ទស្សនិកជនជិត៣រយនាក់ នាំគ្នាមកទស្សនារឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» កាលពីរសៀលថ្ងៃអាទិត្យទី១៧ ខែកុម្ភៈកន្លងទៅនេះ។ ល្ខោននេះរៀបរាប់អំពីការធ្វើដំណើររបស់បុរសម្នាក់ ដែលធ្លាប់បានរស់នៅក្រោមរបបខ្មែរក្រហម ទៅកាន់ប្រទេសកម្ពុជាជាលើកដំបូង ក្រោយរយៈពេលជាង៣០ឆ្នាំ។
អ្នកស្រី Lauren Yee ជាអ្នកនិពន្ធរឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ»។ នៅក្នុងរឿងនេះ អ្នកស្រីផ្តោតទៅលើទំនាក់ទំនងរបស់បុរសម្នាក់ឈ្មោះ ជុំ ដែលបានរស់នៅក្រោមរបបខ្មែរក្រហម និងកូនស្រីរបស់លោកឈ្មោះ នារី ដែលបានចាប់កំណើតនៅសហរដ្ឋអាមេរិក និងអំពីអាថ៌កំបាំងរបស់លោកក្នុងជំនាន់ខ្មែរក្រហម។
ពលរដ្ឋខ្មែរខ្លះមិនចង់និទានរឿងដ៏កំសត់របស់ពួកគេឲ្យកូនចៅជំនាន់ក្រោយដឹងទេ ដោយសារការរំលឹកឡើងវិញនេះ អាចនាំឲ្យពួកគេមានការឈឺចាប់ឡើងវិញ។ អ្នកស្រី Lauren Yee ថ្លែងថា អ្នកស្រីសង្ឃឹមថា ល្ខោននេះជួយឪពុកម្តាយដែលបានឆ្លងកាត់សម័យខ្មែរក្រហម រកវិធីនិយាយប្រាប់កូនចៅអំពីរឿងរ៉ាវដែលបានកើតឡើង។
«មិនគ្រាន់តែនិយាយអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហមតែប៉ុណ្ណោះទេ តែថែមទាំងមុនពេលនោះទៅទៀត គឺនៅពេលដែលគាត់ធំឡើង ឬនៅពេលដែលគាត់នៅក្មេង»។
Your browser doesn’t support HTML5
លោក Joe Ngo ដើរតួជាឪពុកឈ្មោះ ជុំ ។ លោកជាកូនខ្មែរកាត់ចិន ដែលកើតនៅទីក្រុង Monterey Park រដ្ឋ California ហើយដែលមិនមានជាប់សាច់ឈាមជាមួយលោក ហាំង ង៉ោ ដែលដើរតួនៅក្នុងខ្សែភាពយន្ត The Killing Fields របស់ Hollywood នោះទេ។ លោកថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមខ្លះ ដែលមកមើលល្ខោននេះ បើកចំហរក្រោយពីការទស្សនា។
«ឪពុកម្តាយខ្មែរដែលមិនចង់និយាយអំពីជីវិតពួកគាត់ និងដែលខ្លះត្រូវបានកូនចៅនាំមកមើលរឿងនេះ បាននិយាយថា នេះជារឿងដែលបានកើតឡើងចំពោះរូបខ្ញុំ។ ទោះជារឿងខុសគ្នាក៏ដោយ ក៏ពួកគាត់ថារឿងខ្ញុំវាអញ្ជេះ។ ខ្ញុំគិតថាជាការល្អប្រសើរណាស់ ដែលយើងអាចធ្វើអញ្ចឹងបាន។ ដូច ឪពុកម្តាយខ្ញុំអញ្ចឹង ពេលខ្ញុំដើរតួក្នុងរឿងនេះ ពួកគាត់និយាយរឿងគាត់ប្រាប់ខ្ញុំកាន់តែច្រើនថែមទៀត។
នាង Courtney Reed ដើរតួជាកូនស្រីរបស់ជុំ ឈ្មោះ នារី។ ម្តាយនាងជាជនជាតិវៀតណាម ហើយឪពុកនាងជាជនជាតិអាមេរិកាំងស្បែកស។ នាងនិយាយថា នាងពេញចិត្តនឹងរឿងដែលអ្នកស្រី Lauren Yee បាននិពន្ធនេះណាស់។
«ខ្ញុំមិនមែនខ្មែរទេ ប៉ុន្តែខ្ញុំគិតថាមនុស្សគ្រប់រូបអាចយល់ដឹងអំពីទំនាក់ទំនងរវាងឪពុកនិងកូនស្រី គ្រួសារ មនុស្សជំនាន់ខុសគ្នាជាដើម។ យើងទាំងអស់គ្នាអាចយល់អំពីរឿងនេះ»។
អ្នកស្រី ឆោម ឆាយ៉ា ជានាយិកាប្រតិបត្តិនៃសមាគម Mekong NYC។ អ្នកស្រីមានកំណើតនៅជំរុំជនភៀសខ្លួន Khao I Dang ក្នុងប្រទេសថៃ។ អ្នកស្រីថ្លែងថា ល្ខោននេះជួយឪពុកម្តាយដែលធ្លាប់រស់នៅក្រោមរបបខ្មែរក្រហម និងកូនចៅដែលកើតក្រោយរបបនោះ ឲ្យយល់ចិត្តគ្នាកាន់តែល្អប្រសើរឡើង។
«កូនខ្លះស្មានតែឪពុកម្តាយហ្នឹងស្អប់កូន វៃកូន គឺគាត់មិនគួរធ្វើអញ្ចឹងទេ។ ប៉ុន្តែបើយើងដឹងថា ការក្រៀមក្រំរបស់គាត់ និងកំហឹងរបស់គាត់មកពីណាហ្នឹង ឲ្យក្មេងៗអាចយល់»។
លោក Kenny Seng មានអាយុ១៦ឆ្នាំ នៅពេលដែលខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៥។ លោកថ្លែងថា ល្ខោនក្រុមតន្ត្រីរ៉ុកកម្ពុជានេះ ជួយរំលឹកមនុស្សជំនាន់ក្រោយឲ្យចងចាំអំពីការឈឺចាប់របស់កម្ពុជា ហើយឲ្យពួកគេខំប្រឹងប្រែងដើម្បីអនាគត។
«ទាល់តែមើលឃើញរឿងអញ្ចឹងទៅ ពួកគេនឹងខំតស៊ូ ពីព្រោះជំនាន់ប៉ុលពត គឺមានការតស៊ូ លំបាក លំបិនសព្វបែបយ៉ាង»។
ខ្សែភាពយន្តនិងសៀវភៅផ្សេងៗពីមុនៗ ផ្តោតភាគច្រើនតែលើសោកនាដកម្ម ក្នុងសម័យខ្មែរក្រហម។ រឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ថែមទាំងមានឈុតឆាកកំប្លែងដែលធ្វើឲ្យទស្សនិកជនសើច ហើយថែមទាំងបង្ហាញអំពីប្រវត្តិចម្រៀងខ្មែរពីជំនាន់មុនផងដែរ តាមរយៈការសម្តែងចម្រៀងជាច្រើនបទ។
អ្នកស្រី Lauren Yee សង្ឃឹមថា បទចម្រៀងទាំងឡាយក្នុងល្ខោននេះនឹងជួយលើកតម្កើងចម្រៀងខ្មែរពីសម័យមុនផងដែរ។
«ខ្ញុំថែមទាំងសង្ឃឹមថា ចម្រៀងក្រុមតន្ត្រី Dengue Fever និងចម្រៀងចាស់ៗពីដើមក្នុងរឿងល្ខោននេះ នឹងនាំឲ្យមានអ្នកនិយមថ្មី ដូចថា បើសិនជាពួកគាត់មិនដែលស្គាល់ចម្រៀងរបស់លោក ស៊ីន ស៊ីសាម៉ុត និងអ្នកស្រី រស់ សេរីសុទ្ធា ពីមុនមក ពួកគាត់នឹងនិយមឥឡូវនេះ»។
រឿងល្ខោនដែលពោរពេញទៅដោយចម្រៀងពិរោះៗរបស់អ្នកចម្រៀងសម័យមុន ដូចជាបទ«ឆ្នាំអូន១៦» ជាដើមនេះ មិនត្រឹមតែទាក់ទាញអ្នកដែលធ្លាប់រស់នៅក្នុងរបបខ្មែរក្រហមតែប៉ុណ្ណោះទេ រឿងនេះក៏ទាក់ទាញអារម្មណ៍របស់អ្នកដែលកើតក្រោយសម័យដ៏ឈឺចាប់នោះ និងពលរដ្ឋអាមេរិកាំងដទៃផងដែរ។
នាង Samantha Hing ដែលជាកូនខ្មែរកើតនៅសហរដ្ឋអាមេរិក កោតសរសើរចំពោះការសម្តែងចម្រៀងខ្មែររបស់តួទាំងឡាយដែលមិនចេះខ្មែរ។
«ខ្ញុំគិតថាភ្លេងពិរោះណាស់។ អ្នកសម្តែងពូកែណាស់។ ភាសាខ្មែរពិបាកបញ្ចេញសំឡេងណាស់។ ដូច្នេះខ្ញុំសូមសរសើរតួរសម្តែងដែលអាចបញ្ចេញសំឡេងខ្មែរបាន»។
«អស្ចារ្យណាស់ដែលអាចដឹងឮអំពីអ្វីដែលបានកើតឡើងនៅប្រទេសកម្ពុជា ពីព្រោះខ្ញុំគិតថាមនុស្សជាច្រើនអត់ដឹងទេ។ ហើយថែមទាំងបានស្តាប់ភ្លេងខ្មែរផង»។
នៅក្រោយការសម្តែងរឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ឬ Cambodia Rock Band និយាយភាសាអង់គ្លេស ដែលមានរយៈពេល២ម៉ោង ទស្សនិកជនខ្មែរជាង ៦០នាក់ ដែលភាគច្រើនមកតាមកិច្ចសហការរវាងរោងល្ខោន Signature Theater និងសមាគម Mekong NYC ដែលបម្រើសហគមន៍អាស៊ីអាគ្នេយ៍នៅក្នុងទីក្រុងញូវយ៉ក បានជួបជុំគ្នាទទួលទានអាហារខ្មែរ ព្រមទាំងជជែកគ្នានិងថតរូបជុំគ្នា៕