ភ្នំពេញ — ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើឡើង នៅថ្ងៃទី៣ ខែវិច្ឆិកានេះដោយមានបេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកំពុងកាន់តំណែង និងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន (Joe Biden) ដែលជាអតីតអនុប្រធានាធិបតីក្រោមអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា (Barack Obama)។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកជារៀងរាល់អាណត្តិ តែងទទួលបានការចាប់អាម្មណ៍ពីប្រជាជននៅទូទាំងពិភពលោក។ ចំណែកប្រជាពលរដ្ឋកម្ពុជាមួយចំនួន ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើការបោះឆ្នោតរបស់ប្រទេសមហាអំណាចមួយនេះផងដែរ ដោយសារពួកគេគិតថា លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកមានឥទ្ធិពលដល់នយោបាយ និងសេដ្ឋកិច្ចប្រទេសជាច្រើនលើសាកលលោក និងក្នុងតំបន់។
ប៉ុន្តែ ពួកគេ បានសម្តែងទស្សនៈយល់ឃើញផ្សេងៗគ្នាទៅលើបេក្ខជនប្រកួតប្រជែងទាំងពីររូប។
កំពុងអង្គុយលំហែក្បែររូបសំណាកព្រះមហាវីរក្សត្រនរោត្តម សីហនុនៅជិតវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ លោក មុំ ច័ន្ទវាសនា បុគ្គលិកក្រុមហ៊ុន EFG Cambodia លើកឡើងថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ ដោយសារអាមេរិកជាប្រទេសមហាអំណាច និងអាចមានឥទ្ធិពលដល់ពិភពលោក។ ទោះយ៉ាងណាលោកថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកក្នុងអាណត្តិនេះ ហាក់មិនមានអ្វីថ្មីសម្រាប់កម្ពុជានោះទេ។
«ដូណាល់ ត្រាំ ក៏គាត់មិនសូវជាផ្តល់សម្ពាធអីមកដល់ប្រទេសយើងដែរ និយាយរួម។ គាត់គាបសង្កត់ទៅលើខាងអឺរ៉ុប ឬក៏ខាងចិនច្រើន តែសម្រាប់ខ្មែរខ្ញុំគិតថា ដូចអត់មានអីផង។ ចង់ថា មេដឹកនាំណាមួយរបស់អាមេរិកក៏នៅតែដដែល អត់មានអីជាលក្ខណៈថា ផ្តល់សម្ពាធអីដែរ។ ឯសម្រាប់លោក ចូ បៃដិន យើងធ្លាប់ឃើញគាត់ធ្លាប់ធ្វើជាអនុប្រធានាធិបតីរបស់អាមេរិកជំនាន់លោក បារ៉ាក់ អូបាម៉ា ក៏ដូចជាអត់មានអីដែរ និយាយរួម។ នយោបាយរបស់អាមេរិកមកលើស្រុកខ្មែរយើង គឺធម្មតា»។
ទោះយ៉ាងណា លោកថា លោកចង់ឲ្យលោក ចូ បៃដិន ជាប់ឆ្នោតជាជាងលោក ដូណាល់ ត្រាំ ដោយលោកអះអាងថា នយោបាយការបរទេសរបស់លោក ចូ បៃដិន មានភាពត្រជាក់ជាងនយោបាយការបរទេសរបស់លោក ត្រាំ។
«នយោបាយរបស់លោក ដូណាល់ ត្រាំ គឺគាត់គិតតែពីប្រយោជន៍របស់អាមេរិកទេ។ គាត់អត់សូវគិតពីផលប្រយោជន៍របស់ពិភពលោក ឬក៏ជ្រុងមួយណារបស់ពិភពលោកទេ គឺគាត់គិតពីអាមេរិកច្រើន។ដល់អញ្ចឹងខ្ញុំគិតថា បើលោក ចូ បៃដិន ជាប់អាចនឹងកែប្រែនយោបាយហ្នឹងឲ្យប្លែកជាងហ្នឹងបន្តិច ដោយសារសម័យមួយអាណត្តិរបស់លោក ដូណាល់ ត្រាំ ហ្នឹង គាត់រាងមានបញ្ហាច្រើន»។
កញ្ញា ថាន់ថាញ់ញ៉ា រ័ត្ន និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា យល់ថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិកអាចធ្វើឲ្យមានឥទ្ធិពលដល់នយោបាយនៅកម្ពុជា ប្រសិនបើលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យជាប់ឆ្នោត។
«បើសិនជាអាមេរិកខាងប្រជាធិបតេយ្យឈ្នះ អីចឹងយើងអាចនឹងតាម ចូ បៃដិន ដែរហើយ ដែល ចូ បៃដិន គឺគាត់ស្រលាញ់ប្រជាធិបតេយ្យ គាត់មើលឃើញប្រជាជនគាត់ត្រូវមានសិទ្ធិសេរីភាពច្រើនជាង។ ហើយឧទាហរណ៍ជាក់ស្តែងដូច ចូ បៃដិន គាត់និយាយទាក់ទងនឹងសុខភាព។ សុខភាពទូទៅ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ អញ្ចឹងវាមានផលជះច្រើន»។
កញ្ញាបន្ថែមពីការយល់ឃើញអំពីទំនាក់ទំនងកម្ពុជានិងអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា៖ «ត្រាំ បើសិនជាគាត់ឈ្នះ កម្ពុជាដូចជាអត់បានទទួលការខ្វល់ខ្វាយពី ត្រាំ ប៉ុន្មានទេ ព្រោះថាមើលរបៀបដឹកនាំរបស់ត្រាំ របៀបដឹកនាំបែបអ្នកមាន គេថា គេខ្វល់ខ្វាយពីយើង តែមើលទៅអត់ទេ ព្រោះប្រទេសយើងតូចសម្រាប់គេ»។
ចំណែកលោក ផុន សុផាត និស្សិតផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញថ្លែងថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក នឹងមិនមានឥទ្ធិពលអ្វីសម្រាប់កម្ពុជានោះទេ ដោយសារកម្ពុជាមិនមែនជាគូបក្ខដិបក្ខរបស់អាមេរិកនោះទេ។
និស្សិតវ័យ ២១ ឆ្នាំរូបនេះបន្ថែមថា តាមរយៈការតាមដានព័ត៌មាន និងតាមដានការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីទាំងពីរកន្លងមក លោកយល់ថា លោក ដូណាល់ ត្រាំ ប្រហែលជាមិនអាចបន្តជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនោះទេ។
«លើកនេះ ដូណាល់ ត្រាំ អាចនឹងមិនជាប់ ព្រោះអីរឿងច្រើនណាស់នៅអាមេរិក ជាពិសេសកាណ៍ដែលប៉ូលិសសម្លាប់ជនជាតិស្បែកខ្មៅប៉ះពាល់ដល់ដូណាល់ ត្រាំ ខ្លាំងហើយកូវីដមួយទៀត អាចប៉ះពាល់ដល់ត្រាំដែរ»។
«ខ្ញុំគិតថា បើខាងសាធារណរដ្ឋជាប់គឺយើងចាប់ផ្តើមក្នុងសករាជមួយដែលផ្តោតទៅលើសេដ្ឋកិច្ចនិយម ជាជាងនិយាយអំពីប្រជាធិបតេយ្យសិទ្ធិមនុស្សព្រោះសង្គមជាក់ស្តែងយើងគិតថា ការអភិវឌ្ឍសេដ្ឋកិច្ចមានតម្លៃខ្លាំងជាងសម្រាប់ជីវភាពរស់នៅ»
សម្រាប់កញ្ញា គង់ ស្រីរ័ត្ន បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនឯកជនមួយ និយាយថា ក្នុងអាណត្តិដែលលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតីអាមេរិក កញ្ញាមើលឃើញថាទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់មិនសូវល្អ ដោយសារលោក ត្រាំ មិនសូវយកចិត្តទុកដាក់នឹងប្រទេសកម្ពុជា។ កញ្ញាថា ប្រសិនបើលោក ត្រាំ ជាប់ជាប្រធានាធិបតីម្តងទៀត នោះទំនាក់ទំនងរបស់កម្ពុជា និងអាមេរិក នឹងកាន់តែឃ្លាតឆ្ងាយពីគ្នា។
«បើសិនជាលោកប្រធានាធិបតី ត្រាំ អាណត្តិហ្នឹង ជាប់មួយអាណត្តិទៀត ខ្ញុំគិតថា ប្រទេសយើងនឹងមានគម្លាតឆ្ងាយពីសហរដ្ឋអាមេរិក ហើយបញ្ហាសេដ្ឋកិច្ច ពេលដែលយើងមានគម្លាតឆ្ងាយ វាក៏ធ្លាក់ចុះដែរ។ សម្រាប់រឿងសេដ្ឋកិច្ចហ្នឹងដែរ ពេលយើងមានគម្លាតឆ្ងាយជាមួយសហរដ្ឋអាមេរិក អញ្ចឹងបញ្ហារឿង GSP ហ្នឹងក៏យើងរៀងព្រួយបារម្ភដែរយើងអត់ដឹងមានរឿងអីកើតឡើងទេ បើសិនជាលោកប្រធានាធិបតី ត្រាំ គាត់ជាប់អាណត្តិហ្នឹង»។
GSP (Generalized System of Preferences) គឺជាប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញពីកម្ពុជានិងបណ្តាប្រទេសកំពុងអភិវឌ្ឍដទៃទៀតទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
បុគ្គលិកផ្នែកលក់វ័យ ២២ ឆ្នាំរូបនេះបន្ថែមថា ប្រសិនបើលោក ចូ បៃដិន ជាប់ឆ្នោត នោះកញ្ញាជឿថាការដឹកនាំរបស់លោកនឹងស្រដៀងទៅនឹងលោក បារ៉ាក់ អូបាម៉ា ហើយទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក៏នឹងអាចប្រសើរជាងមុនបាន។
បើទោះជាមានការលើកឡើងច្រើនពាក់ព័ន្ធនឹងនយោបាយបែបទន់ភ្លន់របស់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ថា កម្ពុជាអាចនឹងមានស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រសើរឡើង ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនទៀតយល់ថា លោកប្រធានាធិបតី ត្រាំ នឹងអាចជំរុញសេដ្ឋកិច្ចពិភពលោកដែលអាចផ្តល់ប្រយោជន៍ដល់កម្ពុជាផងដែរ។
«នៅពេលដែលត្រាំគាត់គាបចិន ចិនពិបាកចូលអឺរ៉ុប ពិបាកចូលអាមេរិក ឬក៏ពិបាកចូលប្រទេសដែលជាដៃគូរបស់សហរដ្ឋអាមេរិកហ្នឹង អញ្ចឹងចិនត្រូវងាករកប្រទេសទី ២ នៅអាស៊ី ជាពិសេសកម្ពុជាយើងដែលជាតំបន់មួយដែលគេហៅថា យុទ្ធសាស្ត្រនយោបាយរបស់ចិនដែរ ដើម្បីដាក់សេដ្ឋកិច្ចហើយទាក់ទងនឹងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយវៀតណាមហ្នឹង...
លោក ម៉ៅ សុវណ្ណី ទីប្រឹក្សាផ្នែកអចលនទ្រព្យឯករាជ្យ លើកឡើងថា លោក ចូ បៃដិន បេក្ខភាពពីគណបក្សប្រជាធិបតេយ្យ អាចនឹងជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាបានប្រសើរឡើង បើធៀបនឹងលោក ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ។ ប៉ុន្តែលោកថា លោក ដូណាល់ ត្រាំ ជាអ្នកគិតពីសេដ្ឋកិច្ចហើយអាចជំរុញសេដ្ឋកិច្ចពិភពលោកឲ្យមានភាពប្រសើរឡើង ស្របពេលដែលកម្ពុជាក៏ត្រូវការការជំរុញផ្នែកសេដ្ឋកិច្ចផងដែរ។
«ខ្ញុំគិតថា បើខាងសាធារណរដ្ឋជាប់គឺយើងចាប់ផ្តើមក្នុងសករាជមួយដែលផ្តោតទៅលើសេដ្ឋកិច្ចនិយម ជាជាងនិយាយអំពីប្រជាធិបតេយ្យសិទ្ធិមនុស្សព្រោះសង្គមជាក់ស្តែងយើងគិតថា ការអភិវឌ្ឍសេដ្ឋកិច្ចមានតម្លៃខ្លាំងជាងសម្រាប់ជីវភាពរស់នៅ»។
ស្រដៀងគ្នានេះ លោក គង់ សាន្តរតនៈ អាយុ ៣៧ ឆ្នាំ បុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុន ភីតតា អីនជីនៀរីង យល់ថា ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកខាងមុននេះ លោកចង់ឃើញលោក ដូណាល់ ត្រាំ ជាប់ឆ្នោតម្តងទៀត។ លោកបន្តថា នយោបាយ និងសេដ្ឋកិច្ចរបស់លោកដូណាល់ ត្រាំ គឺជាការគាបសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលអាចធ្វើឲ្យពិភពលោកនិងកម្ពុជាមានសេដ្ឋកិច្ចប្រសើរជាងមុន។
«នៅពេលដែលត្រាំគាត់គាបចិន ចិនពិបាកចូលអឺរ៉ុប ពិបាកចូលអាមេរិក ឬក៏ពិបាកចូលប្រទេសដែលជាដៃគូរបស់សហរដ្ឋអាមេរិកហ្នឹង អញ្ចឹងចិនត្រូវងាករកប្រទេសទី ២ នៅអាស៊ី ជាពិសេសកម្ពុជាយើងដែលជាតំបន់មួយដែលគេហៅថា យុទ្ធសាស្ត្រនយោបាយរបស់ចិនដែរ ដើម្បីដាក់សេដ្ឋកិច្ចហើយទាក់ទងនឹងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយវៀតណាមហ្នឹង។ អញ្ចឹងចង់មិនចង់ចិនត្រូវតែផ្តល់សេដ្ឋកិច្ចខ្លះមកកម្ពុជាវិញ»។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំងជាពិសេសមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៨ ក្រោយរដ្ឋាភិបាលកម្ពុជាផ្តើមការបង្ក្រាបលើអង្គការសង្គមស៊ីវិលស្ថាប័នព័ត៌មានឯករាជ្យក្រុមជំទាស់ និងអ្នករិះគន់រដ្ឋាភិបាល។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ លោកប្រធានាធិបតីដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយឆ្លងតាមលិខិតទៅវិញទៅមក ដោយបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានភាពរកាំរកូសជាច្រើនឆ្នាំ។
ប៉ុន្តែ រហូតទាល់តែលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកបង្ហាញច្បាស់ថាតើបេក្ខជនមួយណាជាអ្នកទទួលបានជ័យលាភី ទើបគេអាចដឹងបានថា តើទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជា នឹងប្រែប្រួលយ៉ាងណា៕