ការគោរព​សិទ្ធិ​ជនភៀសខ្លួន​ធ្លាក់​ចុះ ខណៈ​ទំនាក់ទំនង​កម្ពុជា-ថៃ​ឈាន​ឡើង

រូបឯកសារ៖ បង្គោល​ទង់ជាតិ​កម្ពុជា និង​ថៃ នៅ​ច្រក​ព្រំដែន​ខេត្តកោះកុង និង​ខេត្តត្រាត។

ដោយ​មាន​ទឹកមុខ​ញញឹម ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​ លោក ទៀ បាញ់​ និង​លោក ប្រាយុទ្ធ ចាន់អូចា ​នាយក​រដ្ឋមន្ត្រី​ថៃ​ បាន​ព្រមព្រៀងគ្នា​កាលពី​ខែមីនា ​ឆ្នាំ២០១៨​ លើ​កិច្ចសហប្រតិបត្តិការ​ឆ្លង​ព្រំដែន​ ក្នុងនោះ​មាន​ការបញ្ជូន​អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល​ទាំងពីរ​ទៅ​ប្រឈមមុខ​នឹង​ការកាត់ទោស​ក្នុង​ប្រទេស​កំណើត។

ប៉ុន្តែ​ស្នាមញញឹម​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​ បានបង្កើន​ការភ័យខ្លាច​បន្ថែម​ដល់​អ្នករិះគន់​ប្រឆាំង​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅកម្ពុជា​ ដែល​តែងតែ​គេចខ្លួន​ទៅ​ប្រទេស​ថៃ​ដើម្បី​ជៀសវាង​ការធ្វើ​ទុក្ខបុកម្នេញ ​ឬ​ការចោទប្រកាន់​តាម​ផ្លូវច្បាប់​ដែល​មាន​លក្ខណៈ​នយោបាយ។ ​ចាប់តាំង​ពីពេលនោះមក ​មាន​សកម្មជន​នយោបាយ​ និង​សហជីព​យ៉ាងហោចណាស់​៧នាក់ ​ត្រូវបាន​បញ្ជូន​មក​កម្ពុជា​វិញ​ ក្នុងនោះ​មាន​ទាំង​អ្នកដែល​ទទួលបាន​ឋានៈ​ជាជនភៀសខ្លួន​ពីអង្គការ​សហ​ប្រជាជាតិ​ផងដែរ។

រូបឯកសារ៖ អ្នកស្រី​ ឡាញ់ ថាវរី ​ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​មេឃុំ​ឫស្សី​ក្រោក ​ ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មានជ័យ។ (Facebook / Lanh Thavry)

ក្នុង​ខែវិច្ឆិកា ​ឆ្នាំ​នេះ​សកម្មជន​ និង​អតីត​មន្ត្រី​ថ្នាក់មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ឲ្យ​ប្រឈមមុខ​នឹង​ការកាត់ទោស​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បទចោទ​ប្រកាន់​ជាច្រើន ​ក្នុងនោះ​មាន​បទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​«រួម​គំនិត​ក្បត់»​ដែល​ជាបទចោទ​ពេញនិយម​លើអ្នករិះគន់​រដ្ឋាភិបាល​កម្ពុជា។ អ្នកទាំងនោះ​មាន​អ្នកស្រី ​ឡាញ់ ថាវរី ​អតីត​មេឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បុរី ​ខេត្ត​បន្ទាយ​មានជ័យ ​ដែល​បានរស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​ជាង​៤ឆ្នាំ។ លោក វឿន វាសនា ​និង​លោក វឿង សំណាង ​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ២០២០។ អ្នកទាំងបី​ ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ។ អ្នកទី៤ គឺ​លោក ម៉ិច ហ៊ាង ​ជា​ពលករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ និង​កំពុង​ស្វែងរក​សិទ្ធិជ្រកកោន​ជា​ជនភៀសខ្លួន។

ចំណាត់ការ​នេះ​ បាននាំឲ្យ​មាន​ការរិះគន់​ និង​ថ្កោលទោស​ពី​អង្គការ​សហប្រជាជាតិ​ដោយ​ចាត់ទុកថា ​បាន​ផ្ទុយ​នឹង​គោលការណ៍​អន្តរជាតិ​ដែល​មិនបញ្ជូន​ដោយ​បង្ខំ​នូវ​អ្នករត់ភៀសខ្លួន​ត្រឡប់ទៅ​ប្រទេស​កំណើត​ដោយសារ​ជីវិត​ ឬ​សេរីភាព​របស់​ពួកគេ​ត្រូវរង​ការគំរាម​កំហែង។

អ្នកស្រី Catherine Stubberfield​ អ្នកនាំពាក្យ​ស្នងការ​ជាន់ខ្ពស់អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ បាន​ថ្លែង​ប្រាប់​ VOA​ខេមភាសា​តាម​សារអេឡិកត្រូនិក​ថា៖

«ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ បន្ត​តស៊ូមតិ​នឹង​រដ្ឋាភិបាល​ថៃ​ឲ្យ​ធានា​សុវត្ថិភាព​ជនភៀសខ្លួន​ និង​អ្នកស្វែងរក​សិទ្ធិជ្រកកោន​ក្នុង​ប្រទេសថៃ​និង​គោរព​គោលការណ៍​មិន​បញ្ជូន​ដោយ​បង្ខំ​ត្រឡប់​ទៅ​ប្រទេស​កំណើតវិញ។ យើង​ស្វែងរក​ការបកស្រាយ​បន្ទាន់​ពី​អាជ្ញាធរថៃ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដែលឈាន​ទៅដល់​ការបណ្តេញចេញ​ និង​ហេតុអ្វី​បានជារឿងនេះ​កើតឡើង»។

អ្នកនាំពាក្យ​របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា​ បានថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ អ្វី​ដែល​អាជ្ញាធរ​ថៃ​ធ្វើ គឺ​ស្រប​តាមគោលការណ៍​កិច្ចការ​បរទេស ​ហើយ​មានប្រទេស​ជាច្រើន​ក៏​កំពុងតែ​ធ្វើ​ដូចនេះ​ដែរ​ ដូច្នេះ​គេមិន​គួរធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ថៃ​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​បាងកកប៉ុស្តិ៍​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី២៣ ​ខែវិច្ឆិកា។

អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​បានវាយតម្លៃ​ថា ​ការបញ្ជូន​ជនភៀស​ខ្លួន​កម្ពុជា​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ ធ្វើឡើង​តាម​ស្មារតី​នៃ​ការព្រមព្រៀងគ្នា​កាលពី​ខែមីនា​ ឆ្នាំ​២០១៨​នោះ។ ការណ៍​នេះ ​ដោយសារ​តែភាគី​ថៃ ​ត្រូវការ​កិច្ចសហប្រតិបត្តិការ​របស់​កម្ពុជា​ដើម្បី​ចាប់ខ្លួន​សកម្មជន​នយោបាយ​អាវ​ក្រហម​ដែល​បានតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ឆ្នាំ២០១៤ ​ហើយ​ខ្លះ​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា។ សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ថៃ​កាលពី​ជិត​៤ឆ្នាំ​នោះ​បញ្ជាក់​ថា​ ប្រទេស​ទាំងពីរ​ យល់ព្រម​តាម​ឃ្លាំមើល​ជនទាំងឡាយណា​ដែល​រត់គេច​ពីច្បាប់​ដោយ​ឆ្លងព្រំដែន​ដើម្បី​រារាំង​ពួកគេ​មិន​ឲ្យ​ប្រើប្រាស់​ទឹកដី​ថៃ​ និង​កម្ពុជា​ដើម្បី​បង្កើត​ភាពវឹកវរ​ និង​ជម្លោះ។

ទំនាក់ទំនង​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​ មិនសូវ​ជា​ល្អ​ទេ​ចាប់តាំងពី​ក្រុមយោធា​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០០៦ ​ទម្លាក់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ​ដែល​ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេមើល​ឃើញ​ថា​ ជា​របត់​ថ្មី​មួយ​ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​ឡើង។ លោក ហ៊ុន សែន ​និង​លោក ប្រាយុទ្ធ ចាន់អូចា​ មាន​ប្រវត្តិ​ស្រដៀងគ្នា​ ដោយ​មាន​ប្រវត្តិ​ជា​យោធា ​និង​ធ្លាប់​ដឹកនាំ​ធ្វើរដ្ឋប្រហារ​ដូចគ្នា​ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិនញញើត​នឹង​ប្រើ​កណ្តាប់​ដៃដែក​ដើម្បី​បង្ក្រាប​អ្នកប្រឆាំង។

អង្គការ​ Human Rights Watch ​បាន​ថ្លែង​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​អង្គការ​នេះ​ទទួល​បាន​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​មាន​ការតាម​ឃ្លាំមើល​កាន់តែ​ច្រើន​ឡើង​លើ​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​លាក់ខ្លួន​នៅ​ប្រទេស​ថៃ ​ហើយ​គេ​ជឿ​ថា ​អ្នកឃ្លាំមើល​ទាំងនោះ​ គឺជា​មន្ត្រី​ដែល​មកពី​ប្រទេស​កម្ពុជា។

រូបឯកសារ៖ លោក ​រ៉ាត់ ​រត្នមុនី​ អ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មាន​រុស្ស៊ី ​ RT ស្ថិតនៅក្នុងរថយន្តពន្ធនាគារត្រឡប់ទៅពន្ធនាគារព្រៃសវិញ ក្រោយសវនាការរបស់លោកបានបញ្ចប់នៅសាលាដំបូងរាជធានីភ្នំពេញ កាលពិថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ជនរងគ្រោះ​លេចធ្លោ​ដំបូង​គេ​ពី​កិច្ចសហប្រតិបត្តិការ​ថៃ​និង​កម្ពុជា​ គឺ​លោក រ៉ាត់ រត្នមុនី ​សកម្មជន​សហជីព ​ដែល​ត្រូវ​បានបញ្ជូន​មកវិញ​ពាក់ព័ន្ធ​នឹង​ការផលិតភាព​យន្តឯកសារ​ដែល​បើក​បង្ហាញ​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា។ លោក​ត្រូវ​បាន​ប្រទេស​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​នៅ​ខែធ្នូ​ ឆ្នាំ​២០១៨ ​ក្នុង​ខណៈពេល​កំពុង​ស្នើសុំ​ឋានៈជនភៀសខ្លួន​ពី​អង្គការ​សហប្រជាជាតិ។ រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត ​គឺ​នាង សំ សុខា ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ក្នុងខែកុម្ភៈ​ ឆ្នាំ​២០១៨​ គឺមុន​ពេល​ដែល​ភាគី​ទាំងពីរ​ បាន​ស្រុះស្រួល​ព្រមព្រៀងគ្នា​ជាផ្លូវការ។ នាង​ សំ សុខា ​ត្រូវបាន​ចោទ​ប្រកាន់​និង​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

ព្រះតេជគុណ បូរ បេត ថតរូបនៅព្រលានយន្តហោះក្នុងប្រទេសថៃ មុនចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (រូបថតដោយមេធាវីជនជាតិថៃ ដែលត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់ដោយព្រះតេជគុណ បូរ បេត)

អ្នករិះគន់​រដ្ឋាភិបាល​កម្ពុជា​ នៅ​បន្ត​រង​ការធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ថៃ​ដូចជា​ ព្រះ​សង្ឃ​ព្រះនាម​ បូរ បេត​ ជា​សង្ឃ​សកម្ម​បរិស្ថាន​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ និង​ត្រូវ​បាន​ផ្សឹក ​កាល​ពី​ដើមខែធ្នូ ​ប៉ុន្តែ​ បាន​ដោះលែង​វិញ​ក្រោយពី​មាន​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ។ ព្រះអង្គ​មាន​ឋានៈ​ជាជនភៀសខ្លួន និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ប្រទេស​ស្វីស។

ចំណាត់ការ​ជាបន្តបន្ទាប់នេះ​ បាន​បង្កការភ័យខ្លាច​កាន់តែខ្លាំង​ដល់​ជនភៀសខ្លួន និង​អ្នករិះគន់​រដ្ឋាភិបាលដែល​កំពុង​លាក់ខ្លួន​នៅ​ប្រទេសថៃ។

លោក តោ និមល ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ និង​ប្រពន្ធ ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូនខ្លួន​ទៅ​ប្រទេស​កម្ពុជាកាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​បើទោះជា​អ្នកទាំងពីរ​មាន​ឋានៈ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក៏ដោយ។ លោក​ត្រូវ​បានចោទប្រកាន់​ពី​បទឧទ្ទាម​ក្រៅច្បាប់ ​និង​រួមគំនិតក្បត់​។ ប៉ុន្តែ​លោក​ និង​ប្រពន្ធ​ បានរត់គេច​រួចខ្លួន​មក​ប្រទេស​ថៃ​វិញ​ ក្រោយពី​ត្រូវប៉ូលិស​ឃុំខ្លួន​បាន​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​និង​បានដោះលែង​វិញ។

បច្ចុប្បន្ន​ លោក តោ និមល ​ត្រូវបាន​អង្គការ​សហប្រជាជាតិ​រក្សា​ការពារ ​ប៉ុន្តែ​លោកនៅ​តែមាន​ការព្រួយបារម្ភ។ លោក​បាន​ប្រុងប្រយ័ត្ន​ក្នុង​ការចេញទៅ​ទិញ​ម្ហូប​ដោយ​ពឹង​គេជួយទិញ​ឲ្យ​ក្នុង​មួយ​សប្តាហ៍​ម្តង​ និង​កម្រ​បើក​ទូរស័ព្ទ​និយាយ ​ខ្លាច​មាន​អ្នកតាមដាន​ដឹង​ទីតាំង​ស្នាក់នៅ។

លោក​ តោ និមល​ បានរៀបរាប់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

រូបឯកសារ៖ លោក តោ និមល សកម្មជនគណបក្សសង្គ្រោះជាតិ។ (ហ្វេសប៊ុក/តោទេព និមល)

«ខ្ញុំ​នៅតែ​មានអារម្មណ៍​ភ័យខ្លាច។ ការភ័យខ្លាច​នោះ​ គឺ​ភាព​អយុត្តិធម៌​ក្នុង​ការចាប់បញ្ជូន​ទាំង​រំលោភ​ច្បាប់​ បំពាន​ច្បាប់​ហ្នឹង​។ ប៉ុន្តែ​បើឲ្យ​ភ័យខ្លាច​លោក ហ៊ុន សែន​ គឺ​ខ្ញុំ​មិនភាព​ភ័យខ្លាច​តក់ស្លុត​ទេ​ បើសិន​ជា​ តតាំងគ្នា​តាមរដ្ឋធម្មនុញ្ញដោយ​សន្តិវិធី»។

អតីត​ប្រធាន​ប្រតិបត្តិគណបក្ស​សង្គ្រោះជាតិ​ប្រចាំនៅ​ប្រទេស​ថៃ ​គឺ​លោក លី រតនៈរស្មី​ បាន​ភៀស​ខ្លួន​ទៅដល់​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៨​ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព។ លោក​បាន​ប្រាប់​វីអូអេ​ថា៖

«ករណី​ទាំងអស់​នៅក្នុង​ប្រទេស​ថៃ ​គឺ​យើង​អត់​មាន​សុវត្ថិភាព​ទេ។ អ៊ីចឹង​ អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​មក​ប្រទេស​ហ្វីលីពីន ​គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រូវ​មួយ។ បើមិនអ៊ីចឹង​ទេ ​ខ្ញុំ​នឹង​ជួប​ហេតុផល​ដូច​បងប្អូន​គេ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​អ៊ីចឹង»។

លោក​ រតនៈ រស្មី ​រិះគន់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ដែល​មិនបាន​យកចិត្ត​ទុកដាក់​គោរព​ច្បាប់​អន្តរជាតិ​លើ​ផ្នែក​ជនភៀស​ខ្លួន​ទេ៖ «បើតាម​ការសហការ​គ្នា​រវាង​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​ វាហាក់​ដូចជា​រលូន​រវាង​គ្នា​និងគ្នា​ ជាពិសេស​យើង​មើល​ឃើញ​ថា​ ប្រទេស​ថៃ​ហាក់ដូច​ជាមិន​បាន​ផ្តល់សិទ្ធិ​ដល់​អ្នកដែល​មាន​សិទ្ធិ​ជា​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​នោះ​ទេ»។

បច្ចុប្បន្ន​នេះ​សកម្មជន​និង​អតីត​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​ជាង​៦០​នាក់​នៅ​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ។ ចំនួន​នេះ ​បាន​ថយ​ចុះ​ច្រើនធៀប​នឹង​ចំនួន​អ្នកភៀសខ្លួន ​ក្រោយ​ពី​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៧ ​ដែល​មាន​ដល់​ទៅ​ពីរ ឬបីរយនាក់។ ការណ៍​នេះ​ ដោយសារ​អ្នកខ្លះ​ ​បាន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ហើយ​រក្សា​ភាពស្ងប់ស្ងៀម​មិនធ្វើ​សកម្មភាព​នយោបាយ​អ្វី​ និង​អ្នកខ្លះ​ទៀត​ទទួលបាន​សិទ្ធិ​ទៅស្នាក់នៅ​ប្រទេស​ទី៣​ដែលមានដូចជា​កាណាដា ​និង​សហរដ្ឋ​អាមេរិក​ជាដើម។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការបញ្ជូន​ដោយបង្ខំ​នេះ​ និង​ផលប៉ះពាល់​ដល់​អ្នកដែល​ហ៊ាន​រិះគន់​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ព្រោះវាហាក់ដូច​ជា​ការបិទច្រក​ដែល​កំពុងតែ​តូចចង្អៀត​ស្រាប់។

លោក អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បានថ្លែង​ប្រាប់​វីអូអេ​ថា៖​

«យើង​មើលឃើញ​ថា ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ហាក់​ដូចជា​មិន​អនុវត្ត​តាម​រដ្ឋាភិបាល​ថៃ​មុនៗ គឺ​ហាក់​ដូចជា​ឃុបឃិត​ជាមួយ​នឹង​របប​លោក ហ៊ុន សែន។ នេះ​ ជាការព្រួយបារម្ភ​មែនទែន។ នេះ​ ជា​ការប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​រត់​គេច​ខ្លួនពួនអាត្មា​នៅ​ប្រទេ​ស​ថៃ»។

ក្នុងពេល​កន្លងមក ​គឺ​ធ្លាប់មាន​ករណី​ចម្រូង​ចម្រាស​ដែល​អាជ្ញាធរ​ថៃ​បានចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ឋានៈ​ជនភៀសខ្លួន​ដែរ​ គឺ លោក សុខ យឿន ​នៅ​ខែធ្នូ​ ឆ្នាំ​១៩៩៩​ ខណៈ​លោក​រត់​ទៅ​ប្រទេស​ថៃ​ដើម្បី​គេចចេញ​ពីការចោទប្រកាន់​ដែលមាន​លក្ខណៈ​នយោបាយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ពាក់ព័ន្ធនឹង​ការវាយប្រហារ​ដោយ​គ្រាប់រ៉ុក្កែត​ក្នុង​ឆ្នាំ​១៩៩៨ ​ដែល​លោក ហ៊ុន សែន​ អះអាង​ថា​សំដៅ​លើ​រូបលោក។ លោកសុខ យឿន ​គឺជា​សកម្មជន​នៃ​គណបក្ស​ សម រង្ស៊ី។ ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ឈួន លីផៃ ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ បានបដិសេធ​សំណើ​ជា​បន្តបន្ទាប់​របស់​កម្ពុជា។ លោក សុខ យឿន​ត្រូវបាន​បញ្ជូន​បន្ត​ទៅ​ប្រទេស​ហ្វាំងឡង់ ​ក្រោយពី​ដោះលែង​ពី​ពន្ធនាគារ។

លោក អេង ឆៃអ៊ាង​ បាន​បន្ថែម​ទៀត​ថា ​គណបក្ស​ប្រឆាំង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​នេះ៖

«ចំណុច​នេះ ​គឺ​យើង​បាន​ធ្វើការ​ជាមួយ​នឹង​អង្គការ​សិទ្ធិមនុស្ស​នានា​ដើម្បី​ឲ្យ​គេ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​ប្រទេស​ថៃ​។ យើង​ក៏​ធ្វើការ​ជាមួយ​នឹង​អ្នកនយោបាយ​ថៃ​មួយ​ចំនួន​ដែរ ពីព្រោះ​យើង​ដឹង​ហើយ​ថា ​ប្រទេស​ថៃ​ ជា​ប្រទេស​ដែល​រក្សា​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ជុំវិញ​បញ្ហា​ជនភៀសខ្លួន​ហ្នឹង»។

ប្រទេស​ថៃ​ មិនមែន​ជាភាគី​នៃ​អនុសញ្ញា​ស្តីពីឋានៈសិទ្ធិជនភៀសខ្លួន​ឆ្នាំ​១៩៥១​ ទេ ​ប៉ុន្តែ​ តម្រូវ​ឲ្យ​គោរព​តាម​គោលការណ៍​អន្តរជាតិ​ស្តីពី​ការមិនបញ្ជូន​ដោយបង្ខំ​ត្រឡប់ទៅប្រទេសដើមវិញ​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ប្រឆាំង​ការធ្វើ​ទារុណកម្ម ​និង​ការប្រព្រឹត្តិ​មកលើខ្លួន ​ឬទណ្ឌកម្ម​ឯទៀត​ដែល​ឃោរឃៅ​ អមនុស្សធម៌​ ឬបន្ថោកបន្ទាប ​ដែល​ថៃ​ជា​ភាគី។ ដោយឡែក​ប្រទេស​កម្ពុជា ​គឺ​ជាភាគី​នៃ​អនុសញ្ញា​ទាំងពីរ​នេះ។

ស្នងការ​ជាន់ខ្ពស់អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ បាន​សម្តែង​«ការព្រួយបារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​អំពី​សុវត្ថិភាព»នៃ​ជនភៀសខ្លួន​ទាំង​បីនាក់ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការធ្វើទុក្ខ​អ្នកដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល។ អង្គការ​សហប្រជាជាតិ​ ក៏អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​ គោរព​តាម​កាត្វកិច្ច​អន្តរជាតិ​ដោយ​បញ្ឈប់​ការបណ្តេញចេញ​បន្តទៀត​ក្នុង​ពេល​អនាគត។

អ្នកស្រី​ Catherine Stubberfield បាន​បន្ថែម​ថា៖

«ឧត្តមស្នងការអង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ​ក៏​ទទូច​រាជរដ្ឋាភិបាល​ថៃ​ប្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យល់ថា​ សិទ្ធិមនុស្ស​របស់​អ្នកដែល​បញ្ជូន​ត្រឡប់​ទៅវិញ ​ត្រូវតែ​គោរព»។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ និង​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​នៃ​ប្រទេស​កម្ពុជា ​មិនបាន​ឆ្លើយតប​នឹង​ការស្នើសុំ​អត្ថាធិប្បាយ​តាមទូរស័ព្ទ ​និង​សារ​ដែល​ VOA ​បាន​បញ្ជូនទៅ​ជាបន្តបន្ទាប់​ទេ​ ក្នុងរយៈពេល​ជាង​១សប្តាហ៍​កន្លងមកនេះ។ ប៉ុន្តែលោក ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ធ្លាប់​បាន​ប្រាប់​វីអូអេ​ក្នុងពេល​កន្លងមក​ដោយ​បដិសេធ​ថា​ រដ្ឋាភិបាល​មិនបាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ទេ​ គឺ​ចាប់តែ​អ្នកដែល​ធ្វើខុសច្បាប់​ប៉ុណ្ណោះ។

ហេតុការណ៍​ក្នុងពេល​ថ្មីៗ​នេះ ​និងអ្វី​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ជិត៤ឆ្នាំ​នេះ​ បាន​ផ្តល់ជា​សញ្ញាមួយ​ថា​ ប្រទេសថៃ​លែង​ជាទីកន្លែង​មួយ​ដែល​អាច​ឲ្យ​សកម្មជន​នយោបាយ​ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន សែន​ យក​ជាទីលាក់ខ្លួន​ដោយ​សុវត្ថិភាព​បានទៀត​ហើយ។ ក្នុងខណៈពេល​ដែល​ភាគី​កម្ពុជា ​និងថៃ ​ខិតខំ​បំភ្លេច​ភាពជូរចត់​ពេល​អតីតកាល ​និង​ជំរុញ​ទំនាក់ទំនង​ទៅមុខ អ្នកដែល​ត្រូវ​បង់​តម្លៃ​ គឺ​អ្នកដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​ការដឹកនាំ​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ និង​គុណតម្លៃ​នៃ​ច្បាប់​អន្តរជាតិ។

អ្នកវិភាគ ​និង​ក្រុមអ្នកនយោបាយ​ប្រឆាំង​យល់​ថា ​និន្នាការ​បញ្ជូន​អ្នករិះគន់​ទៅ​ប្រទេស​កម្ពុជាវិញ​នេះ​ នឹង​វិវត្ត​ទៅមុខ​ដោយសារ​នេះ​ ជា​ការពង្រឹងអំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុងខណៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ និង​ការបោះឆ្នោត​ជាតិ ​ជិតចូលមក​ដល់ ​និង​ក្នុងពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​ត្រៀមផ្ទេរ​ការដឹកនាំ​ទៅ​អ្នកជំនាន់​ក្រោយ។ រីឯ​ស្ថានភាព​នយោបាយក្នុង​ប្រទេស​ថៃ ក៏កំពុង​តែ​ប្រឈម​នឹង​ការរំជើប​រញ្ជួយ​ដោយសារ​ការតវ៉ា​ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក ​ប្រាយុទ្ធ ចាន់អូចា​ ផងដែរ៕