ពលករកម្ពុជា​នៅថៃ​ប្រឈម​ហានិភ័យ​កូវីដ​និង​ចំណូល​ធ្លាក់​ចុះ

រូបឯកសារ៖ ពលករចំណាកស្រុកម្នាក់បង្ហាញបណ្ណការងារ នៅមណ្ឌលធ្វើតេស្តរកជំងឺកូវីដ១៩ ក្នុងខេត្តផាថុមថានី (Pathum Thani) ប្រទេសថៃ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

ភ្នំពេញ — នៅ​ថ្ងៃអង្គារ​នេះ លោក ​ជឹម ចេង ដែល​កំពុង​បម្រើ​ការងារ​នៅ​រោង​ចក្រ​ផលិត​សាច់នៅ​ខេត្ត​សារបុរី​ (Saraburi) ប្រទេសថៃ​ជាង​បី​ឆ្នាំហើយនោះ​ សុំច្បាប់​ថៅ​កែ​រោង​ចក្រ​របស់​លោក​សម្រាក​មួយព្រឹក ដើម្បី​សម្អាតបន្ទប់​ស្នាក់​នៅ និងឆ្លៀត​ជិះកង់​ទៅ​ផ្ញើលុយជូនម្តាយ​នៅ​កម្ពុជា។

លោក ជឹម ចេង​ ​ផ្ញើប្រាក់​ប្រមាណ​ ៦ពាន់បាត ​(ឬ​៨០ម៉ឺនរៀល)​ ក្នុង​មួយខែ​ ជូន​ម្តាយ​ដែល​រស់នៅ​ស្រុកភ្នំព្រឹក​ខេត្ត​បាត់​ដំបង ឲ្យ​ផ្គត់​ផ្គង់​ចិញ្ចឹម​កូនប្រុស​លោក​មាន​អាយុ ៣ឆ្នាំ។​

បុរសវ័យ​ ២៦ឆ្នាំ រូបនេះ​លើក​ឡើង​ថា ស្ថានភាព​នៃការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​ថៃ បាន​បង្ខំ​ឲ្យពលករខ្មែរ​ដែល​រស់នៅ​តំបន់​ដែល​លោក​ធ្វើការ​ ចាក​ចេញ​ទៅ​ស្រុកកំណើត​វិញ​អស់​សឹង​តែ​ពាក់​កណ្តាល​ ហើយ​រោងចក្រ​ខ្លះក៏​ត្រូវ​បង្ខំ​បិទ​ទ្វារ។

តែ​រូប​លោក​និងភរិយាដែល​មានវ័យ​ ២៣ឆ្នាំ ទ្រាំ​បន្ត​រស់នៅ​ធ្វើ​ការនៅ​ប្រទេស​ថៃ​ ដោយសារ​ចង់​បន្ត​រក​ចំណូល។

លោក ​ជឹម ចេង​ ថ្លែង​ប្រាប់វីអូអេ​តាម​ទូរសព្ទ​ថា៖ «អារម្មណ៍​ចង់ទៅ​ផ្ទះ​នឹងគេ​ដែរ​តែគិតទៅ​ យើង​ទៅ​ផ្ទះយើង​អត់​ការងារ​ធ្វើ​ដូចខ្ញុំ​និយាយខាង​ដើមអីចឹង។ ឃើញគេ​ទៅ​ អារម្មណ៍​យើងចង់​ទៅ​ដែរ​នឹកកូន ​នឹក​ម៉ែ នឹកប៉ា​ដែរបង»។

ពលករ​កម្ពុជាដែល​បន្តរស់​នៅក្នុង​ប្រទេសថៃ​ ដូចជា​លោក​ ជឹម ចេង​ និង​ភរិយា​ ត្រូវប្រឈមនឹងសម្ពាធ​សេដ្ឋកិច្ច​និងក្ដី​បារម្ភ​អំពី​ហានិភ័យ​សុខភាព ​ខណៈ​ប្រទេស​ថៃកំពុង​ប្រឈមនឹង​ការផ្ទុះឆ្លង​ជំងឺ​កូវីដ​១៩​ ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ​ដែល​រាតត្បាត​ខ្លាំងពី​ពាក់​កណ្ដាល​ខែធ្នូ​មក។

ពេញមួយ​ថ្ងៃអង្គារ​នេះ​ ប្រទេស​ថៃ​ប្រកាស​អំពី​ករណី​ឆ្លង​ថ្មី ៩០០​ករណី ​ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​១៤.៦៤៦ករណី​ និង​ស្លាប់​យ៉ាង​ហោច​ ៧៥​នាក់។​ ខេត្ត​ចំនួន​ប្រាំ​នៅ​ថៃ គឺ​សមុទ្រសាខន (Samut Sakhon) រយ៉ង់ (Rayong) ជុនបុរី (Chonburi) ចន្ទបុរី (Chanthaburi) និងត្រាត (Trat) ត្រូវបាន​រឹតបន្តឹង​ក្នុងការ​ធ្វើដំណើរ។

ស្ថិតិ​ដែល​ផ្ដល់ដោយ​លោក​ឧត្ដម​សេនីយ៍ឯក ​កែវ វណ្ណថន ​អគ្គនាយករង​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​កម្ពុជា​ បង្ហាញ​ថា​ ចាប់​ពី​ថ្ងៃទី​២០ ​ខែធ្នូ​មក ​ដល់​ថ្ងៃទី២៥ ​ខែមករា​នេះ ​មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ៨.០៣១នាក់​ហើយ​ ដែល​បាន​ឆ្លង​ព្រំដែន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជា​វិញ។

រូបឯកសារ៖ មន្ត្រីប៉ូលិសពិនិត្យរថយន្តឆ្លងព្រំដែនខេត្ត ក្នុងអំឡុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងខេត្តផាតានី (Pattani) ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

ការភ័យ​ខ្លាចជំងឺ​កូវីដ១៩​ និងវិធានការ​រឹត​បន្តឹង​លិខិត​ស្នាមរបស់​ថៃ​នាពេល​កន្លងមក ​បានធ្វើឱ្យ​ពលករ​ខ្មែរ​ជាច្រើនចាកចេញ​មក​ប្រទេស​ខ្លួនវិញ។​ នេះ​បើ​យោង​តាម​លោក​ សឿម ប៊ុនរិទ្ធ អភិបាល​រង​ខេត្ត​បាត់ដំបង។

មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ជាប់​ព្រំដែន​ថៃ​រូបនេះ​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំបានសួរ​នាំគាត់​ហើយ​ ទី១​គាត់ថា​ គាត់​នឹក​ផ្ទះ​សម្បែង​ ទី២ គាត់​មាន​ធុរៈ​ក្នុង​គ្រួសារ​ ដូច​ថា​ឪពុក​ម្តាយ​ឈឺ ឬ​គាត់​នឹក​កូន​ចៅគាត់​ ហើយ​អ្នកខ្លះ​គាត់ថា​ មករៀបការ​ញាតិ​មិត្ត។ ហើយ​អ្នក​ខ្លះ​ទៀត​គាត់​ថា ​អត់មាន​ការងារ​ធ្វើ​នៅ​ហ្នឹង ដល់​ពេល​មាន​បញ្ហា​កូវីដ​ស្រុក​គេ​អត់​ការងារ​ធ្វើ​ មិន​ដឹង​នៅ​ធ្វើ​អី​ត្រូវ​តែ​មក»។

លោក​ លឹង សុផុន​ មន្ត្រីអង្គការ​សង់ត្រាល់​បានឱ្យ​ដឹង​ថា​ ពលករ​ខ្មែរ​ដែលនៅ​ថៃ​រង​ការ​លំបាក​លើ​ការចំណាយ​បន្ថែមជា​ច្រើន ដើម្បី​បន្តការស្នាក់នៅ​រួមមាន​ទាំងការ​ពន្យារ​សុពលភាព​លិខិត​ឆ្លងដែន​និង​ទិដ្ឋការ​ការ​ចំណាយលើ​ការ​ពិនិត្យ​កូវីដ ​មុន​ចូល​ធ្វើការ​កន្លែង​ថ្មី​ជាដើម​ ប្រសិន​ករណី​រោង​ចក្រ​ពួកគេកាត់​បុគ្គលិក​និង​ប្តូរ​ទៅ​រោងចក្រ​ផ្សេង។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ប្រចាំការ​នៅ​ប្រទេស​ថៃ​រូបនេះ​ថ្លែង​ថា​ ការណ៍​ទាំង​នោះ​ជំរុញ​ឲ្យ​ពលករ​ជ្រើស​រើស​មក​ស្រុក​វិញ។

«មួយ​ទៀតពលករ​ដែល​មិន​ស្រប​ច្បាប់​ថៅ​កែ​អត់ទទួល​ខុសត្រូវទេ។ អាជ្ញាធរ​ខ្លះ​ប៉ូលិស​តាម​តំបន់​ផ្សេងៗខ្លះ​ បាន​ចុះ​ត្រួត​ចុះ​ពិនិត្យ​រឹតបន្តឹង​នរណា​ដាច់​ប៉ាស្ព័រ​អី​ គេចាប់​ផាកពិន័យ។ ដោយ​សារ​អាជ្ញាធរ​ថៃ​រឹត​បន្តឹង​អញ្ចឹង​ បានធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់ពាន់​រយនាក់​ចុះ​មក​ប្រទេស​កំណើត​វិញ»។

គិត​ត្រឹម​ព្រឹក​ថ្ងៃអង្គារ​នេះ ក្នុង​ចំណោម​ពលករ​កម្ពុជា​ទាំង​ជាង ​៨ពាន់នាក់ ​ដែល​ទើប​ធ្វើ​មាតុភូមិ​និវត្តន៍​ជា​បន្តបន្ទាប់​នោះ​ មាន​ ៨៧​នាក់​ ត្រូវបាន​រកឃើញ​ថាមាន​ផ្ទុក​វីរុស​កូវីដ១៩។

ពលករ​ខ្មែរ​ដែលកំពុង​បន្តធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ប្រាប់​វីអូអេ​ថា​ ពួកគេ​បារម្ភ​អំពីបញ្ហា​ជីវភាព​ ដោយ​សារ​តែស្ថានភាព​សេដ្ឋកិច្ច​ថៃ​មិនល្អនៅ​ទីនោះ និង​បរិមាណ​ការងារ​ធ្លាក់ចុះ​ខ្លាំង។

អ្នកស្រី​ សុខ ស៊ីណាត​ អាយុ​ ៣២ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​និង​ធ្វើការ​នៅ​រោងចក្រ​ផលិតទឹក​ម្នាស់​ប្រអប់​នៅ​ខេត្តរយ៉ង​ ស្ថិត​ក្នុងចំណោម​ខេត្ត​ដែល​មានការ​រឹតបន្តឹង។​

ពលករ​ចំណាក​ស្រុក​ទៅ​ពីខេត្ត​ប៉ៃលិន​រូប​នេះ ប្រាប់​វីអូអេ​ថា​ ចំណូល​របស់​ស្រី​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល ដែល​ឥឡូវ​អ្នក​ស្រី​រក​បាន​តែ ​៦ពាន់បាត ​(ឬ៨០ម៉ឺនរៀល) ក្នុងមួយខែ។​

«ដោយសារ​គេបិទ​ផ្អាក​ការងារ​មួយខែ​ ពីរខែ​ដោយសារ​កូវីដ​អញ្ចឹង​ណា។ ដល់​អញ្ចឹង​[ពលករ​] អត់​នៅ​គាត់ទៅ​រក​កន្លែង​ផ្សេង។ រោងចក្រ​ដែល​ខ្ញុំនៅ​ក៏អញ្ចឹង​ដែរ​ ដូចថា​កូវីដ​អញ្ចឹង​មួយ​អាទិត្យ​ គេ​ឲ្យ​យើង​ធ្វើការ​តែ ៥ថ្ងៃ​ ហើយអត់​មាន​ថែម​ម៉ោងទេ»។

រូបឯកសារ៖ បុរសម្នាក់លក់ផលិតផលអេឡិចត្រូនិកចាស់ៗនៅក្បែរដងផ្លូវមួយក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

រូបឯកសារ៖ ស្ត្រីម្នាក់ដែលមានពាក់ម៉ាស់និងរបាំងការពារមុខពីការឆ្លងជំងឺកូវីដ១៩ កំពុងលក់ចំណីអាហារនៅក្បែរផ្សារមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

អ្នក​ស្រី​ ស៊ីណាត ​ដែល​ចង់​មកស្រុក​កំណើតវិញ​នោះ​ស្ទាក់ស្ទើរ​ ព្រោះ​ខ្លាច​ត្រូវ​បន្តធ្វើ​ចត្តាឡីស័ក​ច្រើន​ថ្ងៃ និង​ប្រឈម​នឹងការ​គ្មាន​ចំណូល​នៅ​ក្នុងស្រុក។

«គ្រាន់តែ​នឹក​បងប្អូន​អញ្ចឹង។ ណាមួយ​យើងនៅ​នេះ​ យើងរក​លុយ​ដូចថា​ មិនបានអញ្ចឹង​ដូចចង់​ទៅ​ខ្មែរ។​ប៉ុន្តែថា​ទៅច្រក​គេ​មិនបើក​យើង​ជិះ​ទៅ​អស់​លុយ​ច្រើន​ទៀត​មិន​ស្រួល​ទេ ៣៥០០ បាតអី​នោះ​គ្រាន់ពី​កន្លែង​យើងនៅ​ទៅច្រក​ព្រំដែន។ ហើយ​យើង​ចេញទៅ​ឆ្លង​ខុសច្បាប់​យើងខ្មែរ​ទៅខ្មែរអស់​លុយ​បង់​លុយ​ច្រើន អញ្ចឹង​មិនបាច់​ទៅ​គ្រាន់​តែផ្ញើរ​លុយ»។

លោក​ ឆៃ លី​ ជា​អ្នក​រត់ការ​សម្រួល​កម្លាំង​កម្មករ​ទៅ​ធ្វើ​ការនៅ​តាមបណ្ដា​រោងចក្រ​នៅ​ថៃ​ បាន​ឲ្យ​ថា​ពលករ​កម្ពុជា​ជាច្រើន​បាន​ចាកចេញ​មក​ស្រុក​កំណើតវិញ​នៅ​ថៃ​ សម្បូរ​ការងារធ្វើ​នៅ​ឡើយ​ទេ គ្រាន់​តែ​ថា​ពលករមួយ​ចំនួនដែល​ប្រឈមនឹង​ការជម្រុះ​ចេញ​ ត្រូវ​សង្វាត​រក​ការ​ងារ​ធ្វើទៀត។

លោក ឆៃ លី​ ដែល​កំពុងអង្គុយ​ចាំ​កម្មករ​ពិនិត្យ​សុខភាព​មុន​ចូល​ធ្វើការ​បាន​ឲ្យដឹងថា៖ «ភាគ​ច្រើន​ពលករ​ខ្មែរ​យើង​ធ្លាក់​ការងារ​ច្រើន​ដែរ​ ដោយសារ​រោងចក្រ​មួយ​ចំនួន​ជម្រុះ​ចោល​ខ្លះ​។ ហើយ​ខាងខ្ញុំ​នេះ​ គឺអ្នកណា​ដែល​អត់​ការងារ​ធ្វើ​ហើយ​មាន​រោងចក្រ​ណា​ទទួល​ខ្ញុំនាំ​ពួកគាត់​ចូល​តាម​រោងចក្រ​ផ្សេង»។​

បុរស​រូបនេះ​ថ្លែងថា ​ក្នុងមួយថ្ងៃ​ៗ​ ពលករ​យ៉ាងហោច​ណាស់​ ជាង​ ២០នាក់​ ទាក់ទង​សួរលោក​ជា​ក្រុមៗ​ដើម្បី​រកប្តូរ​ការងារ។

«[ពលករ]​បាត់​បង់​ច្រើន​ដែរ​អូន​ចូល ​៤០%​ ទៅ​ ៥០%។ ជួន​គាត់​អត់មាន​លុយ​នៅទៀត គាត់​ទៅ​ខ្មែរវិញ រក​ការងារ​ធ្វើ​អត់​បាន​ទៅ​ខ្មែរ។ អ្នកខ្លះគាត់អត់​មាន​លុយ​គាត់​ស៊ូគាត់ថា​ធ្វើការងារ​អី​ក៏​បាន​ ឲ្យ​តែ​បាន​លុយ»។

លោក​ ជឹម ចេង ដែល​ចេញទៅ​ធ្វើការ​នៅ​ប្រទេសថៃ​តាំងពីបី​ឆ្នាំ​មុន និងក្រោយ​មក​ភរិយា​លោក​ទៅ​តាម​ក្រោយ​ពេលសម្រាល​កូន​រួច​ប្រមាណ​ជិត​មួយ​ឆ្នាំ បាន​និយាយ​ថា ​ពួកគេ​មិន​សម្រេច​ចិត្តទៅស្រុក​កំណើត​វិញ​នៅពេល​នេះ​ ដោយសារ​ពួកគេត្រូវបន្ត​សន្សំលុយ​ បង់​សង​ការប្រាក់​នៅ​ធនាគារ​ដែល​ពួកគេ​បានខ្ចី​សម្រាប់ដាំ​ដំណាំ​ដំឡូងមី​ នៅ​ក្នុងលក្ខណៈ​គ្រួសារ​ ដែល​ដំណាំ​មិនបាន​ហុចផលល្អ​ឲ្យគ្រួសារ​លោកទេ។​

«គិត​គូរ​ជាមួយ​គ្រួសារ​ ក៏យក​លុយ​អង្គការធ្វើ​ប៉ាស្ព័រឡើង​ទៅ​រោងចក្រ​ CP ទៅ​បានកម្រៃ​គួរសម្យ។ ល្មម​ទប់ទល់​ដោះ​ស្រាយ​ជីវភាព​បានស្រួល​ជាងមុន»។

ទោះ​ជា​យ៉ាងណា​លោក ​ជឹម​ ចេង​ ដែល​លិខិត​ឆ្លងដែន​លោកដែល​ជិត​ផុតសុពលភាព​ហើយ នៅ​រយៈពេល​ពីរខែទៀត​ តែត្រូវ​ថៅ​កែ​រោងចក្រ​ជួយ​សម្រប​សម្រួល​បន្ត​សុពលភាព​ឲ្យលោក ​ដោយ​សារ​រោងចក្រ​ត្រូវ​ការកម្លាំង​ពលកម្ម​ ក្រោយការ​ចាកចេញ​ទៅនៃ​ពលករ​ជាច្រើន។

បុរស​រូបនេះទន្ទឹងរង់ចាំ​រយៈពេល​មួយ​ឆ្នាំ​ទៀត ទើប​សម្រេច​មកស្រុក​កំណើតវិញ​ ជួប​កូនប្រុស​អាយុបី​ឆ្នាំ​ ដែល​លោក​ស្គាល់មុខ​តែតាម​ការនិយាយ​ទូរសព្ទ៕