ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តែ​រង​គ្រោះ​ទោះ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ក៏​ដោយ

រូបឯកសារ៖ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួល​​ទៅ​លេង​ស្រុក​កំនើត​នៅ​តាម​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ទី​១០​ ដែល​ត្រូវ​ជា​បិណ្ឌ​ទី​១៣។ (ឡេង ឡែន/ VOA)

ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​មួយ​ដែល​វិសមភាព​នៅ​មាន​កម្រិត​ខ្ពស់​បើ​ទោះ​ជា​សន្ទុះ​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កើន​ឡើង​ក៍ដោយ។ នេះ​គឺ​ដោយសារ​តែ​ក្រុម​វរជន​គ្រប់គ្រង​ធនធាន​ភាគច្រើន​នៅ​ក្នុង​ប្រទេស។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​កំណត់​ទស្សនៈ​វិស័យ​ក្នុង​ការ​ប្រែ​ក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៣០​ និង​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ត្រឹម​ឆ្នាំ​២០៥០។ បើ​យោង​តាម​ធនាគារ​ពិភព​លោក​ កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​រក្សា​លំនឹង​ក្នុង​រង្វង់​៧ភាគរយ​ក្នុង​រយៈកាល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ដោយ​ប្រាក់​ចំណូលជា​មធ្យម​ប្រចាំ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់​បាន​កើន​ដល់​ប្រហែល​ជា​១២០០ដុល្លា​អាមេរិក ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។

ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​ទាប​នៅ​មុន​ឆ្នាំ​២០១៥។ ប្រជា​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ និង​ទី​ប្រជុំជន​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​នៅ​តែ​មាន​ជីវភាព​ក្រីក្រ។

មាន​តែ​មនុស្ស​មួយ​ក្រុម​ដែល​ក្តាប់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ដែល​អាច​ទទួល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នេះ

លោក អៀ សុផល ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​ពិភព​លោក​នៃ​សាកល​វិទ្យាល័យ Occidental College នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក និយាយ​ថា​ មាន​តែ​មនុស្ស​មួយ​ក្រុម​ដែល​ក្តោបក្តាប់​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​ប្រាកដ​ពី​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា។

Your browser doesn’t support HTML5

សេចក្តី​ដកស្រង់​បទសម្ភាសន៍ VOA៖ លោក អៀ សុផល ថ្លែង​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ពេល​ខាងមុខ​នេះ បាន​កំណត់​រួច​ហើយ

លោក អៀ សុផល បាន​ថ្លែង​ថា៖«មាន​តែ​មនុស្ស​មួយ​ក្រុម​ដែល​ក្តាប់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ដែល​អាច​ទទួល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នេះ ដោយសារ​តែ​ពួកគេ​មាន​អំណាច​នយោបាយ​ មាន​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ផ្តាច់​មុខ និង​មាន​លទ្ធភាព​គ្រប់គ្រង​ពាណិជ្ជកម្ម។ សេដ្ឋកិច្ច​នៅ​កម្ពុជា​គឺ​ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​ក្តោប​ក្តាប់​ដោយ​អ្នក​មាន​អំណាច និង​ក្រុម​វរជន»។

អភិបាលកិច្ច​ទន់ខ្សោយ

ប្រទេស​កម្ពុជា​បាន​ស្ថិត​នៅ​ស្ទើរ​តែ​បាត​តារាង​នៃ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ។ អង្គការ​តម្លាភាព​អន្តរជាតិ Transparency International បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​លេខ​១៦១ ក្នុង​ចំណោម​១៨០​ប្រទេស។ កម្ពុជា​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ផង​ដែរ ទាក់ទិន​នឹង​សេរីភាព​សេដ្ឋកិច្ច នីតិរដ្ឋ និង​ភាព​ងាយ​ស្រួល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម។

រូបឯកសារ៖ ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៧ ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨៕ (រូបភាព Web Screenshot)

បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​នៃ​អង្គការ​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ លោក អៀ សុផល​បាន​និយាយ​ថា៖«ប្រទេស​កម្ពុជា​គឺ​ជា​ជើង​ឯក​ពិភព​លោក​លើ​បញ្ហា​អំពើ​ពុក​រលួយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ នេះ​គឺ​ជា​ព័ត៌មាន​ដ៏​អាក្រក់​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ទទួល​បាន​ផល​វិបាក​ពី​អំពើ​ពុក​រលួយ​នេះ។ ពួក​គេ​គឺ​ជា​អ្នក​ដែល​ទទួល​រង​នូវ​ផល​វិបាក​នេះ»។

លោក​បាន​បន្ថែម​ថា៖«ការ​បង់​ថ្លៃ​អំពើ​ពុក​រលួយ​គឺ​ការ​ចំណាយ​ថវិកា​អត់​ប្រយោជន៍។ ថវិកា​នោះ​មិន​មាន​ប្រយោជន៍​សម្រាប់​គោល​បំណង​ណា​មួយ​ឡើយ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ក្រុម​ដែល​មាន​អំណាច កាន់​តែ​មាន​ឡើង​ ហើយ​មនុស្ស​ទាំង​នោះ​អាច​ប្រើ​ប្រាស់​អំណាច​ ឬ​ក៏​ធនធាន​ទាំង​នោះ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​មាន​អំណាច និង​ទ្រព្យ​ធន​កាន់តែ​ច្រើន​ឡើង​ថែមទៀត»។

សិទ្ធិ​របស់​កម្មករ

ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៨សែន​នាក់ កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​ ដែល​រួម​ចំណែក​ដល់​ការ​បង្កើន​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ​អ្នក​រិះគន់​ បាន​បង្ហាញ​ថា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​ប្រាក់​ឈ្នួល​ទាប​ គឺ​ជា​ភស្តុតាង​នៃ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ការ​ឈឺ​ចាប់​របស់​កម្ពុជា។ ប្រាក់​ឈ្នួល​របស់​កម្មករ​ស្ទើរ​តែ​មិន​អាច​ទប់​ទល់​ជា​មួយ​នឹង​អតិផរណា​ដែល​នាំ​ឲ្យ​កម្មករ​នៅ​តែ​ទទួល​ប្រាក់​បាន​ឈ្នួល​ទាប បើ​ទោះ​បី​ជា​មាន​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ។

មាន​ការ​រំពឹង​ថា ច្បាប់​សហជីព​កម្មករ​ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ​២០១៦​អាច​ជួយ​ការ​ពារ​កម្មករ​បន្ថែម​ទៀត ប៉ុន្តែ​សមាជិក​សហជីព​បាន​និយាយ​ថា​ច្បាប់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​រារាំង​កម្មករ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ទៅ​វិញ។ កាល​ពី​ខែ​មករា​ឆ្នាំ​២០១៤ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​ប៉ូលីស​ និង​ទាហាន​ដើម្បី​បំបែក​ហ្វូង​កម្មករ​ដែល​បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ថ្នាក់​ដឹក​នាំ​របស់​សហជីព​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ ដែល​អ្នក​រិះគន់​រដ្ឋាភិបាល​ហៅ​ថា​ជា​ការ​ចោទ​ប្រកាន់​នេះ​ថា​មាន​លក្ខណៈ​នយោបាយ។

ប្រាក់​ឈ្នួល​អប្បរមា​បាន​កើន​ឡើង​ ប៉ុន្តែ​ថ្លៃ​ជីវភាព​រស់​នៅ​ក៏​កើន​ឡើង​ផង​ដែរ ជា​ពិសេស​ចំណី​អាហារ និង​ថ្លៃ​ផ្ទះ​ជួល

លោកស្រី អ៊ូ ទេព​ផល្លីន ដែល​ជា​អនុ​ប្រធាន​នៃ​សហព័ន្ធសហជីព​ចំណី​អាហារ​ និង​សេវាកម្ម​នៅ​កម្ពុជា​ បាន​និយាយ​ថា បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក៏​ដោយ ការ​ចំណាយ​លើ​ជីវភាព​រស់​នៅ​ក៏​កើន​ឡើង​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់​កម្មករ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ក្រីក្រ។

លោក​ស្រី អ៊ូ ទេព​ផល្លីន បាន​ថ្លែង​ថា៖«ប្រាក់​ឈ្នួល​អប្បរមា​បាន​កើន​ឡើង​ ប៉ុន្តែ​ថ្លៃ​ជីវភាព​រស់​នៅ​ក៏​កើន​ឡើង​ផង​ដែរ ជា​ពិសេស​ចំណី​អាហារ និង​ថ្លៃ​ផ្ទះ​ជួល»។

សន្តិភាព​អវិជ្ជមាន

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ កម្ពុជា​មាន​ការ​វិវឌ្ឍន៍​យឺត​ទៅ​រក​សន្តិភាព និង​សមធម៌ ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​តែ​ប្រកាស​ថា​ប្រទេស​កម្ពុជា​មាន​សន្តិភាព​និង​ស្ថិរភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​ក្នុង​សន្ទស្សន៍​សន្តិភាព​ពិភព​លោក​ ក្នុង​ខណៈពេល​ដែល​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​និង​សិទ្ធិ​នយោបាយ​នៅ​តែ​ត្រូវ​បាន​រារាំង។ គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ក្រោយ​ពី​ ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​នេះ​ត្រូវ​បាន​ចោទ​ថា មាន​បំណង​ផ្តួល​រំលំ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ការ​រំលាយ​នេះ​បាន​ធ្វើ​ឡើង​បន្តាប់​ពី​ការ​ចាប់​ខ្លួន​ និង​ការ​ដាក់​ឃុំ​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​មក។

លោក យឿង សុធារ៉ា អ្នក​ជំនាញ​ផ្នែក​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖«អ្វី​ដែល​មើល​ឃើញ​ថា វា​ជា​ការ​ធាក់​ថយ​នៃ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​ ការ​ចូលរួម​សិទ្ធិ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​នេះ​ សិទ្ធិ​នៃ​ការ​ចូលរួម​នយោបាយ​របស់​ក្រុម​មួយ​ដែល​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ប្រឆាំង ឬ​មួយ​ក៏​មាន​និន្នាការ​មិន​ស្រប​នឹង​បក្ស​កាន់​អំណាច​ មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ក៏​មាន​វិធាន​ការ​សព្វ​បែប​យ៉ាង​ ដើម្បី​ផាត់​ចេញ​ក្រុម​មនុស្ស​ទាំង​អស់​នេះ​ចេញ​ពី​សង្វៀន​នយោបាយ។ មាន​រឿង​ជា​ហូរហែ​បង្កើត​ទៅ​ជា​ក្តីក្តាំ​សព្វ​បែប​យ៉ាង​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​រហូត​ដល់​ចុង​ក្រោយ​មាន​ការ​រំលាយ​ចោល​គណបក្ស»។

រូបឯកសារ៖ លោក យឿង សុធារ៉ា សមាជិកក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង​នៃបណ្តាញ«​កាហ្វេ​នយោបាយ‍» Politikoffee ចូល​រួម​ជា​វាគ្មិនពិភាក្ស​អំពី «ឱកាសសម្រាប់អ្នកដឹកនាំខ្មែរជំនាន់ក្រោយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧/១៨» នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ (លឹម សុធី/VOA)

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ថ្មីៗ​នេះ​របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​កិច្ចការ​អន្តរជាតិ CSISបាន​បង្ហាញ​ថា ការ​បំភិត​បំភ័យ ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​សម្លាប់​ និង​ការ​គំរាម​កំហែង ត្រូវ​បាន​ធ្វើ​លើ​សកម្មជន​ និង​អត្ថាធិប្បាយ​បញ្ហា​នយោបាយ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ លោក យឿង សុធារ៉ា​ បាន​បន្ថែម​ថា៖ «មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ យើង​ឃើញ​ថា​មាន​ការ​រួញ​ទៅ នៃ​លំហរ​នៃ​ការ​ធ្វើ​សកម្មភាព លំហរ​នៃ​ការ​អនុវត្តន៍​ សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ដែល​មាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ភាគ​ច្រើន​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ខាង​តស៊ូមតិ និន្នាការ​ខាង​ការ​ការពារ​សិទ្ធិ​មនុស្ស​ លំហរ​នៃ​ការ​អនុវត្តន៍​សកម្មភាព​របស់​ពួកគេ​ត្រូវ​បាន​រួម​តូច​ទៅៗ​ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​បោះ​ឆ្នោត​២០១៨​នេះ​តែ​ម្តង»។

ខុម​ហ្រ្វែល​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង​ បំភិត​បំភ័យ​ចំពោះ​សិទ្ធិ​ចូលរួម​សកម្ម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ដើម្បី​ឃ្លាំ​មើល​ស្ថាន​ភាព​របស់​ប្រជាពលរដ្ឋ

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា ខុមហ្រ្វែល ត្រូវ​បាន​ចោទ​ថា​ធ្វើ​ឲ្យ​មាន​ចលាចល​សង្គម។ អង្គការ ខុមហ្រ្វែល បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា៖ «ខុម​ហ្រ្វែល​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង​ បំភិត​បំភ័យ​ចំពោះ​សិទ្ធិ​ចូលរួម​សកម្ម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ដើម្បី​ឃ្លាំ​មើល​ស្ថាន​ភាព​របស់​ប្រជាពលរដ្ឋ»។

កំណែ​ទម្រង់​ដីធ្លី

កំណែ​ទម្រង់​ដី​ធ្លី​នៅ​កម្ពុជា​ក៏​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ផង​ដែរ​ ដោយសារ​តែ​ការ​ទន្រ្ទាន​យក​ដី និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅតែ​បន្ត ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ធំៗ​បាន​ដណ្តើម​យក​ដី​របស់​អ្នក​ភូមិ​ក្រីក្រ។ សកម្មជន​ដី​ធ្លី​ និង​សិទ្ធិ​លំនៅដ្ឋាន​ត្រូវ​បាន​ចាប់​ខ្លួន វាយ​ដំ គំរាម​កំហែង និង​ដាក់​ពន្ធនាគារ​ និង​ត្រូវ​បាន​សម្លាប់​ដោយសារ​តែ​ការ​តស៊ូមតិ​របស់​ពួកគេ។

នៅ​ពេល​ដែល​យើង​បាន​ចាប់​ផ្តើម​ផ្តល់​នូវ​សម្បទាន​ដី​ធ្លី​ឲ្យ គេ​ហៅ​ថា​សម្បទាន​ដី​សេដ្ឋកិច្ច ក៏​បាន​ធ្វើ​ឲ្យ​មាន​ជំលោះ​កើត​ឡើង ដោយ​សារ​តែ​យើង​មិន​បាន​ត្រួត​ត្រា​សភាព​ការណ៍​នេះ​ឲ្យ​បាន​ដិត​ដល់

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​និយាយ​ថា​ កំហុស​ធំ​បំផុត​របស់​លោក​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស គឺ​វិធី​ដែល​រដ្ឋាភិបាល​របស់​លោក​ដោះស្រាយ​បញ្ហា​ដី​ធ្លី។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ​ផលិតករ​ភាពយន្ត​លោក Robert Lieberman កាល​ពី​ឆ្នាំ​២០១៥​ថា៖«នៅ​ពេល​ដែល​យើង​បាន​ចាប់​ផ្តើម​ផ្តល់​នូវ​សម្បទាន​ដី​ធ្លី​ឲ្យ គេ​ហៅ​ថា​សម្បទាន​ដី​សេដ្ឋកិច្ច ក៏​បាន​ធ្វើ​ឲ្យ​មាន​ជំលោះ​កើត​ឡើង ដោយ​សារ​តែ​យើង​មិន​បាន​ត្រួត​ត្រា​សភាព​ការណ៍​នេះ​ឲ្យ​បាន​ដិត​ដល់»។

គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ថា នឹង​ធ្វើ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​បន្ត​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​បន្ត​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ត្រឹម​ឆ្នាំ​២០៣០៕