើយកាត់​បន្ថយ​ចំណាយ​ក្រៅ​ផ្លូវការ​ហ្នឹង។ វា​មាន​និរន្តភាព​ជាងដោយសារ​រដ្ឋអាច​រក្សា​ការ​យក​ពន្ធ​តាម​ធម្មតា»។

កម្ពុជា​ជា​ប្រទេស​តូច​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​នាំ​ចូល​ប្រេង​ចម្រាញ់ស្រាប់​ពីប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​ថៃ ​វៀតណាម និង​សិង្ហបុរី​ជា​ដើម។ ការ​ណ៍នេះ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង នៅ​ពេល​តម្លៃ​ប្រេង​ឡើង​ថ្លៃ ដោយ​សារ​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ថ្មីៗនេះ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម។

«ដោយ​សារ​ប្រទេស​យើង​ជាប្រទេស​នាំ​ចូល​ប្រេង​ឥន្ធនៈ យើងមិនមែនជា​ប្រទេស​ផលិត​ប្រេង ឥន្ធនៈ​ទេ។​ហើយ​យើង​ទិញ​នាំ​ចូល​ប្រេង​ពី​ទីផ្សារ​អន្តរជាតិ​ដែលរួមមាន​ផ្សារ​សិង្ហបុរី ផ្សារនៃប្រទេសជិតខាង​-ល-។ ហើយតម្លៃ​ដែល​យើង​ធ្វើ​ការ​គណនាផ្អែក​ទៅ​លើ​រូប​មន្តដែល​បានស្រុះ​ស្រួល​គ្នា​រវាងវិស័យ​ឯកជន និង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល ក៏​កំណត់​ទៅ​លើ​ការ​ប្រែប្រួល​ថ្លៃ​ជា​អន្តរជាតិ​ដែរ»។​

លោក ប៉ែន សុវិជាតិ បន្ថែម​ថា ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨​ មក រដ្ឋាភិបាល​បាន​និង​កំពុង​សម្រួល​តម្លៃ​ប្រេង​សាំង​ចំនួន ១៦០​ រៀល​ក្នុង​មួយ​លីត្រ។​លោក​ថា រដ្ឋាភិបាល​មិនអាច​ជួយ​សម្រួល​ឲ្យ​ប្រេង​សាំង​មាន​តម្លៃ​ទាប​ជាង​នេះ​បានទេ។

ទោះយ៉ាង​ណា​លោក​ថា​រដ្ឋាភិបាលក៏​កំពុង​គិត​អំពី​ការ​រៀប​ចំ​ការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន​ដើម្បី​រក្សា​ទំនិញ​ឲ្យ​មានលក់​លើ​ទៅ​ផ្សារ និង​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​ប្រើ​ប្រាស់របស់​ប្រជាពលរដ្ឋ។​

«ប្រទេស​យើង​ប្រកាន់​យក​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី យើង​មិនអាច​បង្ខំ​ឲ្យវិស័យ​ឯកជន​បញ្ចុះ​ថ្លៃ ឬ​កំណត់​ថ្លៃ​បានទេ។​យើង​ចាំ​បាច់​ត្រូវ​តែពិគ្រោះ​ជាមុន​តាម​លទ្ធភាព​នូវ​ការ​រៀប​ចំ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​លៃលក​យ៉ាង​ណា​ឲ្យ​មាន​ទំនិញ​លក់​នៅ​លើ​ទីផ្សារ និងការលៃ​លក​យ៉ាង​ណា​ឲ្យ​មាន​ថ្លៃ​សមរម្យ​សម្រាប់​ឆ្លើយ​តបទៅ​នឹង​ការ​ប្រើប្រាស់របស់​ប្រជាពលរដ្ឋ»។​

ខណៈដែល​តម្លៃ​ប្រេងសាំង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​ឡើង​ថ្លៃ​បន្ថែម​ទៀត លោក សុខ រឹម ដែលកំពុង​អង្គុយ​លើម៉ូតូ​កង់​បី​ដដែល​នោះ លើកឡើងថា លោក​នឹង​ផ្អាក​ការ​រត់​ម៉ូតូ​កង់​បី​នេះ ប្រសិន​បើ​ប្រេង​សាំង​បន្ត​ឡើង​ថ្លៃ​ក្នុង​កម្រិត​ដែល​លោក​មិនអាចមាន​លទ្ធភាព​ទិញ។

«ខ្ញុំ​សង្ឃឹម​ថា​វា​មិនដែល​ដល់​ថ្នាក់​រត់​លែង​កើត​ទេ។ បើ​សិន​ជា​ឡើង​ដល់​រត់​លែង​កើត​មែន អាហ្នឹង​នឹង​រត់​លែង​កើត​មែន។​ប្រហែល​រត់​លែង​កើត​មែន បើ​សាំង​ថ្លៃ​ពេក»៕