សហគមន៍​ខ្មែរនៅ​សាន់​ ហូហ៊្សេនឹង​ប្រជុំពិភាក្សាពី​ការទាមទារ​សំណង​ពីសាលាក្តី​ខ្មែរក្រហម

ប្រជាពលរដ្ឋ​​ខ្មែរ-អាមេរិកកាំង​​​​នៅ​​រដ្ឋ​​ម៉ាសាឈូសេតស៍​​ ជួបប្រជុំ​គ្នា ​ដើម្បីពិភាក្សា​អំពី​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។​​

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមមេធាវី​ការពារក្តី​ឱ្យ​ពលរដ្ឋខ្មែរ-​អាមេរិកាំង​នឹង​ជួបជុំ​ជាមួយ​កូនក្តី​របស់​ពួកគេ​នៅ​ថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ ​នៅ​ទីក្រុង​សាន់ ហូហ៊្សេ(San Jose)​ រដ្ឋកាលីហ្វ័រញ៉ា (California) ​ដើម្បី ​ផ្តល់ដំណឹងដល់ពួកគេ​អំពី​ការ​វិវត្ត​ចុង​ក្រោយ​ទាក់ទង​នឹង​សាលាក្តី​ខ្មែរ​ក្រហម។

នេះ​ជាលើក​ទីមួយ​ហើយ​ដែល​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​សាន់​ ហូហ៊្សេ​នេះ​នឹង​ជួប​ជាមួយ​ក្រុម​មេធាវី​ការពារ​ក្តី​របស់​ពួកគេ​ចាប់​តាំងពី​ពួកគេ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាក្តី​ខ្មែរក្រហម​ក្នុង​សំណុំរឿង​លេខ​០០២​ ដែល​នឹង​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម។

ការ​ជួបជុំ​នេះ​ក៏​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​សំណង​ដែល​ក្រុម​ជន​រងគ្រោះ​ពី​របបខ្មែរ​ក្រហម​ទាំង​នេះ​ចង់​បាន​ ​ក្រោយពី​ការ​កាត់​ក្តីបាន​បញ្ចប់ នេះ​បើ​យោងតាម​សេចក្តី​ជូន​ដំណឹង​ពីក្រុម​អ្នក​រៀបចំ​ការ​ជួប​ប្រជុំដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិវេណ​វត្ត​ខេមររង្សី​នា​ថ្ងៃសៅរ៍​នេះ។

ជនរងគ្រោះ​អាច​នឹង​ទាមទារ​ចង់​បាន​សំណង​ជាសមូហភាព​ដែល​មាន​ដូចជា​បណ្ណាល័យ ​ស្តូបវិមាន​ ឬ​សេវា​កម្ម​សម្រាប់​សហគមន៍​ជាដើម។

សម្រាប់​សហគមន៍​ខ្មែរ​ លោកស្រី​នូស្ស៊ីន សាការ៉ាទី ​មេធាវី​នៃ​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការ​ទទួល​ខុសត្រូវ​និង​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​បញ្ជាក់​ជា​គំនិត​ខ្លះ​ឆ្លង​តាម​រយៈ​ការ​ជួប​ពិភាក្សា​កន្លង​មកថា​ ​ពួកគេអាចសុំ​សាងសង់​ជា​សារៈមន្ទីរ​មួយ​ដើម្បី​ចារ​ឈ្មោះ​ជន​រងគ្រោះ​និងរក្សាទុក​រូបថត​ និងវត្ថុ​អនុស្សាវរីយ៍​ដែល​អ្នក​បាត់បង់​ជីវិត​ធ្លាប់​ប្រើប្រាស់។

«សំណើ​ទាមទារ​សំណង​របស់​យើង​នឹង​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ ​អាមេរិកាំង ​ដែល​យើង​មាន​នៅ​ក្នុង​បញ្ជី​ ប៉ុន្តែ​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ភាគច្រើន​នៅ​ចង់​បាន​សំណងឬ​សេវាកម្ម​នៅ​កម្ពុជា។​ ពួកគេ​គិតថា​ វាមាន​អត្ថន័យ​ច្រើន​ បើមាន​ការ​សាងសង់​វិមាន​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាជាង​នៅ​សហរដ្ឋ​អាមេរិក»។

ការ​ជួបជុំ​នៅ​ចុង​សប្តាហ៍​នេះ​ក៏ផ្តល់ជា​ឱកាស​ដល់ក្រុម​គ្រួសារ​ជន​រងគ្រោះ​យក​វត្ថុ​អនុស្សាវរីយ៍​ឬ​ក៏​រូបថត​ដែល​បន្សល់​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​មក​បង្ហាញ ​ហើយ​ពួកគេ​អាច​នឹង​មក​និយាយ​រៀបរាប់​នូវ​រឿង​រ៉ាវ​ខ្លោចផ្សា​និង​បទ​ពិសោធ​ឈឺចាប់​របស់​គេ​ដែល​រស់​នៅ​ឆ្លងកាត់​របប​ខ្មែរក្រហម​និង​ផល​វិបាក​នៅ​ពេល​បន្ទាប់​ពីនោះ។

លោកស្រី​បណ្ឌិត នូ លក្ខិណា ​នាយក​ប្រតិបត្តិ​នៃវិទ្យាស្ថាន​ស្រាវជ្រាវ​អនុវត្តន៍​សង្គម​នៃ​កម្ពុជា ​ដែល​ជាអ្នករៀបចំ​ឱ្យ​មាន​ការជួបប្រជុំ​នេះ​បាន​បញ្ជាក់ថា​ ក្រុម​ការងារ​របស់​លោកស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​រដ្ឋ​ផ្សេងៗ​ទៀត​នៅ​អាមេរិក​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ ទាំងអ្នក​ដែល​បាន​ដាក់​ពាក្យប្តឹង​និង​អ្នក​ដែល​មិន​បាន​ដាក់​ ដើម្បី​ជួយ​ពួកគេ​ឱ្យ​យល់​កាន់តែ​ច្បាស់ពី​ដំណើរ​ការ​កាត់​ក្តី​ខ្មែរក្រហម​និង​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​មាន​មោទន​ភាព​ចំពោះ​ជីវិត​របស់​គេ​ឡើង។

«រឿងនេះ​មិនត្រឹមតែ​ទាមទារ​យុត្តិធម៌​ពីតុលាការ​ថា​ ឥឡូវនេះ​ពួកបួននាក់​ ខៀវ សំផន​ នួន​ ជា​ អៀង សារី​ អៀង ធារិទ្ធ​ បាន​ចូលគុក​ហើយ​នោះ ​យើង​សប្បាយចិត្ត។​ នេះ​មិនមែន​ត្រឹម​តែ​រឿង​យក​ពួកគាត់​ទៅ​ដាក់​ចូលគុក​ទេ​ គឺ​យើង​ចង់​ឱ្យ​ពង្រឹង​សង្គម​យើង។ ​យើង​ចង់​ឱ្យ​ការ​បាក់​បែក​គ្នាហ្នឹង​ លែង​មាន​តទៅ​ទៀត។ ​យើង​ចង់​ឱ្យ​សង្គម​ខ្មែរ​យើង​ឈានទៅមុខ​ ឱ្យ​មាន​សាមគ្គី ​ហើយ​នឹង​ចង់​ឱ្យ​មាន​ការ​សប្បាយចិត្ត​ជា​កូន​ខ្មែរ»។

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​១៧០​នាក់​បាន​ដាក់​ពាក្យ​ប្តឹងតាម​រយៈ​វិទ្យាស្ថាន​ស្រាវជ្រាវ​អនុវត្តន៍​សង្គម​នៃ​កម្ពុជា​ក្នុង​ករណី​០០២។​ អ្នកខ្លះ​ដាក់​ពាក្យ​បណ្តឹង​ក្នុង​នាម​ជា​ជន​រងគ្រោះ​និង​អ្នក​ខ្លះ​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី។

លោកស្រី​បៃ សុផានី ​រស់នៅ​ទីក្រុង​សាន់ ហូហ៊្សេ​ ហើយ​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​សុំ​តាំងខ្លួនជាដើមបណ្តឹង​រដ្ឋប្បវេណី​ បាន​បញ្ជាក់ថា​ លោកស្រី​ត្រូវ​តស៊ូ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​កូន​ចំនួន​បីនាក់​ដែល​បាន​ស្លាប់​និង​សមាជិក​ក្រុម​គ្រួសារ​ដទៃ​ទៀត៖

«ខ្ញុំដាក់​ពាក្យ​ប្តឹង​គឺ​ថា​ ប្តឹង​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ព្រលឹង​ខ្មោច​កូន​ខ្ញុំ ​ព្រោះខ្ញុំ​មិន​អាច​បិទ​ភ្នែក​ជិត​ទេ​ កាល​ណា​ខ្ញុំ​មិន​បាន​រក​យុត្តិធម៌​ឱ្យ​កូនខ្ញុំ ​ហើយ​ឪពុក​ម្តាយខ្ញុំ ​ស្លាប់​អស់​មួយពូជ​នៅ​ស្រុក​កំពង់​ឆ្នាំង​ឯណោះ។ ​វា​វាយចោល​អស់​មួយពូជ។ ​សូម្បី​តែ​ក្មួយ​បង្កើត​មួយ​ក៏​អត់​មាន​ដែរ​ឥឡូវ​នេះ ​គឺ​អត់មាន​ទេ»។

មាន​ពលរដ្ឋ​ខ្មែរ​ជិត​ពីរលាន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម ​ដោយ​សារ​ការ​កាប់​សម្លាប់​ ការ​ធ្វើ​ទារុណកម្ម​ ដោយ​ធ្វើការ​ហួស​កម្លាំង ​ការ​បង្អត់​បាយ​ និង​ជំងឺ​ដម្កាត់​ជាដើម។ ​បច្ចុប្បន្ន​មាន​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចំនួន​បួននាក់​គឺនួន ជា​ ខៀវ សំផន​ អៀង សារី​ និង​អៀង ធីរិទ្ធ​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការ​កាត់​ទោស​ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​នឹង​គ្រោង​បើក​សវនាការ​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ៕