តម្លៃ​ស្រូវ​ធ្លាក់​ចុះ ​កសិករ​ប្រឈម​បំណុល​ ខណៈ​សហភាព​អឺរ៉ុប​យក​ពន្ធលើ​អង្ករ

ពលរដ្ឋ​ម្នាក់​លក់ស្រូវឲ្យឈ្មួញនៅក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ខណៈស្រូវមានតម្លៃទាប ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

ឃុំ​ស្រយ៉ូវ ខេត្តកំពង់ធំ—លោក ហុន សំណាង ​ជា​កសិករ​ធ្វើ​ស្រែ​ក្នុង​ឃុំ​ស្រយ៉ូវ ​ខេត្ត​កំពង់ធំ។ ​លោក​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​តាកែវ​ មក​ជួល​ដី៣០​ហិកតា​ក្នុង​ខេត្ត​កំពង់​ធំ​ដើម្បី​ធ្វើ​ស្រែ​លក់​ស្រូវ។​

ប៉ុន្តែ​លោក​ថា ​តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៧០០​រៀល​រហូត​មក​ដល់​ពេល​នេះ ដែល​ធ្វើ​ឲ្យ​លោក​មិន​មាន​ប្រាក់ចំណេញនោះ​ទេ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ជិត​ស្រែ​របស់​លោក​ថា៖

​«នឹក​ឃើញ​ថា ​ក្រែង​លោ​ស្រូវ​អី ​វា​មិន​ថោក​ដូច​រាល់​ឆ្នាំ។​ ខ្ញុំ​នឹក​ឃើញ​ថា ​បើ​ស្រូវ​មាន​តម្លៃ​ចាប់​ពី​៨០០​(រៀល)​ឡើង​ទៅ​ដល់​៩០០​(រៀល)​ វា​អាច​សម​នឹង​ជីវភាព​ដែល​ពួក​ខ្ញុំ​រស់​នៅ»។​

លោក ហុន សំណាង ជាកសិករម្នាក់នៅក្នុងខេត្តកំពង់ធំ ដែលបានជួលដីគេចំនួន៣០ហិកតា ដើម្បីធ្វើស្រែ ប៉ុន្តែលោកបារម្ភដោយសារតម្លៃស្រូវធ្លាក់ចុះដល់៧០០រៀល ក្នុងមួយគីឡូក្រាម ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

លោក សំណាង ​ត្រូវ​រក​លុយ​ដើម្បី​បង់​ធនាគារ​ចំនួន​៧៥០០​ដុល្លារ​អាមេរិក ​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ។ ​លោក​បាន​ជួល​ដី​មួយ​ហិកតា​តម្លៃ​១​លាន​រៀល​ស្មើ​នឹង២៥០​ដុល្លារ រយៈ​ពេល​ប្រមាណ​៤​ខែ​ដើម្បីធ្វើស្រែ​នេះ។​ ដូច្នេះ​ស្រែ​ទំហំ​៣០​ហិកតា​ លោក​ត្រូវ​ចំណាយ​ប្រាក់​៧៥០០​ដុល្លារ។ ​លោក​បាន​ខ្ចី​បុល​ធនាគារ​ចំនួន​១៥០០០ដុល្លាររយៈ​ពេល​២​ឆ្នាំ​ ដោយ​ក្នុង​មួយ​ខែ​លោក​ត្រូវ​បង់​ការ​ប្រាក់​ចំនួន​១០០​ដុល្លារ ​ហើយ​ក្នុង​មួយ​ឆ្នាំ ​លោក​ត្រូវ​រំលោះ​ដើម​ចំនួន​៧៥០០​ដុល្លារ​អាមេរិក។

ស្រូវ​ចុះ​ថោក​ជា​បញ្ហា​របស់​កសិករ​នៅ​ក្នុង​ឃុំ​ស្រយ៉ូវ​ ខេត្ត​កំពង់​ធំ ​ដែល​ពលរដ្ឋ​បាន​ជួល​ដី​គេ​ច្រើន​ហិកតា​ដើម្បី​ធ្វើស្រែ​ ហើយ​សង្ឃឹម​ថា ​តម្លៃ​ស្រូវ​អាច​ទទួល​យក​បាន។ ​តម្លៃ​ស្រូវ​បច្ចុប្បន្ន​នេះ​គឺ​៧០០​រៀលក្នុង​មួយគីឡូក្រាម ​ប៉ុន្តែពួកគេ​គិត​ថា​ ​ទាល់​តែ​ជាង​៨០០​រៀល ​ទើប​អាច​មាន​ផល​ចំណេញ។​

ភរិយា​របស់​លោកសំណាង​គឺ​អ្នកស្រី ​ផា ស្រីស ​អាយុ​៣២​ឆ្នាំ។ ​អ្នកស្រី​មាន​ប្រសាសន៍​ថា ​ក្រៅពី​ចំណាយ​ថវិកា​លើ​ថ្លៃ​ជួល​ដី ​អ្នកស្រី​ត្រូវ​ចំណាយ​លើ​តម្រូវ​ការ​ផ្សេងៗ​ទៀត​សម្រាប់​ធ្វើ​ស្រែ​ផង​ដែរ។​

អ្នកស្រី ផា ស្រីស ភរិយារបស់លោក ហុន សំណាង ដែលបានជួលដី៣០ហិកតា ដាំស្រូវ នៅក្នុងខេត្តកំពង់ធំ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​

«ដឹង​តែ​ខាត​ហើយ​បង ​បើ​ស្អី​ក៏​ថ្លៃ​ទាំង​អស់​ ជី​ ថ្នាំ​ប្រេង ​សាំង ​កម្លាំង​កម្មករ ​តម្លៃ​អាត្រាក់ទ័រ ​តម្លៃ​ដី ​ថ្លៃ​ម៉ា​ចប់។ ​ហើយ​ថ្នាក់​ស្រូវ​ឥឡូវ ​ដើម​ដៃ​៧០០រៀល​ចុះ​ទម្រាំ​ដំណាក់​កាល​ខ្ញុំ​ជ្រូត​ស្រូវ ​ខ្លាច​តែ​ចុះមក​នៅ​ត្រឹមជាង​៦០០​រៀលអីទេ‍!»

តម្លៃ​ស្រូវ​ចុះ​ថ្លៃ​នេះ​ ស្រប​ពេល​ដែល​មាន​ការ​កំណត់​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប​លើ​តម្លៃ​អង្ករ​នាំ​ចូល​ពី​កម្ពុជា។ ​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​យក​ពន្ធ​អង្ករ​កម្ពុជា​រយៈ​ពេល​៣ឆ្នាំ​ ដោយ​សារ​តែ​បរិមាណ​នាំ​ចូល​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។ ​តាម​ការ​ប៉ាន់​ប្រមាណ ​ប្រទេស​កម្ពុជា​ត្រូវ​បង់​ពន្ធ​ចំនួន​៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ​នៅ​ក្រោម​ការ​យក​ពន្ធនេះ ​អ្នកនាំ​អង្ករចូល​ត្រូវ​បង់​តម្លៃ​ប្រហែល​២០០​ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​ឆ្នាំ​ទីមួយ ​ចំនួន​១៧១​ដុល្លារ​សម្រាប់​ឆ្នាំ​ទីពីរ ​និង​ចំនួន​១៤៣​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​បី។​

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា ​ពួក​គេ​បាន​ទទួល​សំណើ​ពី​ប្រទេស​អ៊ីតាលី​ ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​វិធាន​ការ​គាំពារ​អង្ករ​ក្នុង​ប្រទេស​ជា​សមាជិក ដោយសារ​មាន​ការនាំ​អង្ករ​ច្រើន​ចូល​ពី​ប្រទេស​កម្ពុជា ​និង​មីយ៉ាន់ម៉ា។​

លោក George Edgar ​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់​ VOA តាម​រយៈ​អ៊ីមែល​ថា ​សំណើ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋ​ជា​សមាជិក​ដែល​ធ្វើស្រែ។​

លោក​មាន​ប្រសាសន៍​ថា៖

«គណៈ​កម្មការ​បាន​បើក​ការស៊ើប​អង្កេត​ជា​ផ្លូវ​ការ​មួយ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០១៨ ​ហើយ​រក​ឃើញ​ថា​ ​ពិត​ជា​មាន​ការ​នាំ​អង្ករ​ចូល​កើន​ឡើង​ខ្លាំង​ ដែល​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អង្ករ​នៅ​អឺរ៉ុប។ ​ជា​លទ្ធផល ​សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​វិធានការចំពោះ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា ​និង​ពី​ប្រទេស​មីយ៉ាន់ម៉ា»។​

ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​ ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា​ ការ​យក​ពន្ធ​នេះ​បាន​សម្លាប់​កសិករ​ខ្មែរ​ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ​ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​យក​ទៅ​ធ្វើ​ស្រែ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​បាន​បញ្ជាក់​ថា៖​

«ការ​សម្រេច​ដាក់​វិធាន​ការ​ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប​មក​លើ​អង្ករ​(Indica rice)​ ដែល​មាន​ប្រភព​ដើម​ពី​កម្ពុជា​ មាន​ឥទ្ធិពល​គ្រប់​គ្រាន់​សម្រាប់​ដក​ហូត​ចំណូល​របស់​ប្រជា​កសិករ​ក្រីក្រ​កម្ពុជា ​និង​ជា​អាវុធ​សម្រាប់​ធ្វើ​ឃាត​ពួកគាត់​និង​ក្រុម​គ្រួសារ ​ដែល​កំពុង​ជាប់​បំណុល​ស្ថាប័ន​ឥណទាន ​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ពួកគាត់»។

ទោះ​ជាយ៉ាងណា ​កសិករ​ខ្មែរ ដូច​ជា​លោក ហុន សំណាង​ មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ដឹង​អំពី​ការ​យក​ពន្ធ​នេះ​ទេ។ ​លោក​បញ្ជាក់​ថា៖​

«អត់​ដែល​ដឹង​ផង​លោក​គ្រូ ​ព្រោះ​ខ្ញុំ​នៅ​តែ​ស្រែ​ដែរ»។​

លោកសំណាង​ក៏​ដូច​ជា​កសិករ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឃុំ​ស្រយ៉ូវ​នេះ​ តែង​តែ​ទទួល​យក​នូវ​តម្លៃ​ដែល​ឈ្មួញ​កំណត់ ​ដោយសារ​ពួកគេ​មិន​អាច​ទុក​ស្រូវ​ឲ្យ​យូរ ​ហើយ​រង់​ចាំ​ពេល​ឡើង​ថ្លៃ​នោះ​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​ឈ្មួញ​តែង​តែ​ឲ្យ​តម្លៃ​ទាប ដើម្បី​បាន​ចំណេញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឈ្មួញ​មិន​ដែល​ចេះ​ត្រង់​ទេ ​កាល​ណា​ឈ្មួញ​រក​ស៊ី​តែង​តែយកចំណេញ»។​

មន្រ្តី​ជំនាញ​នៅ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​យល់​ថា ​មាន​ករណី​ខ្លះ​ ឈ្មួញ​កណ្តាល​អាច​យក​ព័ត៌មាន​ដែល​ថា​ ​សហភាព​អឺរ៉ុប​យក​ពន្ធ​ការ​នាំអង្ករ ដើម្បីទម្លាក់​ថ្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ។​

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម ​លោក ស្រី វុឌ្ឍី​ មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​អ៊ីចឹង​ដែរ! គេអាច​យក​អាហ្នឹង​ទៅ​ ទៅ​ប្រាប់​កសិករ​យើង។ "អូ!​ គេ​យក​ពន្ធ​ អេ ​គេ​យក​ចុះ!​ កុំ​លក់​ថ្លៃ​ពេក!"។ ​ប្រជាជន​គាត់​អត់​ដឹង​ ចេះ​តែ​តាម​គេ​អ៊ីចឹងទៅ!​ វា​អាច​ចាញ់​បោក​គេ។ ​វា​អាច​មាន​អាហ្នឹង។​ ​វា​មិន​អត់​ទេ ​ខ្ញុំ​ជឿ»។​

អ្នក​នាំពាក្យ​រូប​នោះ​បាន​បញ្ជាក់​ថា ​តម្លៃ​ស្រូវ​ចុះ​ថោក​នេះ​គឺ​ដោយសារ​តម្រូវ​ការ​បញ្ជា​ទិញ​ពី​វៀតណាម​មិន​សូវ​មាន​ដូច​រាល់​ដង​ ខណៈ​កម្ពុជា​បាន​ពឹង​ផ្អែក​ច្រើន​លើ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចង់​និយាយ​ថា​ ​ការ​ចុះ​មក​ពី​ខាង​វៀតណាម ​អ្នក​ដែល​ប្រមូល​ទិញ​ហ្នឹង ​មាន​តិច​ជាង​មុន។​ ឆ្នាំ​នេះ​មិន​ដឹង​យ៉ាង​ម៉េច ​ខាង​កុង​ត្រា​វៀតណាម​មាន​តិច​ជាង​មុន។​ ដល់​តែ​ពេល​វៀតណាម​អត់​បាន​ឃើញ​ចុះ​មក ​យើង​ក៏​បាន​ស្រាវ​ជ្រាវ​ទៅ​ សួរ​នាំ​ទៅ​ គាត់​ថា ​អា​ការ​កម្មង់​ទិញ​ពី​ខាង​វៀតណាម​ក៏​មាន​ជួប​បញ្ហា​ដែរ»។​

ជា​ទូទៅ​ ​កសិករ​ខ្មែរ​មិន​ដឹង​អំពី​ទីផ្សារ ​និង​តម្លៃ​ស្រូវ​នោះ​ទេ។ ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​គឺ​ស្តាប់​តាម​ឈ្មួញ ​ហើយ​លក់​ស្រូវ​ទាំង​នោះ ​បើ​ទោះ​ជា​តម្លៃ​ទាប​ក៏​ដោយ។​ កសិករ​បាន​អះអាង​ថា​ ពួក​គេ​អាច​ត្រឹម​តែ​សួរ​នាំ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បណ្តាញ​របស់​ពួកគេ​ ហើយ​ក៏​សម្រេច​លក់​ទៅ​តាម​ហ្នឹង​ ដោយ​មិន​ទុក​យូរ។​

អង្គុយ​ក្បែរ​លោក​សំណាង​គឺ​លោក ណយ នឿយ​ អាយុ​៣៥​ឆ្នាំ ​ដែល​ជា​អ្នក​ស៊ី​ឈ្នួល​បើក​ត្រាក់ទ័រ​ប្រមូល​ស្រូវ​ឲ្យ​កសិករ។​ លោក​មាន​ប្រសាសន៍​ថា ​កសិករ​ខ្មែរ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​នេះ​ដោយសារ​ការ​យក​ពន្ធ​នៅ​អឺរ៉ុប​ ហើយ​កសិករ​មិន​ដឹងពិត​ប្រាកដ​ថា​ មាន​រឿង​អ្វី​នោះ​ទេ។​

លោក ណយ នឿយ អ្នកស៊ីឈ្នួលបើកត្រាក់ទ័រម្នាក់ នៅក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា៖​

«និយាយ​ពី​រឿង​ឈ្មួញ​ចុះ​ទិញ​ស្រូវ​ថោក​ហ្នឹង​ឮ​ថា ​ចុះ​ទារ​ពន្ធ​ចេញ​ក្រៅ​ថ្លៃ។​ ពេល​ពន្ធ​ថ្លៃ​អ៊ីចឹង ​អ្នក​ស្រែ​ដឹង​តែ​ងាប់​ហើយ!​ ចុះ​ស្រូវ​ធ្វើ​ហើយ ​បើ​ឈ្មួល​មិន​ចូល​ទិញ​ មិន​ដឹង​យក​ទៅ​ណា»។​

កសិករ​ម្នាក់​ទៀត ​អ្នកស្រី ​តុង អ៊ី ​អាយុ​៣៥​ឆ្នាំ ​បាន​ជួល​ដី​គេ​ចំនួន​៧០​ហិកតា​ដើម្បី​ធ្វើស្រែសម្រាប់​រដូវ​កាល​នេះ។ ​អ្នកស្រី​ក៏​បាន​ខ្ចី​លុយ​ធនាគារ​ចំនួន១៥០០០​ដុល្លាររយៈ​ពេល​១០​ឆ្នាំ ​ហើយក្នុង​មួយ​ខែ​ត្រូវ​បង់​សង​ជាង​១៥០​ដុល្លារ។​

ខណៈ​កំពុង​ចិញ្រ្ចាំ​ផ្អកសាច់​ជ្រូក​ដើម្បី​ចម្អិន​អាហារ​ពេល​ព្រឹក ​ អ្នកស្រី ​តុង អ៊ី ​មាន​ប្រសាសន៍​ថា​ ​អ្នកស្រី​ពិត​ជា​បារម្ភ​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ខាត​បង់ ហើយ​មិន​មាន​លទ្ធភាព​បង់​លុយ​ធនាគារ។​

អ្នកស្រី តុង អ៊ី បានជួលដីគេចំនួន៧០ហិកតា សម្រាប់ដាំស្រូវនៅក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«អូ ​បារម្ភ​មែន!​ បើ​សិន​ថា ​ស្រូវ​ឡើង​ដល់​១​ពាន់ អរ​មែន​ទែន!​ នឹក​ឃើញ​ថា​ យើង​ធ្វើ​ទុន​អស់​ច្រើន​ហើយ។ ​ស្រូវ​មិន​ដឹង​ម៉េច ​ហើយ​ស្រូវ​វា​ថោក​ទៀត»។​

អ្នកស្រី​បន្ត​ថា ​អ្នកស្រី​សម្រេច​ជួល​ដី​ធ្វើ​ស្រែ​នេះ ​ដោយសារ​ឃើញ​ប្រជា​ពលរដ្ឋ​ផ្សេង​មក​ទីនេះ​ ហើយ​ធ្វើ​ស្រែ​បាន​ចំណេញ ​ទើប​អ្នកស្រី​មក​តាម​គេ​ដែរ។ ​អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«គេ​មក​ច្រើន​ដែរ ​យើង​ប្រថុយ​សាក​មើល។ ​ប្រថុយ​មក!​ វា​ចប់! ​អាស្រូវ​ចុះ​ថោក!»​

ចំណែក​កសិករ​ម្នាក់​ទៀត ​លោក ជា ង៉ា ​អាយុ​៥៤​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​លោក​បាន​ជួល​ដី​ចំនួន​១០​ហិកតា​ ហើយ​បាន​យក​លុយ​ពី​ធនាគារ​ដូច​គ្នា។ ​លោក​មាន​ប្រសាសន៍​ថា​ រយៈ​ពេល​ពីរ​បី​ឆ្នាំ​មុន​ ស្រូវ​មិន​ធ្លាក់​ថ្លៃ​ដូច្នេះ​ទេ។​

លោក ជា ង៉ា កសិករជួលដីគេដាំស្រូវ ដើរមើលស្រែរបស់លោក ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

ខណៈ​កំពុង​ដើរ​ទៅ​មើល​ស្រែ​របស់​លោក ​ លោក ​ជា ង៉ា បាន​ថ្លែង​ថា៖​

«មក​ធ្វើ​នេះ​ បី​ឆ្នាំ​ហើយ ​មិន​ដែល​ខាត​ ចំណេញ​ដែរ​ តិច​តួច។ ​ជួន​កាល​បាន​ម៉ា​គ្រាន់​ ម៉ា​ស៊ី​ចាយ ​រួច​ម៉ាឆ្នាំ។​ ឆ្នាំ​នេះ​ ស្រូវ​វា​ចុះ​ថ្លៃ! ​មិន​ដឹង​ម៉េច!​ ចាំ​មើល​ពេល​ប្រមូល​ផល»។​

នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ​ លោក​ត្រូវ​បង់​ប្រាក់​៥​ពាន់​ដុល្លារ​ទៅ​ធនាគារ​ដើម្បី​រំលោះ​ដើម​ តែ​លោក​មិន​ទាន់​ដឹង​ថា​ បាន​លុយ​ពី​ណា​មក​បង់​នោះ​ទេ​ ប្រសិន​បើ​ស្រូវ​មាន​តម្លៃ​ទាប។​

មេឃុំ​ស្រយ៉ូវ​ក្នុង​ខេត្ត​កំពង់ធំ ​លោក សៅ សុធី​ មាន​ប្រសាសន៍​ថា ​លោក​បាន​ដឹង​អំពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ តែ​លោក​មិន​ដឹង​អំពី​មូលហេតុ។ ​លោក​យល់​ថា​ នេះ​ជា​រឿង​ធម្មតា​របស់​កសិករ ​ហើយ​អាជ្ញាធរ​មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​អត់​ដឹង​ទេ ​ព្រោះ​អាហ្នឹង​ទីផ្សារ​សេរី ​តែ​សម្បូរ​វា​ថោក​ហើយ!​ ខ្ញុំ​អត់​ដឹង​ទេ!​ មាន​តែ​អាអូន​ឯង​ជួយ​រក​តម្លៃ​ស្រូវ​ឲ្យ​ថ្លៃ!»​

ទោះ​ជាយ៉ាង​ណា ​លោក ស្រី វុឌ្ឍី ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មិន​អាច​ជួយ​កសិករ​បាន​ច្រើន​នោះ​ទេ ​ដោយសារ​កម្ពុជា​មិន​មាន​«នយោបាយ​ឧបត្ថម្ភ​ធន» ​ដែល​ជា​នយោបាយ​ជួយ​ចេញ​ថ្លៃ​ខាត​ឲ្យ​កម្មករ​ដើម្បី​ទិញ​ស្រូវ​ស្តុក​ទុក។​

នៅ​ពេល​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​កម្ពុជា​មិន​មាន​នយោបាយ​នោះ ​ លោក​មាន​ប្រសាសន៍​ថា ​នេះ​ជា​កិច្ចការ​របស់​អ្នក​ធ្វើ​គោល​នយោបាយ។​

លោក​មាន​ប្រសាសន៍​ថា៖

«កាល​ណា​ធ្វើ​ ទី​មួយ​ថវិកា។​ លុយ​យើង​ចេញ​ឲ្យ​សង​ជូន​ប្រជា​ពលរដ្ឋ។ ​យើង​អត់​មាន​អាហ្នឹង​ទេ ​អត់​មាន​នយោបាយ​ អាហ្នឹង​នៅ​ឡើយ។ ​អាហ្នឹង​ទាក់​ទង​រឿង​លុយ។​ រឿង​លុយ​ ​ក្រសួង​កសិកម្ម​ម៉េច​ដឹង?​ ខ្ញុំ​អត់​ដឹង​ទេ ​រឿង​ថវិកា​រឿង​អីៗ។​ ខ្ញុំ​ដឹង​តែ​បច្ចេក​ទេស​ធ្វើស្រែ​ ដាំដុះ។ ​សួរ​អ្នក​ធ្វើ​គោល​នយោបាយ ​ក្រសួង​ហិរញ្ញ​វត្ថុ ​ក្រសួង​អី​បាន​គេ​ដឹង»។​

អ្នកភូមិក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ហាលស្រូវខាងមុខផ្ទះ ទុកសម្រាប់លក់ឲ្យឈ្មួញនៅពេលខាងមុខ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន។ ​ខណៈ​ដែល​មាន​ការ​យក​ពន្ធ​អង្ករ​នាំ​ទៅ​លក់​នៅសហ​ភាព​អឺរ៉ុប​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​ត្រូវ​បាន​រិះគន់​ពី​បស្ចិម​ប្រទេស​ក្នុង​ការ​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជាក្រោយ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ ​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ ​ដោយ​មាន​ការ​ចុះ​កិច្ច​ព្រម​ពាណិជ្ជ​កម្ម​មួយ​ចំនួន។​

ប្រធានាធិបតី​ចិន​លោកស៊ី ជីនពីង​ (Xi Jinping)​ក៏​បាន​សន្យា​ថា ​នឹង​បង្កើន​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​គឺ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​ទ្វេដង។ នេះ​យោង​តាម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ​មេ​ដឹកនាំ​ទាំង​ពីរ​ក៏​បាន​សន្យា​ថា ​នឹង​ពង្រីក​ទំហំ​ពាណិជ្ជ​កម្ម​រហូត​ដល់​១០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២៣។​

ប្រទេស​កម្ពុជា​បាន​នាំ​ស្រូវ​ប្រហែល​៦៣​ម៉ឺន​តោន​ចេញទៅ​ទីផ្សារ​អន្តរ​ជាតិ​កាល​ពី​ឆ្នាំ​២០១៨ ​ដោយ​ក្នុង​នោះ​ទៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ប្រហែល​៤៣​ភាគ​រយ។​

បើ​ទោះ​ជា​មាន​ការ​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប ​លោក ស្រី វុឌ្ឍី ​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​ បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​នៅ​តែ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើស្រែស្រូវ​ក្រអូប ​ដែល​អាច​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ ជាពិសេស​សហភាព​អឺរ៉ុប។​ លោក​សង្ឃឹម​ថា ​ពលរដ្ឋ​នៅ​អឺរ៉ុប​នៅ​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ បើ​ទោះ​តម្លៃ​ថ្លៃ​បន្តិច​ក៏​ដោយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«តម្លៃ​លើស​ហ្នឹង ​ខ្ញុំ​ជឿ​ថា ​ក្នុង​មួយ​គីឡូក្រាម​លើស​ប៉ុន្មាន​សេន ​ប៉ុន្មាន​កាក់ ​មិន​អ៊ីចឹង? ហើយ​ខាង​នោះ ​សុទ្ធ​តែ​អ្នក​មាន ​ចង់​ហូប​អង្ករ​ឆ្ងាញ់។​ រឿង​អី​មិន​ចំណាយ?»

លោកហុន សំណាង ​កសិករ​ខ្មែរ ដែល​កំពុង​តែ​បារម្ភ​ស្រូវ​ចុះ​ថ្លៃ ​បានអំពាវនាវ​ឲ្យ​ជួយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ស្រូវ​មាន​តម្លៃ​ខ្ពស់​ឡើង​វិញ ​នៅ​ពេល​លោក​ប្រមូល​ផល​នា​ពេល​ឆាប់ៗ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«មាន​តែ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ ​ប៉ុន្តែ​ឥឡូវ​អាជ្ញាធរ ​ស្រូវ​ចុះ​ថោក​អ៊ី​ចឹង ​ក៏​មិន​ឮ​សូរ​អី ​ចុះ​ទាមទារ​សោះ!​ ឥឡូវ​មាន​តែ​លោក​គ្រូ​ ខាង​អ្នក​កាសែត ​ខាង​ព័ត៌មាន​ឲ្យ​លោក​គ្រូ​ជួយ​ផ្ទាល់​ហ្មង!»​

ចំណែក​ភរិយា​របស់​លោក អ្នកស្រី​ផា ស្រីស​មាន​ប្រសាសន៍​ថា ​អ្នក​ស្រី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បំណុល​ដែល​ជំពាក់​គេ។ ​អ្នកស្រី​ដែល​មាន​កូនស្រី​ម្នាក់​ អាយុ​២​ឆ្នាំ មាន​ប្រសាសន៍​ថា៖​

«បើ​និយាយ​ទៅ ​បើ​សិន​ជា​យើង​អត់​មាន​លទ្ធភាព ​គេអាច​រឹបអូស​ហើយ!»