Your browser doesn’t support HTML5
អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាលោក បណ្ឌិត ឡៅ ម៉ុងហៃ បានអះអាងថា ការពង្រឹងឯកភាពជាតិក្នុងពេលបញ្ហាតំបន់និងនយោបាយអន្តរជាតិប្រែប្រួល ជារឿងអាចជៀសវាងភាពប្រេះឆានិងការរងគ្រោះដល់ប្រទេស។ លោក ឡៅ ម៉ុងហៃ ថ្លែងយ៉ាងដូច្នេះនៅពេលលោកជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ កាលពី យប់ថ្ងៃព្រហស្បតិ៍។
លោកថ្លែងថា៖ «កម្ពុជាគួរតែមានឯកភាពជាតិដើម្បីងាយស្រួលទប់ទល់កុំឲ្យបញ្ហា ឬក៏ទំនាស់នៅខាងក្រៅវាចូលមកដល់ក្នុងប្រទេសយើង។ ហើយយើងក៏ធ្លាប់ជួបប្រទះនឹងបញ្ហាហ្នឹងដែរ គឺយើងហ្នឹងរងគ្រោះដោយសារបញ្ហាគេឬទំនាស់គេពីមុនមកដែរ។ ហើយបើយើងអត់មានឯកភាពខាងក្នុងប្រទេស ហើយ បញ្ហាហ្នឹងគឺយើងប្រហែលជាអាចជំពាក់ជំពិនជាមួយគេដែរ»។
លោក ម៉ុងហៃ ថ្លែងថា បច្ចុប្បន្នបញ្ហាក្នុងតំបន់គឺបញ្ហាដែនសមុទ្រខាងត្បូង ប្រទេសចិននិងដែនសមុទ្រខាងកើតប្រទេសចិនដែលមានប្រទេសជាច្រើន កំពុងដណ្តើមកាន់កាប់ ហើយនិងបញ្ហាយុទ្ធសាស្ត្រប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកជាមួយចិន ឬចិននិងឥណ្ឌា ឬចិននិងជប៉ុនជាដើម។
លោកបានកោតសរសើរសម្តេចឪ ព្រះមហាវីរក្សត្រដែលបានធ្វើឲ្យមានជោគជ័យ ក្នុងការធ្វើឲ្យមានឯកភាពជាតិ ដែលអ្នកដឹកនាំ និងពលរដ្ឋកម្ពុជាគួរបន្តរកេរដំណែលនេះ ហើយធ្វើឲ្យមានឯកភាពជាតិតាមបែបប្រជាធិបតេយ្យសេរីពហុបក្សដូចនៅប្រទេសជឿនលឿនដទៃ៕
តើអ្នកគិតថាប្រទេសកម្ពុជាក្នុងឆ្នាំនេះក៏ដូចជានៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ មានការឯកភាពជាតិកម្រិតណាដែរ?