ការ​ដឹក​ជញ្ជូន​មួយ​តាម​ផ្លូវ​ដែក​នៅ​កម្ពុជា​បើក​ឡើង​វិញ

នៅ​រូប​ថត​ដែល​ថត​កាល​ពី​ថ្ងៃ​ពុធ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១០​នេះ​ រថភ្លើង​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​ឆ្លង​កាត់​ស្ទឹង​មួយ​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។ ក្រុមហ៊ុន​​វិនិយោគ​រួម​មួយ​របស់​អូស្ត្រាលី​ បាន​ទទួល​កិច្ចសន្យា​សម្បទាន​រយៈពេ

បន្ទាប់​ពី​ផ្អាក​អស់​រយៈ​ពេល​១ឆ្នាំ​មក​ ​ការ​ដឹក​ជញ្ជូន​មួយ​ផ្នែក​តាម​ផ្លូវ​ដែក​របស់​កម្ពុជា​ បាន​បើក​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រនេះ។​ ក៏​ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ក្នុង​ដំណាក់​កាល​ដំបូង​នេះ​ នឹង​ត្រូវ​ផ្តោត​លើ​សេវា​ដឹក​ជញ្ជូន​ទំនិញ​ប៉ុណ្ណោះ។

កំណាត់​ផ្លូវ​រថភ្លើង​ប្រវែង​១២០​គីឡូម៉ែត្រ​ក្នុង​ចំណោម​ផ្លូវ​ដែក​សរុប​ប្រវែង​៦៥០​គីឡូម៉ែត្រ​ ​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ឡើង​វិញ​ហើយ​នៅថ្ងៃ​សុក្រ​នេះ​ ដោយ​ក្រុម​មន្ត្រីជឿ​ថា​ ​វា​នឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា។

កំណាត់​ផ្លូវ​ដែក​ដំបូង​ប្រវែង​១២០​គីឡូម៉ែត្រ​ដែលត្រូវ​បាន​ជួសជុល​ឡើង​វិញ​រួច​រាល់​ហើយ​នេះ​ ​គឺ​ចាប់​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ទៅ​ឃុំ​ទូក​មាស​ក្នុង​ស្រុក​បន្ទាយមាស​ ខេត្ត​កំពត។

លោកតូច​ ចាន់​កុសល​ រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាននៅ​ថ្ងៃ​ព្រហស្បតិ៍​ ​មុន​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការនូវ​កំណាត់​ផ្លូវ​ដែក​ដំបូង​នេះ​ថា​ ​ការ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវសេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នេះ​ ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​របស់​បណ្ដា​ក្រុម​ហ៊ុន​នានា​ ​ហើយ​ក៏​ជួយ​សម្រួល​ដល់​សេវា​ដឹក​អ្នក​ដំណើរ​ក្នុង​ស្រុក​ផង​ដែរ។

«ការ​កែ​លម្អ​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវ​ដែក​របស់​កម្ពុជា​នឹង​ផ្តល់​នូវ​ជម្រើស​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ដឹក​ជញ្ជូន​សម្រាប់​ឧស្សាហ​កម្ម​ជំនួញ​របស់​កម្ពុជា​និង​អ្នក​ធ្វើ​ដំណើរ។

ប្រទេស​កម្ពុជា​បាន​ផ្អាក​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​របស់​ខ្លួន​ទាំង​ស្រុង​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ ដោយ​សារផ្លូវ​ដែក​នេះ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ពេក។

ក្នុង​ចំណោម​ផ្លូវ​ដែក​សរុប​ប្រវែង​៦៥០​គីឡូម៉ែត្រ​នេះ​ ​មាន​៣៩០​គីឡូម៉ែត្រ​លាត​សន្ធឹង​ពី​ក្រុង​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ​មក​ដល់​ទី​ក្រុង​ភ្នំពេញ​ ​ហើយ​២៦០​គីឡូ​ម៉ែត្រ​ទៀត​ ចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទី​កាន់​ក្រុង​ព្រះសីហនុដោយ​កាត់​តាម​ខេត្ត​កំពត។

ផ្លូវ​ដែក​ទាំង​មូល​នេះ​ត្រូវគ្រោង​ជួសជុល​ឡើង​វិញ​ឲ្យ​រួច​រាល់​ទាំង​អស់​នៅ​ត្រឹម​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ​ក្រោម​គម្រោង​ស្តារ​និង​ជួលជុល​ផ្លូវ​ដែក​នៅ​កម្ពុជា​ឡើងវិញ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​សរុប​១៤១​លាន​ដុល្លារ​អាមេរិក។

ក្នុង​នេះ​ ​៨៤​លាន​ដុល្លារ​ជា​ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ជាង​២១​លាន​ដុល្លារ​ជា​ប្រាក់​ជំនួយ​ឥត​សំណង​របស់​ប្រទេស​អូស្ត្រាលី​ ​ជាង​២០​លាន​ដុល្លារ​ជា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​ និង​ជិត​១៦​លាន​ដុល្លារ​ទៀត​បាន​មក​ពី​ជំនួយ​សប្បុរស​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ​ ​ចំនួន​២,៨​លាន​ដុល្លារ​ ​ហើយ​និង​មូលនិធិ ​OPEC ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ ​ហៅ​កាត់​ថា​ OFID ​ចំនួន​១៣​លាន​ដុល្លារ។

ក្រុម​ហ៊ុន​ផ្លូវ​ដែក​មួយ​របស់​ប្រទេស​អូស្រ្តាលី​ឈ្មោះ ​Toll Royal Railway ​ជា​អ្នក​ទទួល​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ស្តារ​និង​ជួសជុល​ផ្លូវ​ដែក​ទាំង​មូល​ឡើង​វិញ​ ​ហើយ​ដំណើរ​ការ​ផ្លូវ​ដែក​នេះ​ក្រោម​កិច្ច​សន្យា​រយៈ​ពេល​៣០​ឆ្នាំ។

លោក​ Kunio Senga​ អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​បាន​ថ្លែង​ថា ​ផ្លូវ​ដែក​ថ្មី​នេះ​នឹង​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​កម្ពុជា​ តាម​រយៈ​ការជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ដឹកទំនិញ​ ឬរបស់​ប្រើប្រាស់​សំខាន់ៗ​ដែល​គ្រួសារ​កម្ពុជា​ក្រីក្រ​ពឹង​អាស្រ័យ​ទៅលើ​នោះ។

«ក្នុង​ទ្រង់​ទ្រាយ​ធំ​ជាង​នេះ​ ​ការ​បើក​ឲ្យ​ដំណើរ​ការ​ផ្លូវ​ដែក​ថ្មី​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ផ្លូវដែក​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​ដែល​គេ​រង់​ចាំ​ជា​យូរ​មក​ហើយ​នោះ»។

បណ្ដាញ​ផ្លូវ​ដែក​កម្ពុជា​ត្រូវ​បាន​សាងសង់​និង​ដាក់​ឲ្យ​ដំណើរ​ការ​ជា​លើក​ដំបូង​បំផុត​ នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩២០​ ជា​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណានិគមន៍​និយម​បារាំង​នៅ​ឡើយ។

រហូត​ដល់​ឆ្នាំ​១៩៦៩​ ​ទើប​បណ្ដាញ​ផ្លូវ​ដែក​ទាំង​មូល​នៅ​ក្នុង​ប្រទេស​ ​ត្រូវ​បាន​សាងសង់​រួច​រាល់។ ​នៅ​ក្នុង​ឆ្នាំ​នោះ​ សេវា​ដឹក​ជញ្ជូន​តាម​រថភ្លើង​នេះ​មាន​សកម្ម​ភាព​មមាញឹក​ខ្លាំង​បំផុត​ ដោយ​បាន​ដឹក​អ្នក​ដំណើរ​ចំនួន​ជាង​២លាន​នាក់​និង​ទំនិញ​ចំនួន​៣៥៤​០០០តោន​ ​នេះ​បើ​យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ទស​វត្សរ៍​១៩៧០​ដែល​អូស​បន្លាយ​ពេល​អស់​ជិត​៣០​ឆ្នាំមក​ ​បណ្ដាញ​ផ្លូវ​ដែក​របស់​ប្រទេស​នេះ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ​ជា​ពិសេស​គឺ​នៅ​ក្នុង​អំឡុង​ទស​វត្សរ៍​១៩៨០​ ដែល​នៅ​ពេល​នោះ​ ​ផ្លូវ​ដែក​ត្រូវ​បាន​គេ​ដាក់​មីន​បំផ្លាញ​ចោល​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​រវាង​កងទ័ព​រដ្ឋា​ភិបាល​និង​កងទ័ព​ព្រៃ​របស់​ខ្មែរ​ក្រហម។

លោក​ Wayne Hunt​ ប្រធាន​ក្រុម​ហ៊ុន​ផ្លូវ​ដែក​ Toll ​ដែល​ទទួល​បន្ទុក​លើ​ការ​ជួសជុល​ ថែទាំ​និង​ដំណើរ​ការ​ផ្លូវ​ដែក​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ​ការ​កសាង​បណ្ដាញ​ផ្លូវ​ដែក​នេះ​មិន​ត្រឹម​តែ​សំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ថែម​ទាំង​បើក​ចំហ​ដល់​បណ្ដាញ​ផ្លូវ​ដែក​ចាប់​ពី​ប្រទេស​សាំងហ្គាពួរ​ (Singapore)​ រហូត​ដល់​ប្រទេស​ចិន​ថែម​ទៀត​ផង។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក ​Wayne Hunt ​បាន​បញ្ជាក់​បន្ថែម​ថា​ នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ដំណើរ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នេះ​ អត្ថិភាព​ចម្បង​របស់​ក្រុមហ៊ុន​របស់​លោក​គឺ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ ​ជាជាង​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ៕