លោកប្រធានរដ្ឋសភា ហេង សំរិន បានផ្តល់អនុសាសន៍ដល់ឯកអគ្គរដ្ឋទូតកម្ពុជា តែងតាំងថ្មី ឱ្យពន្យល់ប្រទេសនានា ពីគោលបំណងឈ្លានពានរបស់ប្រទេសថៃមកលើទឹកដីកម្ពុជា។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
លោក ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃអង្គារនេះ បានទទូចដល់ឯកអគ្គរាជទូតកម្ពុជា តែង តាំងថ្មីចំនួន៣រូប ឱ្យខិតខំប្រឹងប្រែងពន្យល់ប្រទេសនានា ឱ្យយល់ពីគោលបំណងឈ្លានពានរបស់ប្រទេសថៃមកលើទឹកដីកម្ពុជានៅតំបន់ក្បែរប្រាសាទព្រះវិហារ។
ការកត់សម្គាល់របស់លោកហេង សំរិន បានធ្វើឡើងនៅក្នុងអំឡុងពេលជួបជាមួយឯកអគ្គរាជ ទូតកម្ពុជាតែងតាំងថ្មីចំនួន៣រូបទៅកាន់ប្រទេសរុស្ស៊ី ប្រទេសគូបា និងប្រទេសហ្វីលីពីន។
លោកស្រី ហៃ សុន្នារិន្ទ ប្រធានផ្នែកកិច្ចការប្រទេសនិយាយភាសាបារាំងនៃក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅប្រទេសគូបាជំនួសលោកប្រេសម៉ានូឡា។ លោកថៃ វណ្ណា ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅសហព័ន្ធរុស្ស៊ី ជំនួសលោក ខៀវ ថវិកា និងលោក ហើស សេរីធន ប្រធាននាយកដ្ឋានកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអាស៊ាន ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅប្រទេសហ្វីលីពីន ជំនួសលោក អ៊ិន ម៉យ។
កងទ័ពកម្ពុជា និងថៃបានប្រឈមមុខដាក់គ្នានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ និងបានវ៉ាយប្រយុទ្ធគ្នាជាច្រើនលើកដែលបានសម្លាប់កងទ័ពយ៉ាងតិច៨នាក់ បន្ទាប់ពីប្រាសាទ ព្រះវិហារត្រូវបានចុះនៅក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោករបស់អង្គការ Unesco នៅក្នុងខែ កក្កដា ឆ្នាំ២០០៨។
ប្រទេសកម្ពុជា និងប្រទេសថៃ បានឈ្លោះដណ្តើមដីទំហំ ៤,៦ គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទ ព្រះវិហារ។
លោកហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់យោបល់ដល់ឯកអគ្គរាជទូតតែងតាំងថ្មីឱ្យពន្យល់ ប្រាប់ប្រទេសជាមិត្តនិងអង្គទូតនានា ពីការឈ្លានពានរបស់ប្រទេសថៃលើទឹកដីកម្ពុជា នៅតំបន់ ប្រាសាទព្រះវិហារ។
លោកថៃ វណ្ណា ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅសហព័ន្ធរុស្ស៊ី បានបញ្ជាក់ ប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីជំនួបជាមួយលោកហេង សំរិនថា យើងនឹងយកអនុសាសន៍ ដ៏មានសារៈប្រយោជន៍របស់លោក ហេង សំរិន ទៅពន្យល់ប្រទេសជាមិត្ត ប្រទេសតាំងនៅ និងអង្គទូតនានា ឱ្យយល់ពីគោលបំណងឈ្លានពានយកទឹកដីរបស់យើង ពីសំណាក់ប្រទេសថៃ នៅតំបន់ប្រាសាទព្រះវិហារ។
"សម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថា តួនាទីរបស់យើងខ្ញុំនេះ ខិតខំពន្យល់ឱ្យគេយល់ពី សភាពការណ៍ព្រំដែនជាមួយប្រទេសថៃ។ (យើង)ពន្យល់ប្រទេសជាមិត្ត ប្រទេសតាំងនៅ និងអង្គ ទូតនានាឱ្យយល់ពីថៃ ដែលមានបំណងចង់ឈ្លានពានយកទឹកដីរបស់យើង នៅតំបន់ព្រះវិហារ ដោយយោងលើប្រវត្តិសាស្ត្រ សេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ ផែនទី និងឯកសារច្បាស់លាស់"។
លោកថៃ វណ្ណា បានបន្តថា អនុសាសន៍របស់លោក ហេង សំរិន មានសារៈសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា ដែលមានតួនាទីការពារផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោកថៃ វណ្ណា បានបន្ថែមថា យើងនឹងយកអនុសាសន៍នេះទៅអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។ យើងនឹងខិតខំបំពេញការងារឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតបម្រើផលប្រយោជន៍ របស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.៕