លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajivaបានសម្តែងសុទិដ្ឋិនិយម ចំពោះដំណោះស្រាយព្រំដែនដែលបានអូសបន្លាយពេលជាងមួយឆ្នាំកន្លងមកនេះ ខណៈដែលគណៈកម្មាធិការចម្រុះសភាថៃបានសន្យាផ្តល់ការយល់ព្រមលើឯកសារចំនួនបីរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ។ ការយល់ព្រមរបស់រដ្ឋសភា នឹងជួយឱ្យគណៈកម្មាធិការព្រំដែនចម្រុះថៃបន្តការចរចាជាមួយប្រទេសកម្ពុជាលើបញ្ហាបោះបង្គោលព្រំដែននិងតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានសម្តែងសេចក្តីសង្ឃឹមចំពោះការទម្លុះទំលាយភាពជាប់គាំងនៃ ជម្លោះព្រំដែនដែលបានអូសបន្លាយពេលជាងពីរឆ្នាំរវាងប្រទេសជិតខាងគ្នាទាំងពីរនៅតំបន់ក្បែរប្រាសាទព្រះវិហារចំណាស់ជាង៩០០ឆ្នាំរបស់ប្រទេសកម្ពុជា។
សេចក្តីសង្ឃឹមនេះ បានកើតមានឡើងខណៈដែលគណៈកម្មាធិការចម្រុះសភាថៃ បានសន្យាផ្តល់ការយល់ព្រមលើឯកសារចំនួនបីរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ បើទោះបីជាមានការគំរាម កំហែងពីក្រុមអាវលឿងប្រមូលផ្តុំគ្នានៅរដ្ឋសភាក៏ដោយ។
កាលពីយប់ថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva បានពិភាក្សាគ្នាជា សំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីសំដៅស្វែងរកដំណោះស្រាយបញ្ហាព្រំដែននិងការកាត់បន្ថយកងទ័ពនៅតាមព្រំដែន ដើម្បីជៀសវាងការប្រឈមមុខផ្នែកកងទ័ព។
កងទ័ពកម្ពុជា និងថៃ បានប្រមូលផ្តុំកម្លាំងនៅតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ និងបានវាយប្រយុទ្ធ គ្នាជាច្រើនលើកដែលបានសម្លាប់ទាហានយ៉ាងតិចប្រាំបីនាក់បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងខែកក្កដាឆ្នាំ២០០៨។
លោកនាយករដ្ឋមន្ត្រីទាំងពីររូបនេះ ត្រូវខំធ្វើឱ្យសម្រេចបានដល់កិច្ចព្រមព្រៀងព្រំដែនដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនៅក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ VOA ថា ភាគីទាំងពីរ មានសង្ឃឹមចំពោះការអនុម័តរបស់គណៈកម្មាធិការចម្រុះសភាថៃលើឯកសារចំនួនបីនៃកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០០៨ និង២០០៩។
«ភាគីទាំងពីរសង្ឃឹមថា គណៈកម្មការចម្រុះសភាថៃ នឹងអនុម័តលើឯកសារទាំងបីរបស់គណៈកម្មការ ព្រំដែនចម្រុះ JBC ដែលឯកសារទាំងបីនេះ រួមមានទាំងកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលជាលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសទាំងពីរ ដែលកិច្ចប្រជុំទាំងនោះបានធ្វើឡើងនៅក្នុងឆ្នាំ២០០៨ និងឆ្នាំ ២០០៩កន្លងមក»។
លោកកុយ គួង បានបញ្ជាក់ថា ឯកសារទាំងបីនេះមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់ប្រទេស កម្ពុជានិងប្រទេសថៃក្នុងការត្រួសត្រាយផ្លូវសម្រាប់ឱ្យគណៈកម្មាធិការព្រំដែនចម្រុះធ្វើការវាស់វែងខ្សែ បន្ទាត់ព្រំដែន ការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែន។
«ភាគីទាំងពីរសង្ឃឹមថា គណៈកម្មាធិការចម្រុះនៃរដ្ឋសភាថៃនឹង អនុម័តលើឯកសារទាំងនោះហើយ។ សំខាន់ធ្វើឱ្យគណៈកម្មាធិការព្រំដែនចម្រុះទ្វេភាគី JBC និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលមាន នៅក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩នោះ អាចបន្តការងាររបស់ខ្លួនក្នុងការដោះស្រាយរឿងវាស់វែង និងបោះ បង្គោលព្រំដែននេះ»។
ឯកសារទាំងបីនេះកំពុងស្ថិតនៅក្នុងដៃរបស់គណៈកម្មាធិការចម្រុះសភាថៃធ្វើការត្រួតពិនិត្យ។ ការយល់ព្រមរបស់រដ្ឋសភាថៃនឹងជួយឱ្យគណៈកម្មាធិការព្រំដែនចម្រុះថៃបន្តការចរចាជាមួយប្រទេសកម្ពុជាលើបញ្ហាបោះបង្គោលព្រំដែននិងកិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពីតំបន់ជម្លោះនៅក្បែរប្រាសាទព្រះវិហារ។ នេះបើយោងតាមកាសែត The Nation របស់ប្រទេសថៃ។
ឯកសារព្រំដែនទាំងនេះ បានជាប់គាំងអស់រយៈពេលជាងមួយឆ្នាំចាប់តាំងពីកិច្ចប្រជុំរបស់គណៈកម្មា ធិការព្រំដែនចម្រុះបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញកាលពីខែមេសាឆ្នាំមុន៕