ក្រុមបាតុករខ្មែរមកពីប្រទេសអាមេរិក កាណាដា និងបារាំង ធ្វើបាតុកម្មនៅរដ្ឋធានី វ៉ាស៊ីនតោនដើម្បីទទូចឲ្យស.រ.អា និងសហគមន៍អន្តរជាតិបន្ថែមសម្ភាធលើរដ្ឋាភិ បាលកម្ពុជា ដើម្បីស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ។ ក្រុមបាតុករធ្វើការតវ៉ាប្រកបដោយក្តីសង្ឃឹមខ្លាំងជាងពេលមុនៗ នៅពេលសហភាពអឺរ៉ុប ដែលបានប្រកាសយកពន្ធនោះកំពុងដំណើរការដកឋានៈអនុគ្រោះពន្ធ «រាល់មុខ ទំនិញលើក លែងសព្វាវុធ»(EBA) ពីប្រទេសកម្ពុជា ហើយសមាជិកសភាអាមេរិក ពីររូបកំពុងធ្វើសេចក្តីស្នើ«ច្បាប់ពាណិជ្ជកម្មកម្ពុជា» ដើម្បីពិនិត្យមើលឡើងវិញលើ ឋានៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យកម្ពុជាជាថ្មីកាលពីដើមឆ្នាំ២០១៨។
ពលរដ្ឋខ្មែរ និងសកម្មជន មកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសបារាំង ជាច្រើនរយនាក់ បានធ្វើបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ទី១៩ ខែមករា ដើម្បីទាមទារឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឡើង វិញ។
នៅមុខវិមានរដ្ឋសភានិងសេតវិមាន ក្រុមបាតុករទាមទារជាច្រើនចំណុចរួមទាំងឲ្យ មានការដោះលែងលោក កឹម សុខា និងដាក់ឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដំណើរការឡើងវិញ ផ្តល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ បោះឆ្នោតឡើងវិញ ហើយនឹងផ្តល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីសង្គ្រោះជាតិ១១៨នាក់ឡើងវិញផងដែរ។
ក្រុមពលរដ្ឋដែលកាន់បដា ប្រដាប់បំពងសម្លេង បានស្រែកតវ៉ាម្តងម្នាក់ៗ ប្រឆាំងនឹង រដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតមួយ ដែលក្រុមបាតុករចាត់ទុកថា មិនអាចទទួលយកបានដោយសារតែគ្មានគណបក្សសង្គ្រោះជាតិចូលរួម។
លោក យ័ប គឹមទឹង ប្រធាន សមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិប តេយ្យ ដែលបានចូលរួមធ្វើបាតុកម្មផងនោះ បានថ្លែងថាការមិនធ្វើតាមសហគមន៍ អន្តរជាតិរឿងស្តារប្រជាធិបតេយ្យ ដូចជាការដោះលែងលោក កឹម សុខា បោះឆ្នោត ឡើងវិញ ហើយឲ្យសង្គ្រោះជាតិដំណើរការឡើងវិញនោះ គឺនឹងត្រូវប្រឈមមុខ ជាមួយសម្ពាធពីអន្តរជាតិ។
«បើមិនអញ្ចឹងទេ អន្តរជាតិនឹងកៀបសង្កត់លោកហ៊ុន សែន ហើយកុំបន្ទោស អន្តរជាតិកៀបសង្កត់លោក ហ៊ុន សែន អំពើហ្នឹងមកពីលោកហ៊ុន សែន ធ្វើផ្ទាល់ខ្លួនរបស់គាត់ទេ»។

លោក យ័ប គឹមទឹង ប្រធាន សមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)
លោក បានលើកឡើងប្រទេសក្រីក្រមួយចំនួនដូចជាវ៉េណេស៊ុយអេឡា ដែលរង ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ បានធ្វើឲ្យប្រទេសក្រីក្រដោយសារតែមិនព្រមស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ បានថ្លែងលើក ទឹកចិត្តបាតុករនិងរៀបរាប់ពីការតស៊ូទៅមុខទាំងក្នុងនិងក្រៅប្រទេស របស់ក្រុម ជំទាស់ហើយនឹងអន្តរាគមន៍របស់សហគមន៍អន្តរជាតិ ក្នុងការទាមទារឲ្យមានការ ដោះលែងលោក កឹម សុខា បោះឆ្នោតឡើងវិញ ផ្តល់តំណែងដល់មន្ត្រីសង្គ្រោះជាតិ និង ធ្វើឲ្យរស់ឡើងវិញនៅគណបក្សសង្គ្រោះជាតិ។
«ដរាបណាសង្គ្រោះជាតិ រស់ឡើងវិញ យើងនឹងប្រកួតប្រជែង សង្គ្រោះជាតិនឹងទៅ ដឹកនាំរដ្ឋ ដូចការគ្រោងទុកហើយបងប្អូន»។
រូបឯកសារ៖ លោក ឡុង រី (ស្តាំបង្អស់) អតីតអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ និងលោកកឹម សុខា (កណ្តាល) និងសមាជិកគណបក្សប្រឆាំងមួយចំនួនទៀត នៅពេលធ្វើសកម្មភាពឃោសនាយោបាយក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ (រូបថតដកស្រង់៖ ទំព័រហ្វេសប៊ុករបស់លោក Ry Long)
លោក ឈុំ សេរីសុខុម បាតុករមកពីរដ្ឋន៍ខារ៉ូឡាញណា (North Carolina) បានចូលរួម តវ៉ានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយចង់ឃើញរដ្ឋាភិបាលអាមេរិកជំរុញថែមទៀត រឿងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។
«ទី១ គឺមកប្រាប់ជាពិសេសរដ្ឋាភិបាលអាមេរិកាំង ដែលយើងធ្វើបាតុកម្មនេះ នៅនឹង មុខវិមានរដ្ឋសភា (Capitol Hill) ចង់ទាមទារ៥ចំណុច ក៏ប៉ុន្តែខ្ញុំនិយាយតែមួយចំណុច ទេ គឺចង់ឲ្យដោះលែងលោកកឹម សុខា ឲ្យរួចពីទោសពៃរ៍ កំហុស ឲ្យលោកចេញមក ដឹកនាំគណបក្សសង្គ្រោះជាតិវិញ»។
លោក សេរីសុខុម មានជំនឿលើក្រុមជំទាស់ថាអាចនឹងមានជោគជ័យបានដោយ មានការគាំទ្រទាំងជាតិនិងអន្តរជាតិ បើពួកគេសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ ជាពិសេសក្រុមប្រជាធិបតេយ្យ។
«ឲ្យតែខ្មែរសាមគ្គី មហាគ្រួសារខ្មែរតែមួយ ១០០ ភាគរយត្រូវតែបានសម្រេច ហើយ ជាតិ និងអន្តរជាតិគេនឹងមិននៅស្ងៀមជាដាច់ខាត សំខាន់បំផុតគឺយើងជាម្ចាស់ ប្រទេស ជាប្រជាជនលោហិតតែមួយ សាមគ្គីជាធ្លុងមួយ គឺអ្វីៗនឹងឯកភាព និងបាន ការផ្លាស់ប្តូរ»។
ឈុំ សេរីសុខុម មកពីរដ្ឋន៍ខារ៉ូឡាញណា ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)
អ្នកស្រី ភន ហម បាតុករមកពីរដ្ឋភេនស៊ីលវីនៀចង់ឃើញសម្ពាធពីស.រ.អា.និង អ.ស.ប និងសហគមន៍អន្តរជាតិថែមទៀតដើម្បីស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស នៅកម្ពុជា។
«ខ្ញុំចង់ឃើញអង្គការសហប្រជាជាតិជួយដាក់សម្ពាធ ជាអី ឲ្យជួយខ្មែរហ្នឹងឲ្យបានរួច ផុតពីក្រញាំដៃផង»។
ភន ហម មកពីរដ្ខភេនស៊ីលវីនៀ ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)
លោក អ៊ិន ខុម បាតុករមកពីប្រទេសកាណាដា ប្តេជ្ញាជួយទាមទារឲ្យទទួលបាន ជោគជ័យ ទោះបីជាសហគមន៍អឺរ៉ុបនិងស.រ.អា. អន្តរាគមន៍បានជោគជ័យឬមិន ជោគជ័យក្តី។
«ថ្វីត្បិតតែយើងបានមករស់នៅកន្លែងទីនេះ បានសុខស្រួលក៏ពិតមែន តែយើងមិន អាចសម្លឹងឃើញមាតុភូមិរបស់យើងដែលកំពុងជ្រេទៅរកជ្រោះមរណៈបានជាដាច់ ខាត។ អីចឹងយើងប្តេជ្ញាថា យើងនឹងធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីជាតិមាតុភូមិ របស់ពួកយើង»។
អុិន ខុម មកពីប្រទេសកាណាដា ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)
លោក ចង់ឲ្យកម្ពុជាប្រែក្លាយជាការរៀបចំដឹកនាំប្រទេសតាមសន្ធិសញ្ញាទីក្រុងប៉ារីស មានការគោរពសិទ្ធិមនុស្ស ប្រជាធិបេតយ្យ សេរីនិយមពហុបក្សពិតប្រាកដ។
អ្នកស្រី ជា ហ្គេចឡាង ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ៍ញ៉ាទាមទារឲ្យមានការស្តារប្រជាធិប តេយ្យ ឡើងវិញ ការដោះលែងលោក កឹម សុខា ផងនោះ បានអះអាងពីក្តីសង្ឃឹមលើ សហគមន៍អន្តរជាតិ។
«សម្រាប់នាងខ្ញុំគឺ១០០ ភាគរយហើយពីព្រោះនេះគឺជាសញ្ញាវិជ្ជមាន សញ្ញាអនុវត្តន៍ ដូច្នេះពួកយើងទាំងអស់គ្នាគឺនឹងបានជោគជ័យនៅក្នុងពេលឆាប់ៗ ពីព្រោះសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិកគេកំពុងតែដំណើរការ អញ្ចឹងមានន័យថាគឺជាអ្វីដែលយើង ត្រូវការ ដូច្នេះបងប្អូនទាំងអស់គ្នា យើងនឹងបានជោគជ័យនៅក្នុងពេលខាងមុខនេះ»។
ជា ហ្គេចឡាង ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ៍ញ៉ា ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)
ក្តីរំពឹងរបស់ក្រុមបាតុករឡើងខ្ពស់ដូច្នេះ កើតឡើងក្រោយពេល សហភាពអឺរ៉ុបដែល ទើបសម្រេចកំណត់យកពន្ធអង្ករកម្ពុជាផងហើយក៏កំពុងតែដំណើរការដកឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងសព្វាវុធ(EBA)» ពីប្រទេសកម្ពុជាផង។បន្ថែមលើនេះទៀតព្រឹទ្ធសភាស.រ.អា.ចំនួនពីររូប គឺលោក ថេត គ្រូ(Ted Cruz) នៃគណបក្ស សាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និង លោកគ្រីស ឃូន (Chris Coons) សមាជិក ព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋឌែលឡាវែបានស្នើ«ច្បាប់ពាណិជ្ជកម្ម កម្ពុជា» ដើម្បីតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំធ្វើការពិនិត្យមើល ឡើងវិញលើឋានៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យ កម្ពុជាជាថ្មីកាលពីដើមឆ្នាំ២០១៨។
ទោះជាក្រុមបាតុករ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្វើតាមការទាមទារ របស់សហគមន៍អន្តរជាតិ ដូចជាស.រ.អា.និង សហភាពអឺរ៉ុបទាក់ទងនឹងការស្តារ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សពិតប្រាកដ ដើម្បីបញ្ចៀសទណ្ឌកម្មក្តី តែលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ប្រកាសជារឿយៗថាលោកមិនអាចយកអធិបតេយ្យភាពកម្ពុជា ដូរនឹងជំនួយបានទេ។