ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រតិកម្ម​នឹង​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប

រូបឯកសារ៖ រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ឆាត់​ដែល​មាន​រូប​ជា​ទង់ជាតិ​របស់​ចក្រភពអង់គ្លេស នៅមុខ​សភា​អង់គ្លេស​កណ្តាល​ទីក្រុង​ឡុង៍ កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

​លោក​​ Jeremy ​Chea ​ដែល​បាន​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស​អស់​រយៈពេល​២៩​ឆ្នាំ បាន​សម្តែង​​ការ​សោក​ស្តាយ​ចំពោះ​ប្រជាជន​អង់គ្លេស​ ​ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។

ប្រជា​រាស្ត្រ​នៃ​ចក្រ​ភពអង់គ្លេស​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ចាកចេញ​ពី​ សហភាព​អឺរ៉ុប​ដោយ​មាន​ចំនួន​៥១.៨៩​ភាគរយ ​ទល់​នឹង​សម្លេង​ចង់​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ចំនួន​៤៨.១១​ភាគរយ។​ ​ ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​លទ្ធផល​នេះ។

ពលរដ្ឋ​ចក្រភព​អង់គ្លេស​ដែល​ចង់​ឲ្យ​ប្រទេស​ខ្លួនស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ​បាន​សម្តែង​ការ​សោក​ស្តាយ និង​ព្រួយបារម្ភ​អំពី​អនាគត​នៃ​ចក្រភព​ដែល​បាន​ស្ថិត​នៅ​ក្នុង​សហភាពអឺរ៉ុប​អស់​រយៈពេល​៤៣​ឆ្នាំ​មក​នេះ។

លោក​ ​Jeremy Chea​ មិន​ហ៊ាន​ដើរ​ទៅណា​ឆ្ងាយ​ពី​កញ្ចក់​ទូរទស្សន៍​នៅ​កម្ពុជា​ទេ​ នៅ​ពេល​មន្ត្រី​ទទួល​បន្ទុក​រាប់​សន្លឹក​ឆ្នោត​នៅ​ចក្រភព​អង់គ្លេស​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថា​ ​អង់គ្លេស​ត្រូវ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប ​ឬក៏​ស្ថិត​នៅក្នុង​សហភាពដែល​កំពុង​ប្រឈម​នឹង​វិបតិ្ត​កំណើន​ជន​ភៀស​ខ្លួន។ ការ​បោះឆ្នោត​ប្រជាមតិ​របស់​ចក្រភព​អង់គ្លេស ​(United Kingdom referendum)​ នោះ​ត្រូវពិភពលោក​ហៅថា​ ​«Brexit»។​

បន្ទាប់​ពី​ដឹង​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជា​មតិ​ជា​លក្ខណៈ​ប្រវតិ្តសាស្ត្រនោះ​ភ្លាម​ ​លោក Jeremy ​Chea ​ដែល​បាន​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស​អស់​រយៈពេល​២៩​ឆ្នាំ បាន​សម្តែងការ​សោក​ស្តាយ​ចំពោះ​ប្រជាជន​អង់គ្លេស​ ​ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។​

លោ​ក​និយាយ​ប្រាប់​ VOA​ ​ថា​ ប្រទេស​អង់គ្លេស​ នៅពេល​នេះ​ ពុំ​ទាន់​ជួប​បញ្ហា​ខ្លាំង​នោះ​ទេ​ ទាក់​ទិន​ចំណង​ពាណិជ្ជកម្ម​ និង​សន្តិសុខ​ក្នុង​តំបន់​ តែ​ប្រទេស​នេះ​អាច​នឹង​ជួប​រឿង​រ៉ាវ​ច្រើន​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា​ សហភាព​អឺរ៉ុប​ហៅកាត់​ថា​ EU​ នៅពេលនេះ​ក៏​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ចាកចេញ​របស់​អង់គ្លេស​នោះ​ដែរ។​

«តាម​ EU​ ឥឡូវ​ EU ​កំពុង​តែខឹង​អង់គ្លេស​ហើយ​ ពីព្រោះ​ប្រជាជន​របស់​គេ​ដើរ​ចេញ។​ ​ គេ​សំខាន់​ធ្វើ​ម៉េច​ធ្វើឲ្យ​អង់គ្លេស​ ពេល​ចេញ​ពី​ EU ​នោះ​ ពិបាក​ជាងគេ។ ពេល​និយាយ​រឿង​ agreements ​រឿង​អី​ គេ​អត់​ចង់​ឲ្យ​ល្អ​ទេ។​ ​ ហេតុអី​គេ​អត់​ចង់​ឲ្យ​អង់គ្លេស​មាន​ល្អ​ ពីព្រោះ​វា​អត់​ចង់​ឲ្យ​ប្រទេស​ផ្សេង​ធ្វើ​តាម​អង់គ្លេស។​ គេ​ឃើញ​អង់គ្លេស​តវ៉ា​ រឿង​ល្អ​រហូត​នោះ​ គេ​គិត​ថា​ ចុម!​ អ្នក​ចេញ​ល្អ​ជាង​អ្នក​នៅ​ EU ​យើង​នៅ​ធ្វើ​អី​ ​យើង​ចេញ​ទៀត​ទៅ»។​

បើ​ទោះ​បី​ជា​ប្រជារាស្រ្ត​អង់គ្លេស​បាន​បោះ​ឆ្នោត​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ក្តី​ ​ប្រទេស​នេះ​នឹង​ត្រូវ​ប្រើ​ពេល​ពីរ​ឆ្នាំ​សម្រាប់​ចរចា​ជាមួយ​ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប​លើ​ប្រធាន​បទ​ជាច្រើន។​ នេះ​បើ​តាមមាត្រា​៥០នៃ​សន្ធិ​សញ្ញា​ទីក្រុង​ Lisbon (Treaty of Lisbon) ​ក្នុង​ប្រទេស​ព័រទុយហ្គាល់ ដែល​និយាយ​ពី​ដំណើរ​ការ​នៃ​ការ​ចាក​ចេញ​របស់​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។​

បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​នានា​ពី​ប្រទេស​អង់គ្លេសបានឲ្យ​ដឹង​ថា ​ប្រធាន​បទ​ទាំង​នោះ​ ​អាច​មាន​ដូច​ជាការ​ធ្វើពាណិជ្ជ​កម្ម​ ​ការ​ធ្វើ​ដំណើរ និង​លក្ខខណ្ឌ​ការងារ​នៃ​ប្រជាជន​ចេញ​ពី​តំបន់​អឺរ៉ុប​ មក​ធ្វើ​ការ​នៅ​ប្រទេសអង់គ្លេស​ជាដើម។​

លោក​ Jeremy Chea ​ពលរដ្ឋ​អង់គ្លេស​ដើម​កំណើត​ខ្មែរ​ និយាយ​ពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពីសហភាព​អឺរ៉ុប នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩​ ខែមិថុនា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី​/VOA)​

លោក​ ​Jeremy Chea​ ​ពលរដ្ឋ​អង់គ្លេស​ដើម​កំណើត​ខ្មែរ​ ​និង​ជា​អតីត​ប៉ូលិសនៅ​ក្នុង​ចក្រភព​អង់គ្លេស ​និយាយ​ថា នៅ​ក្នុង​រយៈពេល​ពីរ​ទៅបី​ឆ្នាំ​ទៀត​ ​គឺ​ជា​ការ​សាកល្បង​របស់​មេ​ដឹកនាំ​អង់គ្លេស​ថ្មី​នៃការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​នានា​ ដែល​លោក​យល់​ថា​ ​ពិបាក​នឹង​ដឹង​ជាមុន​ថា​ តើ​ជោគ​វាសនា​របស់​អង់គ្លេស​នឹង​ល្អ​ប្រសើរ​ជាង​មុន​ ឬ​ក៏​កាន់​តែ​លំបាក​នោះ។

«សំខាន់​នៅ​ក្នុង​២​ [ទៅ]​៣​ឆ្នាំ​ ប្រទេស​អង់គ្លេស​ធ្វើ​ treaty ​[សន្ធិសញ្ញា] ​អា​ individual treaty [សន្ធិសញ្ញា​ដោយ​ឡែក]​ជាមួយ​អាមេរិក​ជា​មួយបារំាង​ជាមួយ​អេស្ប៉ាញ​អីហ្នឹង​ ឧទាហរណ៍​ អង់គ្លេស​ធ្វើល្អ​មែន​ទែន​នោះ​ វា​ល្អជាង​ហើយ។​ ​ Agreement [កិច្ចព្រម​ព្រៀង] ​ល្អ​ជាង​ពីមុន​ ​វា​ល្អ​ជាង​ហើយ។​ ប្រទេស​អង់គ្លេស​រីកចម្រើន​ វា​ឡើង​ទៀត​ហើយ។​ ខ្ញុំ​ថា​ agreement ​[កិច្ចព្រម​ព្រៀង] ​វាអត់​សូវល្អ​ដូចគ្នា​ពីមុន​ មាន​តែ​ធ្លាក់​ ព្រោះ​រឿង​នេះ​ នៅ​ក្នុង​២ឬ៣​ឆ្នាំ​នេះ​ សំខាន់​មែន​ទែន។​ ​ សំខាន់​អ្នក​ខ្លាំង​មែន​ទែន​ទៅ​ជួយ​តវ៉ា​យក ​agreement​ [កិច្ចព្រម​ព្រៀង]​មួយ​ត្រឹម​ត្រូវ»។​

ហេតុ​ផល​សំខាន់ៗ​ ដែល​នាំ​ឲ្យ​ប្រទេស​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុ​ប​រួម​មាន​ការ​ខាត​បង់​ផ្នែកសេដ្ឋ​កិច្ច​របស់​អង់គ្លេស​ក្នុង​តំបន់​អឺរ៉ុប​ ​កំណើន​ជន​ចំណាក​ស្រុក​មក​ដណ្តើម​ការងារក្នុង​ចក្រភពអង់គ្លេស​ដែល​មាន​វប្បធម៌​អភិរក្ស​និយម​ ការ​គំរាម​កំហែង​លើ​អធិបតេយ្យ​ភាព​របស់​អង់គ្លេស​ពីអំណាច​នីតិ​ប្រតិបត្តិ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ គណៈ​កម្មការ​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ (Brussels)​ ប្រទេស​ប៊ែល​ហ្ស៊ិក​ (Belgium)។​

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​កៀង​គរ​ការ​គាំទ្រ​ឲ្យ​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​បាន​យក​ថវិកា​ចំនួន​៣៥០លាន​ផោន​ ដែល​អង់គ្លេស​បាន​បង់​សម្រាប់​ភាព​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ នោះ​ ធ្វើ​ជា​ហេតុផល​បញ្ចុះ​បញ្ចូល​ប្រជាជន​អង់គ្លេស។​ ពួក​គេថា​ ថវិកា​នេះ​អាច​យក​មក​ចំណាយ​លើ​វិស័យ​សុខាភិបាល​របស់​អង់គ្លេស។​

លោក​បណ្ឌិត​ ចាប​ សុថារិទ្ធិ​ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព ​បាន​ប្រាប់​ VOA​ ​ថា​ ប្រជារាស្ត្រ​នៃ​ចក្រភព​អង់គ្លេស​នឹង​ស្តាយ​ក្រោយ​ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួនចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នេះ។​

លោក​ពន្យល់​ថា​ ប្រទេស​មួយ​ចំនួន​ដែល​និយម​ EU​ នឹង​ដក​ទី​ស្នាក់ការ​របស់​ខ្លួន​ចេញ​ពី​ចក្រភព​អង់គ្លេស​ ហើយ​ចក្រភព​នេះ​នឹង​ប្រឈម​បញ្ហា​ផ្សារ​ភាគហ៊ុន​របស់​ខ្លួន ​ដែល​បាន​ធ្លាក់ចុះ​ភ្លាមៗ​ ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​ រួមទាំង​ការ​បាត់​បង់​ជំនឿ​ចិត្ត​ពី​មេ​ដឹកនាំ​ក្នុង​ប្លុក​អឺរ៉ុប។​

«បញ្ហា​មួយ​ទៀត​គឺ​គេ​បាត់​ជំនឿ​ទុកចិត្ត ជាកិត្តិយស​ ជា​កិត្យានុភាព​របស់​អង់គ្លេស​ដែរ​ ដោយ​សារ​ពេល​ដែល​ EU​ មាន​ការ​លំបាក​ ស្រាប់​តែ​គេ​ហៅ​ថា​ រត់​ចោល​គ្នា​អា​ហ្នឹង»។​

ប្រទេស​អង់គ្លេស​បាន​ចូល​រួម​ជាមួយ​នឹង​អ្វី​ដែល​ហៅថា​ ​សហគមន៍​សេដ្ឋកិច្ច​អឺរុប (European Economic​ Community)​ ​នៅ​ក្នុង​ឆ្នាំ​១៩៧៣​ ​នៅគ្រា​ដែល​ប្រទេស​អង់គ្លេសស្ថិត​ក្នុង​ស្ថានភាព​ជាជំងឺ​សេដ្ឋកិច្ច​របស់​អឺរ៉ុប។​

ចាប់​តាំងពី​ការ​ចូល​រួម​សហគមន៍​នោះ​មក​ អង់គ្លេស​បាន​ពង្រឹង​ស្ថានភាព​សេដ្ឋកិច្ចរបស់​ខ្លួន​ដោយ​សន្សឹមៗ រហូត​បាន​ក្លាយ​ជា​ប្រទេស​ដែល​រុងរឿង​ជាង​ប្រទេស​ស្ថាបនិក​ធំៗ​ចំនួន​បី​គឺ​ប្រទេស​បាំរាំង​ ​អាល្លឺម៉ង់​ខាង​លិច​ ដែល​ពេល​នេះ​ជា​ប្រទេស​អាល្លឺម៉ង់​តែមួយ​ និងប្រទេស​អ៊ីតាលី។ នេះ​បើ​យោង​តាមសេចក្តី​រាយការណ៍​របស់​កាសែត​ Financial Times ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ចក្រភព​អង់គ្លេស។​

ទាក់​ទិន​នឹង​ផល​ប៉ះ​ពាល់​មក​លើ​ប្រទេស​កម្ពុជា​ដោយសារ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នោះ លោក​បណ្ឌិត​ ចាប​ ​សុថារិទ្ធិ ​និយាយ​ថា​ ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ចក្រភព​អង់គ្លេស​នឹង​រង​ផល​ប៉ះពាល់​ ដោយហេតុ​ថា​ កម្ពុជា​មិន​អាច​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​សហភាព​អឺរ៉ុប​ទៅ​កាន់​ចក្រភព​អង់គ្លេស​បាន​ដូច​មុន​ទៀត​នោះ​ទេ។​

លោក​បន្ថែម​ថា​ ការ​ចរចា​ទ្វេភាគី​រវាង​អង់គ្លេស​ និង​កម្ពុជា​អំពី​ការ​យក​ពន្ធ​នឹង​អាច​ធ្វើ​ឡើង​ ប្រសិន​បើ​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ។​

«បើ​សិន​ជា​អង់គ្លេស​គេ​យក​ពន្ធ ​យើង​វាប្រាកដ​ជា​មាន​ប៉ះ​ពាល់។ ​ហើយ​បើ​សិន​ជា​យើង​មាន​ពាណិជ្ជ​កម្ម​ជា​មួយ​គ្នា​ ​ពេល​ហ្នឹង​យើង​នឹង​ចរចា​ពាណិជ្ជ​កម្ម​ថ្មី​ទៀត​ ​ទៅ​លើ​ការ​ចរ​ចា​រវាង​ប្រទេស​ និង​ប្រទេស។ ពេល​ហ្នឹង​យើង​លែង​និយាយ​ជាមួយ​អង់គ្លេស​ក្នុង​នាម​ជា​ EU​ សមាជិក​ EU​ ហើយ​ណ៎ា»។​

តាម​តួលេខ​ដែល​ផ្តល់ពីស្ថានទូត​ប្រទេស​អង់គ្លេស​ ដែល​ VOA ​ ទទួល​បាន​ កាលពី​ថ្ងៃ​ពុធ​ បាន​បង្ហាញកំណើន​នៃ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​អង់គ្លេស​ ដោយការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​បាន​កើន​ពី​ជាង​៩៣០​លានដុល្លារក្នុង​ឆ្នាំ​២០១៤​ដល់​ជា​ង​១ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៥​ គឺ​ស្មើ​នឹង​២២,៧៧​ភាគរយ។​

លោក​ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ការ​ចាក​ចេញ​របស់​អង់គ្លេស​នឹង​មិនមាន​ផល​ប៉ះពាល់​ទៅ​លើ​កិច្ច​ព្រមព្រៀង​នានា​ ដែលកម្ពុជា​បាន​ចុះ​ហត្ថលេខាជាមួយ​សហភាព​អឺរ៉ុប​ និង​ចក្រភព​អង់គ្លេស​នោះ​ទេ ព្រោះវាជាកិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដាច់ដោយ​ឡែក​ពី​គ្នា។​ ​យ៉ាង​ណាក៏​ដោយ​ ​លោក​មិន​អាច​បញ្ជាក់​លម្អិត​អំពី​កិច្ចព្រម​ព្រៀង​នោះ​ទេ​ ហើយ​ថា​ អង់គ្លេស​ក៏​ពុំទាន់​បាន​ចាក​ចេញ​ពី​ EU ​ជា​ស្ថាពរ​នោះ​ដែរ។​

លោក​បន្ថែម​ថា​ ដំណាក់​កាល​នេះ​ ជា​ការ​តាម​ដាន​របស់​ពិភពលោក​អំពី​ការ​រៀបចំ​ការ​ចាក​ចេញ​របស់​អង់គ្លេសពី​សហភាព​អឺរ៉ុប​ ហើយអាច​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​ពីរ​ឆ្នាំ។​

«ដំណាក់​កាល​នេះ​គឺ​ជា​ដំណាក់​កាល​ដែល​យើង​ត្រូវតាមដាន​ការ​វិវត្ត​នៃ​សភាព​ការ។​ វាអត់​ទាន់​ដល់​ពេល​ដែល​យើង​ត្រូវ​មាន​ការ​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់​លាស់ទេ​គឺ​យើង​មិន​ទាន់​អាច​ធ្វើ​បាន​ទេ»។​

រូបឯកសារ៖ លោក David Cameron នាយករដ្ឋ​មន្ត្រី​របស់​ចក្រភពអង់គ្លេស មក​ដល់​ក្រុមប្រឹក្សា​សហភាពអ៊ឺរ៉ុប នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

លោក​ ​Jeremy​ ​Chea ​ដែល​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​ជា​អចិន្ត្រៃយ៍​តាំង​ពី​ឆ្នាំ​២០០៩​ មក​នោះ​ ថ្លែង​ថា​ ​នាយក​រដ្ឋមន្ត្រី​ថ្មីដែលនឹងឡើង​មក​ជំនួស​លោក​នាយ​ករដ្ឋមន្ត្រី​អង់គ្លេស​បច្ចុប្បន្ន​គឺ​លោក​ David Cameron​ នោះ​ នឹង​ត្រូវ​ទទួល​បន្ទុក​ជាច្រើន​ក្នុង​ដំណើរ​ចរចា​សម្រាប់​ការ​ចាក​ចេញ​របស់​អង់គ្លេស​ ដែល​ជាដំណើរ​ស្មុគស្មាញ​មួយ។​ លោក​ ​Cameron ​បាន​ប្រកាស​លាលែង​ពី​តំណែង​ បន្ទាប់ពីប្រជារាស្ត្រ​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​កាល​ពីថ្ងៃ​ទី​២៣​ ខែ​មិថុនា​កន្លង​ទៅ។​

លោក​ Cameron ​ដែល​មក​ពី​គណបក្ស​អភិរក្ស​និយម​ (Conservative Party)​ គឺ​ជា​អ្នក​តស៊ូ​មតិ​យ៉ាង​ខ្លាំង​ក្លា​សម្រាប់ការ​ស្ថិត​នៅ​របស់​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប។ ​នៅ​ក្នុង​ថ្ងៃ​លោក​ប្រកាស​លាលែង​ពីមុខ​តំណែង​របស់​លោក​ លោក​ Cameron​ ថ្លែង​ថា​ លោក​គោរព​ការ​សម្រេច​ចិត្ត​របស់​ប្រជារាស្ត្រ​អង់គ្លេស តែ​លោក​មិន​អាច​ធ្វើ​ជា​មេដឹកនាំ​ ដែល​នាំ​ប្រទេស​អង់គ្លេស​ទៅ​កាន់​គោលដៅ​ផ្សេង​ទៀតបាន​នោះ​ទេ៕