ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក​ដោយ​ធ្វើ​បុណ្យផ្កា​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​មក​ជួបជុំ​គ្នា​នៅ​វត្ត​កម្ពុជា​ក្រោម​ ដើម្បី​អបអរ​បុណ្យ​ផង​និង​ធ្វើ​ជា​បុណ្យ​ផ្កា​រៃ​អង្គាស​បច្ច័យ​យក​ទៅ​កសាង​ទី​វត្ត​អារ៉ាម​នោះ​ផង។​

ពលរដ្ឋខ្មែរ​អាមេរិកកាំង​បាន​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើកទី​២៣៤​ របស់​សហរដ្ឋ​អាមេរិក​ដោយ​ធ្វើពិធី​បុណ្យ​តាម​របៀប​សាសនា​ខ្មែរ។

ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​ ទី​៤ ខែ​កក្កដា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​មក​ជួបជុំ​គ្នា​នៅ​វត្ត​កម្ពុជា​ក្រោម​ ដើម្បី​អបអរ​បុណ្យ​ផង​និង​ធ្វើ​ជា​បុណ្យ​ផ្កា​រៃ​អង្គាស​បច្ច័យ​យក​ទៅ​កសាង​ ទី​វត្ត​អារ៉ាម​នោះ​ផង។

ពិធីបុណ្យ​នេះ​ បាន​ទាក់​ទាញ​អ្នក​ចូលរួម​ប្រមាណ​ជាង​ ៣០០ ​នាក់​មក​ពី​គ្រប់តំបន់​ក្បែៗ​រដ្ឋធានីវ៉ាស៊ីនតោន​ ហើយ​ក៏​មាន​អ្នក​ខ្លះ​ខិតខំ​ធ្វើ​ដំណើរ​មក​តាំងពី​តំបន់​ជិត​បូរី​ញ៉ីវយ៉កផង​ដែរ​ ដើម្បីចូលរួម​សប្បាយ​នឹង​បទភ្លេង​តន្ត្រី​ប្រគុំ​ផ្ទាល់​ និង​ល្បែង​កំសាន្ត​នានា​ ហើយ​ក៏​មាន​អ្នកខ្លះ​ឆ្លៀតទិញ​ទំនិញ​ដែល​គេ​ដាក់​តាំង​លក់​មាន​ដូច​ជា​ ស៊ីឌី​ចម្រៀង​ និង​គ្រឿង​អលង្កា​ផ្សេងៗ។

លោកស្រី​ ដួង សារុន​ ដែល​ជាអ្នក​រៀបចំ​ចាត់​ចែង​កម្មវិធី​បុណ្យ​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ សំឡេង​សហរដ្ឋ​អាមេរិកថា៖

“នេះ​ជា​ពិធី​បុណ្យ​ផ្កា​ ប៉ុន្តែ​យើង​មិន​ដែល​ធ្វើ​ចំ​ថ្ងៃ 4​ July អញ្ចឹងទេ។​ ឆ្នាំ​នេះ​យើង​នឹកឃើញថា​ យើង​ចង់​រំលឹក​ប្រទេស​គេ​ដែល​បាន​ឯករាជ្យ​ហើយ​ យើង​ដែល​បាន​មក​ស្រុក​នេះ ​យើង​ក៏​បាន​សេរីភាព​ហ្នឹង​ដែរ ​អញ្ចឹង​យើង​ក៏រំលឹក​បុណ្យ​ឯករាជ្យ​ហើយ​បុណ្យផ្កា​ជា​មួយ​គ្នា​ ដើម្បី​បាន​បច្ច័យ​ខ្លះ​ដើម្បី​កសាង​សាលា​ឆាន់”។

លោក ហែម ហេង​ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ សំឡេង​សហរដ្ឋ​អាមេរិក​ថា៖

“ថ្ងៃនេះ​ យើង​ខ្ញុំ​មាន​សេចក្តី​សប្បាយ​រីករាយ​ណាស់​ដែល​បាន​មក​ចូលរួម​ក្នុងបុណ្យ​ផ្កា​សាមគ្គី​ ដើម្បី​យក​ទៅ​កសាង​ធម្មសភា​សាលា។​ ខ្ញុំ​មាន​ការ​រំភើបចិត្ត​ដោយ​សារ​ឃើញ​បង​ប្អូន​នៅ​ទី​នេះ​ បាន​សាមគ្គី​គ្នា​ធ្វើបុណ្យ​នៅ​វត្ត​នេះ​ ព្រោះ​វត្ត​នេះ​ជា​វត្ត​ថ្មី​មួយ​ហើយ​នៅ​មាន​ការ​ខ្វះខាត​ច្រើន​ ដូច្នេះ​បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ក្នុង​វត្ត Virginia នេះ​ បាន​នាំ​គ្នា​យ៉ាង​សស្រាក់​សស្រាំ​ហើយ​មក​ចូលរួម​ពិធី​បុណ្យ​នេះ​យ៉ាង​សប្បាយ​រីករាយ”។

នៅ​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​មាន​វត្ត​ខ្មែរ​ចំនួន​ពីរ​ គឺ​វត្ត​កម្ពុជា​ក្រោម​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ Virginia និង​វត្ត​ពុទ្ធិការ៉ាម​ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋ Maryland ។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេសក្នុង​ឆ្នាំ​១៧៧៦។