នៅសប្តាហ៍នេះពលរដ្ឋខ្មែរមួយចំនួនដែលចូលរួមទស្សនានិងដើរកម្សាន្តក្នុងរាជធានីភ្នំពេញ បានបង្ហាញពីមតិខុសៗគ្នាប្រាប់ VOA ចំពោះការប្រារព្ធពិធីបុណ្យ«គ្រីស្តម៉ាស»ឬ«បុណ្យណូអែល»ដ៏ពេញនិយមនេះនៅប្រទេសកម្ពុជា ដែលជាប្រទេសយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
លោក សុខ នៅ កសិករម្នាក់រស់នៅខេត្ត កណ្តាល ដែលបានមកចូលរួមមើលការតាំងលម្អនៅក្នុងផ្សារទំនើបមួយនៅរាជធានី ភ្នំពេញ បានលើកឡើងថា ពិធីបុណ្យគ្រីស្តម៉ាសជាពិធីបុណ្យបរទេស ហើយលោកមិនចង់ឃើញមានឥទ្ធិពលពីវប្បធម៌បរទេសមកលើជនវ័យក្មេងនៅកម្ពុជាទេ។
លោកបាននិយាយថា៖
«ប៉ុន្តែខ្ញុំឃើញលក្ខណៈបរទេស។ វាមិនជាលក្ខណៈខ្មែរ។ តែខ្ញុំចង់ឲ្យមានលក្ខណៈខ្មែរច្រើនជាង។ នេះកុំឲ្យក្មេងៗវាឃើញអឺរ៉ុបអញ្ចឹងទៅ វាទទួលឥទ្ធិពលពីអឺរ៉ុបច្រើនពេក»។
យុវជន ឈីវ សុភា តែងតែចូលរួមក្នុងពិធីបុណ្យគ្រីស្តម៉ាសដើម្បីយល់ដឹងពីភាពខុសប្លែកគ្នារវាងព្រះពុទ្ធសាសនា និងគ្រឹស្តសាសនា។
សុភា បានបង្ហាញពីភាពបើកចំហរបស់ឪពុកម្តាយរបស់ខ្លួន នៅពេលសុភាចូលរួមសកម្មភាពណាមួយពាក់ព័ន្ធនឹងគ្រឹស្តសាសនា ដោយនិយាយថា៖
«អត់ទេ គាត់អត់មានប្រកាន់អី។ ធម្មតា ចិត្តយើងកាន់សាសនាព្រះពុទ្ធ តែគ្រាន់តែចូលអញ្ចឹងលក្ខណៈថា ចូលយ៉ាងហោចណាស់ក៏វាម្យ៉ាងដែរ។ ដូចតែគ្នា។ កាន់សាសនាណា ក៏ដូចសាសនាណាដែរ។ ចង់តែបានសុខដូចតែគ្នា»។
យុវជន រិត ស៊ីភុន យល់ឃើញថា ពិធីបុណ្យគ្រីស្តម៉ាសជាពិធីមួយដើម្បីបង្ហាញក្តីស្រឡាញ់រវាងមនុស្សទូទៅ។ ស៊ីភុន ក៏បានលើកឡើងថា រាល់ការប្រារព្ធពិធីដែលមិនមែនជាប្រពៃណីរបស់ជាតិ គួរតែមានកម្រិត ដើម្បីកុំឲ្យមានការជះឥទ្ធិពលខ្លាំងមកលើប្រពៃណីជាតិ។
យុវជន ស៊ីភុន បាននិយាយថា៖
«សម្រាប់ខ្ញុំ បើសិនជាអាច យើងធ្វើត្រឹមលក្ខណៈមានលីមីតយើងខ្លួនឯងថាធ្វើម៉េចឲ្យសម។ កុំឲ្យប៉ះពាល់ដល់ប្រពៃណីយើងបង»។
យុវតី គង់ សុវណ្ណសូនិតា អាយុ ១៧ឆ្នាំ បាននិយាយថា ការប្រារព្ធធ្វើពិធីបុណ្យគ្រីស្តម៉ាសក្នុងចំណោមយុវជនមិនមានផលប៉ះពាល់ខ្លាំងនោះទេ ទៅលើសង្គមជាតិ។ សូនិតាក៏បានអំពាវនាវឲ្យមានការចេះវែកញែករវាងអ្វីដែលអាចទទួលយកបាន និងអ្វីដែលមិនអាចទទួលយកបាន។
យុវតី សូនិតា បាននិយាយថា៖
«តែខ្ញុំសំណូមពរថា យើងអត់ហាមឃាត់ទេ ការយកប្រពៃណី។ តែយើងត្រូវមើលដែរថាប្រពៃណីអាចយកមកដើម្បីឲ្យខ្លួនយើងអភិវឌ្ឍ សង្គមយើងរីកចម្រើន។ អីអញ្ចឹងហ្អាបង»។
ថ្ងៃគ្រីស្តម៉ាស ត្រូវបានអ្នកកាន់សាសនាគ្រឹស្តទូទាំងពិភពលោកប្រារព្ធធ្វើដើម្បីរំឭកពីកំណើតរបស់ព្រះយេស៊ូជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៥ ខែ ធ្នូ។ ពិធីបុណ្យនេះត្រូវបានគេប្រារព្ធធ្វើឡើងជាទូទៅដោយមានការរៀបចំតុបតែងលម្អផងដែរ។ វាក៏បានក្លាយជាថ្ងៃសម្រាកដ៏មានប្រជាប្រិយផងដែរសម្រាប់ពលរដ្ឋទូទាំងពិភពលោក។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ការប្រារព្ធពិធីបុណ្យគ្រីស្តម៉ាសនៅកម្ពុជាគឺមានតាំងពីយូរយារមកហើយ និងថា សាកលភាវូបនីយកម្មជាកត្តាមួយជំរុញឲ្យមានការចូលរួមពិធីបុណ្យគ្រីស្តម៉ាសកាន់តែច្រើនពីសំណាក់យុវជន។
លោកបានមានប្រសាសន៍ថា៖
«ការធ្វើណូអែលនេះ វាមិនមែនទើបកើតឡើងនៅពេលបច្ចុប្បន្នទេ។ វាមានយូរហើយ។ គ្រាន់តែថា ឥឡូវនេះវាជាសម័យកាលមួយថ្មី ដែលយើងនិយាយថា សាកលភាវូបនីយកម្មនោះ។ ចលនានេះ វាហាក់ដូចជា មានការនិយមច្រើនឡើងអំពីសំណាក់យុវវ័យផង និងអំពីសំណាក់អ្នកដែលលើសពីយុវវ័យបន្តិចផងដែលគេបានឆ្លងកាត់មក»។
ចំពោះពិធីបុណ្យគ្រីស្តម៉ាសនៅកម្ពុជា គេតែងសង្កេតឃើញមានការទិញជាកាដូជូនគ្នា ឬដូរកាដូរវាងគ្នានៅក្នុងចំណោមយុវជន ហើយគេក៏តែងឃើញមានអវត្តមានក្នុងចំណោមសិស្ស និងនិស្សិតមួយចំនួននៅតាមមជ្ឈដ្ឋានសិក្សាផ្សេងៗផងដែរ។
ឆ្លើយតបចំពោះមតិដែលលើកឡើងការប្រារព្ធពិធីបុណ្យគ្រីស្តម៉ាស ជាការមើលរំលងទៅលើវប្បធម៌ប្រពៃណីជាតិ លោក ថៃ នរៈសត្យា បានអំពាវនាវឲ្យមានទស្សនៈវិជ្ជមានក្នុងបរិបទយោគយល់ និងការបើកចំហឲ្យមានភាពចម្រុះគ្នានៃវប្បធម៌។
លោកបាននិយាយថា៖
«ពាក្យខ្លះគេថា ធ្វើអញ្ចឹងដូចជា មិនគិតទៅដល់វប្បធម៌ប្រពៃណី ឬមួយក៏លើកស្ទួយវប្បធម៌បរទេស។ ខ្ញុំគិតថា បើយើងចេះតែគិតឲ្យចូលក្នុងផលវិជ្ជមាន ស្អីក៏ចេះតែអាចឃើញផលវិជ្ជមានដែរ។ ប៉ុន្តែបើយើងគិតពីភាពយោគយល់ ទាំងសុខដុមភាពនៃវប្បធម៌ ខ្ញុំថា ជាយោបល់របស់ខ្ញុំ វាមិនមានបញ្ហាអ្វីទេ»។
ស្របពេលដូចគ្នានេះដែរ លោក នរៈសត្យា ក៏បានអំពាវនាវឲ្យមានការយល់ដឹងពីអត្តសញ្ញាណ និងអរិយធម៌របស់ជាតិ ដោយលោកបាននិយាយថា៖
«អ្វីៗគឺវាប្រមូលផ្តុំទៅលើការអំពាវនាវចង់ឲ្យយើងស្គាល់អត្តសញ្ញាណរបស់យើង។ ចង់ឲ្យយើងស្គាល់ទីតាំងរបស់យើង។ ចង់ឲ្យយើងរួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ដ៏ថ្កុំថ្កើងរបស់ជាតិយើងប៉ុណ្ណឹង។ ធ្វើអីធ្វើទៅ តែកុំឲ្យភ្លេចជាតិកំណើតរបស់ខ្លួន។ កុំឲ្យភ្លេចវប្បធម៌របស់ខ្លួន»។
ជាមួយនឹងការកើនឡើងនៃអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា គេតែងសង្កេតឃើញមានមតិលើកឡើងជាច្រើនទាំងវិជ្ជមាន និងអវិជ្ជមាននៅពេលមានការបង្ហោះរូបថត ឬវីដេអូឃ្លីបនៃយុវជនកម្ពុជាចូលរួមសកម្មភាពវប្បធម៌បរទេសណាមួយ ដែលការណ៍នេះជួនកាលនាំឲ្យកើតមានជាភាពចម្រូងចម្រាសនៅតាមបណ្តាញសង្គមផងដែរ៕