ជន​ភៀស​សឹក​យ៉ាង​តិច​៥០​នាក់​ធ្លាក់​ខ្លួន​ឈឺ​ចម្លែក

ជនភៀសសឹកដែលរងគ្រោះដោយជំងឺ​ចម្លែកនៅវត្តពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្ត​ឧត្តរមានជ័យ​ដែលត្រូវដឹកទៅកាន់មន្ទីរពេទ្យ។

ជនភៀស​សឹក​យ៉ាង​តិច​៥០​នាក់​ដែល​ស្នាក់​នៅ​ឃុំ​ពង្រ​ ស្រុក​ចុង​កាល់ ខេត្តឧត្តរ​មានជ័យ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់​កាល​ពី​យប់​ថ្ងៃ​ពុធ​និង​ឈាន​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ភ្លាមៗ​បន្ទាប់​ពី​យោធា​កម្ពុជា និង​ថៃ​បាន​ព្រម​ព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់បណ្តោះ​អាសន្ន។

ក្រុម​អ្នក​ជំងឺ​និង​គ្រូពេទ្យ​បាន​អះអាង​ថា អាការៈ​រួមមាន​ការ​ក្អួត​ចង្អោរ ពិបាក​ដក​ដង្ហើម​ វិលមុខ​ អស់​កម្លាំង​ និង​ទន់​ដៃ​ទន់​ជើង​ ហើម​ពោះ​ជា​ដើម។​ ព្រិត្តិការណ៍​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​ចាស់​ ក្មេង​ ស្ត្រី​ផង​ដែរ។ បច្ចុប្បន​ពួក​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឧត្តរ​មានជ័យ។

អ្នក​ជំងឺ​មួយ​រូប​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ នៅ​ពេល​កំពុង​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​រងគ្រោះ​បាន​អះអាង​ថា​ លោក​ធ្លាក់​ខ្លួន​ឈឺ​ដូច្នេះ​ថា លោក​មិន​ដឹង​ថា​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ទេ តែ​កើត​ឡើង​ក្រោយ​ពី​ការ​ទទួល​ទានទឹក។

«បាទ​អត់​មាន​ញ៉ាំ​អី​ទេ​ តែ​ហូប​ទឹកស្រះ​នៅ​វត្ត​ពង្រ។ ជន​ភៀស​ខ្លួន​មុនៗ​គាត់​មាន​កើត​មុន​ខ្ញុំ​ទៀត​ក៏មាន​ដែរបាទ។​ ឈឺ​ជា​បន្តរ​បន្ទាប់​ក្រោយៗ​មក​បាទ»។

លោកគ្រូ​ពេទ្យ​ កែវ​ ស្តើង ​អនុ​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ដែល​កំពុង​ព្យាបាល​អ្នក​ជំងឺ​បាន​ថ្លែង​ប្រាប់វីអូអេ​ខ្មែរ​ថា លោក​មិន​ទាន់​ដឹង​ប្រាកដ​ថា​ជំងឺនេះ​កើត​ពី​អ្វី​ទេ។ លោក​មាន​ប្រសាសន៍​ថា៖

«ការ​សន្និដ្នាន​ជំហាន​ដំបូង​គឺ​អាច​បណ្តាល​មក​ពី​បរិស្ថាន​ជុំ​វិញ​ ដូច​ជា​ការ​ប្រើ​ប្រាស់​ទឹក​ ហើយ​គាត់​រស់​នៅ​គ្នា​ច្រើន​ ហើយ​ក្តៅ​ផង​អញ្ចឹង​បង្ក​ឲ្យ​មាន​អាការៈ​បែប​នេះ»។

ក្រុម​គ្រូពេទ្យ​កំពុង​យក​ឈាម​ដើម្បី​ធ្វើ​ពិសោធន៍។​ ជន​ភៀស​សឹក​ដែល​គេច​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​មួយ​សប្តាហ៍មក​នេះ​មាន​រាប់​ពាន់​គ្រួសារ​ ហើយ​ដែល​រស់​នៅ​រប៉ាត់​រប៉ាយ​តាម​ភូមិ​ឃុំ​ជា​ច្រើន។​ ពួក​គេ​គ្មាន​ជម្រក​សមរម្យ​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ម្ហូប​អាហារ​គ្រប់​គ្រាន់​នោះ​ទេ៕