ក្រោយពេលសហរដ្ឋអាមេរិកបញ្ចប់ការរាប់សន្លឹកឆ្នោតជាផ្លូវការ លោក ចូ បៃដិន (Joe Biden) ត្រៀមនឹងក្លាយជាប្រធានាធិបតីអាមេរិកផ្លូវការ ជាមួយនឹងសំឡេងឆ្នោតនាំមុខយ៉ាងច្រើនមួយ តទល់នឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។
ជាមួយនឹងរដ្ឋបាលដឹកនាំថ្មីនៅសហរដ្ឋអាមេរិកចាប់ពីខែមករាឆ្នាំ ២០២១ ក្រុមអ្នកជំនាញលើកឡើងថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នឹងផ្តោតខ្លាំងទៅលើបញ្ហាសិទ្ធិមនុស្ស លំហនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅនយោបាយនៅកម្ពុជា។
លោក អៀ សុផល អ្នកជំនាញការទូតនិងកិច្ចការសាកលនៅសាកលវិទ្យាល័យ Occidental សហរដ្ឋអាមេរិក យល់ឃើញថា រដ្ឋបាលថ្មីនៅសហរដ្ឋអាមេរិក នឹងផ្តោតសំខាន់ឡើងវិញលើគំរូលទ្ធិប្រជាធិបតេយ្យសម្រាប់ពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។
លោកបន្តថា លោក បៃដិន អាចផ្តោតឡើងវិញលើការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពដែលបានកើតឡើងនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក អៀ សុផល បន្ថែមថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក អាចចូលរួមតាមរយៈការធ្វើជាគំរូ និងជាឧទាហរណ៍ចេញពីខ្លួនផ្ទាល់។ ការណ៍នេះ នឹងជួយជំរុញចិត្តពលរដ្ឋកម្ពុជាឲ្យពិចារណាលើ«វាសនាលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ» នៅក្រោមការដឹកនាំរបស់គណបក្សកាន់អំណាច។
នៅក្នុងបរិបទទំនាក់ទំនងការបរទេស លោក អៀ សុផល យល់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នឹងជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងជាងមុន តាមរយៈអង្គការសង្គមស៊ីវិល។
លោកថា នឹងមានការវិលត្រឡប់មកវិញនូវការជំរុញផ្នែកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
លោក អៀ សុផល បន្តថា សេណារីយ៉ូល្អបំផុត គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថយមួយជំហាន និងអនុញ្ញាតឲ្យគណបក្សប្រឆាំងវិលត្រឡប់មកវិញ។ សេណារីយ៉ូអាក្រក់បំផុតនោះ គឺប្រព័ន្ធអនុគ្រោះពន្ធដែលផ្តល់ដោយសហរដ្ឋអាមេរិក GSP (Generalized System of Preference) ត្រូវដកចេញ ហើយការដាក់ទណ្ឌកម្មផ្សេងៗនឹងធ្លាក់មកលើកម្ពុជា។
លោក អៀ សុផល បញ្ជាក់ថា៖ «អាចមានលទ្ធភាពដូចនេះ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តបិទលំហសម្រាប់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនយោបាយ»។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ បានលើកឡើងនៅក្នុងបរិបទធំទូលាយជាងនេះថា សហរដ្ឋអាមេរិក នឹងមិនប្រថុយចំណាយចោលលុយរាប់សិបពាន់លានដុល្លារក្នុងទម្រង់ជាជំនួយបរទេសនោះទេ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកនឹងពិនិត្យមើលទៅលើមូលដ្ឋានជំនួយផ្នែកសេដ្ឋកិច្ចដូចជាប្រព័ន្ធអនុគ្រោះពន្ធវិញ និងបែបផែនដែលពួកគេអាចប្រើប្រាស់ជំនួយផ្នែកសេដ្ឋកិច្ចនេះប្រកបដោយប្រសិទ្ធភាព។
លោក ប៉ូ សូវីនដា អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការនិងសន្តិភាព និងនិស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលី បានឲ្យដឹងថា គេរំពឹងថានឹងឃើញនូវការប្រឡូកផ្នែកនយោបាយបន្ថែមទៀតពីសំណាក់សហរដ្ឋអាមេរិក។
លោកយល់ឃើញថា រដ្ឋបាលលោក បៃដិន នឹងទាមទារឲ្យកម្ពុជាបើកលំហបន្ថែមដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រោះលោក បៃដិន ត្រូវបានគេស្គាល់ច្រើនចំពោះការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយថាកម្ពុជាមានជម្រើសរវាងការបំពេញការទាមទាររបស់សហរដ្ឋអាមេរិក ឬរក្សាស្ថានភាពដដែលដូចពេលសព្វថ្ងៃនេះ។
លោកបានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖
«ប្រសិនបើកម្ពុជា បំពេញតម្រូវការរបស់សហរដ្ឋអាមេរិកលើចំណុចនេះ សហរដ្ឋអាមេរិក នឹងមិនដាក់សម្ពាធខ្លាំងមកលើកម្ពុជានោះទេ។ ប៉ុន្តែការបំពេញតាមនយោបាយ គឺត្រូវសងនឹងអ្វីមួយ។ នេះមានន័យថាគណបក្សប្រជាជនកម្ពុជានឹងប្រឈមមុខនឹងបញ្ហាប្រឈមថ្មី នៅក្នុងការកាន់អំណាចរបស់ខ្លួន ពីព្រោះមនុស្សកាន់តែច្រើននឹងត្រូវជំរុញចិត្តកាន់តែខ្លាំងឲ្យនិយាយពីរឿងអយុត្តិធម៌ ដោយមិនមានការភ័យខ្លាចពីការបង្ក្រាបដោយហិង្សា និងការដាក់ពន្ធនាគារ ហើយអ្នកនយោបាយខាងប្រឆាំង នឹងមានសេរីភាពជាងមុននៅក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួន។ នេះពិតជាសម្ពាធផ្នែកនយោបាយមួយសម្រាប់គណបក្សប្រជាជនកម្ពុជា»។
លោកបានបន្ថែមថា៖ «មធ្យោបាយល្អបំផុតគឺថា កម្ពុជាគួរបំពេញនូវការទាមទារពីសហរដ្ឋអាមេរិក។ ដើម្បីការពារមិនឲ្យសហរដ្ឋអាមេរិកមានការថ្នាំងថ្នាក់ចិត្តផ្នែកនយោបាយ និងធានាថាកម្ពុជានឹងមិនចាំបាច់ព្រួយបារម្ភពីការដាក់ទណ្ឌកម្ម និងសម្ពាធ ហើយអាចផ្តោតធនធានទាំងអស់មកលើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមជាបន្ទាន់ផ្សេងៗ»។
លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃអង្គការចក្ខុវិស័យអាស៊ី និងជាអ្នកវិភាគនយោបាយក្នុងតំបន់អាស៊ីម្នាក់ យល់ឃើញដូចគ្នាផងដែរថា ចំណុចខុសគ្នាដែលគេសង្កេតឃើញរវាងលោក បៃដិន និងលោក ត្រាំ គឺស្ថិតនៅត្រង់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះរដ្ឋបាលថ្មីរបស់លោក បៃដិន ប្រហែលនឹងសង្កត់ធ្ងន់ខ្លាំងជាងទៅលើបញ្ហាទាំងពីរនេះ។
ប៉ុន្តែលោកយល់ថា អាមេរិកនឹងមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាបន្ថែមនោះទេ ព្រោះលោកថា ប្រទេសនេះត្រូវការកម្ពុជាដើម្បីភូមិសាស្ត្រនយោបាយ ហើយផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ គឺមានទំហំធំ។
លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកមកកាន់ VOA ថា៖
«ទណ្ឌកម្មមិនមែនជាដំណោះស្រាយនោះទេ ប៉ុន្តែការពង្រឹងការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក គឺជាជម្រើសប្រសើរជាង។ ទោះមានការខ្វែងគំនិតគ្នាខ្លះពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែមិនអាចឈានទៅដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ»។
លោក ឈាង វណ្ណារិទ្ធិ បន្តថា បញ្ហាញាំញីផ្ទៃក្នុងអាចកម្រិតតួនាទីរបស់សហរដ្ឋអាមេរិក។
លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា៖ «ទោះបីមានបំណងក៏ដោយ ក៏លទ្ធភាព និងសមត្ថភាពមានកម្រិត។ អញ្ចឹងវាពិបាកប៉ាន់ស្មាន ប៉ុន្តែយើងអាចនិយាយថា អាមេរិកនឹងយកចិត្តទុកដាក់បន្ថែមលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក ឈាង វណ្ណារិទ្ធិ បានបន្ថែមថា ខណៈពេលនេះ ប្រហែលជាមិនមានអ្វីប្រែប្រួលច្រើននោះទេចំពោះកម្ពុជា។ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នឹងស្ថិតនៅក្នុងស្ថានការណ៍មួយល្អជាបណ្តើរៗ ជាពិសេសអាចមានការជំរុញផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកការទូត និងសន្តិសុខជាដើម។
ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យនិងលំហនយោបាយនៅកម្ពុជាកំពុងប្រឈមនឹងភាពអាប់អួ បន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏បានចុះដុនដាប ដោយមានការរឹតត្បិតសេរីភាពនៅក្នុងការប្រមូលផ្តុំ មានការធ្វើទុក្ខបុកម្នេញជាហូរហែមកលើសកម្មជនបក្សប្រឆាំង មេដឹកនាំសហជីព និងក្រុមអ្នករិះគន់រដ្ឋាភិបាល រហូតដល់ការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ ដែលធ្វើឲ្យកម្ពុជាជាប្រទេសស្ថិតក្រោមការដឹកនាំបែបបក្សតែមួយ។ ប្រជាពលរដ្ឋមួយចំនួនដែលបញ្ចេញមតិតាមប្រព័ន្ធសង្គម ក៏ត្រូវបានចាប់ខ្លួន និងកាត់ទោសផងដែរ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធលើមុខទំនិញប្រមាណ២០%ដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ក្រោមក្របខណ្ឌ«គ្រប់មុខទំនិញលើកលែងតែអាវុធ» ឬ EBA (Everything But Arms) ដោយសារតែរកឃើញ«ការរំលោភបំពានជាប្រព័ន្ធ និងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា មុនការបោះឆ្នោតឆ្នាំ២០១៨។
ចំណែកឯប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកដែលផ្តល់ដល់ប្រទេសជាង១០០នៅជុំវិញពិភពលោក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន៥ ក្នុងនោះមានកម្ពុជាផងដែរ នឹងអស់សុពលភាពនៅត្រឹមចុងឆ្នាំ២០២០នេះ ប្រសិនបើសភាសហរដ្ឋអាមេរិកសម្រេចមិនអនុញ្ញាតឲ្យបន្តទៀត។ នៅក្រោមប្រព័ន្ធនេះ កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃសរុបជាង៥ពាន់ លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
នាពេលថ្មីៗនេះផងដែរ សមាជិកសភាអាមេរិកចំនួន៨រូប បានលើកជាអនុសាសន៍ឲ្យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចាប់ផ្តើមការពិនិត្យឡើងវិញជាបន្ទាន់នូវប្រព័ន្ធអនុគ្រោះពន្ធដែលផ្តល់ឲ្យកម្ពុជា ដោយយោងតាមស្ថានភាពកាន់តែអាក្រក់នៃការរំលោភសិទ្ធិមនុស្សលើសង្គមស៊ីវិល និងមេដឹកនាំសហជីព។
រដ្ឋាភិបាលកម្ពុជារមែងមានទំនាក់ទំនងមិនសូវជិតដិតប៉ុន្មានជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដោយគេឃើញរដ្ឋាភិបាលកុម្មុយនីស្តចិន បានផ្តល់ជំនួយឥតលក្ខខណ្ឌ និងកម្ចីជាច្រើនមកកម្ពុជា។
ក្រោមរូបភាពនេះ គេសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហាក់ដូចជាមិនត្រូវបានយកចិត្តទុកដាក់យ៉ាងមុតមាំនោះទេនៅកម្ពុជា ហើយកម្ពុជាតែងតែរងការរិះគន់ពីកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនពីសំណាក់បស្ចិមលោក៕