ពុទ្ធ​បរិស័ទ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ប្រារព្ធ​ពិធី​​បុណ្យ​កឋិន​ទាននៅ​វត្តពុទ្ធិការាម

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​បាន​មក​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៣ ខែ​តុលា​នេះ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​កឋិន​ទាន​និង​ប្រតិបត្តិ​ទៅ​តាម​ទំនៀម​ទម្លាប់​សាសនា​របស់​ខ្លួន។​

ពុទ្ធ​បរិស័ទ​ខ្មែរ​នៅតំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក ​បាន​នាំ​គ្នា​ប្រារព្ធពិធី​បុណ្យ​កឋិន​ទាន​យ៉ាង​អធិក​អធម​ ដើម្បី​វេរ​ប្រគេន​ទេយ្យ​ទាន​ដល់​ភិក្ខុ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​បី​ខែ​កន្លង​មក​នេះ ​នៅ​ក្នុង​វត្ត​ពុទ្ធិការាម​ រដ្ឋ​មែរីលែន។ ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ គឺ​ជា​ឱកាស​ជួបជុំ​គ្នា​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ផង​ និង​ក៏​ដើម្បី​រក្សា​អត្ត​សញ្ញាណរបស់​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​នោះ​ផង។

វត្ត​អារាម​មិនមែន​ត្រឹម​តែ​ជា​ទី​សម្រាប់​តម្កល់​ក្បួន​គម្ពីរ​សាសនា​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ជា​កន្លែង​ថែ​រក្សា​វប្បធម៌​ ទំនៀម​ទម្លាប់​និងអត្ត​សញ្ញាណ​ផ្សេងៗ​ទៀត​របស់​ប្រជា​ជន​កម្ពុជា​ផង​ដែរ។

នៅ​ទី​នេះ​ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​បាន​មក​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៣ ខែ​តុលា​នេះ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​កឋិន​ទាន​និង​ប្រតិបត្តិ​ទៅ​តាម​ទំនៀម​ទម្លាប់​សាសនា​របស់​ខ្លួន។

លោកស្រី ផ្លែក​ ឌីណា គឺ​ជា​អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ។

«ខ្ញុំ​ចូល​ចិត្ត​ធ្វើ​បុណ្យ​ជូន​ឪពុក​ម្តាយ ជីតា​ជីដូន​ដែល​បាន​សុគត​ទៅ។​ ដូច្នេះ ខ្ញុំ​មក​ធ្វើ​បុណ្យ​បន្តៗ»។

ព្រះ​ចៅ​អធិការ និង​គណៈកម្មការ​វត្ត​បាន​រៀបចំ​ពិធីបុណ្យ​នេះ​ឲ្យ​មាន​លក្ខណៈ​ជា​ខ្មែរ​សុទ្ធ​សាធ។

លោក​ទន់ សុវណ្ណ​គឺ​ជា​ប្រធាន​ពុទ្ធិកៈ​សមាគម​ខ្មែរ​ដែល​បាន​រៀបចំ​ពិធីបុណ្យ​ក្នុង​វត្ត​ពុទ្ធិការាម​នេះ នៅ​ក្រុង​សៀល​វរ​ស្រ្ពីង​នៃ​រដ្ឋ​មែរីលែន។

«ពុទ្ធ​បរិស័ទ​មក​ដល់​វត្ត​នេះ​ឡើង​ ភ្ញាក់​ព្រឺត​ថា​ ហ្អ៎​ ដូច​នៅ​ស្រុក​ខ្មែរ​អញ្ចឹង ធ្វើ​របៀប​ ធ្វើ​កិច្ច​ការ​អី ​ហើយ​អ្នក​ស្រុកដែល​មក​វត្ត​ហ្នឹង​ទៅ​ ក៏​និយាយ​គ្នា​ ដូច​ស្រុក​ខ្មែរ​អញ្ចឹង​ដែរ»។

ក្រៅពី​ដើម្បី​វេរ​ទេយ្យ​ទាន​ផ្សេងៗ​ ប្រគេន​ដល់​ព្រះ​ភិក្ខុ​សង្ឈ ​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ក៏​មាន​គោល​បំណង​ថែ​រក្សា​អត្ត​សញ្ញាណ​របស់​ខ្មែរ​ និង​ទាក់​ទាញ​យុវជន​ យុវតី​ខ្មែរ​អាមេរិកាំង​ឲ្យ​ស្គាល់​ដើម​កំណើត​ឬ​វប្បធម៌​របស់​ឪពុក​ម្តាយ​របស់​ពួក​គេ​ដែរ។

អ្នកស្រី​ណារិន ជែមសុន (Narin Jameson)​ គឺ​ជា​អ្នក​ផ្តើម​បុណ្យ​កឋិន​ទាន​នេះ។

«ពេល​បុណ្យ​កឋិន​ ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ និង​ពេល​ភ្ជុំ​បិណ្យ​ហ្នឹង​គឺ​ថា​ បុណ្យ​ធំៗ​បី​ហ្នឹង​ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ក្រុម​គ្រួសារ​ហ្នឹង ​នាំ​កូនៗ​ក្មេងៗ​ហ្នឹង​ដែល​ថា​ ចង់​ភ្លេច​សញ្ជាតិ​ខ្មែរ​ហ្នឹង​មក​ទៅ​ នឹក​ឃើញ​ដល់​ប្រទេស​ជាតិ​យើង​ឡើង​វិញ»។

កញ្ញា​តាន់ ស៊ូចេន​មក​ចូល​រួម​ពិធី​បុណ្យ​នេះ​ ដើម្បី​សិក្សា​ និង​បន្ត​វប្បធម៌​ខ្មែរ​ ជា​វប្បធម៌​របស់​ឪពុក​ម្តាយ​របស់​នាង។

«សម្រាប់​ខ្ញុំ​ វា​សំខាន់​ក្នុង​ការ​បន្ត​ទំនាក់​ទំនង​ជាមួយ​វប្បធម៌​របស់​ខ្ញុំ ដើម្បី​ស្គាល់​សាសនា​របស់​ខ្ញុំ។ ​នៅ​ក្នុង​ប្រទេស​នេះ​ វា​ហាក់​ដូច​ជា​វប្បធម៌​ហ្នឹង​កំពុង​បាត់​បង់​ ហើយ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​វា​នៅ​មាន​ជីវិត។ ​ខ្ញុំ​ចង់​បន្ត​វប្បធម៌​និង​កេរ​មរតក​របស់​ឪពុក​ម្តាយ​ខ្ញុំ»។

លោកស្រី វូ សំណាង​ ជា​បុគ្គលិក​សុខាភិបាល​ប្រចាំ​សង្កាត់​ Montgomery។ ​អ្នក​ស្រី​ឆ្លៀត​យក​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កឋិន​ទាន​នេះ​ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ខ្មែរ​នូវ​ការ​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​ផ្តាសាយ​ផង ដែរ។

លោកស្រី​អៀ ស៊ូសាន​សុខចិត្ត​ចំណាយ​ពេល​៣ម៉ោងធ្វើ​ដំណើរ​មក​ចូល​រួម​បុណ្យ​កឋិន​ទាន​ ហើយ​ឆ្លៀត​ទទួល​យក​ការ​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​ផ្តាសាយ​នេះ​ដែរ៕