ពល​រដ្ឋ​ខ្មែរ​ស្លាប់​ដោយ​សារ​ជំងឺ​រាក​រូស​ក្នុង​រដូវ​ក្តៅ

ក្រុម​មន្ត្រី​សុខា​ភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មេ​រោគ​ជំងឺ​រាក​រូស​ធ្ងន់​ធ្ងរ​ ដែល​បានបង្ខំ​ដោយ​រដូវ​ក្តៅ​អូស​បន្លាយ​ពេល ​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​យ៉ាង​តិច​៣៥​នាក់ ​ចាប់​តាំង​ពី ​ខែ​មិនា​ ដោយ​រួម​មាន​មនុស្ស​២​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​កាល​ពី​ថ្ងៃ​ពុធ។

ករណី​ធ្ងន់​ធ្ងរ​បំផុត​បាន​កើត​មាន​នៅ​ក្នុង​ខេត្ត​រតន​គីរី ​ជា​កន្លែង​ដែល​មនុស្ស​១៥​នាក់​បាន​ស្លាប់​នៅ​ក្នុង​ខែ​មេសា​ និង​ចាប់​តាំង​ពី​ខែ​មិនា​មក​ ៧​នាក់​នៅ​ខេត្ត​កំពង់​ចាម​ ៥​នាក់​នៅ​ខេត្ត​ក្រចេះ​ ៤​នាក់​នៅ ​ខេត្ត​ស្ទឹង​ត្រែង​ ២​នាក់​នៅ​ខេត្ត​ព្រៃ​វែង​ និង​២​នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង​ នេះ​បើ​តាម​ការ​អះ​អាង​របស់​ ក្រុម​មន្ត្រី​សុខា​ភិបាល​ខេត្ត។

ក្រុម​មន្ត្រី​សុខា​ភិបាល​បាន​បញ្ជាក់​ថា​ អ្នក​ភូមិ​ទាំង​នេះ​បាន​បរិភោគ​ទឹក​ ឬ​ចំណី​អាហារ​ ដែល​បាន​ បង្ក​ឡើង​ដោយ​ពពួក​មេ​រោគ​ បាន​ធ្វើ​ឱ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ដោយ​កំដៅ​ក្តៅ​ខ្លាំង​ពេក។ ​ប្រទេស​កម្ពុជា​ កំពុង​តែ​ទទួល​រង​នូវ​រដូវ​ក្តៅ​ជា​បន្ត​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​មិនា ​បន្ត​រហូត​ដល់​ខែ​ឧសភា​ នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់​បន្តិច​បន្តួច។

ជា​ធម្មតា ​ប្រជា​ជន​កម្ពុជា​សង្ឃឹម​ថា ​ការ​ធ្លាក់​ភ្លៀង​បាន​ចាប់​ផ្តើម​កក់​ខែបន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​នៅ​ក្នុង​ពាក់​កណ្តាល​ខែ​មេសា។

បន្ទាប់​ពី​ការ​ស្លាប់​អ្នក​ភូមិ​២​នាក់នៅ​ខេត្ត​កំពង់​ចាម​ កាល​ពី​ថ្ងៃ​ពុធ ​ លោក​ ម៉ម​ ប៊ុន​ហេង​ រដ្ឋម​ន្ត្រី​ក្រសួង​សុខា​ភិបាល ​ឥឡូវ​នេះ​កំពុង​អំពាវ​នាវ​ដល់​មន្ត្រី​សុខា​ភិបាល​ ឱ្យ​ត្រួត​ពិនិត្យនិង​តាម​ដាន​ការ​វិវឌ្ឍ​នៃ​ការ​ផ្ទុះ​ជំងឺ​រាក​រូស​នេះ​ ​និងអំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ ​ឱ្យ​ធ្វើ​អនាម័យ​ចំពោះ​ចំណី​អាហារ​ ទឹក​ និង​ផ្ទះ​សម្បែងជាដើម។

នៅ​ក្នុង​ករណី​នេះ​ លោក​យឹម ​ណាវី ​អនុ​ប្រធាន​ការិយា​ល័យ​មណ្ឌល​សុខ​ភាព​ស្រុក​ចម្ការ​លើ ​បាននិយាយ​ថា​ មនុស្ស​២​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ​ក្នុង​ស្រុក​ចម្ការ​លើ ​នៅ​ក្បែរ​ព្រំដែនជាប់​ជា​មួយ​ខេត្ត​កំពង់​ធំ។ ​នៅ​ក្នុង​ភូមិ​ចំនួន​៥​នៃ​ស្រុក​ចម្ការ​លើ​នេះ ​ អ្នក​ភូមិ​ជាង​១៨០​នាក់​ផ្សេងទៀត​បាន​កើត​ជំងឺ​រាក​រូស​ធ្ងន់​ធ្ងរ​ ដែល​កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ស្រុក​និង​ឃុំ​មេសរ​ជ្រៃ។

"ខ្ញុំ​គិត​ថា​ វា​ទាក់​ទង​នឹង​អាកាស​ធាតុ​ក្តៅ​ពេក​ ការ​បរិភោគ​ចំណី​អាហារ​ និង​ទឹក​គ្មាន​អនាម័យ។​ ជំងឺ​រាក​ឆ្នាំ​នេះ​មាន​សភាព​ធ្ងន់​ធ្ងរ"។

លោក ​សុខ ​ទូច ​ប្រធាន​នាយក​ដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​ថា​ លោក​និង​ក្រុម​ មន្ត្រី​សុខា​ភិបាល​របស់​លោក​បាន​នាំ​យក​ស៊ីរ៉ូម​ និង​ថ្នាំ​ពេទ្យ​ទៅ​ចែក​ចាយ​នៅ​តំបន់​ផ្ទុះ​ជំងឺ​រាក​រូស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុម​មន្ត្រី​សុខា​ភិបាល​បាន​ជួប​ជា​មួយ​អ្នក​ភូមិ​ដើម្បី​ពន្យល់​អំពី​ការ​ធ្វើ​អនាម័យ​ត្រឹម​ត្រូវ​ និង​ការរៀប​ចំ​ម្ហូប​អាហារ​ ហើយ​ក្រុម​មន្ត្រី​សុខា​ភិបាល​ បាន​និយាយ​ថា​ ប្រជា​ពល​រដ្ឋ​គួរ​តែ​បត់​ជើង​តូច-បត់ជើង​ធំនៅ​ក្នុង​បង្គន់​ឱ្យ​បាន​ត្រឹម​ត្រូវ​ សម្អាត​ផ្ទះ​សម្បែង​ និង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​ និង​ការ​បរិភោគ​ទឹក​ស្អាត។

ក្រុម​គ្រូ​ពេទ្យ​កំពុង​តាម​ដាន​មើល​ការ​វិវឌ្ឍ​នៃ​ជំងឺ​រាក​រូស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​នេះ។