យុវជន​កម្ពុជា​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​នឹង​ផល​ប៉ះពាល់​ពី​ប្លាស្ទិច​តាមរយៈ​ការងារ​សង្គម

កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​ការកាត់បន្ថយ​ការប្រើប្រាស់​ផ្លាស្ទិច​នៅកម្ពុជា ក្នុង​កម្មវិធី «ពិធី​បុណ្យ​ផ្លាស្ទិច» ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

នៅ​ប្រទេស​​កម្ពុជា ​សម្ភារៈ​ប្រើប្រាស់​​ធ្វើពី​​ផ្លាស្ទិច​ ដូចជា​កែវជ័រ ស្បោង ​និង​ប្រអប់​ធ្វើ​ពី​ជ័រ​ប្លាស្ទិច​ជាដើម ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​មិន​ទាន់​​មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​នៅ​ឡើយ។​

កាល​ពី​ថ្ងៃសៅរ៍ ទី២០ ខែ​កក្កដា កន្លង​ទៅ​នេះ យុវ​ជន​មួយ​ក្រុម​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​បរិស្ថាន​ បាន​រួម​គ្នា​ចែក​រំលែក​បទពិសោធន៍​ការងារ​របស់​ពួកគេ ក្នុង​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា «ពិធី​បុណ្យ​គ្មាន​ផ្លាស្ទិច»។ កម្មវិធី​នេះធ្វើ​ឡើង​ដើម្បីបង្កើន​ការ​យល់​ដឹង​ដល់ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួក​គាត់កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ផ្លាស្ទិច​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

​នៅ​ប្រទេសកម្ពុជា ​សម្ភារៈ​ប្រើប្រាស់ធ្វើពីផ្លាស្ទិច​ ដូចជា​កែវជ័រ ស្បោង ​និង​ប្រអប់​ធ្វើ​ពី​ជ័រ​ប្លាស្ទិច​ជាដើម ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​មិន​ទាន់មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​នៅ​ឡើយ។​ ទន្ទឹម​នឹង​កង្វះការ​គ្រប់គ្រង និង​ការ​យល់​ដឹងអំពី​ផល​ប៉ះពាល់​ពីការ​ប្រើ​ប្រាស់​សម្ភារៈផ្លាស្ទិច​ទាំង​នេះ ​យុវជន​មួយ​ក្រុម​ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​បទ​បង្ហាញ​ជំរុញ​ការ​យល់​ដឹងដល់​ប្រជា​ពល​រដ្ឋ​ និង​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​សម្ភារៈ​ប្លាស្ទិចទាំង​នេះ។

អ្នកចូលរួម​កំពុង​ទស្សនា​វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើងថា «A Plastic Ocean» ដែល​រៀបរាប់អំពី​ផ្លាស្ទិច​បង្ក​ផល​ប៉ះពាល់បរិស្ថាន និង​សត្វ​ក្នុង​សមុទ្រ ក្នុង​កម្មវិធី ពិធី​បុណ្យគ្មានផ្លាស្ទិច ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

យុវជន​ទាំង​នេះមក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ដូចជា​មក​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ និង​មក​ពី​មហា​វិទ្យា​ល័យ​មួយ​ចំនួន បាន​ចូលរួម​កម្មវិធី​មួយ​កាល​ពី​ថ្ងៃ​សៅរ៍។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា​«ពិធី​បុណ្យ​គ្មាន​ប្លាស្ទិច» បង្កើត​ឡើងដើម្បី​ចែក​រំលែក​ទៅ​ដល់​យុវជន​ដទៃ​ទៀត​និង​ប្រជា​ពល​រដ្ឋ​ទូទៅឲ្យ​បាន​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ផល​ប៉ះពាល់​នៃសម្ភារៈ​ប្លាស្ទិច។

លោក ឈិត វណ្ណាត ស្ថាបនិក​សហគមន៍​ផ្លាស្ទិច​ដែល​ជា​ក្រុម​យុវជន​ធ្វើ​ការ​កែច្នៃ​ធុងសំរាម​និង​ផ្លាស្ទិច និង​ប្រើ​ប្រាស់​សំរាម​ឡើង​វិញ​បញ្ជាក់​ថា៖

«អ្វី​ដែល​យើង​បាន​ចែក​រំលែក​ទៅ​ពួក​គាត់ ពួក​គាត់​នឹង​យក​វា​ទៅ​អនុវត្ត ហើយ​ពួកគាត់​នឹង​យក​ទៅ​ផ្សព្វ​ផ្សាយ​តៗ​គ្នា […] ហើយ​យើង​សង្ឃឹម​ថា ប្រទេស​យើងនឹង​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ប្លាស្ទិច ហើយ​ក៏​យើង​សង្ឃឹម​ថា យើង​នឹង​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិច»។

លោក ឈិត វណ្ណាត ស្ថាបនិកសហគមន៍​ផ្លាស្ទិច ធ្វើបទបង្ហាញអំពី​សកម្មភាព​ការងារ​ដើម្បី​កាត់​បន្ថយ​ផ្លាស្ទិច ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​បរិស្ថាន​នៅ​កម្ពុជា​មានភាព​ប្រសើរឡើង ក្នុង​កម្មវិធី ពិធី​បុណ្យគ្មានផ្លាស្ទិច ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​មួយ​ថ្ងៃ មាន​សំរាម​ប្រមាណ​ជា​ជាង​១ម៉ឺន​តោន​ត្រូវ​បាន​ផលិត​ឡើង។ ចំណែក​នៅ​រាជធានី​ភ្នំពេញមាន​ថង់​ប្លាស្ទិច​ចំនួន​ជាង​១០​លាន​ថង់​ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន។​

ការ​ស្ទង់​មតិ​មួយ​កាល​ពី​ចុង​ឆ្នាំ​ ២០១៥​ ​ស្ដី​អំពី​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិច​នៅ​កម្ពុជា​ ​ដោយ​អង្គការ​ ​ACRA ​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ​បង្ហាញ​ថា​ ​ប្រជាជន​កម្ពុជា​ម្នាក់​ជា​មធ្យម​ប្រើប្រាស់​ថង់​ប្លាស្ទិចចំនួន​ ២០០​ថង់​ក្នុង​មួយ​ខែ​និង​ជាង​ ២០០០​ថង់​ក្នុង​មួយ​ឆ្នាំ។

ការ​ស្ទង់​មតិ​នោះ​បញ្ជាក់​ថា​ ថង់​ប្លាស្ទិចមួយ​គីឡូ​មាន​តម្លៃ​ជា​មធ្យម​ ៨០០០​រៀល​ ​និង​ថា ​ជា​រៀង​រាល់​ឆ្នាំ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក​សំណល់​ថង់​ប្លាស្ទិចនេះ។

កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic ដែល​ជាយុទ្ធ​នាការកែប្រែ​ឥរិយាបថ​ក្នុង​កា​ប្រើប្រាស់​ផលិត​ផល​ប្លាស្ទិច​តាម​រយៈ​ការ​បង្កើត​វីដេអូ​លើក​ឡើង​ថា ប្លាស្ទិច​អាច​បន្ថយ​បាន​លុះ​ត្រា​តែ​ប្រជា​ពលរដ្ឋ ជា​ពិសេស​យុវជន បង្កើត​ការ​ជជែក​ពិភាក្សា និង​ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិច។ ស្រ្តី​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​ប្រាប់​ឲ្យ​យុវជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​«ពិធី​បុណ្យ​គ្មាន​ប្លាស្ទិច» ​នោះ ឲ្យ​ប្រើ​ប្រាស់​ដប​ទឹក​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​បាន ត្រូវ​ដាក់​ប្រអប់​និង​ថង់​ក្រណាត់​តាម​ខ្លួន​ជាដើម។

«ខ្ញុំ​រំពឹង​ថា ​ប្រទេស​កម្ពុជា​យើង ខ្ញុំ​មើល​ទំនោរ​២០​ឆ្នាំ​ទៀត​ គឺ​យើង​នឹង​មាន​ការ​កែ​ប្រែ​ច្រើន​ពាក់ព័ន្ធ​នឹង​ប្លាស្ទិច​របស់​យើង​ ត្រូវ​បាន​កែច្នៃ ប្រជាជន​របស់​យើង​មាន​ការដឹង​ យើង​មាន​អ្នក​ clear [សម្អាត] សំរាម​គ្រប់​កន្លែងហ្នឹង​ ឲ្យ​២០​ឆ្នាំ​ចុះ។ អញ្ចឹង​២០​ឆ្នាំ​ហ្នឹង​គឺ​ត្រូវ​ពឹង​លើ​អ្នក​ទាំង​អស់​គ្នា​ហ្នឹង​ហើយ»។

​ក្នុង​កម្មវិធី​ដែល​មាន​យុវជន​កម្ពុជា​ប្រមាណ​៥០​នាក់​ចូលរួម​ ក្រុម​យុវជនបរិស្ថាន​ទាំងនោះ ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជាកាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិច​តាម​រយៈ ​ការ​បង្ហាញ​រូប​ថត​ និង​ការ​បង្ហាញ​អំពី​វីដេអូរៀប​រាប់​ពី​ផល​ប៉ះពាល់​របស់​ប្លាស្ទិច។

ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយមាន​ចំណង​ជើង​ថា បញ្ហា​ប្រឈម​នៃ​ការ​គ្រប់គ្រង​សំរាម​នៅ​កម្ពុជា និង​បទ​ពិសោធន៍​នៃ​ការ​គ្រប់គ្រង​សំរាម​នៅ​ប្រទេស​ផ្សេងៗ​របស់​វិទ្យាស្ថាន​សភា​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​សំរាម​ដែល​មិន​រលាយ ​ថា​ធ្វើ​ខូចខាត​ប្រព័ន្ធ​ទឹក និង​លូ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​សត្វ និង​សុខភាព​មនុស្ស។ អាច​បង្ក​ជា​ជំងឺ​ផ្លូវ​ដង្ហើម និង​មហារីក​ជាដើម។​

លោក គង់ ស៊ីដែន​ អ្នកថតរូប ​កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​គោលបំណង​នៃ​ការ​ថត​រូប​ដែលមាន​ចំណង​ជើង​ថា «ខាងក្នុងផ្លាស្ទិច» ដោយ​រៀបរាប់អំពី​ប្លាស្ទិច​កំពុង​គ្របដណ្តប់​លើ​បរិស្ថានក្នុង​ប្រទេស​កម្ពុជា ​ក្នុង​កម្មវិធី ពិធី​បុណ្យគ្មានផ្លាស្ទិច ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក គង់ ស៊ីដែន​ អ្នកថតរូប បាន​បង្ហាញ​រូប​ថត​ចំនួន​៩​សន្លឹក ដែលផ្តិត​យក​ទិដ្ឋភាពថង់​ប្លាស្ទិច​ ដើម្បី​បង្ហាញ​អំពី​ប្លាស្ទិច​កំពុង​គ្រប​ដណ្តប់​លើ​បរិស្ថាន​នៅ​កម្ពុជា។

«អ្វី​ដែល​ខ្ញុំ​រំពឹង​បំផុត​ហ្នឹង​គឺ rethink about it again [គិត​ពី​វា​ឡើង​វិញ​ម្តង​ទៀត] ការ​គិត​ក្នុង​ការ​ប្រើប្រាស់​ប្លាស្ទិច ហើយ​និង​ការ​ចោល​ប្លាស្ទិច​ហ្នឹង តើ​វា​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​គាត់ មនុស្ស​ជុំវិញ ខ្លួន​គាត់ និង​អនាគត​ទៅ​មុខ​ទៀត»។

ក្នុងកម្ម​វិធីដដែល ​នេះក៏​មាន​ការ​ចាក់​ផ្សាយវីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើងថា «A Plastic Ocean» ដែល​រៀបរាប់​អំពី​ផ្លាស្ទិច​បង្ក​ផល​ប៉ះពាល់ដល់​បរិស្ថាន និង​សត្វ​ក្នុង​សមុទ្រ ដល់​អ្នក​ចូលរួម​ផង​ដែរ។

បច្ចុប្បន្ន​គេ​ឃើញ​មាន​យុវជន​ជា​ច្រើន​កំពុង​ធ្វើ​សកម្មភាព​និង​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិច។ យុវជន​មួយ​ចំនួន​ផ្តោត​សំខាន់​លើ​ការ​ប្រមូល​សំរាម​នៅ​តាម​ប្រឡាយ​លូ​ទឹក​ស្អុយ យុវជន​ខ្លះ​រចនា​ម៉ូត​សម្លៀក​បំពាក់ដែល​មិន​ប្រើប្រាស់​វត្ថុធាតុ​ដើម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ខ្លះ​បង្កើត​ធុង​សំរាម​វ័យ​ឆ្លាត ខ្លះ​ច្នៃប្រឌិត​សម្លៀក​បំពាក់​ពី​ថង់​ប្លាស្ទិច​ដើម្បី​ដាក់​តាំង​ពិព័រណ៍​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ថង់​ប្លាស្ទិច​ជាដើម។​

លោក នេត្រ ភក្រ្តា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បញ្ជាក់​ថា​ ឥរិយាបថ​របស់​ប្រជាជន​កម្ពុជាក្នុង​ការ​ប្រើ​ប្រាស់​ប្លាស្ទិច មាន​ការ​កើនឡើង​ដោយ​សារ​តម្រូវ​ការ​ និង​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​បន្តថា រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​យុវជន​ដែល​តែង​ចូល​រួម​រាល់​សកម្មភាព​ក្នុង​ការ​ការពារ​បរិស្ថាន​ និងជំរុញ​ឲ្យ​យុវជន​ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំង​អស់​រួម​គ្នា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិចបន្ថែម​ទៀត៕

យុវជន​កំពុង​ឈរ​មើល​រូបថតមាន​ចំណង​ជើង​ថា «ខាងក្នុង​ប្លាស្ទិច» រៀបរាប់អំពី​ប្លាស្ទិច​កំពុង​គ្រប់ដណ្តប់​លើ​បរិស្ថានក្នុង​ប្រទេស​កម្ពុជា របស់​យុវជន គង់ ស៊ីដែន ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី ពិធី​បុណ្យ​គ្មាន​ផ្លាស្ទិច ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)