យោធា​កម្ពុជា​ប្រកាស​ផែនការ​ឈប់​បាញ់

រថយន្ត​យោធា​ខ្មែរ​មួយ​ដែល​មាន​ផ្ទុក​គ្រាប់​រ៉ឺកែត BM-21 បើក​នៅ​ជិត​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១១។ ​មន្ត្រី​យោធា​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ឈាន​ដល់​កិច្ច​ព្រ

មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ស្វាគមន៍​បទ​ឈប់បាញ់​គ្នា​នៅថ្ងៃព្រហស្បតិ៍​នេះ​ដែល​ត្រូវ​បាន​ព្រម​ព្រៀង​គ្នា​ដោយ​មេ​បញ្ជាការ​ជាន់​ខ្ពស់កងទ័ព​កម្ពុជា​ និ​ង​ថៃ នៅ​តំបន់​ប្រយុទ្ធ​គ្នា​ ដោយ​រំពឹង​ថា បទ​ឈប់​បាញ់​គ្នា​នេះ​នឹង​ជួយ​សម្រួល​ដល់​ជំនួប​ចរចា​នៃ​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ។ បទ​ឈប់​បាញ់​គ្នា​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធគ្នា​យ៉ាង​ចាស់​ដៃ​អស់​រយៈពេល​ប្រាំពីរ​ថ្ងៃ​រហូត​ទល់​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មាន​ប្រសាសន៍​ថា​ កម្ពុជា​ត្រូវ​ការ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​តាម​មធ្យោបាយ​ចរចា។ ប៉ុន្ដែ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដោយ​កងទព័​ជួរ​មុខ​នេះ​នៅ​មិនទាន់​មាន​ការកំណត់​កាលបរិច្ឆេទ​ជួប​គ្នា​ឲ្យ​ច្បាស់លាស់​រវាង​មេ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរនៅ​ឡើយទេ។ លោក​គួង​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«បទ​ឈប់​បាញ់ជា​បំណង​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​យើង ដែល​ចង់​ឲ្យ​តំបន់​ព្រំដែន​មាន​សន្តិភាព​ ដើម្បី​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​បាន»។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក​គ្រោង​នឹង​ធ្វើ​ការ​ចរចា​ទល់មុខ​ជាមួយ​សមភាគី​របស់​លោក គឺលោក អាភីស៊ីប វិចាជីវ៉ា ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ កិច្ច​ប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ ទី៧ ​និងទី៨​ខែ ឧសភា ​ខាងមុខ​នេះ។

ក្នុង​ពេល​នោះ​ដែរ​រដ្ឋមន្រ្ដី​ការបរទេស​ថៃ ​លោក​ កាស៊ីត ភីរម្យ (Kasit Pirumya) បាន​ទូរសព្ទ័​សុំ​ជួប​ចរចា​ជាមួយ​សមភាគី​កម្ពុជា​ លោក​ ហោ ណាំហុង​ កាលពីថ្ងៃសៅ​រ៍សប្ដាហ៍​មុន​ ក៏​ប៉ុន្ដែ​លោក​ហោ ណាំហុង ​មិនអាច​ជួប​បាន​ដោយសារ​តែ​លោកជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ដោយ​ឡែក​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ លោក​ ប្រាវិត វុងស៊ុវុន (Prawit Wongsuwon) ក៏​បាន​ស្នើ​សុំ​ជួប​ចរចា​ជាមួយ​លោក ទៀ បាញ់ ​រដ្ឋ​មន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ផងដែរ​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នៃ​ការ​ឈប់​បាញ់​គ្នា ​ក៏​ប៉ុន្ដែ​សំណើ​នោះ​ត្រូវ​ខកខាន​ដោយសារ​តែ​លោក ប្រាវិត ត្រូវ​ចេញ​ទៅ​បំពេញទស្សនកិច្ច​នៅ​ចិន។

លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​ផង​ដែរថា​ រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ជួប​គ្នា​នៅ​ឡើយ​ទេ។

លោក​ កុយ គួង​ ជឿថា​ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​អាច​នឹង​ជួបគ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។ លោក គួង​បាន​បញ្ជាក់​ថា៖

«លទ្ធភាព​ដែ​លអាច​ជួប​គ្នា​បាន​នោះ​ គឺ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ រវាង​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ ឯកឧត្តម ហោ ណាំហុង ​និង​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ ​ឯកឧត្តម​ កាស៊ីត ភីរម្យ ព្រមទាំង​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូនេស៊ី។ ហើយ​លទ្ធភាព​មួយ​ទៀត​ អាច​ជួប​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​មុននឹងកិច្ចប្រជុំ​កំពូល​អាស៊ាន។ សម្តេច​តេជោ ​លោក​បា​នបញ្ជាក់​ហើយ​ដែរ​ថា​អាភីស៊ីត ​វិច្ចាជីវ៉ា សុំ​ជួប​ចរចា​ជាមួយ​លោក​នោះ​ លោក​នឹង​អាច​លើក​ចំពោះ​មុខ​ប្រមុខ​ដឹកនាំ​អាស៊ាន​ដទៃ​ទៀតដែរ»។

ទោះ​ជា​បែប​នេះ​ក្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារជាតិ​ថៃ​មួយរូប​ លោក​វរសេនីយ៍​ឯក សានសឺន កែវកំណើត (Sansern Kaewkamnerd) បាន​ប្រាប់​វីអូអេ​ សំឡេងសហ​រដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​បាងកក​ថា ​នៅ​មិន​ទាន់​មា​នរបាយការណ៍​ជា​ផ្លូវការ​នៃ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ពី​មេបញ្ជាការ​កងទព័​ដែល​បាន​ដឹកនាំ​ការ​ចរចា​គ្នា​នោះ​ទេ។

លោក​ឧត្តមសេនីយ៍ទោ​ ជា ម៉ន​ ប្រធាន​យោធាភូមិភាគ​តំបន់​៤ ​បាន​ចរចារ​អស់​រយៈពេល​១ម៉ោង៤៥​នាទី នៅ​តំបន់​អូរស្មាច់​កាលពី​វេលា​ថ្ងៃ​ត្រង់​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ជាមួយ​លោក​ឧត្តសេនីយ៍​ សវត្ថិឆៃ សាមុត សាខន​ មេបញ្ជាការ​យោធា​ភូមិភាគី​២​របស់​ថៃ ​និង​លោក​ឧត្តមសេនីយ៍​វ៉ាវ៉ាលីត​ មេ​បញ្ជាការ​កងពល​ថ្មើ ជើង​លេខ៦​របស់​ថៃ។ មេបញ្ជាការ​យោធា​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​ឈប់បាញ់​គ្នា​ចាប់​ពី​ពេលនេះ​តទៅ​ដោយ​ពុំមាន​ការចល័ត​កងទព័​ចេញពី​ទីតាំង​ឈរជើង​នោះទេ។

កម្ពុជា​ និងថៃ ​ដែលមាន​ទំនាស់​ព្រំដែន​ជាមួយគ្នាយ៉ាង​តានតឹងចាប់តាំង​ពី​ខែ ​កក្កដា ​ឆ្នាំ ២០០៨​មក​នោះ ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​យ៉ាងខ្លាំងក្លា​ក្នុង​រយៈ​ប្រាំពីរថ្ងៃ​មក​នេះ។ មាន​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​បាន​កើន​យ៉ាងតិច​ចំនួន​១៥នាក់​សម្រាប់​ភាគី​ទាំងពីរ។ ជន​ស៊ីវិល​យ៉ាង​តិច​ចំនួន​៦៦.០០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ៕