ប្រតិកម្ម​ចម្រុះ​​នៅ​កម្ពុជា​ចំពោះ​ការ​តវ៉ា​ដោយ​ហិង្សា​នៅ​អាមេរិក ក្នុង​ថ្ងៃ​សភា​ប្រកាស​ជ័យជម្នះ​លោក Biden

ករណីផ្ទុះបានកើតឡើងនៅពេលប៉ូលិសបង្ក្រាបក្រុមបាតុករដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump នៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ភ្នំពេញ — ក្រុម​មន្ត្រីរដ្ឋាភិបាល​កម្ពុជាមាន​ប្រតិកម្ម​ផ្សេងៗ​ទៅ​នឹង​ហេតុ​ការណ៍​ហិង្សា​ដែល​កម្រ​កើត​មាន​នៅ​វិមាន​សភា​អាមេរិក កាល​ពី​ថ្ងៃ​ពុធ ដែល​ជា​ថ្ងៃ​សភា​អាមេរិក​ប្រកាស​បញ្ជាក់​ជ័យ​ជម្នះ​របស់​លោក ចូ បៃដិន (Joe Biden) ជា​ប្រធានាធិបតី​ទី ​៤៦​ របស់​សហរដ្ឋ​អាមេរិក។

ក្រុម​បាតុករ​ដែល​ជា​អ្នក​គាំទ្រ​ប្រធានាធិបតីលោក ដូណាល់​ ត្រាំ (Donald Trump) បាន​លុក​លុយ​សភា​អាមេរិក ខណៈ​ក្រុម​សមាជិក​សភា​កំពុងបើក​សម័យ​ប្រជុំ​ពេញ​អង្គ ដើម្បី​ទទួល​ស្គាល់​លោក បៃ​ដិន ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ជា​ផ្លូវ​ការ។ ព្រឹត្តិការណ៍​នេះ​នាំ​ឲ្យ​មេដឹកនាំ​ពិភព​លោក​បាន​ចាប់​ផ្តើម​វាយ​តម្លៃទាប​ទៅ​លើ​ប្រជាធិបតេយ្យ​អាមេរិក ជា​ពិសេសទាក់ទង​នឹង​ការ​មិន​ចង់​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​របស់​លោក ដូណាល់ ត្រាំ។

លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា ​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​អាមេរិក​ថា​ជា «សភាព​ការណ៍​ពិសេស» ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ​ក្នុង​ដំណើរ​ការ​បោះឆ្នោតអាមេរិក ហើយ​វា​បាន​ជះ​ឥទ្ធិពល​អាក្រក់​លើប្រជា​ធិប​តេយ្យ​របស់​អាមេរិក។

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​ជា​សភាព​ការណ៍​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ ហើយ​មិន​ដែល​មាន​ទេ​បាតុករ​ចូល​វាយ​ដល់​ទៅ​ក្នុង​វិមាន Capitol [វិមាន​សភា]។ ខ្ញុំ​ក៏តាម​ដាន​សភាព​ការណ៍​ហ្នឹង​ដែរ​ខ្ញុំ​យល់​ថា​ សហរដ្ឋ​អាមេរិក​ពី​ពេល​នេះ​ទៅ​បាទ ​មិន​អាច​យក​ធ្វើ​ជា​គំរូ​ប្រជាធិបតេយ្យ​គេ​បាន​ទេ​បាទ»។

លោក បៃដិន នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃទី​២០ ខែ​មករា​ ជំនួស​លោក ត្រាំ ​ដែលបាន​ចោទ​ប្រកាន់​ពុំ​មាន​ភស្តុតាងជា​ច្រើន​លើក​ច្រើន​សា​ថា ​ការ​បោះ​ឆ្នោតកាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​មុន ត្រូវ​បាន​គេ​លួច​បន្លំ។

ក្រុម​អ្នក​គាំទ្រ​របស់​លោក ត្រាំ បាន​សម្រុក​ចូល​ទៅ​កន្លែង​ដែល​ប៉ូលិសព័ទ្ធ​ខ្សែ​មិន​អនុញ្ញាត​ឲ្យ​ចូល​នៅ​ខាង​ក្រៅ​វិមាន​សភា និង​បាន​សម្រុក​ចូល​ទៅ​ក្នុង​វិមាន​សភា។ សេចក្ដី​រាយការណ៍​ព័ត៌មាន​ពី​បណ្ដាញ​ទូរទស្សន៍ ​បាន​ឲ្យ​ដឹង​ថា ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ត្រូវ​បាន​ប្រើ ខណៈបាតុករ​មួយ​ចំនួន​បាន​ព្យាយាមទម្លុះ​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រជុំ​នៅ​ក្នុង​វិមាន​សភា។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/វីអូអេ)

ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​ថត​រូប​របស់​បណ្តាញ​ព័ត៌មាន ​Bloomberg​ ថត​បាន​ ពេល​ស្ត្រី​រូប​នោះ​ដួល​ទៅ​នឹង​ដី​ក្រោយ​រង​ការ​បាញ់​ប្រហារ។​ ក្រោយ​មក​មាន​សេចក្តី​រាយការណ៍​បន្ថែម​ថា ស្ត្រី​ម្នាក់​បាន​ស្លាប់ តែ​ពុំ​មាន​ការ​បញ្ជាក់​ភ្លាម​ៗថា​ស្រ្តី​ដែល​ស្លាប់​នោះ គឺ​ស្ត្រី​ដែល​ដេក​ដួល​ទៅ​នឹង​ដី​ ឬ​យ៉ាង​ណា។

ការ​សម្រុក​ចូល​ដោយ​ហិង្សា​របស់​ក្រុម​បាតុករ​កើត​មាន​ឡើង ​បន្ទាប់​ពី​លោក ត្រាំ​ ប្រកាស​ថា​លោក «នឹង​មិន​ចុះ​ចាញ់​ជា​ដាច់​ខាត»។

លោក សុខ ឥសាន​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប មាន​ប្រសាសន៍​ថា​ ការ​បោះ​ឆ្នោត​របស់​អាមេរិក​ឆ្នាំ​ ២០​២០​ នេះ បាន​ពើប​ប្រទះភាព​ល្អក់​កករ ខណៈ​លោក ត្រាំ​ មិន​ព្រម​ទទួល​ស្គាល់​បរាជ័យ​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ​តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ​មិន​ដឹង​ថា​ ប្រជាធិប​តេយ្យ​ ឬ​អនាធិបតេយ្យ​ទេ។ ឥឡូវ​នេះ​លទ្ធផល​បោះ​ឆ្នោត​បាន​ចេញ​ហើយ​។ អ៊ីចឹង​ការ​សម្រេច​ថ្ងៃ​នេះ​របស់​សភា​ទាំង​ពីរ​អាហ្នឹង​គឺ​ថា​ សម្រេច​ជា​ចុង​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​លោក ​ចូ បៃដិន​ ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ហ្នឹង។ លោក​ចូល​កាន់​តំណែង​ថ្ងៃ​២០ ក៏​ប៉ុន្តែ​ដោយ​សារ​លោក ត្រាំ មាន​មហិច្ឆតា​អំណាច គាត់​ទៅ​ញុះញង់​ឲ្យ​អ្នក​គាំទ្រ​គាត់​ទៅ​ធ្វើ​បាតុកម្ម​អនាធិបតេយ្យ​ នៅ​ក្នុង​វិមាន Capitol​ អា​នេះ​ជា​បញ្ហា​មួយ​ដែល​យើង​មើល​ឃើញ»។

លោក​នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​វីអូអេ​ថា ​បាតុកម្ម​ដែល​កើត​ឡើង​នៅ​វិមាន​សភារបស់​អាមេរិក​នោះ​ ជា​បញ្ហា​របស់​អាមេរិកដែល​លោក​យល់​ថា ​ពលរដ្ឋ​អាមេរិ​កាំង​នឹង​រក​ដំណោះ​ស្រាយ ដើម្បី​បញ្ចប់​វិវាទ​។

លោក​មាន​ប្រសាសន៍​ថា៖ «កម្ពុជា​មិន​ដែល...​ស្អី​គេ​ហៅ​ថា​ចូល​លូក​ដៃ​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ផង​គ្នា​នោះ​ទេ​អត់​ទេ​បន់​ឲ្យ​តែ​អាមេរិក​ដោះ​ស្រាយ​បាន​នូវ​កិច្ចការ​ដោយ​សន្តិភាព​ទៅ យើងអរ​ណាស់​។ ប៉ុន្តែ​ក្រែង​អាមេរិក​ទេ​អាមេរិក​ដែល​អ្នកចង់​ឲ្យ​កម្ពុជា អ្នក​ដឹកនាំ​អាមេរិក​មួយ​ចំនួន​...ដែល​ចង់​ទាញ​កម្ពុជា​ឲ្យ​ដូច​ឆ្នាំ​៦០ ឬ​៧០​...អ្នក​ដឹកនាំ​មួយ​ចំនួន​ដែល​វា​គឺ​ថាចឹង​ប៉ុន្តែ​បើ​កម្ពុជា​យើង​ខ្ញុំ​នេះ​បន់​ឲ្យ​តែ​អាមេរិក​សន្តិភាព​ដោះស្រាយកិច្ច​ការ​ឲ្យ​ចប់​ដោយ​សន្តិវិធី​មិន​ចង់​ឲ្យ​អាមេរិក​មាន​អីទាំង​អស់»។

លោក​បន្ថែម​ថា​ កម្ពុជា​នឹង​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាមេរិក​មិន​ថា​អាមេរិក​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ត្រាំ និង​លោក បៃ​ដិន ​ទេ ប៉ុន្តែ​លោក​ស្នើ​សុំ​កុំ​ឲ្យ​អាមេរិក​នាំ​កម្ពុជា​ទៅ​រក​ជម្លោះ​ជា​ថ្មី​ទៀត។

លោក​បន្ថែម​ថា៖ «មិន​ថា​ត្រាំ មិនថា​ស្អី ចូ បៃ​ដិន​ទេ​អត់​ទេ​ ប៉ុន្តែ​សុំ​តែ​មួយទេ​សុំ​ឲ្យ​អាមេរិក​មេត្តា​កុំ​យក​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ដដែល​ៗ​មក​ទៀត​»។

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា ​កម្ពុជា​គាំទ្រការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​អាមេរិក​កាំង​។ ប៉ុន្តែ​លោក​ថា ​អ្វី​ដែល​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក ជា​បញ្ហា​ផ្ទៃ​ក្នុងរបស់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​យើង​គាំទ្រ​នូវ​សេចក្តី​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​សហរដ្ឋ​អាមេរិក តាម​រយៈ​ការ​បោះ​ឆ្នោត​ហើយ​រឿង​នេះ​ជា​រឿង​ផ្ទៃ​ក្នុង។ យើង​សុំ​រក្សា​សិទ្ធិ​មិន​ធ្វើ​ការ​អត្ថា​ធិប្បាយ​ទេ​បាទ»។

នៅ​ក្រោយអំពើ​ហិង្សា​ដែលបាន​កើត​ឡើង​នៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន លោក ត្រាំ បាន​បង្ហោះ​សារ​មួយ​លើ ​Twitter​ អំពាវនាវ​ឲ្យ​ពួកគេ​ «ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សន្ដិវិធី» ប៉ុន្តែ​លោក​បន្ត​ចោទ​ប្រកាន់​ការ​បោះ​ឆ្នោត​លួច​បន្លំ។ ក្រោយ​មក​ទៀត លោក ត្រាំ​ ក៏​បាន​បង្ហោះ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បញ្ជាក់​ការ​ប្តេជ្ញា​របស់​លោក​ក្នុង «ការ​ផ្ទេរ​អំណាច​ដោយ​មាន​របៀប​រៀបរយ»។

ប៉ូលិសសន្តិសុខការពារវិមានសភាបានបាញ់សារធាតុបង្ហូរទឹកភ្នែកដល់បាតុករម្នាក់ដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ដែលបានសម្រុកចូលក្នុងវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ក្រុមបាតុករដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានចូលក្នុងវិមានសភាសហរដ្ឋអាមេរិកដែលត្រូវបានហាមឃាត់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ចំណែកប្រធានាធិបតី​ជាប់ឆ្នោត លោក ចូ បៃ​ដិន បាន​ហៅ​បាតុកម្ម​ហិង្សា​នៅ​វិមាន​សភា​ថា ជា«ការ​រំលោភ​បំពាន​លើ​ការ​បំពេញ​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​បំផុត​របស់​ពលរដ្ឋ​អាមេរិកាំង​» ហើយ​ថា​ លទ្ធិ​ប្រជាធិប​តេយ្យ​របស់​សហរដ្ឋ​អាមេរិក​ «កំពុង​រង​ការ​វាយ​ប្រហារ​ដែលមិន​ធ្លាប់​មាន​ពី​មុនមក»។

លោក​បណ្ឌិត ​ប៉ា ចន្ទរឿន​ ប្រធាន​វិទ្យាស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា​មាន​ប្រសាសន៍ថា ​ភាព​ប្រទូស​រ៉ាយ​នៅ​ចុង​អាណត្តិរបស់​លោក ត្រាំ ​ដែល​មាន​ប្រវត្តិ​ជា​អ្នក​ជំនួញ​នោះ​បាន​ផ្ទុះ​ឡើង ដោយ​លោក​ថា​លោក​ ដូណាល់ ត្រាំ ជា​មេដឹកនាំ​មួយ​ខ្វះ​ពិសោធន៍​ក្នុង​ការ​ដឹក​នាំកិច្ចការ​នយោបាយ។

លោក​មាន​ប្រសាសន៍​ថា៖ «​ការ​ដឹកនាំ​របស់​គាត់​ក៏​ដូច​ជា​គោល​នយោបាយ​របស់​គាត់​ហ្នឹង​យើង​ឃើញ​ថា ​វា​រៀង​ប្រាស​ចាក​ឆ្ងាយ​បន្តិច​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ​ និង​លំអាន​នៃ​នយោបាយ​សហរដ្ឋ​អាមេរិក។ ហេតុ​នេះ​ហើយ​ទិដ្ឋភាព​នៃ​ការ​ធ្វើ​កុប​កម្ម​នេះ​ប្រហែល​ជា​បាតុភូត​សង្គម និង​នយោ​បាយ​ចុងក្រោយ​នៅ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានា​ធិបតី​ ដែលមិន​មែន​ជា​...មិន​មែន​ជា​បុគ្គល​ដែល​មាន​ប្រវត្តិ​ជា​អ្នកនយោបាយ​ឬក៏​ជា​អ្នក​ប្រជាធិប​តេយ្យ​នេះ​ឯង»។

យ៉ាង​ណា​ក៏​ដោយលោក​ជឿថា ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​អាមេរិក​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ភាព​រពើត​រពើង​តែ​មួយ​ស្របក់​នេះ​ទេ ព្រោះថា​នៅ​អាមេរិក​មាន​ការ​បែង​ចែក​អំណាច​ច្បាស់​លាស់​នៃ​ស្ថាប័ន​ទាំង៣ ​ហើយ​រចនាសម្ព័ន្ធ​រដ្ឋបាល​នៅ​សហរដ្ឋ​អាមេរិក​ មាន​ភាព​ច្បាស់​លាស់​ដោយ​មាន​ការ​បែង​ចែក​មន្ត្រី​នយោបាយ និង​បច្ចេក​ទេស​ដាច់​ដោយ​ឡែក​ពី​គ្នា។

ដោយ​ឡែក លោក​ អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​កាល​ពី​ឆ្នាំ​ ២០១៧ លើក​ឡើង​ថា លោក​មិន​ធ្លាប់​ឃើញ «សកម្មភាព​ហិង្សា​អាក្រក់»​ បែប​នេះ​ នៅ​វិមាន​សភា​អាមេរិក​ទេ គិត​ចាប់​តាំង​ពី​លោក​ធ្លាប់​រស់​នៅ​ទី​នោះ​តាំង​ពី​ទស្សវត្សរ៍​ឆ្នាំ​៨០។ ប៉ុន្តែ​លោក​ថា ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ នឹង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ជន​ល្មើស​ ហើយ​ហេតុ​ការណ៍​អាក្រក់​បែបនឹង​ត្រូវ​បញ្ចៀស​បាន​ទៅ​ថ្ងៃ​អនាគត។

លោក​មាន​ប្រសាសន៍​ថា៖ «គេ​អាច​នឹង​រៀប​ចំ​ឡើង​វិញ​គេ​អាច​នឹង​សម្រប​សម្រួល ​មិន​ឲ្យ​ស្ថាន​ភាព​បែប​ហ្នឹង​កើត​ឡើង​ទេ ព្រោះ​មុខ​មាត់​ប្រទេស​គេ​ហ្នឹង វា​ធំ​ណាស់​ចាត់​ទុក​ថា​ជា​បិតា​ប្រជាធិប​តេយ្យ​ក្នុង​លោក​ទៅ​ហើយ។ ដូច្នេះ​អា​របៀប​ អា​អំពើ​អស់​នេះ គេមិន​អាច​ទទួល​បាន​ទេ»។

ប៉ូលិសបានភ្ជង់កាំភ្លើង ខណៈក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានព្យាយាមចូលក្នុងបន្ទប់ប្រជុំក្នុងអគារសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

នៅ​ប្រទេស​កម្ពុជា​អតីត​តំណាង​រាស្រ្ត​រូបនេះ​រំឭក​ឡើង​វិញ​ថា ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ធ្លាប់​បដិ​សេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៣​ ដែល​ជ្រោម​ជ្រែង​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ពេល​នោះ​គណបក្ស​កាន់​អំណាច​មិន​សុខ​ចិត្ត​នឹង​លទ្ធផល​បោះ​ឆ្នោត ដែលបង្ហាញ​ថា ​គណ​បក្ស​រាជា​និយម​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ឈ្នះ ហើយ​គំរាម​បង្កើត​តំបន់​អបគមន៍ ឬ​ការ​បំបែក​ខ្លួន។ ប៉ុន្តែ​លោក​ថាដោយ​ការ​ផ្សះផ្សារ​ជាតិ ជម្លោះ​ត្រូវ​បាន​ពន្លត់​ទៅ​វិញ។

លោក ​អ៊ូ ច័ន្ទរ័ត្ន បន្ត​ថា ​វា​ជា​ការ​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​សម្រាប់​គណបក្ស​នយោបាយ​កម្ពុជាក្នុង​ការ​ទទួល​ស្គាល់​ជ័យ​ជម្នះ​គូ​ប្រជែង​ដោយ​ហេតុ​ថា​ គណបក្ស​សង្គ្រោះ​ជាតិដែល​គេ​គិត​ថា​ មាន​ប្រៀប​អាច​ឈ្នះ​គណបក្ស​អំណាច​ត្រូវ​បាន​តុលាការ​កំពូលរំលាយ ​មុនការ​បោះ​ឆ្នោត​សាកលឆ្នាំ​ ២០១៨។

លោក​បន្ថែម​ថា៖ «យើង​មើល​ឃើញ​ហើយ​ថា ​មិន​ទាន់​ទាំង​បាន​ឈ្នះ​ផង​គាត់​មិនមែន​ឡាំប៉ា​ទេ​ គាត់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង»។​

លោក​បណ្ឌិត​ សាម អ៊ីន​ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កត់​សម្គាល់​ថា ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៦០​ មក​ ប្រធានាធិប​តី​ដែល​ចាញ់​ការ​បោះ​ឆ្នោត ​មិន​ដែល​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ដូច​លោក​ ត្រាំ ទេ។

លោក​បន្ថែម​ថា ​បើ​សិន​ការ​ផ្ទេរ​អំណាច​ នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ខាង​មុខនេះ ​មិន​ប្រឈម​នឹង​ឧបសគ្គ នោះ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​អាមេរិក​នៅ​តែ​ជា​គំរូ​ដល់​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​តាម​ការ​បោះ​ឆ្នោត។

លោក​មាន​ប្រសាសន៍​ថា៖ «វា​លើក​លែង​តែ​ស្រាប់​តែ​ថ្ងៃ​២០ ​មករា​ហ្នឹង​ មិន​អាច​រៀប​ចំ​ដំណើរ​ការ​ផ្ទេរ​អំណាច​បាន ហើយ​មាន​ជម្លោះ​ជ្រាល​ជ្រៅ​កើត​ឡើង ហិង្សា​ធ្ងន់​ធ្ងរ ​ហើយ​ការ​ផ្ទេរ​អំណាច​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន ខ្ញុំ​គិត​ថា ​អាហ្នុង​ប្រហែល​ជា​ពិភព​លោក​នឹង​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ដំណើរ​ការ​ប្រជាធិប​តេយ្យ ប្រព័ន្ធ​ប្រជាធិប​តេយ្យ​ដែល​អាមេរិក​បាន​កសាង ​២៥០ ឆ្នាំ​ហ្នឹង។ គេ​អាច​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ»។

លោក​សាម អ៊ីន ជឿថា ​កម្ពុជា​នឹង​មិន​ប្រឈ​ម​មុខ​ជាមួយ​ជម្លោះ​ផ្ទៃ​ក្នុង​ បន្ទាប់​ពី​ការ​បោះឆ្នោតបើសិនជាមេដឹក​នាំ​នយោបាយ​ខ្មែរ​រូប​ណា​ចាញ់​ការ​បោះ​ឆ្នោត​ ហើយ​មិនយក​លំនាំ​តាម​លោក​ Trump​នោះ៕