លោក ប៊ូ ម៉េង អ្នករួចជីវិតពីគុកទួលស្លែង បួងសួងថា៖
«ខ្ញុំនឹងប្រឈមមុខនឹងពួកអស់នេះ ដើម្បីរកយុត្តិធម៌ជូនបងប្អូនដែលបានបាត់បង់ជីវិតនៅទីនេះ»។
ហើយលោក ជុំ ម៉ី បន្ថែមថា៖
«សូមឲ្យអ្នកបាត់បង់ជីវិតនៅទីនេះទាំងអស់ហ្នឹង ជួយជំរុញសាលាក្តីឲ្យបានកាត់ទោស ប៉ុន្មាននាក់ហ្នឹងឆាប់ៗ»។
នួន ជា មានអំណាចបំផុតទី២បន្ទាប់ពីប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ឥឡូវនេះបុរសដែលគេស្គាល់ថា ជាបងធំទី២ ហើយនឹងមេដឹកនាំបីនាក់ទៀតនៃរបបឃោរឃៅរបស់ខ្មែរក្រហម បានឡើងសវនាការ៤ថ្ងៃក្នុងតុលាការគាំទ្រដោយអ.ស.ប.នៅទីក្រុងភ្នំពេញពីបទប្រល័យពូជសាសន៍។
សំណុំរឿងដែលអូសបន្លាយច្រើនឆ្នាំមកហើយនេះ គឺជាព័ត៌មានសំខាន់សម្រាប់បណ្តាញព័ត៌មាននានា។ អំឡុងពេលខ្មែរក្រហមកាន់អំណាចពីឆ្នាំ១៩៧៥ដល់១៩៧៩ ជនជាតិខ្មែរប្រមាណ១៧០០០០០នាក់បានស្លាប់។
តុលាការនេះត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់កាត់ទោសខ្មែរក្រហម។ ក្នុងសវនាការបួនថ្ងៃនោះ មេធាវីចុងចោទម្នាក់បានព្រលយពាក្យចោទប្រកាន់អំពីការលម្អៀង។
«ខ្ញុំសំណូមពរកុំយកតុលាការនេះជាកន្លែងសងសឹក។ ខ្ញុំសូមឲ្យតុលាការគោរពច្បាប់។ បើនរណាខុស នរណាត្រូវឲ្យតាមហ្នឹងទៅសូមអរគុណ»។
តែលោកព្រះរាជអាជ្ញា អេនឌ្រូ ខេលី (Andew Cayley) អះអាងថា សវនាការនេះដំណើរការដោយយុត្តិធម៌។
«តាមបទពិសោធន៍របស់ខ្ញុំក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ខ្ញុំចាត់ទុកថា សវនាការនេះដំណើរការដោយជោគជ័យ និងយុត្តិធម៌បំផុតតាំងពីដំបូងមក»។
ក្រៅពីនួន ជាមានមេដឹកនាំខ្មែរក្រហមផ្សេងទៀតគឺ ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រី្តការបរទេស និងប្រពន្ធរបស់គាត់គឺអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រី្តសង្គមកិច្ច ក៏ត្រូវកាត់ទោសដែរ។
ក្នុងសវនាការនេះមានអ្នកចូលរួមច្រើនរយនាក់ ដូចជាជនរងគ្រោះ អ្នករួចជីវិតពីគុកនិងជំរំមរណៈរបស់របបនេះ បានចូលរួមស្តាប់៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ